ការពិនិត្យ និងការពារពីជំងឺមហារីកពោះវៀនធំ
ការពិនិត្យរកសញ្ញាដំបូងនៃជំងឺការស្វែងរកការពិនិត្យជំងឺជាប្រចាំមានសារសំខាន់អាចជួយការពារខ្លួនអ្នកពីជំងឺមហារីកពោះវៀនធំដោយគេអាចធ្វើការកាត់ចេញនូវដុំដែលអាចបង្កជាមហារីក (Precancerous polyps) បានឆាប់រហ័ស នៅពេលឱកាសនៃការជាសះស្បើយនៃជំងឺស្ថិតក្នុងកម្រិតទាប។
វិធីសាស្រ្តក្នុងការពិនិត្យ
ការពិនិត្យរកវត្តមានជំងឺមហារីកពោះវៀនធំរួមបញ្ចូលវិធីសាស្រ្តដូចជា ការពិនិត្យលាមក (FecalOccult Blood Test: FOBT) និងការថតឆ្លុះ ពោះវៀនធំ (Colonoscopy)៖
•ចំពោះ FOBT៖ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិតដើម្បីពិនិត្យរកមើលដានឈាមក្នុងលាមករបស់អ្នកជំងឺ ដោយសារដុំមហារីកពោះវៀនធំអាចបញ្ចេញនូវឈាម ដែលមិនអាចមើល នឹងភ្នែកទទេបាន។ វិធីសាស្រ្តនេះមិនអាចអនុវត្ត បានទេ អំឡុងពេលមករដូវ មានជំងឺរាក និងជំងឺរលាកពោះវៀនធំ។
•ចំពោះការឆ្លុះពោះវៀនធំ (Colonoscopy)៖ ធ្វើឡើងដោយការស៊កបំពង់ថ្លាដែលមានភ្ជាប់ជាមួយកាមេរ៉ា ចូលទៅក្នុងចុងពោះវៀនធំ ទៅកាន់ពោះវៀនធំ។
វិធីសាស្រ្តនេះអាចអនុញ្ញាតឲ្យវេជ្ជបណ្ឌិតពិនិត្យផ្នែកខាងក្នុងនៃពោះវៀនធំ និងចុងពោះវៀនធំ ដើម្បីកំណត់រក និងអាចធ្វើការ កាត់ចេញនូវ Polyps ឬដុំមហារីកសម្រាប់ការ ពិនិត្យជាបន្ត។
បន្ថែមពីវិធីសាស្រ្តទាំងពីរខាងលើ ការពិនិត្យក៏អាចធ្វើទៅបានតាមរយៈ៖
1.Double-contrast barium enema (ការ- ពិនិត្យពោះវៀនធំដោយ X-ray)
2.Flexible sigmoidoscopy (ការពិនិត្យ ដោយការឆ្លុះបែប endoscopic)
3.Computerized tomography (CT) colonography
ការពិនិត្យគួរធ្វើឡើងនៅពេលណា?
•នៅប្រទេសអឺរ៉ុប៖ ការពិនិត្យរកមើលជំងឺ មហារីកពោះវៀនធំត្រូវបានណែនាំចំពោះបុរស និងស្រ្តី ចាប់ពីអាយុ ៥០ ឬច្រើនជាងនេះ ដែលអាច ធ្វើឡើងរយៈពេលចន្លោះពី ១ ទៅ២ឆ្នាំម្តង រហូតដល់អាយុ ៧៤ឆ្នាំ។ ការពិនិត្យបែប FOBT និងការ ឆ្លុះពោះវៀនធំ (Colonoscopy) នឹងត្រូវធ្វើឡើងចំពោះអ្នកជំងឺដែលមានលទ្ធផល FOBT វិជ្ជមាន។
•នៅប្រទេសសិង្ហបុរី ជំងឺមហារីកពោះវៀន ធំកើតមានឡើងស្ថិតក្នុងលំដាប់ទី ១ក្នុងចំណោមជំងឺមហារីកទាំងអស់ ដូច្នេះបុគ្គលដែលមានអាយុ ចាប់ពី ៥០ ឆ្នាំឡើងទៅត្រូវបានណែនាំឲ្យធ្វើការពិនិត្យដោយវិធីសាស្រ្ត៖ FOBT ក្នុងមួយឆ្នាំម្តង វិធីសាស្រ្ត Flexible sigmoidoscopy ធ្វើឡើងរៀងរាល់ ៥ឆ្នាំម្តង ការថតឆ្លុះ (Colonoscopy) រៀងរាល់ ១០ឆ្នាំម្តង និងវិធីសាស្រ្ត Double-contrast barium enema ធ្វើឡើងរៀងរាល់ ៥ ទៅ ១០ឆ្នាំម្តង។
•ការពិនិត្យរកសញ្ញាដំបូងនៃជំងឺឲ្យបានទាន់ពេលវេលា និងជាប្រចាំគួរធ្វើឡើងចំពោះបុគ្គលដែលប្រឈមទៅនឹងកត្តាហានិភ័យដូចជា៖
1. អ្នកមានប្រវត្តិជំងឺមហារីកពោះវៀនធំ ឬមានដុំPolyps
2. មានប្រវត្តិសមាជិកគ្រួសារដែលមានជំងឺមហារីកពោះវៀនធំ ឬមានដុំ Polyps (ជំងឺកើតឡើង លើគ្រួសារជំនាន់ទី ១ នៅអាយុតិចជាង ៦០ឆ្នាំ ឬសមាជិកគ្រួសារជំនាន់ទី ២ នៅគ្រប់វ័យ)។ គួរបញ្ជាក់ផងដែរ សមាជិកគ្រួសារជំនាន់ទី ១ រួមបញ្ចូល ឪពុកម្តាយ បងប្អូនបង្កើត ឬកូន
3. សមាជិកគ្រួសារមានប្រវត្តិជំងឺរលាកប្រព័ន្ធ រំលាយអាហារ (Inflammatory Bowel Disease)
4. អ្នកមានតំណពូជគ្រួសារដែលមានរោគសញ្ញានៃជំងឺមហារីកពោះវៀនធំ។
ការការពារជំងឺមហារីកពោះវៀនធំ
ជំងឺមហារីកពោះវៀនធំអាចការពារបាន ដរាបណាការការពារត្រូវបានធ្វើឡើងឆាប់រហ័ស ដែលជាវិធីសាស្រ្តជួយបន្ថយនូវឱកាសនៃការកើតមានឡើង នៃជំងឺមហារីក។ តាមរយៈវិធីសាស្រ្តការពារជំងឺមហារីក នោះតួលេខករណីជំងឺមហារីកលើប្រជាជននឹងមានការថយចុះដែលនាំឲ្យអត្រាមរណៈបណ្តាលមកពីជំងឺមហារីកក៏ត្រូវបានថយចុះផងដែរ។
ការការពារជំងឺមានអ្វីខ្លះ?
1. ធ្វើការពិនិត្យរកវត្តមានដំបូងនៃជំងឺមហារីកពោះវៀនធំ (តាមការរៀបរាប់ខាងលើ)
2. ការធ្វើពលកម្មរាងកាយ ត្រូវបានណែនាំយ៉ាងផុសផុលសម្រាប់ការពារជំងឺមហារីកពោះវៀនធំដែលរួមមាន៖ ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយបាន ២០% ពីការប្រឈមនៃជំងឺ
3. រក្សាស្ថេរភាពទម្ងន់រាងកាយ ហើយចៀសវាងការលើសទម្ងន់
4. ទទួលទានរបបអាហារសុខភាព
•អនុវត្តរបបអាហារមានជាតិធាត់ទាប និងមានជាតិសរសៃខ្ពស់
•ទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន
•ចៀសវាងអាហារប្រភេទ Fast Food សាច់ធ្វើឲ្យធាត់ សាច់ក្រហម និងសាច់ដែលបានកែច្នៃ
•កាត់បន្ថយការប្រើប្រាស់ស៊ុត និងប្រេងក្នុងការចម្អិនអាហារ
•ជំនួសការចៀនអាហារ ដោយចំហុយ
5. ហាមជក់បារី
6. ចៀសវាងទទួលទានកម្រិតអាល់កុលលើស។ សព្វថ្ងៃជំងឺមហារីកពោះវៀនធំពុំមានវ៉ាក់ស៊ាំងការពារនោះទេ ដូច្នេះអ្នកគួរធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតពីវិធីសាស្រ្តក្នុងការពិនិត្យរកមើលសញ្ញាដំបូងនៃជំងឺទៅតាមស្ថានភាពអាយុ និងប្រវត្តិរបស់សមាជិកគ្រួសារ។ មួយផ្នែកទៀត ការប្រកាន់ខ្ជាប់នូវការរស់នៅល្អ ក៏ជាវិធីសាស្រ្តមួយដែលអាចឲ្យអ្នកធ្វើការប្រយុទ្ធប្រឆាំងទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក ចំពោះកូនក្មេង និងមហារីកទូទៅដែលសព្វថ្ងៃជាប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