Menu

ដំបៅដែលមិនងាយជាសះស្បើយ…


ដំបៅដែលមិនងាយជាសះស្បើយ…

 

ដំបៅដែលមិនងាយជាសះស្បើយ ឬដំបៅរ៉ាំរ៉ៃ សំដៅដល់ដំបៅដែលមិនបានសះជា  បន្ទាប់ពីរយៈពេល៤សប្តាហ៍ ឬ៨សប្តាហ៍។ បញ្ហាទាំងនេះកើតមានក្នុងករណី ដំបៅនៅលើជើងចំពោះអ្នកជំងឺទឹកនោមផ្អែម ដំបៅក្លាយដែលទាក់ទងនឹងសរសៃវ៉ែន ដំបៅមិនជាបណ្តាលមកពីការវះកាត់ និងដំបៅមកពីជំងឺមេតាបូលីសជាដើម។

សំណួរ៖ ឪពុករបស់ខ្ញុំអាយុ ៤០ឆ្នាំ កម្ពស់ ១ម៉ែត្រ៦៧ ទម្ងន់ ៦៥ គីឡូក្រាម ជាអាជីវករ។ រាល់ពេលដែលគាត់មានការមុតរលាត់ស្បែកម្តងៗ គឺមិនងាយនឹងជាសះស្បើយឡើយទោះបីគាត់បានលាងរបួស និងលាបថ្នាំបានត្រឹមត្រូវក៏ដោយ។ តើនេះអាចជាបញ្ហាណាមួយមិនប្រក្រតីឬទេ? តើគាត់គួរធ្វើដូចម្តេច?

ចម្លើយ៖ ទាក់ទងនឹងករណីដូចដែលបានរៀបរាប់មូលហេតុនៃបញ្ហាអាចអាស្រ័យនឹងសុខភាពផ្ទាល់របស់ឪពុកប្អូន ដោយរួមទាំងជំងឺមួយចំនួនដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់គាត់ចុះខ្សោយ ឧទាហរណ៍ គាត់អាចមានជំងឺទឹកនោមផ្អែមដោយមិនបានដឹងខ្លួន ឬជំងឺផ្សេងៗទៀតដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។ ជាទូទៅ ករណីស្បែកមានបញ្ហារបួសចំពោះអ្នកដែលមានសុខភាពធម្មតារបួសអាចនឹងជាសះស្បើយដោយខ្លួនឯងទោះបីជាមិនមានការប្រើប្រាស់ឱសថក៏ដោយ។ តែក្នុងករណីដែលរបួសនោះមិនងាយនឹងជាទៅវិញ អ្នកជំងឺត្រូវគិតលើកត្តាផ្ទាល់ខ្លួនមួយចំនួនដូចជា ការមានជំងឺណាមួយ ឬធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ដំណើរការនៃការជាសះស្បើយនៃរបួស ដូចជាការសម្អាតរបួសមិនបានត្រឹមត្រូវឬការកេះរបួសជាដើម។ ដូចនេះ ឪពុករបស់ប្អូនគួរអញ្ជើញទៅពិនិត្យសុខភាពទូទៅ ដើម្បីដឹងថាគាត់មានជំងឺណាមួយដែលផ្តល់ជាផលវិបាកនេះឬទេ និងគួរមកជួបជាមួយនឹងវេជ្ជបណ្ឌិតជំនាញផងដែរ ដើម្បីទទួលបានការណែនាំអំពីការព្យាបាល ព្រមទាំងការថែទាំរបួសឲ្យបានត្រឹមត្រូវ។ អ្នកគួរធ្វើតាមការណែនាំទាំងអស់នេះ ជាជាងការរង់ចាំឲ្យរបួសនោះជាសះស្បើយដោយខ្លួនឯង ដោយសារពេលខ្លះវាអាចវិវឌ្ឍទៅជាដំបៅក្លាយដែលមិនងាយនឹងជាសះស្បើយឡើយ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសសើស្បែក និងឡេសឺរ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសើស្បែកកម្ពុជា

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង