Menu

ប្រើវីតាមីនB លើសកម្រិត អាចបង្កជំងឺមហារីកសួត???


ប្រើវីតាមីនB លើសកម្រិត អាចបង្កជំងឺមហារីកសួត???

ការស្រាវជ្រាវថ្មីៗបានបង្ហាញថាការប្រើប្រាស់ក្នុងកម្រិតខ្ពស់នូវវីតាមីន B6 និង B12 មានទំនាក់ទំនងជាមួយនឹងការកើនឡើងនៃមហារីកសួតចំពោះបុរសជក់បារី។ 

“ការប្រឈមត្រូវបានបញ្ជាក់ថាមានការកើនឡើងចំពោះបុរសដែលប្រើប្រាស់ច្រើនជាង ២០ មីលីក្រាមនៃ B6 និង ៥៥ មីក្រូក្រាមនៃ B12 ក្នុងមួយថ្ងៃ អស់រយៈពេល១០ឆ្នាំ។ បុរសដែលជក់បារី និងប្រើប្រាស់វីតាមីន B6 និង B12 តែឯង (មិនមែនប្រភេទវីតាមីនចម្រុះ ឬរបបអាហារ) ក្នុងកម្រិតដែលលើសនេះ អាចវិវឌ្ឍជាមហារីកសួតដល់ទៅ ៣០ ទៅ ៤០% បើធៀបនឹងអ្នកមិនប្រើប្រាស់។ ដោយឡែក ពុំមានការរកឃើញនូវកត្តាប្រឈមកើតចំពោះស្រ្តីឡើយ” នេះបើតាមការរាយការណ៍ពី  The Ohio State University Comprehensive Cancer Center, Fred Hutchinson Cancer Research Center និងNational Taiwan University ចុះនៅថ្ងៃទី ២២ខែសីហា ឆ្នាំ ២០១៧ កន្លងទៅនេះ តាមរយៈ Journal of Clinical Oncology ។ ការសិក្សានេះត្រូវបានធ្វើឡើងលើបុរសអាយុពី ៥០ ទៅ៧៦ឆ្នាំ លើសពី ៤៤,០០០នាក់ ដែលបានប្រើប្រាស់វីតាមីន B ក្នុងកម្រិតខ្ពស់ និងជក់បារីតាំងពី ១០ឆ្នាំមុន។គួរបញ្ជាក់ម្តងទៀតថា ការកើនឡើងនៃការប្រឈមនេះត្រូវបានបកស្រាយថា អាចកើតមានតែចំពោះបុរសដែលមានប្រវត្តិជក់បារី និងប្រើប្រាស់វីតាមីនB សុទ្ធក្នុងកម្រិតខ្ពស់ជាងកម្រិតអនុញ្ញាតដែលណែនាំឲ្យប្រើប្រាស់របស់សហរដ្ឋអាមេរិក (the U.S. Recommended Dietary Allowance) ជាច្រើនដងក្នុងរយៈពេលយូរឆ្នាំតែប៉ុណ្ណោះ។ ការពិត ការស្រាវជ្រាវក៏បានរកឃើញផងដែរថា បុរសដែលបញ្ឈប់ការជក់បារីបានយ៉ាងតិច ១០ឆ្នាំ ហើយនៅមានការប្រើប្រាស់វីតាមីន B ក្នុងកម្រិតខ្ពស់ ពុំមានការប្រឈមខ្ពស់ទៅនឹងមហារីកសួតឡើយ ឬអាចនិយាយបានថា អត្រាប្រឈមរបស់ពួកគេគឺមានប្រហែលនឹងបុរសដែលមិនធ្លាប់ជក់បារីតែម្តង។ 

