Menu

ជ្រើសរើសអាហារទាំងនេះសម្រាប់ការសម្រកទម្ងន់របស់អ្នក


ជ្រើសរើសអាហារទាំងនេះសម្រាប់ការសម្រកទម្ងន់របស់អ្នក

តើអ្នកឆ្ងល់មែនទេ ថាខំហាត់ប្រាណជាប្រចាំនិងតមអាហារមិនញ៉ាំច្រើន ក៏នៅតែមិនស្រកទម្ងន់ ឬស្រកយឺត? តោះមកអានអត្ថបទនេះអ្នកនឹងបានដឹងអំពីប្រភេទអាហារដែលអ្នកគួរដាក់ក្នុងបញ្ជីមុខម្ហូបប្រចាំថ្ងៃរបស់អ្នកដើម្បីបង្កើនល្បឿនក្នុងការសម្រកទម្ងន់និងរក្សារាងកាយអ្នកឲ្យនៅស្រស់ស្អាតយ៉ាងមានប្រសិទ្ធភាព។

ត្រីសាម៉ុង
ត្រីសាម៉ុងសម្បូរដោយអាស៊ីតខ្លាញ់ ប្រូតេអុីន និងអូមេហ្គា ៣ ដែលធ្វើឲ្យវាជាជម្រើសដ៏ល្អសម្រាប់របបអាហារសម្រកទម្ងន់ ប្រកបដោយសុខភាព។ ថ្វីត្បិតថា ត្រីសាម៉ុងជាប្រភេទត្រី ដែលមានជាតិខ្លាញ់ ប៉ុន្តែវាបានផ្ដល់ប្រសិទ្ធភាពល្អមិនគួរឲ្យជឿ និងមានកាល់ឡូរីតិចតួច។

សាច់គោ និងសាច់មាន់
ការញ៉ាំសាច់គ្មានខ្លាញ់ គឺជាវិធីល្អបំផុតដើម្បីបង្កើនជាតិប្រូតេអុីនក្នុងខ្លួនរបស់អ្នក។ តាមការពិត សាច់ គឺជាអាហារសម្រកទម្ងន់ព្រោះវាមានប្រូតេអុីនខ្ពស់ ប្រសិនបើអ្នកមានការកំណត់វាក្នុងអាហារប្រចាំថ្ងៃច្បាស់លាស់ ហើយវាគួរតែជាប្រភេទសាច់ ក្រៅពីសាច់ក្រហម និងសាច់ជាប់ខ្លាញ់ដែលផ្ទុកខ្លាញ់ឆ្អែតច្រើនហួសប្រមាណ។ យោងតាមវេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកអាហារូបត្ថម្ភ បានណែនាំឲ្យងាកមកចាប់អារម្មណ៍ប្រភេទសាច់គោដែលគ្មានជាប់ខ្លាញ់ និងសាច់ទ្រូងមាន់វិញ ព្រោះវាផ្ទុកប្រូតេអុីនខ្ពស់ និងចូលរួមចំណែកជួយក្នុងការសម្រកទម្ងន់ដោយមិនធ្វើឲ្យយើងឆាប់ឃ្លានវិញបន្ទាប់ពីពិសាអាហាររួចបានដល់ទៅ ៦០%។

ត្រីធូណា
ត្រីធូណា គឺជាអាហារមានជាតិកាល់ឡូរីទាប ជាតិខ្លាញ់ទាប និងមានជាតិប្រូតេអុីនខ្ពស់។ ត្រីធូណាត្រូវបានសង្កេតឃើញមានប្រជាប្រិយភាពក្នុងចំណោមអ្នករក្សារាង និងអ្នកហាត់ប្រាណ ដែលកំពុងព្យាយាមកាត់បន្ថយការញ៉ាំ ព្រោះត្រីប្រភេទនេះអាចបង្កើនជាតិប្រូតេអុីនខណៈពេលដែលការរក្សាកាល់ឡូរី និងជាតិខ្លាញ់មានកម្រិតទាប។

ផ្លែប័រ
ផ្លែប័រ គឺជាប្រភពនៃជាតិប្រេងល្អ ដែលអ្នកអាចបញ្ចូលនៅក្នុងរបបអាហាររបស់អ្នកនៅពេលដែលអ្នកព្យាយាមសម្រកទម្ងន់តែអ្នកត្រូវកំណត់ការទទួលទានរបស់អ្នកឲ្យនៅកម្រិតមធ្យម។ ប័រ មានផ្ទុកប្រភេទអាស៊ីតម៉្យាងឈ្មោះ Monounsaturated oleic acid ក្នុងកម្រិតខ្ពស់ដែលជាប្រភេទជាតិខ្លាញ់ដូចគ្នានៅក្នុងប្រេងអូលីវ។ បន្ថែមពីនោះវាក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជាទឹក ជាតិសរសៃ និងប៉ូតាស្យូម។

