- Nov 30, 2018 |
- 6 ឆ្នាំមុន |
- 6.8K មើល
ស្វែងយល់ពីការព្យាបាលជំងឺមហារីកថ្លើម
មហារីកថ្លើម ជាប្រភេទមហារីកកើតឡើងនៅលើកោសិកាសាច់ថ្លើមដែលវាត្រូវបានបែងចែកជា៣ផ្នែកធំៗ៖ • ជំងឺមហារីកថ្លើមកើតឡើងនៅកោសិកាថ្លើមផ្ទាល់ • ជំងឺមហារីកថ្លើមកើតឡើងពីការរាលដាលកោសិកាមហារីកពីកន្លែងផ្សេង • ជំងឺមហារីកថ្លើមកើតចេញពីប្រព័ន្ធទឹកប្រមាត់។ បើយោងតាមតួលេខរបស់ Globocan ឃើញថាចំនួននៃអ្នកជំងឺមហារីកថ្លើមក្នុងតំបន់អាស៊ីសិ្ថតនៅចំណាត់ថ្នាក់លេខ៣ បើធៀបនឹងមហារីកផ្សេងទៀត ប៉ុន្តែ វាមិនត្រូវបានចាត់ទុកជាជំងឺតំណពូជនោះទេ។ មូលហេតុនៃមហារីកថ្លើម ការរលាកថ្លើមរ៉ាំរ៉ៃជាមូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកថ្លើម ទាំងការរលាកថ្លើមប្រភេទBប្រភេទC ហើយកត្តាដែលធ្វើឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន ការទទួលទានសុរាច្រើន លើសជាតិដែក និងលើសជាតិពុលជាដើម។ លើសពីនេះទៀត អ្នកដែលងាយប្រឈមនឹងជំងឺមហារីកថ្លើមខ្ពស់ជាងគេគឺ អ្នកជំងឺក្រិនថ្លើម។ រោគសញ្ញា និងយន្តការ ដំណាក់កាលដំបូងអ្នកជំងឺមហារីកថ្លើមមិនស្តែងចេញជារោគសញ្ញាណាមួយទេ ប៉ុន្តែ អំឡុងពេលប្រហែល៦ខែបន្ទាប់ដែលជំងឺវិវឌ្ឍដល់ដំណាក់កាលធ្ងន់ធ្ងរ អាចនឹងមានលេចចេញជារោគសញ្ញាដូចជា៖ • ឈឺចាប់នៅត្រង់ពោះ ចុងដង្ហើម ឬក្រោមឆ្អឹងជំនីរខាងស្តាំ • ស្បែកឡើងលឿង រមាស់ បើដុំសង្កត់លើទឹកប្រមាត់ • អាចកើតទាចទឹក បើវាស្ទះសរសៃឈាម • អស់កម្លាំង និងបាត់បង់ចំណង់អាហារ។ យន្តការនៃមហារីកថ្លើម គឺបណ្តាលមកពីការរលាកថ្លើមរ៉ាំរ៉ៃបង្កឲ្យមានការប្រែប្រួលកោសិកាសាច់ថ្លើម (Mutation Oncogene) និង DNA នោះកោសិកាថ្លើមនឹងចាប់ផ្តើមវិវឌ្ឍ ឬលូតលាស់ដោយឯកឯង។ ករណីមេរោគរលាកថ្លើមប្រភេទBគឺវាធ្វើឲ្យមានការប្រែប្រួល DNA របស់កោសិកាថ្លើម ដែលវាខុសពីប្រភេទCធ្វើឲ្យកោសិកាថ្លើមក្រិន ទើបវិវឌ្ឍជាជំងឺមហារីកថ្លើម។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកថ្លើមត្រូវបែងចែកជា ២ផ្នែក៖ • ការរាវរក ដែលធ្វើឡើងក្នុងករណីអ្នកជំងឺមិនមានសញ្ញាសង្ស័យថាមានជំងឺមហារីកដោយគ្រាន់តែអេកូពោះ ជាមួយគ្រូពេទ្យជំនាញប៉ុណ្ណោះ ដើម្បីរកដុំនៃថ្លើម។ • ការធ្វើរោគវិនិច្ឆ័យពិតប្រាកដបន្ទាប់ពីបានរកឃើញថាមានដុំគឺ ការថតស្កែន ឬMRI ដើម្បី បញ្ជាក់ឲ្យកាន់តែច្បាស់នូវដុំមហារីកថ្លើម។ប្រសិនបើ ក្នុងករណីដុំសាច់ថ្លើមខុសពីធម្មតាហើយការធ្វើអេកូសាស្ត្រ CT Scan និងMRI រួមនឹងការពិនិត្យឈាម (ការពិនិត្យមើលជាតិមហារីក AFP) នៅតែមិនអាចវិនិច្ឆ័យបាននោះទើបគ្រូពេទ្យចោះយកសាច់មកពិនិត្យបន្ថែម។ មហារីកថ្លើមត្រូវព្យាបាលទៅតាមដំណាក់កាលដោយផ្អែកលើដុំមហារីក និងជំងឺរបស់សាច់ថ្លើមផ្ទាល់៖ • ដំណាក់កាលដំបូង ឬចំពោះដុំតូច៖ ករណីអ្នកជំងឺដែលមានសាច់ថ្លើមនៅល្អគាត់នឹងតម្រូវឲ្យធ្វើការវះកាត់ ឬដុត។ ករណីអ្នកជំងឺដែលមាន សាច់ថ្លើមក្រិនខ្លាំង គាត់អាចនៅសល់ជម្រើសត្រឹមដុតនិងប្តូរថ្លើមតែម្តង។ • ដំណាក់កាលមធ្យម ឬចំពោះដុំធំ៖ អ្នកជំងឺអាចធ្វើការព្យាបាលដោយញ៉ុកសរសៃឈាម (TACE) ដោយការចាក់ទុយោចូលតាមក្រលៀន ឡើងរហូតចូលក្នុងសរសៃឈាមរបស់ថ្លើម បន្ទាប់មករកសរសៃឈាមដែលទៅចិញ្ចឹមដុំមហារីកនោះ ក្រោយមកបាញ់ថ្នាំគីមីចូលហើយញ៉ុកសរសៃឈាម។ ដុំមហារីកនឹងរលួយដោយសារជាតិគីមីដែលបានបាញ់ចូល ប៉ុន្តែអ្នកជំងឺត្រូវធ្វើការតាមដានរយៈពេល២ទៅ៣ខែក្រោយ រួចធ្វើការពិនិត្យ និងអាចធ្វើការដុតម្តងទៀត។ • ដំណាក់កាលចុងក្រោយ ឬធ្ងន់ធ្ងរ៖ ការព្យាបាលនៅដំណាក់កាលនេះមានជោគជ័យកម្រិតទាប ដែលអ្នកជំងឺអាចនឹងតម្រូវឲ្យប្តូរសរីរាង្គថ្លើម ឬព្យាបាលពន្យារ ដោយការញ៉ុកសរសៃឈាម រួមជាមួយការលេបថ្នាំគ្រាប់ជាដើម។ គួរបញ្ជាក់ថា ការព្យាបាលមហារីកថ្លើមដោយដុតអាចជួយអ្នកជំងឺឲ្យជាបាន១០០% ប្រសិនអ្នកជំងឺស្ថិតនៅដំណាក់កាលដំបូង ក្នុងនោះ៩៥% ជាលទ្ធផលនៃការដុតលើកដំបូង និង៥%ប៉ុណ្ណោះដែលនៅសល់ដុំ ហើយអ្នកជំងឺក៏អាចធ្វើការដុតម្តងទៀតបាន។ ផលវិបាក និងការការពារ ភាគតិចណាស់ដែលអ្នកជំងឺអាចរស់បានលើសពីមួយឆ្នាំករណីដែលគាត់មិនបានព្យាបាលឲ្យទាន់ពេលវេលា។ ជាទូទៅ ដើម្បីការពារពីជំងឺមហារីកថ្លើម ចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការរលាកថ្លើមរ៉ាំរ៉ៃ រួមមាន៖ • ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទB • ចៀសវាងការប៉ះពាល់ឈាមរបស់អ្នកជំងឺរលាកថ្លើមប្រភេទC • បញ្ឈប់ការផឹកស្រា • ការពារកុំឲ្យប៉ះពាល់ជាតិពុល • ត្រូវព្យាបាលមេរោគឲ្យអស់ពីសាច់ថ្លើម។ មហារីកថ្លើមក៏អាចធ្វើការព្យាបាលនៅកម្ពុជាដូចនឹងប្រទេសដទៃទៀតដែរ ហើយនៅដំណាក់កាលដំបូង មានជោគជ័យរហូតដល់១០០%។ ដូចនេះ អ្នកជំងឺចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យឲ្យបាននៅដំណាក់កាលដំបូងដោយធ្វើការពិនិត្យសុខភាព និងធ្វើ Screening ឲ្យបានទៀងទាត់ រាល់៣ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទB និងអ្នកជំងឺក្រិនថ្លើម និងរាល់៦ខែម្តង ចំពោះអ្នកជំងឺរលាកថ្លើមប្រភេទC និងអ្នកលើសជាតិខ្លាញ់ជាដើម។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ជា ចាន់ឌី ឯកទេសវិទ្យុសាស្រ្ត រូបភាពវេជ្ជសាស្រ្ត មានតួនាទីជានាយកនៃមន្ទីរសម្រាកព្យាបាល និងសម្ភព សានីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