ទោះយ៉ាងណាក៏ដោយ មានភាពខ្វែងគ្នាមួយចំនួនទាក់ទងនឹងលទ្ធផលនៃការស្រាវជ្រាវ ដោយក្នុងនោះការសិក្សាមួយចំនួនទៀតបែរជាបានបង្ហាញថាវីតាមីន B6 អាចកាត់បន្ថយការប្រឈមនឹងមហារីកសួត ស្របពេលការសិក្សាខ្លះទៀតបានបង្ហាញថា ពុំមានទំនាក់ទំនងណាមួយត្រូវបានរកឃើញរវាង B12 ជាមួយកត្តាប្រឈមនឹងមហារីកឡើយ។ ម្យ៉ាងទៀត មានប្រភពពីគ្រូពេទ្យបានបញ្ជាក់ផងដែរថា ការទទួលទាននូវវីតាមីន B12ច្រើនជាងកម្រិតណែនាំមិនត្រឹមមិនអាចទទួលបានអត្ថប្រយោជន៍បន្ថែមណាមួយឡើយ តែបរិមាណដែលលើសនោះក៏មិនត្រូវបានស្រូបចូលផងដែរ ដែលមានន័យថារាងកាយរបស់យើងនឹងធ្វើការបញ្ចេញវាចោលតាមរយៈទឹកនោមដោយឯកឯង។ រីឯ ប្រភពពីគេហទំព័ររបស់ NIH បានឲ្យដឹងថារាងកាយរបស់យើងធ្វើការស្រូបវីតាមីន B12 ក្នុងទម្រង់គ្រាប់ថ្នាំសម្រាប់លេបយ៉ាងមានកម្រិតបំផុត ឬអាចនិយាយបានថា មានត្រឹមតែ ១០មីក្រូក្រាមក្នុង ៥០០មីក្រូក្រាមនៃ B12 ប៉ុណោះដែលអាចត្រូវបានស្រូបចូលដោយរាងកាយរបស់អ្នកមានសុខភាពល្អធម្មតា។

វាពិតជាមានការពិបាកក្នុងការបកស្រាយអំពីភាពខ្វែងគ្នានៃលទ្ធផលពីការសិក្សានីមួយៗខាងលើនេះបើតាមអ្នកជំនាញពី Memorial Sloan Kettering Cancer Center ក៏ប៉ុន្តែសារសំខាន់រួមពីការអង្កេតរបស់ the Ohio State និងការសិក្សាជាច្រើនទៀតគឺ ការឈប់ជក់បារីជាវិធីល្អបំផុតក្នុងការការពារមហារីកសួតប្រសិនបើអ្នកជាបុរសនិងត្រូវការប្រើប្រាស់វីតាមីន B ទាំងនេះ។ ក្រៅពីនោះអ្នកត្រូវគោរពតាមកម្រិតណែនាំប្រចាំថ្ងៃឲ្យបានត្រឹមត្រូវ ដែលក្នុងនោះចំពោះបុរសចាប់ពី ៥១ឆ្នាំឡើងគឺ ១,៧ មីលីក្រាមនៃវីតាមីន B6 និង ២,៤ មីក្រូក្រាមនៃវីតាមីន B12។ ជាពិសេស អ្នកគួរធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងស្វែងរកការណែនាំពីអ្នកជំនាញសុខភាព ឬវេជ្ជ-បណ្ឌិតរបស់អ្នកជាមុនដើម្បីទទួលបានការប្រើប្រាស់ក្នុងកម្រិតដែលត្រឹមត្រូវសម្រាប់អ្នកផ្ទាល់។

ប្រភពយោង៖
http://ascopubs.org/doi/abs/10.1200/JCO.2017.72.7735
https://www.medscape.com/viewarticle/884611
https://www.health.harvard.edu/cancer/b-vitamins-may-raise-risk-of-lung-cancer-in-men-who-smoke
https://ods.od.nih.gov/factsheets/VitaminB12-HealthProfessional/
https://www.drugs.com/news/could-common-vitamin-supplements-raise-lung-cancer-risk-66756.html

©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share:

អត្ថបទទាក់ទង