ដំឡូងស្ងោរ
អ្នកអាចជ្រើសរើសជាពិសេសគឺ ដំឡូងបារាំង។ ប្រសិនបើអ្នកទុកដំឡូងឲ្យត្រជាក់បន្ទាប់ពីស្ងោររួចវានឹងបង្កើតសារជាតិដែលមានជាតិសរសៃដែលត្រូវបានបង្ហាញថាមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើនរួមទាំងការសម្រកទម្ងន់ផងដែរ។ បន្ថែមពីនេះពួកវាក៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយចំណង់អាហាររបស់អ្នក ហើយអាចទប់ស្កាត់ការញ៉ាំចំណីអាហាររបស់អ្នកនៅពេលក្រោយ។

ស៊ុប
អាហារភាគច្រើនមានដង់ស៊ីតេថាមពលទាបប្រសិនជាប្រភេទអាហារក្នុងទម្រង់ទឹក ដែលផ្ដល់នូវកម្រិតកាល់ឡូរីទាប។ ការសិក្សាខ្លះបានបង្ហាញថាការទទួលទានអាហារដូចគ្នា ប៉ុន្តែក្នុងទម្រង់ជាស៊ុបជាជាងអាហារគោក ធ្វើឲ្យមនុស្សមានអារម្មណ៍ធូរស្រាលនិងទទួលទានបរិមាណកាល់ឡូរីតិច។ ស៊ុបអាចជាផ្នែកមួយ ដ៏មានប្រសិទ្ធភាពនៃរបបអាហារសម្រកទម្ងន់ ប៉ុន្តែអ្នកគួរព្យាយាមចៀសវាងស៊ុបជាប្រភេទក្រែម ខ្លាញ់ ឬប្រេងច្រើន។

ផ្លែឈើ
អ្នកឯកទេសខាងសុខភាពភាគច្រើនយល់ស្របថាផ្លែឈើធ្វើឲ្យមានសុខភាពល្អ។ ការស្រាវជ្រាវលើប្រជាជនជាច្រើនបានបង្ហាញថាអ្នកដែលបរិភោគផ្លែឈើ និងបន្លែភាគច្រើនមានសុខភាពល្អជាងមនុស្សដែលមិនសូវបរិភោគ។ ថ្វីបើវាមានជាតិស្ករធម្មជាតិក៏ដោយ ក៏ពួកវាមានដង់ស៊ីតេថាមពលទាបហើយចំណាយពេលច្រើនបន្តិចក្នុងការទំពារ ចំណែកជាតិសរសៃរបស់វាអាចជួយការពារកុំឲ្យសារធាតុស្ករចេញឆាប់រហ័សទៅក្នុងចរន្តឈាម។ ជាក់ស្ដែងផ្លែឈើ មានជាតិសរសៃខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមផ្សេងៗ ដែលពន្យឺតការកើនឡើងនៃជាតិស្ករនៅក្នុងឈាមបន្ទាប់ពីអាហារ។

យ៉ាអ៊ួ
យ៉ាអ៊ួ អាចជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារបានយ៉ាងល្អប្រសើរ ដែលអ្នកអាចជ្រើសរើសជារបបអាហារសម្រាប់ការសម្រកទម្ងន់ ប៉ុន្តែត្រូវចៀសវាងផលិតផលដែលមានជាតិស្ករបន្ថែម។ ប្រភេទនៃយ៉ាអ៊ួមួយចំនួនមានបាក់តេរីប្រូប៊ីយ៉ូទិច ដែលអាចបង្កើនមុខងារនៃពោះវៀនរបស់អ្នក ហើយនៅពេលដែលពោះវៀនមានសុខភាពល្អ វាអាចជួយការពារប្រឆាំងនឹងការរលាក និងការទប់ទល់នឹងអ័រម៉ូន Leptin ដែលជាកត្តាជំរុញដ៏សំខាន់មួយធ្វើឲ្យធាត់។

ផ្សិត
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Buffalo បានរកឃើញថាផ្សិតប្រភេទ Portobellos អាចជួយអ្នកបញ្ចុះទម្ងន់ ដោយសារវាមានសមត្ថភាពក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម ជួយការពារជំងឺទឹកនោមផ្អែម និងធ្វើឲ្យមានតុល្យភាពអ័រម៉ូន។ បន្ថែមពីនោះផ្សិតអាចជួយអ្នកឲ្យធ្វើលំហាត់ប្រាណបានយូរជាងធម្មតា។

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង