-
Jul 02, 2019
|
-
5 ឆ្នាំមុន
|
-
6.5K មើល
ជំងឺគ្រុនឈាម ជាទូទៅត្រូវបានដឹងថាជាជំងឺដែលងាយនឹងរងគ្រោះទៅលើកុមារ ក៏ប៉ុន្តែជំងឺនេះក៏អាចកើតមានចំពោះមនុស្សពេញវ័យ ឬមនុស្សធំផងដែរ។ បច្ចុប្បន្ន ជំងឺគ្រុនឈាមហាក់បីដូចជាក្លាយទៅជាប្រធានបទក្តៅគគុកមួយបន្ទាប់ពីមានការកើនឡើងយ៉ាងគំហុកជាច្រើនករណីនៃជំងឺគ្រុនឈាមក្នុងរយៈពេលថ្មីៗនេះ ទាំងនៅលើកុមារ និងមនុស្សធំ។ ក្នុងនោះដែរតាមរយៈសារព័ត៌មានផ្សេងៗបានបង្ហាញឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារជំនាញនៃក្រសួងសុខាភិបាល ដែលបាននឹងកំពុងពង្រឹងបន្ថែមនៅយុទ្ធនាការផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺគ្រុនឈាមនេះផងដែរ។ ដោយឡែក យោងទៅតាមទិន្នន័យនៃការអង្កេតផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញឲ្យឃើញថាក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ករណីនៃជំងឺគ្រុនឈាមលើមនុស្សពេញវ័យមានចំនួនច្រើនបានកើតឡើងក្នុងចំណោមអ្នកជំងឺដែលមកទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតបើប្រៀបធៀបទៅនឹងតួលេខនៃឆ្នាំចាស់កន្លងទៅ។ ក្នុងចំណោមនោះ ករណីដែលផ្ទៀងផ្ទាត់ដោយតេស្ត Serology NS1 ផ្តល់លទ្ធផលវិជ្ជមាន ក៏ដូចជាករណីផ្សេងទៀតផ្តល់លទ្ធផលវិជ្ជមានក្នុងតេស្ត Serology IgM, IgG គឺមានចំនួនច្រើន និងមានករណីមួយចំនួនទៀតដែលមិនមានលេចចេញជាលទ្ធផលវិជ្ជមានលើ Serology NS1 ក៏ដូចជា Serology IgM, IgG ប៉ុន្តែមានការលេចឡើងនូវសញ្ញាគ្លីនិកសង្ស័យមួយចំនួនដែលពុំមែនមានន័យថាអ្នកជំងឺមិនមានជំងឺគ្រុនឈាមឡើយ (តែករណីនេះគឺមានចំនួនតិច បើប្រៀបធៀបទៅនឹងករណីជំងឺគ្រុនឈាមដែលមានលទ្ធផលវិជ្ជមានទៅលើ Serology NS1, IgM, IgG)។
និយមន័យនៃជំងឺគ្រុនឈាម
ជំងឺគ្រុនឈាមចំពោះមនុស្សធំ មិនខុសពីជំងឺគ្រុនឈាមកើតលើកុមារឡើយដោយវាកើតឡើងពីការខាំរបស់មូសខ្លាញី Aedes ដែលមានផ្ទុកនូវពពួកមេរោគ Flavirvirus ហើយមានការចាក់បញ្ចូលនៃពពួកមេរោគនេះទៅក្នុងខ្លួនរបស់មនុស្សបន្ទាប់ពីមានការខាំរបស់មូសខាងលើ ដែលបណ្តាលឲ្យមនុស្សត្រូវធ្លាក់ខ្លួនឈឺក្នុងពេលបន្ទាប់មកទៀត។ ជំងឺនេះត្រូវបានហៅថាជំងឺគ្រុនឈាមដោយសារតែវាអាចផ្តល់ជារោគសញ្ញាគ្រុនក្តៅ និងមានភ្ជាប់មកជាមួយ (ឬអាចគ្មានដោយកម្រ) នូវរោគសញ្ញានៃការហូរឈាម។
ប្រភេទនៃជំងឺគ្រុនឈាមដែលកើតលើមនុស្សពេញវ័យ
គ្រុនឈាមត្រូវបានបែងចែកចេញជាបីប្រភេទផ្សេងៗគ្នា Dengue Fever, Dengue Hemorrhagic Fever និង Dengue Shock Syndrome។ ជាទូទៅមនុស្សធំច្រើនតែមានទំនោរនឹងកើតមានជំងឺគ្រុនឈាមកម្រិត Dengue Fever ច្រើនជាង Dengue Hemorrhagic Fever ផ្ទុយពីកុមារដែលច្រើនតែកើត Dengue Hemorrhagic Fever ច្រើនជាង Dengue Fever ប៉ុន្តែប្រសិនបើមនុស្សធំមាន Dengue Hemorrhagic Fever វិញនោះស្ថានភាពនឹងអាក្រក់ជាងការដែលកើតលើកុមារ។
យន្តការនៃជំងឺគ្រុនឈាម
មេរោគគ្រុនឈាមនឹងត្រូវបានចម្លងទៅកាន់មនុស្សក្រោយពីមូសខ្លាញី Aedes ខាំ ដែលដំបូងមេរោគនេះគឺនៅក្រោមស្បែកប៉ុណ្ណោះ ប៉ុន្តែភ្នាក់ងារបង្ហាញអង់ទីហ្សែនរបស់ខ្លួនយើង ដែលជាពពួក Antigen-presenting cells (APCs) ជាអ្នកចាប់យកមេរោគនេះទៅទីកន្លែងផ្សេងៗ ហើយនាំយករហូតដល់ក្នុងសរសៃឈាមដើម្បីឲ្យរាងកាយផលិតជាអង់ទីករកម្ចាត់មេរោគទាំងនេះ។ ពេលជាមួយគ្នានេះដែរសរីរាង្គរបស់អ្នកជំងឺក៏បានបញ្ចេញនូវពពួកសារធាតុគីមីមួយចំនួនក្នុងរាងកាយរបស់យើងគឺពពួក Proinflammatory ដូចជាពពួក Interleukins និងCytokines មួយចំនួន ដែលសារធាតុទាំងនោះអាចទៅបំផ្លាញសរសៃឈាមរបស់អ្នកជំងឺហើយអាចបង្កឲ្យមានការហូរឈាម។ គួរបញ្ជាក់ថា កម្រិតនៃជំងឺគ្រុនឈាមក៏ត្រូវបានសម្គាល់ដោយចលនការ Proinflammation នេះផ្ទាល់ផងដែរ ហើយកម្រិតនីមួយៗកើតឡើងអាស្រ័យនឹងការឆ្លើយតបនៃរាងកាយរបស់មនុស្សម្នាក់ៗ។
កត្តាប្រឈម
ដូចគ្នាផងដែរ កត្តាប្រឈមនៃជំងឺគ្រុនឈាមចំពោះមនុស្សធំគឺ ពុំមានមូលហេតុដែលពិសេសជាងករណីកើតលើកុមារឡើយ មានន័យថាមិនថាអ្នកមានជំងឺទឹកនោមផ្អែម លើសឈាម អ្នកពិសាស្រាច្រើន ឬអ្នកដែលមានសុខភាពខ្សោយអ្វីនោះឡើយគឺសុទ្ធតែអាចប្រឈមនឹងជំងឺនេះបានដូចគ្នាឲ្យតែគាត់ត្រូវបានមូសខ្លាញីខាំ (ជាពិសេសការស្ថិតនៅទីកន្លែងងងឹតក្នុងពេលថ្ងៃ)។
រោគសញ្ញា
ចំពោះមនុស្សធំដែលច្រើនមានជំងឺគ្រុនឈាមអាចចេញជារោគសញ្ញាដូចជា៖
•កម្រិត Dengue Fever (DF)៖ ក្តៅខ្លួន (កើតមានលើសឹងគ្រប់អ្នក) ឈឺក្បាល ក្អួត ចង្អោរ និងការឈឺសាច់ដុំ ឬឈឺចុកចាប់នៅក្នុងសន្លាក់ ហើយពេលខ្លះអាចលេចចេញជាកន្ទួលក្រហមនៅលើស្បែក។
•កម្រិត Dengue Hemorrhagic Fever(DHF)៖ រោគសញ្ញានៃការហូរចេញនូវពពួកប្លាស្មាពីក្នុងសសៃឈាម ឬហៅថា Plasma leakage syndrome។ ការហូរចេញនូវពពួកប្លាស្មាពីក្នុងសរសៃឈាម ឬហៅថាPlasma leakage syndrome នេះអាចបង្កឲ្យអ្នកជំងឺបាត់បង់សារធាតុរាវក្នុងសរសៃឈាមដែលអាចបណ្តាលឲ្យអ្នកជំងឺស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយមានការធ្លាក់ចុះនូវសម្ពាធឈាម “Hypovolemic shock”។ យើងអាចដឹងបានតាមរយៈការកើនឡើងនៃកំហាប់អេម៉ាតូគ្រីតក្នុងឈាមហើយដែលលទ្ធផលនេះអាចបង្ហាញតាមរយៈការបូមឈាមពិនិត្យមើលអេម៉ូក្រាមរបស់អ្នកជំងឺ។ ការហូរឈាមក៏អាចកើតមានឡើង ហើយអាចមានសភាពជាការហូរឈាមធ្ងន់ធ្ងរនិងហូរឈាមតិចតួច ដែលក្នុងនោះករណីហូរឈាមតិចតួចមានដូចជាការហូរឈាមក្រោមស្បែក (Purpura ឬ Petechiae) ដែលច្រើនកើតមាននៅលើដៃ និងជើង ឬហូរឈាមអញ្ចាញធ្មេញនៅពេលដុសធ្មេញ ឬខ្លះហូរឈាមច្រមុះជាដើម។ រីឯការដែលហូរឈាមខ្លាំងអាចមានជាការហូរឈាមតាមប្រព័ន្ធរំលាយអាហារ (ការក្អួតឈាម ឬការបត់ជើងចេញឈាម) ហើយដែលករណីខ្លះធ្ងន់ធ្ងររហូតដល់ត្រូវការការបញ្ចូលឈាមទៀតផង។
•កម្រិតធ្ងន់ធ្ងរ Dengue Shock Syndrome(DSS)៖ អាចនឹងមានការធ្លាក់ចុះនៃសម្ពាធឈាម ជីពចរដើរញាប់ ដែលជាទូទៅបណ្តាលមកពីអ្នកជំងឺបាត់បង់កម្រិតច្រើននូវពពួកប្លាស្មា (អាចដឹងបានតាមរយៈការកើនឡើងនៃកំហាប់អេម៉ាតូគ្រីតក្នុងឈាមហើយដែលលទ្ធផលនេះអាចបង្ហាញតាមរយៈការបូមឈាមពិនិត្យមើលអេម៉ូក្រាមរបស់អ្នកជំងឺ) ឬការបាត់បង់ឈាម (អាចដឹងបានតាមរយៈការថយចុះនៃកំហាប់អេម៉ាតូគ្រីតក្នុងឈាមហើយដែលលទ្ធផលនេះអាចបង្ហាញតាមរយៈការបូមឈាមពិនិត្យមើលអេម៉ូក្រាមរបស់អ្នកជំងឺ) ដោយសារការខូចខាតនៃសរសៃឈាម។ ជាធម្មតាជញ្ជាំងសរសៃឈាមទប់មិនឲ្យមានការហូរចេញនៃប្លាស្មាពីសរសៃឈាមឡើយ តែកាលណាមានមេរោគគ្រុនឈាម វាអាចទៅបង្កើតជាបណ្តុំអង់ទីករអង់ទីហ្សែន ដែលនាំឲ្យមានការបញ្ចេញសារធាតុ Proinflammatory ទៅបំផ្លាញស្រទាប់សរសៃឈាម ធ្វើឲ្យមានការហូរឈាម រួចក៏បង្កឲ្យមានការធ្លាក់ទាបនៃបរិមាណឈាម ដែលហៅថា Hypovolemic shock។ កម្រិតទី៣ នៃជំងឺគ្រុនឈាមនេះគឺជាកម្រិតធ្ងន់ធ្ងរដែលទាមទារឲ្យមានការព្យាបាលកម្រិតសង្គ្រោះបន្ទាន់ (ICU)។
ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យចំពោះជំងឺគ្រុនឈាមជាដំណាក់កាលដ៏សំខាន់បំផុតសម្រាប់គ្រូពេទ្យក្នុងការសន្និដ្ឋានអំពីជំងឺ ក្នុងនោះការធ្វើរោគវិនិច្ឆ័យរួមមាន៖
1. ការធ្វើរោគវិនិច្ឆ័យលើរោគសញ្ញាគ្លីនិក៖
មេរោគគ្រុនឈាមគឺប្រភេទជាវីរុស ដែលអាចស្តែងជារោគសញ្ញាប្រហាក់ប្រហែលទៅនឹងការចម្លងរោគដោយពពួកវីរុសដទៃទៀតដូចជាជំងឺផ្តាសាយជាដើមដែលអាចមានរោគសញ្ញាដូចជាការក្តៅខ្លួន ឈឺសាច់ដុំ ក្អួតចង្អោរ ឈឺក្បាល (តែគ្រុនឈាមនឹងពុំមានអាការៈហៀរសម្បោរឡើយ) រួមនឹងសញ្ញាមួយចំនួនទៀតដូចជាការឡើងកន្ទួលក្រហមលើស្បែក និងការហូរឈាមតិច ឬច្រើនផងដែរ។ ក្នុងនោះការធ្វើតេស្តនៅលើស្បែកដែលត្រូវបានគេស្គាល់ថា Tourniquet Test ដោយក្រុមគ្រូពេទ្យក៏អាចដាក់ឲ្យមានការសង្ស័យផងដែរចំពោះជំងឺគ្រុនឈាមនេះបើសិនជាតេស្តនេះបង្ហាញលទ្ធផលវិជ្ជមាន។
2. ការមើលឈាម Hemogramme ឬ Full Blood Count (FBC)៖
ជាការរាប់គ្រាប់ឈាម ស ក្រហម និងប្លាកែត ដែលអាចជាសញ្ញានៃការវាយលុកដោយមេរោគគ្រុនឈាមបើ៖
- មានការធ្លាក់ចុះនៃប្លាកែត (តែជំងឺឆ្លងបង្កដោយវីរុស និងបាក់តេរីមួយចំនួនក៏បង្កឲ្យមានការធ្លាក់ចុះនៃប្លាកែតផងដែរ)
- មានការកើនឡើងនៃ Hematocrit (កំហាប់ឈាមខាប់) ដោយសារមេរោគគ្រុនឈាមអាចបង្កឲ្យមានការហូរចេញនៃប្លាស្មាដែលធ្វើឲ្យបាត់បង់បរិមាណទឹករបស់ឈាមដែលស្ថិតនៅក្នុងសរសៃឈាម
- មានការថយចុះនៃកំហាប់អេម៉ាតូគ្រីតក្នុងឈាមហើយដែលលទ្ធផលនេះអាចបង្ហាញឲ្យដឹងថាអាចមានការហូរឈាមក្នុងផ្នែកណាមួយនៃសរីរាង្គរបស់អ្នកជំងឺ
- មានការថយចុះ ឬមានការកើនឡើងបន្តិចបន្តួចរបស់គ្រាប់ឈាមស។
3. តេស្តឈាមរកអង់ទីហ្សែន (Serology NS1)៖
ជាការវាស់បរិមាណ អង់ទីហ្សែន NS1 នៅក្នុងឈាមរបស់អ្នកជំងឺ។ ក៏ប៉ុន្តែចំពោះតេស្តនេះផ្ទាល់ពុំអាចបង្ហាញលទ្ធផលទេប្រសិនបើអ្នកជំងឺចេញរោគសញ្ញាបាន ៤ ឬ ៥ថ្ងៃ រួចមកហើយនោះ ដោយសារតែអង់ទីហ្សែនដែលបញ្ចេញដោយមេរោគបានបាត់ទៅវិញទៅហើយ។
