- Jun 28, 2019 |
- 5 ឆ្នាំមុន |
- 11.1K មើល
ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចព្យាបាលជាសះស្បើយទេ?
នាពេលបច្ចុប្បន្ន ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរហាក់មានការកើនឡើងតាមសមាមាត្រខ្ពស់ទៅនឹងវ័យ និងអាយុរបស់មនុស្ស (អាយុចាប់ពី ៤០ ទៅ៦០ឆ្នាំ) ជាពិសេស ៨០ភាគរយកើតចំពោះស្ត្រីហើយភាគច្រើនជាប់ពាក់ព័ន្ធនឹងកត្តាតំណពូជ។ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ជំងឺរលាកសន្លាក់រុំារ៉ៃ ឬភាសាបចេ្ចកទេសហៅថា Rheumatoid Polyarthritis ជាជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ ហើយវាត្រូវបានកំណត់ដោយការរីកសាយភាយ និងការរលាកនៅលើសន្លាក់ ពិសេសជាលិកាស្រោមសន្លាក់ (Tissue synovial)។ ដោយឡែកជំងឺនេះវាអាចបង្កឲ្យមានការខូចរចនាសម្ព័ន្ធនៃសន្លាក់ឆ្អឹងយ៉ាងឆាប់រហ័សផងដែរ។ ជំងឺនេះត្រូវបានចំណាត់ថ្នាក់នៅក្នុងប្រភេទជំងឺ Systemic (System disease) ប្រសិនបើមានលេចចេញជាសញ្ញាផ្សេងក្រៅពីរោគសញ្ញាសន្លាក់ ហើយត្រូវបានចាត់ថ្នាក់ក្នុងជំងឺអូតូអង់ទីករ (Auto-immune diseases) ដោយសារមានវត្តមាន Auto-antibody និង Rheumatoid Factor។ មូលហេតុ និងកត្តាប្រឈម មានមូលហេតុក៏ដូចជាកត្តាប្រឈមជាច្រើនដែលបង្កឲ្យមានជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរ តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖ • កត្តាតំណពូជ (HLA DR4) • កត្តាបម្រែបម្រួលអ័រម៉ូន (Factor Hormonal) • កត្តាបរិយាកាសសង្គម • កត្តាសុខភាពផ្លូវចិត្ត • ភាពបម្រែបម្រួលប្រព័ន្ធភាពស៊ាំ (Immunologic) • ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៦០ឆ្នាំឡើងទៅ)។ រោគសញ្ញា ជាទូទៅ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចលេចចេញរោគសញ្ញាដូចជារលាក ហើម ឈឺចុកចាប់នៅតាមផ្ទៃសន្លាក់ប្រអប់ដៃ និងម្រាមដៃ។ ជួនកាលពេលខ្លះអាចជាការប៉ះពាល់ និងការរលាកសន្លាក់នៅទីតាំងផ្សេងទៀតដូចជា ប្រអប់ជើង ជង្គង់ ត្រគាក ស្មា និងឆ្អឹងកងក។ លើសពីនេះក៏មានអាការៈផ្សេងៗក្រៅពីអាការៈខាងលើរួមមាន៖ • អ្នកជំងឺឧស្សាហ៍ឈឺតាមផ្ទៃសន្លាក់ខ្លាំងនៅពេលយប់ • អ្នកជំងឺមានសភាពស្លេកស្លាំង • អស់កម្លាំង (ក្នុងករណីរលាកសន្លាក់រុំារ៉ៃ) • ទ្រុឌទ្រោមសភាពទូទៅតិចតួច ឬច្រើន • ឧស្សាហ៍រឹងគាំងសន្លាក់នៅពេលព្រឹកព្រលឹម • មានដុំពកនៅក្បែរផ្ទៃសន្លាក់ ( Nodule Rheumatoid) • ពេលខ្លះជំងឺនេះក៏អាចប៉ះពាល់ធ្ងន់ធ្ងរទៅលើបេះដូង សួត ស្រោមសួត តម្រងនោម អណ្តើក ឬកូនកណ្តុរ (Spleno-ganglionnaire) និងរលាកសរសៃឈាមផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសង្កេតអាការៈនៃជំងឺដែលបានរៀបរាប់ខាងលើដោយការកើតដំណាលគ្នាយ៉ាងតិច ៤ដង ក្នុងអំឡុងពេលចាប់ពី ៦សប្តាហ៍ឡើងទៅ (Criteria of American Collect of Rheumatology)។ បន្ថែមពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅពិនិត្យ និងការថតកាំរស្មីអុិច (X-ray) ដើម្បីឲ្យដឹងថាមានពុកឆ្អឹងនៅផ្នែកចុងឆ្អឹង មានសឹកផ្ទៃសន្លាក់ និងខូចខាតទ្រង់ទ្រាយសន្លាក់ឬទេ។ ការព្យាបាល ជំងឺរលាកសន្លាក់រុំារ៉ៃ និងធ្ងន់ធ្ងរត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលឲ្យបានត្រឹមត្រូវតាមបច្ចេកទេសរួមមាន៖ • ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ • ការប្រើប្រាស់ថ្នាំប្រឆាំងនឹងការរលាក (Anti-in-flammatory) ឬថ្នាំប្រភេទស្តេរ៉ូអុីត (Steroid) • ការប្រើប្រាស់ថ្នាំប្រភេទ Immuno Supressor • ការព្យាបាលដោយចលនា • ការប្រើឧបករណ៍ជំនួយចលនាសន្លាក់ឆ្អឹង • ការព្យាបាលដោយការវះកាត់។ល។ ផ្ទុយទៅវិញ ក្រៅពីការព្យាបាលខាងលើ អ្នកជំងឺពុំមានការតមចំណីអាហារណាមួយជាពិសេសនោះទេ ប៉ុន្តែចំពោះលំហាត់ប្រាណវិញ អ្នកជំងឺគួរធ្វើលំហាត់ប្រាណណាដែលមានចលនាយឺត និងសាមញ្ញធម្មតាដូចជា ការដើរ ការហាត់យូហ្គា និងសមាធិ។ លើសពីនេះ អ្នកជំងឺមិនគួរជ្រើសរើសការធ្វើលំហាត់ប្រាណណាដែលអាចបង្កគ្រោះថ្នាក់ទៅដល់មុខងារសន្លាក់ឆ្អឹងទេដូចជាការរត់ លើកទម្ងន់ធ្ងន់ និងការលេងកីឡាបាល់ទាត់ជាដើម។ ផលវិបាក ជាក់ស្តែង ប្រសិនគ្មានការបង្ការ ឬព្យាបាលនោះទេជំងឺរលាកសន្លាក់រុំារ៉ៃអាចវិវឌ្ឍទៅរកការខូចទ្រង់ទ្រាយនៃសន្លាក់ឆ្អឹង បាត់បង់មុខងារសន្លាក់ឆ្អឹងតិច ឬច្រើន ពិសេសអាចប្រឈមទៅនឹងពិការភាពសន្លាក់ឆ្អឹងតែម្តង។ ជួនកាលពេលខ្លះ វាបង្កឲ្យមានការឈឺចុកចាប់រុំារ៉ៃ ទ្រុឌទ្រោមសភាពទូទៅ ស្លេកស្លាំង និងការបាក់ទឹកចិត្តផងដែរ។ យ៉ាងណាមិញ ជំងឺនេះមិនអាចព្យាបាលឲ្យជាសះស្បើយបាននោះឡើយ។ វិធីសាស្រ្តការពារ មានវិធីសាស្រ្តមួយចំនួនដែលអាចអនុវត្តបានសម្រាប់ការពារពីជំងឺរលាកសន្លាក់រុំារ៉ៃរួមមាន៖ • ស្ត្រីវ័យចំណាស់ ឬមានអាយុលើស៦០ឆ្នាំ គួរតែមកធ្វើតេស្តស្វែងរកមើលជំងឺរលាកសន្លាក់ឲ្យបានជាមុន • សូមប្រជាពលរដ្ឋគួរអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ • ការព្យាបាលត្រឹមត្រូវគឺជួយកាត់បន្ថយពិការភាពនៃសន្លាក់ឆ្អឹង និងធ្វើឲ្យការរស់នៅមានភាពប្រសើរ។ ការប្រឹក្សាដើម្បីស្វែងរកវត្តមាន និងមូលហេតុបង្កជំងឺរលាកសន្លាក់ឆ្អឹងពីសំណាក់គ្រូពេទ្យជំនាញផ្ទាល់អាចធ្វើឲ្យការព្យាបាលបានត្រឹមត្រូវ និងធានាឲ្យបានប្រសិទ្ធភាព មិនប៉ះពាល់ដល់សុខភាព មិនចំណាយពេលវេលានិងថវិកាច្រើន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត គុជ គីមសួរ ឯកទេសជំងឺទូទៅ និងសន្លាក់ឆ្អឹងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
ចែករំលែក