ជំងឺរលាកក្រពេញប្រូស្តាតដែលបុរសគួរប្រុងប្រយ័ត្ន
ការរលាកនៃក្រពេញភេទបុរស ឬក្រពេញប្រូស្តាត (Prostatitis) គឺជាជំងឺស្រួចស្រាវទាមទារនូវការព្យាបាលឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្នជំងឺនេះហាក់មានការកើនឡើងច្រើននៅប្រទេសកម្ពុជា និងត្រូវបានរកឃើញជាញឹកញាប់ក្នុងចំណោមយុវវ័យពិសេសអ្នកមានដៃគូរួមភេទតែវាមិនត្រូវបានចាត់ចូលជាជំងឺតពូជឡើយ។
អ្វីជាមូលហេតុនៃការរលាកក្រពេញប្រូស្តាត?
ជាទូទៅ ជំងឺរលាកក្រពេញប្រូស្តាតបង្កដោយមេរោគប្រភេទបាក់តេរី ដែលភាគច្រើនគឺ E.coli និងចំនួនតិចតួចផ្សេងទៀតរួមមាន Chlamydia ជាដើម។ បាក់តេរីបង្កទាំងនេះអាចឆ្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈការរួមភេទដោយមិនបានការពារសម្រាប់អ្នកមានដៃគូរួមភេទច្រើន។ ចំណែកកត្តារួមផ្សំផ្សេងទៀតធ្វើឲ្យងាយកើតជំងឺនេះគឺដោយសារអ្នកជំងឺមានការរលាកពងស្វាស។
តើការរលាកនេះមានសញ្ញាសម្គាល់អ្វីខ្លះ?
ក្នុងរយៈពេលពី ១សប្តាហ៍ ទៅ១០ថ្ងៃក្រោយបន្ទាប់ពីការឆ្លងមេរោគ ឬបន្ទាប់ពីរួមភេទដោយមិនបានការពារជាមួយអ្នកមានដៃគូរួមភេទច្រើន នោះអ្នកជំងឺអាចមានសញ្ញាក្តៅខ្លួន រងាញាក់ នោមញឹក-ក្តៅ-ក្រហាយ ទឹកនោមមានក្លិនស្អុយ ពណ៌ល្អក់ ពេលខ្លះ មានហូរខ្ទុះនៅចុងប្រដាប់ភេទ និងខ្លះទៀតមានឈាមនៅក្នុងទឹកកាម (ទឹកមេជីវិត) ដែលអ្នកជំងឺអាចសម្គាល់ឃើញនៅពេលរួមភេទ។
តើត្រូវធ្វើរោគវិនិច្ឆ័យរបៀបណា?
បន្ទាប់ពីលេចចេញនូវរោគសញ្ញាមិនប្រក្រតីអ្នកជំងឺត្រូវធ្វើការណាត់ជួបជាមួយគ្រូពេទ្យជាបន្ទាន់។ ករណីនេះដែរអ្នកជំងឺនឹងតម្រូវឲ្យធ្វើការត្រួតពិនិត្យតាម ២របៀបរួមមាន៖
• ការពិនិត្យគ្លីនិក៖ គ្រូពេទ្យនឹងធ្វើការសិក្សាលើរោគសញ្ញារបស់អ្នកជំងឺដូចបានរៀបរាប់ខាងលើ និងពិនិត្យបន្ថែមដោយលូកស្ទាបក្រពេញប្រូស្តាតតាមទ្វារលាមកដើម្បីរកសញ្ញាណនៃការក្តៅ រីក និងឈឺចាប់។
• ការពិនិត្យអមគ្លីនិក៖ គ្រូពេទ្យនឹងយកទឹកនោមរបស់អ្នកជំងឺទៅពិនិត្យ ដើម្បីរកឲ្យឃើញថាមានមេរោគអ្វីខ្លះ បន្ទាប់មកយកទឹកនោមទៅបណ្តុះរកប្រភេទមេរោគបង្កជាក់លាក់ដើម្បីអាចប្រើប្រាស់ថ្នាំផ្សះឲ្យត្រូវនឹងប្រភេទមេរោគនោះ។ ម៉្យាងវិញទៀតអ្នកជំងឺអាចនឹងតម្រូវឲ្យថតអេកូសាស្ត្រករណីអ្នកជំងឺមានការបង្ករោគរហូតអាប់សែ ឬការកកខ្ទុះរួចទៅហើយ។
រលាកក្រពេញប្រូស្តាតត្រូវព្យាបាលដូចម្តេច?
នៅពេលអ្នកជំងឺបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានការរលាកក្រពេញប្រូស្តាត ឬក្រពេញភេទនេះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយផ្អែកលើស្ថានភាពដោយឡែកៗនៃអ្នកជំងឺនៅពេលជួបពេទ្យ៖
• ករណីគ្មានអាប់សែ៖ អ្នកជំងឺនឹងត្រូវព្យាបាលដោយប្រើថ្នាំចាក់ ៤៨ទៅ៧២ម៉ោង រួចបន្តប្រើថ្នាំផ្សះដោយលេបពី ២ទៅ៣សប្តាហ៍ ដោយមិនតម្រូវឲ្យសម្រាកពេទ្យនោះទេ។
• ករណីមានអាប់សែ៖ អ្នកជំងឺអាចនឹងត្រូវវះកាត់បង្ហូរខ្ទុះចេញ និងលាងសម្អាតឲ្យស្អាត រួមជាមួយការប្រើថ្នាំផ្សះក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយឲ្យអ្នកជំងឺសម្រាកពេទ្យ។
គួរបញ្ជាក់ថា ការព្យាបាលនេះអាចនឹងតម្រូវឲ្យព្យាបាលទាំងអ្នកជំងឺ និងដៃគូរួមភេទរបស់អ្នកជំងឺផងដែរ ដើម្បីធានានូវការព្យាបាលឲ្យបានជាសះស្បើយ។ ករណីមិនបានព្យាបាលឲ្យទាន់ពេលវេលា អ្នកជំងឺនឹងបង្កជាការមានមេរោគក្នុងឈាមដែលបង្កើនការប្រឈមនឹងការរលាកខ្លាំងពេញខ្លួន និងប៉ះពាល់ដល់អាយុជីវិត។
តើអាចការពារពីការរលាកក្រពេញប្រូស្តាតបានដែរទេ?
ជាការពិតណាស់ ដោយសារការរលាកក្រពេញប្រូស្តាតឆ្លងដោយសារការរួមភេទ ដូច្នេះអ្នកក៏អាចការពារខ្លួនបាន ដោយត្រូវការពារពីមូលហេតុនៃការឆ្លង៖
• ការពារបើមានដៃគូរួមភេទច្រើន ឬគួរមានដៃគូរួមភេទតែមួយ
• ចៀសវាងការរួមភេទប្រសិនស្ត្រីធ្លាក់ស ឬមានបញ្ហារោគស្ត្រីផ្សេងទៀត។
ប្រសិនអ្នកមាននូវអាការៈមិនស្រួលលើបញ្ហាប្រព័ន្ធទឹកនោម ដូចជានោមញឹក ឈឺ ក្រហាយ មានខ្ទុះ ឬសញ្ញាសង្ស័យណាមួយ អ្នកត្រូវប្រឹក្សា និងពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបានការព្យាបាលមួយត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព និងជាសះស្បើយ។ ចំពោះគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវសុខាភិបាលគួរធ្វើការព្យាបាលស្របតាមបច្ចេកទេស និងការប្រើថ្នាំឲ្យបានត្រឹមត្រូវ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រ នៃមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