4. តេស្តឈាមរកអង់ទីករ (Serology antibod)៖
ក្នុងករណីដែលអ្នកជំងឺបានចេញរោគសញ្ញាលើសពី ៤ ទៅ៥ថ្ងៃមកហើយតាមរយៈតេស្តនេះគ្រូពេទ្យនឹងតាមដានរកមើលអង់ទីករ IgM ឬ IgG ដែលមិនបាត់ទៅវិញទោះអង់ទីហ្សែនរបស់មេរោគបានបាត់ទៅហើយក៏ដោយ។
5. តេស្ត PCR Virus (Polymerase chain reaction)៖
ជាការពិនិត្យឈាមរកមើល DNAរបស់វីរុសផ្ទាល់តែម្តង។ ដោយឡែក តេស្តនេះគឺមានតម្លៃថ្លៃ ហើយដែលគេនឹងមិនប្រើប្រាស់សម្រាប់ធ្វើរោគវិនិច្ឆ័យជាទូទៅឡើយ។
ការព្យាបាលជំងឺគ្រុនឈាម
មកដល់បច្ចុប្បន្នពុំមានការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺគ្រុនឈាមឡើយនៅទូទាំងសកលលោកដូចនេះការព្យាបាលរបស់វាគឺអាស្រ័យនឹងរោគសញ្ញាដែលស្តែងចេញ។
- ករណីអ្នកជំងឺមាន Dengue Fever៖ ដែលមិនបណ្តាលឲ្យមានការហូរឈាមខ្លាំងទេនោះគាត់ក៏មិនតម្រូវឲ្យសម្រាកព្យាបាលនៅពេទ្យ ឬបញ្ចូលសេរ៉ូមឡើយ គឺគ្រាន់តែសម្រាកនៅផ្ទះ និងពិសាទឹកឲ្យបានច្រើនប៉ុណ្ណោះ (មេរោគអាចធ្វើឲ្យសារធាតុប្លាស្មាជ្រាបចេញពីសរសៃឈាមក្នុងចំនួនតិចតួចដែលអាចនាំឲ្យមានការខ្វះជាតិទឹកក្នុងសរសៃឈាម)។
- ករណីអ្នកជំងឺមាន Dengue Hemorrhagic Fever៖ ដែលអាចបង្កឲ្យមានការបាត់បង់ចំនួនច្រើននៃសារធាតុប្លាស្មា ក៏ដូចជាអាចមានការបាត់បង់សារធាតុឈាមបន្ទាប់ពីមានការហូរឈាមក្នុងសរីរាង្គផ្សេងៗ នោះអ្នកជំងឺអាចនឹងត្រូវការការចាក់បញ្ចូលឈាម។ ប៉ុន្តែគ្រូពេទ្យនឹងសាកល្បងធ្វើការបញ្ចូលសូលុយស្យុងមួយចំនួនជាមុនដូចជា Colloid ឬករណីខ្លះគេបញ្ចូលតែសេរ៉ូមដើម្បីបង្គ្រប់ជាតិទឹកហើយបើសិនជាលទ្ធផលល្អគេនឹងមិនធ្វើការបញ្ចូលឈាមឡើយ។ ជាសរុបមកការព្យាបាលចំពោះជំងឺគ្រុនឈាមគឺមានការខុសគ្នាទៅតាមករណីនីមួយៗដែលនឹងត្រូវសម្រេចចិត្តដោយគ្រូពេទ្យក្រោយពីធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ទៅលើស្ថានភាពរបស់អ្នកជំងឺ ឯការបញ្ចូលឈាមនឹងធ្វើទៅតាមក្រឹត្យក្រមដែលបានកំណត់ត្រឹមត្រូវដើម្បីចៀសវាងនូវផលវិបាកដោយសារការព្យាបាលទៅលើអ្នកជំងឺ។ ម្យ៉ាងទៀតជាទូទៅចំពោះមនុស្សធំដែលកើតមានជំងឺគ្រុនឈាមនឹងត្រូវបានណែនាំឲ្យចូលសម្រាកនៅមន្ទីរពេទ្យ ជាពិសេសគឺករណីមាន Dengue Hemorrhagic Fever (ដែលអាចចូលផ្នែកទូទៅ ឬផ្នែកសង្គ្រោះបន្ទាន់) ហើយក្នុងករណី Dengue Shock Syndrome គឺតម្រូវឲ្យចូលក្នុងផ្នែកសង្គ្រោះបន្ទាន់តែម្តង។
ទាក់ទងនឹងការតមចំណីអំឡុងពេលព្យាបាលក្នុងករណីជំងឺឆ្លងជាទូទៅដែលមិនថាជាជំងឺគ្រុនឈាមឬគ្រុនពោះវៀនវាជាការយល់ច្រឡំមួយរបស់ប្រជាជនភាគច្រើន។ ក្នុងករណីនេះ គ្រូពេទ្យនឹងណែនាំឲ្យមានការពិសាអាហារមានជីវជាតិឲ្យបានច្រើន ដើម្បីបំប៉នដល់សរីរាង្គនិងជាពិសេសដល់ពពួកគ្រាប់ឈាមសដែលជាអ្នកប្រឆាំងនឹងមេរោគក្នុងខ្លួនរបស់យើង។
ករណីត្រូវប្រុងប្រយ័ត្ន
ក្នុងករណីដែលមានរោគសញ្ញាក្តៅខ្លួន ហើយមានការសង្ស័យថាអាចជាជំងឺគ្រុនឈាម និងមុនពេលធ្វើរោគវិនិច្ឆ័យច្បាស់លាស់នោះអ្នកជំងឺគួរចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ក្នុងនោះរួមមានពពួក NSAIDs និងអាស្ពីរីនជាដើម ពីព្រោះឱសថអាស្ពីរីនមានមុខងារទប់មិនឲ្យប្លាកែតចាប់ជាប់គ្នាដែលអំណោយផលដល់រោគសញ្ញានៃការហូរឈាម ជាហេតុអាចបង្កឲ្យមានការគ្រោះថ្នាក់ខ្លាំងក្នុងករណីដែលមានជំងឺគ្រុនឈាម។ ដូចគ្នាផងដែរ ពពួក NSAIDs ក៏អាចបង្កការគ្រោះថ្នាក់ដោយការហូរឈាមនេះផងដែរ។ ចំពោះការប្រើប្រាស់ថ្នាំពពួក ប៉ារ៉ាសេតាម៉ុល ក៏គួរតែមានការប្រុងប្រយ័ត្នផងដែរដោយមិនគួរប្រើប្រាស់ឲ្យលើសពីកម្រិតនៃការប្រើប្រាស់ឡើយ។ ម្យ៉ាងទៀតអ្នកជំងឺក៏ត្រូវប្រយ័ត្នប្រយែងចំពោះកត្តាដែលបណ្តាលឲ្យមានការហូរឈាមដូចជាការដួល បុកទង្គិច និងកោសខ្យល់ជាដើម ទោះបីក្នុងកម្រិតស្រាលក៏ដោយ ដោយសារមេរោគគ្រុនឈាមអាចបំផ្លាញសរសៃឈាម និងប្លាកែតស្រាប់ធ្វើឲ្យងាយទទួលរងការប៉ះទង្គិចជាងធម្មតា (គ្រោះថ្នាក់បំផុតប្រសិនបើវាបង្កឲ្យមានការហូរឈាមនៅខាងក្នុង)។
ការការពារជំងឺគ្រុនឈាម
ការពារជំងឺគ្រុនឈាមសម្រាប់មនុស្សធំមិនខុសពីកុមារឡើយ គឺតម្រូវឲ្យធ្វើការស្លៀកពាក់ជិតៗ និងបើអាចគឺសម្លៀកបំពាក់ដែលមានពណ៌ចាំងៗ ឬពណ៌ស្រស់ ហើយគួរព្យាយាមកុំស្ថិតនៅទីកន្លែងងងឹត ការលាបផលិតផលការពារមូសនៅលើស្បែក និងការគេងក្នុងមុងជាដើម ដែលនេះជាការការពារបុគ្គល។ រីឯការការពារជារួម គឺការបំបាត់ទឹកថ្លុក ប្រើថ្នាំអាល់បែតក្នុងពាង កម្ទេចសម្បកកង់ និងសម្ភារៈដែលអាចដក់ទឹកបាន។ ចំពោះការការពារដោយវ៉ាក់សាំង គឺកំពុងតែស្ថិតនៅក្នុងការពិភាក្សាគ្នាក្នុងចំណោមអង្គការសុខភាពពិភពលោកនៅឡើយ ហើយក៏នៅមិនទាន់មានការប្រើប្រាស់ទូលំទូលាយក្នុងពិភពលោកដែរបើទោះបីជាវ៉ាក់សាំងរបស់ជំងឺគ្រុនឈាមនេះត្រូវបានផលិត និងចរាចរណ៍តាំងពីឆ្នាំ ២០១៦មកម្ល៉េះក៏ដោយ។
ផលវិបាកនៃជំងឺគ្រុនឈាម
ផលវិបាកនៃគ្រុនឈាមគឺ ការហូរឈាម ឬឈានដល់មាន Shock Syndrome (ការធ្លាក់ទាបនៃសម្ពាធឈាម) ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ អាចមានការប៉ះពាល់ដោយកម្រផងដែរ ទៅលើសរីរាង្គថ្លើមដោយសារមេរោគគ្រុនឈាមនេះដែលអាចបង្កឲ្យមានរលាកថ្លើមស្រួចស្រាវធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិត (Fulminant hepatic failure)។ ជារួមមក លោកវេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ បានក្រើនរំលឹកម្តងទៀតចំពោះអ្នកជំងឺដែលសង្ស័យថាមានជំងឺគ្រុនឈាម ជាពិសេសពេលក្តៅខ្លួននៅអំឡុងពេលខែវស្សា ត្រូវចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង មុនពេលដឹងមូលហេតុច្បាស់លាស់ព្រមទាំងរួសរាន់ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ឬមន្ទីរពេទ្យធំដែលមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យបានរហ័ស។ លោកក៏បានលើកទឹកចិត្តផងដែរដល់ក្រុមគ្រូពេទ្យឲ្យបន្តធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ (តាមរយៈការវិភាគរោគសញ្ញាគ្លីនិក និងការវិភាគទៅលើលទ្ធផលឈាម អេម៉ូក្រាម ដែលសុទ្ធតែអាចធ្វើទៅបានស្ទើរតែនៅគ្រប់កន្លែងទាំងអស់) ដើម្បីចៀសវាងក្នុងការបណ្តោយឲ្យជំងឺនេះវិវឌ្ឍទៅរកស្ថានភាពធ្ងន់ធ្ងរ និងផ្តល់ការព្យាបាលដែលសមស្របទៅនឹងករណីរបស់អ្នកជំងឺ។
ការបង្ការនិងការពារជំងឺគ្រុនឈាម គឺចាប់ផ្តើមពីយើងទាំងអស់គ្នា
បកស្រាយដោយ៖ វេជ្ជបណ្ឌិត បូរី សុថ្ថារិទ្ធ ឯកទេសវេជ្ជសាស្រ្តទូទៅ (Internal Medicine) និងជំងឺឆ្លងនៃមន្ទីរពេទ្យកាល់ម៉ែត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក