Menu

ដឹងទេថាអ្នកកំពុងបំផ្លាញសក់ខ្លួនឯងហើយ…


ដឹងទេថាអ្នកកំពុងបំផ្លាញសក់ខ្លួនឯងហើយ…

សក់ទន់រលោងជាផ្នែកទាក់ទាញមួយធ្វើឲ្យសម្រស់របស់អ្នកកើនឡើងទ្វេដង បើធៀបជាមួយផ្នែកផ្សេងៗនៃរាងកាយ ដែលពេលខ្លះវាទាមទារឲ្យមានការថែរក្សាស្ទើរស្មើនឹងផ្ទៃមុខរបស់អ្នក។ លើសពីនេះ ការមានទម្លាប់ល្អ និងចៀសវាងទម្លាប់អាក្រក់មួយចំនួនត្រូវបានណែនាំឲ្យអនុវត្តស្របគ្នាដើម្បីទទួលបានលទ្ធផលនៃការដែលមានសក់ស្អាតដូចការរំពឹងទុក។ តើអ្នកដឹងទេថាទម្លាប់មិនល្អដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសក់របស់អ្នកទាំងនោះមានអ្វីខ្លះ?

ខាងក្រោមនេះ ជាកំហុសឆ្គងមួយចំនួន រួមចំណែកធ្វើឲ្យសក់ខូច ដែលអ្នកអាចនឹងកំពុង ឬធ្លាប់បានធ្វើ៖

កក់សក់ច្រើនដង៖ ការកក់សក់ញឹកញាប់អាចបិទសំណើមធម្មជាតិនៃសក់របស់អ្នកនិងធ្វើឲ្យសក់ប្រែទៅជាស្ងួតខ្លាំង ជាហេតុងាយនឹងធ្វើឲ្យបែកចុង។ អ្នកត្រូវប្រាកដថាបានកក់សាប៊ូសម្អាតសក់ ៣ដងក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកប្រើប្រាស់ផលិតផលច្រើនលើសក់ អ្នកគួរលាងសម្អាតសក់របស់អ្នករៀងរាល់ ២ថ្ងៃម្តង ដោយធ្វើការជ្រើសរើសសាប៊ូឲ្យបានសមស្របតាមប្រភេទសក់របស់អ្នក។

អបសក់ដល់ស្បែកក្បាល៖ ការប្រើសាប៊ូអបសក់រហូតដល់ស្បែកក្បាល និងទុកវាយូរពេក អាចបណ្តាលឲ្យស្ទះគល់សក់ និងចូលរួមបង្អាក់ការលូតលាស់នៃសក់។ ដូចនេះអ្នកគួរអបតែលើសរសៃសក់ពិសេសផ្តោតលើចុងសក់ ហើយរក្សាវាទុកយូរបំផុតត្រឹម ១ទៅ២នាទីប៉ុណ្ណោះ ទើបអ្នកអាចទទួលបានគុណប្រយោជន៍ដ៏ស័ក្តិសម។

សិតសក់ខុសពេល៖ ព្យាយាមកុំសិតសក់របស់អ្នកភ្លាមៗ បន្ទាប់ពីងូតទឹករួច ព្រោះការសិតសក់ទាំងដែលនៅសើមជាមូលហេតុចម្បងធ្វើឲ្យសក់ខូច កណ្តាញ់និងសំពោង។ អ្នកអាចទុកសក់របស់អ្នកឲ្យស្ងួតដោយជូតសម្ងួតជាមួយកន្សែងរួចយកម្រាមដៃទៅសិតជំនួស ឬសិតដោយប្រើក្រាស់ដែលមានធ្មេញធំៗ និងទន់ល្អ ទើបជាការប្រសើរ។

ងូតទឹកក្តៅញឹកញាប់ពេក៖ មនុស្សភាគច្រើនចូលចិត្តងូតទឹកក្តៅជាប្រចាំ ថែមទាំងលាងជម្រះសក់ក្បាល ក្នុងហេតុផលមួយចំនួននិងទម្លាប់ដែលមិនអាចអត់បាន។ ដោយភ្លេចថា ទឹកក្តៅអាចធ្វើឲ្យប្រែពណ៌សក់ និងបំផ្លាញក្រពេញផលិតប្រេងរបស់សក់ទៀតផង។ បើតាមការណែនាំរបស់អ្នកជំនាញដើម្បីរក្សាការផលិតប្រេងធម្មជាតិនៃស្បែកក្បាលគួរលាងសម្អាតសក់ ឬងូតទឹកក្តៅឧណ្ហៗ ត្រឹម២ដងក្នុងមួយសប្តាហ៍ជាការប្រសើរ។ 

ប្រើម៉ាស៊ីនសម្ងួត-គាប-រមូរ-កឹប សក់ជាប្រចាំ៖ តាមការស្រាវជ្រាវនៅឆ្នាំ២០១១បានរាយការណ៍ថាការប្រើប្រាស់ម៉ាស៊ីនសម្ងួតសក់ជាមូលហេតុចម្បងបំផ្លាញសក់ផ្នែកខាងលើ ជាងការធ្វើឲ្យសក់ស្ងួតបែបធម្មជាតិ។ ជាការពិត ការប្រើប្រាស់ម៉ាសុីនផ្លុំសក់ក្នុងប្រវែង ១៥សង់ទីម៉ែត្រពីសរសៃសក់ជាមួយចលនាទៅមកបន្តបន្ទាប់ អាចបំផ្លាញសក់ក្នុងកម្រិតតិចតួច។ ក្រៅពីនេះ ការធ្វើម៉ូតសក់ដូចជា គាប ឬរមូរសក់អាចជំរុញឲ្យសក់ងាយជ្រុះបានបើអ្នកអនុវត្តវាញឹកញាប់ហួសពេក ឬរាល់ថ្ងៃ។ បើអាចអ្នកគួរធ្វើវាត្រឹមតែ ៣ដងក្នុងមួយសប្តាហ៍ និងប្រើកម្តៅតិចៗទើបជាការល្អ ដើម្បីអាចកាត់បន្ថយបញ្ហាបែកចុងបានផងដែរ។

និយមហែលទឹកក្នុងអាងជាប្រចាំ៖ នៅឆ្នាំ ២០០០មានការសិក្សាមួយ បង្ហាញពីការស្រាវជ្រាវពិនិត្យទៅលើអ្នកជំនាញហែលទឹក៦៧នាក់ និងអ្នកមិនចេះហែលទឹក ៥៤នាក់ ហើយរកឃើញថា ៦១%នៃអ្នកចេះហែលទឹក និងចូលចិត្តហែលទឹកក្នុងអាងញឹកញាប់ប្រឈមជាមួយការប្ដូរពណ៌សក់ បើធៀបនឹងអ្នកមិនហែលទឹក។ ដូចនេះ ប្រសិនបើអ្នកចូលចិត្តការហែលទឹក ពិសេសក្នុងអាងហែលទឹក ទោះញឹកញាប់ ឬមិនញឹកញាប់ក្តីអ្នកគួរពាក់មួកការពារកុំឲ្យទឹកប៉ះសក់របស់អ្នកបាន។ ម៉្យាងអ្នកត្រូវប្រាកដថា បានងូតទឹកសម្អាតខ្លួន និងសក់ បន្ទាប់ពីអ្នកហែលទឹករួចភ្លាមៗដោយមិនត្រូវទុកឲ្យសក់របស់អ្នកដែលប៉ះជាមួយទឹកក្នុងអាងនោះស្ងួតខ្លួនឯងដោយមិនបានលាងសម្អាតឡើយ។

ផ្តល់អាហារឲ្យសក់មិនបានគ្រប់គ្រាន់៖ សក់របស់អ្នកត្រូវការបំផុតនូវសារធាតុចិញ្ចឹមសមស្របទាំងការទទួលទាននូវប្រភេទអាហារមានប្រូតេអុីន វីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់។ ម៉្យាងទៀត ការផ្តល់ឲ្យដោយផ្ទាល់ពីការប្រើប្រេង ឬអាហារបំប៉នលើសរសៃសក់ផ្ទាល់ ក៏ជាភាពចាំបាច់មួយ ក្នុងគោលបំណងបង្កើនការការពារនិងរក្សាភាពស្រស់ស្អាតបានយូរអង្វែង។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង