Menu

អត្ថបទ

មហារីកឈាមស្រួចស្រាវ ដែលអ្នកត្រូវប្រុងប្រយ័ត្ន

ជាធម្មតាខួរឆ្អឹងមានតួនាទីផលិតនូវកោសិកាពូជដើមរបស់គ្រាប់ឈាមចំនួនរាប់រយពាន់លានជារៀងរាល់ថ្ងៃ​ ហើយវាក៏ជាទីតាំងដែលអនុញ្ញាតឲ្យកោសិកាពូជដើម (Hematopoietic stem cell) ទាំងនេះអាចរីកលូតលាស់ និងបំបែកខ្លួនជាច្រើនដំណាក់កាល មុននឹងប្រែក្លាយជាកោសិកាគ្រាប់ឈាមដែលអាចបំពេញមុខងារបាន។ កោសិកាឈាមដែលមានមុខងារទាំងនោះមានដូចជា កោសិកាឈាមក្រហមដែលមានមុខងារដឹកនាំអុកស៊ីសែន កោសិកាឈាមសដែលមាននាទីការពាររាងកាយពីជំងឺ និងផ្លាកែតដែលមាននាទីជួយឲ្យឈាមកកនៅពេលមានរបួស តែនៅពេលមានជំងឺមហារីកឈាមកើតឡើង មុខងារនៃកោសិកាឈាមទាំងនេះក៏ត្រូវបានបាត់បង់។ ជំងឺមហារីកឈាម (Leukemia) ដែលប្រជាជនខ្មែរភាគច្រើននិយមហៅថាជំងឺឈាមសស៊ីឈាមក្រហម ជាការកើនឡើងនូវប្រភេទកោសិកាខ្ចី (Blast Cell) មិនមែនជាការកើនឡើងកោសិកាឈាមស។ ជំងឺនេះត្រូវបានបែងចែកជា២ប្រភេទធំៗគឺ ប្រភេទមហារីកឈាមធ្ងន់ធ្ងរ ឬស្រួចស្រាវ ដែលអាចងាយនឹងបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប្រភេទមហារីកឈាមរ៉ាំរ៉ៃ ដែលមិនសូវស្តែងចេញជារោគសញ្ញាគ្រោះថ្នាក់ភ្លាមៗនោះទេ។ និយមន័យនៃជំងឺមហារីកឈាមស្រួចស្រាវ វាជាជំងឺកាចសាហាវ និងធ្ងន់ធ្ងរ ដែលកើតឡើងពីការវិវឌ្ឍមិនប្រក្រតីនៃកោសិកាពូជដើមរបស់គ្រាប់ឈាម (Hematopoietic stem cell) នៅក្នុងខួរឆ្អឹងដោយសារតែមានការបង្អាក់លើការវិវឌ្ឍនៃកោសិកាខ្ចីដែលគេហៅថា កោសិកាប្លាស (Blast​ Cell) ជាហេតុធ្វើឲ្យវាមិនអាចវិវឌ្ឍជាកោសិកាមានមុខងារពេញលេញបន្តទៀតបាន។ ជាទូទៅជំងឺនេះត្រូវបានបែងចែកជា ២ប្រភេទបន្តទៀតគឺ Acute Myeloid Leukemia (AML) និងAcute Lymphoid Leukemia (ALL)។ មូលហេតុចម្បង និងកត្តាប្រឈម រហូតមកទល់ពេលបច្ចុប្បន្ននេះ មិនទាន់មានអ្នកប្រាជ្ញនៅលើសកលលោកណាម្នាក់បានដឹងអំពីមូលហេតុពិតប្រាកដនៃការបង្កជាជំងឺនេះឡើយ។ ប៉ុន្តែ វាអាចទាក់ទងនឹងកត្តាប្រឈមមួយចំនួនក្នុងនោះមានដូចជា៖ • តំណពូជ៖ ជាទូទៅអ្នកដែលមានសាច់ញាតិកើតជំងឺមហារីកឈាម អាចនឹងមានឱកាសប្រឈមនឹងការកើតជំងឺនេះ ខ្ពស់ជាងអ្នកដែលគ្មានសាច់ញាតិកើតបញ្ហានេះ • លក្ខខណ្ឌនៃការរស់នៅ៖ ទីតាំងរស់នៅដែលមានបរិស្ថានមិនស្អាត មានដូចជា ការបង្ហូរចោលនូវកាកសំណល់មិនល្អនៃរោងចក្រដែលមានផ្ទុកសារធាតុគីមី និងផ្សែងពុល • លក្ខខណ្ឌការងារ៖ អ្នកដែលធ្វើការក្នុងរោងពុម្ព ជ្រលក់ទឹកថ្នាំ ការពុលដោយការប្រើប្រាស់ថ្នាំការប្រើប្រាស់ថ្នាំកសិកម្មផ្សេងៗ ការប៉ះផ្ទាល់ដោយមិនមានសម្លៀកបំពាក់ ឬសម្ភារៈការពារត្រឹមត្រូវ • ការប្រើប្រាស់ថ្នាំ៖ អ្នកដែលធ្លាប់មានប្រវត្តិប្រើប្រាស់ថ្នាំ ឬកាំរស្មីដើម្បីកម្ចាត់មេរោគមហារីកពីមុនមក ឬប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ លើសកម្រិត និងរយៈពេលយូរ ដូចជាប្រភេទថ្នាំផ្សះ (Antibiotic) Chloramphenicol។ គួរបញ្ជាក់ផងដែរថា ប្រជាជនគ្រប់វ័យទាំងអស់មិនថា ប្រុស ឬស្រី ក្មេង ឬចាស់សុទ្ធតែអាចកើតជំងឺនេះបានដូចគ្នា។ គ្រាន់តែ កូនក្មេងប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ ALL ជាង AML ចំណែកមនុស្សចាស់ប្រឈមនឹងការកើតជំងឺមហារីកឈាមប្រភេទ AML ជាង ALL។ រោគសញ្ញា និងយន្តការជំងឺ ដោយសារកោសិកាប្លាស (Blast Cell) មិនអាចវិវឌ្ឍបន្តទៀតបាន នោះកោសិកាដែលមានមុខងារពេញលេញថ្មីៗ ដូចជា កោសិកាឈាមក្រហម កោសិកាឈាមស និងផ្លាកែត នឹងមិនអាចកើតឡើងបានល្អ ឬកើតឡើងបានខ្លះ មិនគ្រប់ចំនួនដើម្បីបំពេញមុខងារធម្មតារបស់វា។ ហេតុការណ៍នេះ បណ្តាលឲ្យរាងកាយទាំងមូលនឹងអាចប្រឈមនឹងបញ្ហាយ៉ាងច្រើនទាក់ទងកង្វះខាតកោសិកាមានមុខងារ និងការកើនឡើងនៃកោសិកាខ្ចី ដែលរោគសញ្ញាទាំងនោះរួមមាន៖ • កង្វះកោសិកាឈាមក្រហម៖ អ្នកជំងឺអាចហត់អស់កម្លាំង ស្លេកស្លាំង ឈឺក្បាល ហុឹងត្រចៀក និងអាចឈានដល់ការគាំងបេះដូងក្នុងករណីធ្ងន់ធ្ងរ • កង្វះកោសិកាឈាមស៖ ធ្វើឲ្យអ្នកជំងឺងាយរងនឹងការចម្លងរោគពីខាងក្រៅ • កង្វះកោសិកាផ្លាកែត៖ អ្នកជំងឺប្រឈមខ្ពស់ក្នុងការហូរឈាមដែលអាចស្តែងចេញជាការហូរឈាមខ្មៅតាមលាមក ឬអាចស្តែងចេញជាអាការៈដូចជា Stroke ប្រសិនបើមានការដាច់សរសៃឈាមក្នុងខួរក្បាល • ការកើនឡើងកោសិកាខ្ចី (Blast Cell)៖ ជាប្រភេទកោសិកាធំៗ ដែលវាបណ្តាលឲ្យមានការស្ទះលំហូរឈាម ដែលអាចបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ករណីស្ទះលំហូរឈាមនៅសរីរាង្គសំខាន់ៗដូចជា ខួរក្បាល បេះដូង សួត និងតម្រងនោម(Leukostasis Syndrome) ដែលអាការៈទាំងនោះអាចស្តែងចេញជា ការស្ទះសរសៃឈាមខួរក្បាលដោយកោសិកាឈាម (Stroke Ischemic by Blast) ការស្ទះនៅសរសៃឈាមសួត (PulmonaryEmbolism) ដែលអាចស្តែងចេញជាហត់ ដង្ហក់ គាំងបេះដូង (myocardial infarction) និងអាចបណ្តាលឲ្យខូចតម្រងនោមជាដើម។ ក្នុងករណីខ្លះ អ្នកជំងឺអាចមានរោគសញ្ញាដទៃទៀតដូចជាហើម ឬចេញឈាមតាមអញ្ចាញធ្មេញ ឈាមច្រមុះ ភ្នាសក្នុងកញ្ចក់ភ្នែកឡើងក្រហមដោយមានហូរឈាម ហើម ឬរីកកូនកណ្តុរ ថ្លើមរីកធំ និងសរីរាង្គអណ្តើករីកធំផងដែរ។ ការធ្វើរោគវិនិច្ឆ័យ ជាធម្មតា ក្រុមគ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើតេស្តដូចជា៖ • ការបូមឈាម៖ វិធីសាស្រ្តដែលងាយក្នុងការកំណត់រកអត្តសញ្ញាណកោសិកា និងរាប់ចំនួនប្រភេទកោសិកាឈាមដែលមាននៅក្នុងចរន្តឈាម។ ប៉ុន្តែ ការធ្វើតេស្តឈាមតែមួយមុខមិនទាន់គ្រប់គ្រាន់ដើម្បីកំណត់បានថា ជាជំងឺមហារីកឈាមស្រួចស្រាវនោះទេ។ • ការបូមយកទឹកខួរឆ្អឹង (Bone Marrow Aspiration /Myelogram)៖ ដើម្បីបញ្ជាក់ពីស្ថានភាព ឬបញ្ហានៃការវិវឌ្ឍរបស់កោសិកាខួរឆ្អឹង និងកំណត់រកចំនួនកោសិកាប្លាស (Blast Cell) ក្នុងការបញ្ជាក់កាន់តែច្បាស់ថា ជាជំងឺមហារីកឈាមមែន ឬយ៉ាងណា។ • ការធ្វើ Flow Cytometry, Cytogenetic Analysis, Fluorescence In Situ Hybridization (FISH) Analysis៖ ជាវិធីសាស្រ្តថ្មីដែលអាចកំណត់បាននូវប្រភេទមហារីកឈាម និងធ្វើនិទស្សន៍ដើម្បីឲ្យដឹងជាមុននូវភាពជោគជ័យ និងបរាជ័យនៃការព្យាបាលពេលអនាគត។   ការព្យាបាល នាពេលបច្ចុប្បន្ន ជំងឺមហារីកឈាមស្រួចស្រាវនេះមិនអាចត្រូវបានព្យាបាលឲ្យជាសះស្បើយ១០០% បានទាំងស្រុងភ្លាមៗឡើយ ដោយការព្យាបាលនេះមានគោលដៅបង្អាក់សកម្មភាពជំងឺ កម្ចាត់កោសិកាមហារីកឲ្យបាត់អស់ និងឲ្យដំណើរការខួរឆ្អឹងត្រលប់មកភាពប្រក្រតីឡើងវិញ (Complete Remission)។ បើអ្នកជំងឺទទួលបាននូវComplete Remission នេះលើសពី ៥ ឆ្នាំ យើងអាចសន្និដ្ឋានបានថា អ្នកជំងឺបានជាសះស្បើយពីជំងឺដ៏កាចសាហាវនេះ។ការព្យាបាលនេះរួមមាន៖ • ការព្យាបាលផ្លូវចិត្ត៖ តាមរយៈការលើកទឹកចិត្តពន្យល់អំពីជំងឺឲ្យកាន់តែច្បាស់ទៅដល់អ្នកជំងឺផ្ទាល់ និងក្រុមគ្រួសារ ដើម្បីជួយផ្តល់កម្លាំងចិត្តបន្ថែមដល់អ្នកជំងឺ • ការចាក់បញ្ចូលប្រភេទកោសិកាឈាមដែលខ្វះ មានដូចជា កោសិកាឈាមក្រហម ផ្លាកែត ឬការចាក់ថ្នាំដើម្បីបង្កើនកោសិកាស • ការប្រើប្រាស់ថ្នាំគីមី៖ ដើម្បីឲ្យខួរឆ្អឹងបញ្ឈប់ការផលិតកោសិកាមហារីក និងជំនួសមកវិញនូវការផលិតគ្រាប់ឈាមល្អ ក្នុងគោលបំណងដើម្បីទទួលបាននូវ Complete Remission • ការចាក់បញ្ចូល និងផ្សាំទឹកខួរឆ្អឹងថ្មី (Bone Marrow Transplantation)៖ គឺដើម្បីឲ្យទឹកខួរឆ្អឹងថ្មី អាចផលិតបាននូវប្រភេទកោសិកាឈាមដែលល្អវិញ។ ជាទូទៅ ការព្យាបាលអាចត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល ចំណាយរយៈពេលយូរដែលអាចមានរយៈពេលពី ៦ខែ ទៅ ២ឆ្នាំ (ទាំងការព្យាបាលដោយសម្រាកនៅមន្ទីរពេទ្យ និងការប្រើប្រាស់ថ្នាំបន្តនៅផ្ទះ) ព្រមទាំងចំណាយអស់ថវិកាច្រើនគួរសមអាស្រ័យទៅតាមប្រភេទ និងសភាពធ្ងន់ធ្ងររបស់ជំងឺដែលគាត់មាន។ ការតាមដានបន្ត  បន្ទាប់ពីការព្យាបាលនៅពេលអ្នកជំងឺទទួលបាន Complete Remission អ្នកជំងឺតម្រូវឲ្យធ្វើការតាមដានដោយការបូមឈាម បូមទឹកខួរឆ្អឹងរបស់គាត់ ដើម្បីវិភាគ និងបញ្ជាក់ពីសមត្ថភាពល្អក្នុងការផលិតគ្រាប់ឈាមឡើងវិញ។ អ្នកជំងឺត្រូវមកបន្តការតាមដាន តាមការណាត់ជួប និងពិគ្រោះជាមួយគ្រូពេទ្យដែលអាចមានរយៈពេលដល់ទៅ ៥ឆ្នាំ ឬលើសពីនេះ។ ផលវិបាក ប្រសិនបើអ្នកជំងឺមិនបានមកទទួលការព្យាបាលឬមានភាពយឺតយ៉ាវក្នុងការមកទទួលការព្យាបាលដែលត្រឹមត្រូវនោះ អ្នកជំងឺអាចនឹងកើតមានជាផលវិបាកធ្ងន់ធ្ងរ និងអាចឈានដល់ការបាត់បង់ជីវិតដោយសារ កង្វះខាតអុកស៊ីសែន និងសារធាតុចិញ្ចឹមដើម្បីប្រើប្រាស់ ការបង្ករោគនៅក្នុងឈាម (Septicemia) ការហូរឈាមខ្លាំង (Hemorrhage) ការស្ទះសរសៃឈាមខួរក្បាល (Stroke Ischemic/ Stroke Hemorrhagic) ការត្បៀតឬស្ទះសរសៃឈាមបេះដូង ការស្ទះដំណកដង្ហើម និងការខូចតម្រងនោមជាដើម។ វិធីសាស្រ្តការពារខ្លួន ដើម្បីការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ អ្នកគួរអនុវត្តនូវវិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖ • ចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុគីមីដែលចេញពីរោងពុម្ព ទឹកថ្នាំជ្រលក់ពណ៌ ថ្នាំកសិកម្មនានា តាមរយៈការពាក់ម៉ាស ស្រោមដៃ ស្រោមជើង ដែលអាចការពារបានជិតល្អ បូករួមជាមួយការស្លៀកពាក់ដែលគ្របដណ្តប់ពេញទាំងខ្លួនរាល់ពេលធ្វើកិច្ចការ • គួរចៀសវាងការរស់នៅជិតតំបន់រោងចក្រដែលបង្ហូរកាកសំណល់គីមី និងឧស្ម័នពុលដែលមិនបានធ្វើប្រព្រឹត្តកម្មជាមុន • ចៀសវាងការប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺផ្សេងៗដោយខ្លួនឯង ឬចៀសវាងការប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ ប្រើប្រាស់ថ្នាំលើសកម្រិត និងរយៈពេលយូរ ជាពិសេសប្រភេទថ្នាំផ្សះ (Antibiotic)។ សូមប្រជាជនទាំងអស់ ជាពិសេសបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់មានប្រវត្តិកើតមានជំងឺនេះត្រូវមកពិនិត្យសុខភាពឲ្យបានជាប្រចាំតាមក្បួនវេជ្ជសាស្រ្ត បើទោះបីជាអ្នកមិនទាន់ឈឺក៏ដោយ។ ម៉្យាងវិញទៀត អ្នកគួរស្វែងរកការព្យាបាលនៅទីកន្លែងណាដែលអាចមានលទ្ធភាព និងមានគ្រូពេទ្យជំនាញក្នុងការព្យាបាល ជាជាងទទួលការព្យាបាលមិនបានត្រឹមត្រូវដែលអាចប៉ះពាល់ដល់អាយុជីវិត ចំណាយពេលវេលា និងថវិកាច្រើន។យ៉ាងណាមិញ សូមឲ្យអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធ ទាំងអស់បន្តចុះត្រួតពិនិត្យ និងចាត់វិធានការចំពោះបណ្តារោងចក្រណា ដែលមិនបានគ្រប់គ្រងកាកសំណល់ឲ្យបានត្រឹមត្រូវ ដែលអាចនឹងប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាជនក្បែរនោះផងដែរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត កៅ វណ្ណារិទ្ធ ឯកទេសជំងឺមហារីក ជំងឺឈាម នៃមន្ទីរពេទ្យកាល់ម៉ែត ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

ភ្នែក ភ្នែក ភ្នែក ភ្នែក ភ្នែក ភ្នែក
ជំងឺរបើកសរសៃបាតភ្នែក៖ មូលហេតុមួយនៃការបាត់គំហើញ

និយមន័យ ជំងឺរបើកសរសៃបាតភ្នែក គឺជាការដាច់រហែកចេញពីគ្នារវាងស្រទាប់កោសិកាពណ៌របស់បាតភ្នែក និងកោសិកាចាប់ពន្លឺនៃសរសៃបាតភ្នែកដែលគេហៅថារ៉េទីន (Retina)។ មូលហេតុបង្ក មានមូលហេតុជាច្រើនដែលបង្កឲ្យមានជំងឺនេះ តែកត្តាសំខាន់ដែលធ្វើឲ្យមានការរបើកនេះ គឺការប្រែជាស្តើងនៃសរសៃបាតភ្នែកដែលបណ្តាលមកពី៖ • ជរាភាពនៃសរីរាង្គភ្នែក • ចំណុចខ្សោយ ឬកន្លែងងាយដាច់រហែកផុយនៅជុំវិញបរិវេណសរសៃបាតភ្នែក • ការប៉ះទង្គិច៖ ករណីប៉ះខ្លាំងលើសរសៃបាតភ្នែក អាចបណ្តាលឲ្យដាច់រហែក ឬមានប្រហោង • បញ្ហាម៉្ញូបដែលមានដឺក្រេខ្ពស់ • អ្នកជំងឺទឹកនោមផ្អែមដែលមិនបានគ្រប់គ្រងស្ករបានល្អ។ បុគ្គលដែលប្រឈមខ្ពស់នឹងការកើតជំងឺរបើកសរសៃបាតភ្នែកនេះ មានដូចជា៖ • មនុស្សចាស់៖ សរសៃបាតភ្នែករបស់ពួកគាត់មានភាពខ្សោយស្តើង • អ្នកមានភ្នែកម៉្ញូបខ្ពស់ជាង៨០០៖ ភ្នែកម៉្ញូបជាប្រភេទភ្នែកមានប្រវែង វែងខុសពីភ្នែកធម្មតា ដូចនេះ វាធ្វើឲ្យមានការទាញទៅលើសរសៃបាតភ្នែក នាំឲ្យបាតភ្នែកស្តើង និងអាចមានប្រហោង • អ្នកជំងឺទឹកនោមផ្អែម ដែលមិនបានព្យាបាលដិតដល់ បណ្តោយឲ្យស្ករឡើងខ្ពស់ពេក ធ្វើឲ្យមានកកខ្លាញ់នៅភ្នែក ឬមានសរសៃឈាមនៅបាតភ្នែក នាំឲ្យមានដុះកោសិកាថ្មី ដាច់រហែក បាតភ្នែក។ រោគសញ្ញានៃជំងឺរបើកសរសៃបាតភ្នែក ជំងឺនេះ កើតឡើងដំបូងស្ទើរមិនមានលេចចេញរោគសញ្ញា។ អ្នកជំងឺ ដែលមានជំងឺរបើកសរសៃបាតភ្នែកអាចមានរោគសញ្ញាដូចជា៖ • អ្នកជំងឺអាចឃើញមានដុំពណ៌ខ្មៅ ហោះចុះហោះឡើងនៅពីមុខហើយច្រើនទៅៗ • អ្នកជំងឺ ឃើញផ្លេកបន្ទោរពណ៌សពេលក្រឡេកឆ្វេងស្តាំនៅពេលយប់ • បើការរបើកទៅបាំងលើប្រស្រីភ្នែក អ្នកជំងឺនឹងមានអារម្មណ៍ថាមានផ្ទាំងខ្មៅមកបាំងនៅលើ ឬពីក្រោម ឬពីចំហៀងដែលផ្ទាំងនោះនឹងបិទបន្តិចម្តងៗ រហូតដល់បិទប្រស្រីភ្នែកទាំងស្រុងដែលធ្វើឲ្យអ្នកជំងឺមិនអាចមើលឃើញបាន។ យន្តការនៃជំងឺរបើកសរសៃបាតភ្នែក យន្តការនៃការធ្វើឲ្យរបើកសរសៃបាតភ្នែកនេះ គឺអាស្រ័យទៅតាមមូលហេតុដូចជា៖ • អ្នកជំងឺខ្លះនៅបរិវេណជុំវិញបាតភ្នែកមានចំណុចខ្សោយស្រាប់ ដែលធ្វើឲ្យសរសៃបាតភ្នែកស្តើងខ្លាំង ដូច្នេះពេលញីភ្នែក ឬប៉ះទង្គិចតិចតួច អាចបណ្តាលឲ្យប្រហោង និងរហែក • ការប៉ះទង្គិចខ្លាំងទៅលើភ្នែក អាចធ្វើឲ្យទាញសរសៃបាតភ្នែកដាច់ពីគ្នា ឬឲ្យប្រហោង និងរហែកចេញពីគ្នា។ ការធ្វើរោគវិនិច្ឆ័យ ជំងឺរបើកសរសៃបាតភ្នែក អាចធ្វើរោគវិនិច្ឆ័យ ដូចជា៖ • វាស់ការមើលឃើញរបស់អ្នកជំងឺថាតើធ្លាក់ចុះ ឬនៅធម្មតា • វាស់សម្ពាធក្នុងភ្នែក៖   - ករណីសម្ពាធក្នុងភ្នែកគ្មានការប្រែប្រួលបង្ហាញថាអ្នកជំងឺទើបកើតជំងឺនេះ   - ករណីសម្ពាធក្នុងភ្នែកទាបខ្លាំង ឬទន់ខ្លាំង ជាងភ្នែកម្ខាងទៀត បញ្ជាក់ថាអ្នកជំងឺកើតជំងឺនេះយូរហើយ។ • ពិនិត្យមើលសរសៃបាតភ្នែកទាំងមូល ដើម្បីពិនិត្យមើលពី៖    - ទំហំរបើក   - កន្លែងរបើក   - ថាតើវាមានបាំងចំកន្លែងចាប់រូបភាព ឬអត់   - មានទឹកច្រើន ឬតិចក្នុងសរសៃបាតភ្នែក។ ការព្យាបាល ករណីអ្នកជំងឺមើលឃើញមានដុំពណ៌ខ្មៅហោះ ឬឃើញផ្លេកបន្ទោរនៅពេលយប់ នោះអ្នកជំងឺត្រូវប្រញាប់មកជួបជាមួយគ្រូពេទ្យជំនាញចក្ខុរោគ ដើម្បីពិនិត្យ និងទទួលការព្យាបាល។ ជំងឺរបើកសរសៃបាតភ្នែកនេះ អាចព្យាបាលឲ្យជាសះស្បើយបានប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលបានទាន់ពេលវេលា។ បើគ្រាន់តែដាច់រហែក ឬប្រហោង បញ្ជាក់ថានៅដំណាក់កាលដំបូង ការព្យាបាលត្រូវធ្វើដោយ ការបាញ់កាំរស្មីព័ទ្ធជុំវិញប្រហោងនោះ ដើម្បីការពារការរបើក។ បើប្រហោងនោះមានទឹកជ្រាបចូល វាជាជំងឺរបើកសរសៃបាតភ្នែកពិតប្រាកដ ការព្យាបាលត្រូវធ្វើ ដោយការវះកាត់ អាស្រ័យទៅតាមទំហំ ទីតាំង រយៈពេលរបើក ប្រើកងស៊ីលីកូនព័ទ្ធជុំវិញដើម្បីរឹតបន្តឹងកុំឲ្យដាច់ ឬចាក់ស៊ីលីកូន ឬហ្គាសចូលភ្នែកជាមួយការបាញ់កាំរស្មីទប់ ដើម្បីការពារការរបើកម្តងទៀត។ ផលវិបាក ជំងឺរបើកសរសៃបាតភ្នែក គឺជាជំងឺធ្ងន់មួយដែលអាចធ្វើឲ្យអ្នកជំងឺឈានដល់ការបាត់គំហើញទាំងស្រុង ប្រសិនបើទទួលការព្យាបាលមិនបានទាន់ពេលវេលា។ ម្យ៉ាងទៀត ការព្យាបាលអាចនឹងមិនទទួលបានលទ្ធផលល្អទេ ប្រសិនបើទំហំនៃការរបើកធំ និងមានរយៈពេលយូរ។ វិធីសាស្ត្រការពារ ជំងឺរបើកសរសៃបាតភ្នែក មិនមែនថាមិនអាចការពារបានទេ។ មានវិធីសាស្ត្រមួយចំនួនដែល​អាចធ្វើឲ្យអ្នកជំងឺចៀសពីជំងឺនេះបាន៖ • មនុស្សចាស់គួរមកពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់ • អ្នកមានបញ្ហាម៉្ញូបធំជាងលេខ៨០០ ត្រូវធ្វើការពិនិត្យសរសៃបាតភ្នែកឲ្យបានទៀងទាត់ • អ្នកដែលមានហានិភ័យខ្ពស់ កុំញីភ្នែកខ្លាំងៗ ឬធ្វើសកម្មភាពណាប៉ះពាល់ដល់ភ្នែកខ្លាំង • អ្នកជំងឺទឹកនោមផ្អែមត្រូវទទួលការព្យាបាលឲ្យទាន់ពេលបើទុកដល់របើក ពិបាកព្យាបាល។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងគ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺផ្សេងៗ ភ្នែក ជំងឺផ្សេងៗ ជំងឺផ្សេងៗ ជំងឺផ្សេងៗ ភ្នែក
ការមើលឃើញដូចទឹករលក សញ្ញាណនៃ Macular Pucker….

និយមន័យនៃជំងឺ Macular Pucker Macular Pucker គឺជាជំងឺមួយកើតឡើងនៅនឹងស្រទាប់ខាងលើនៃរ៉េទីនផ្នែកកណ្តាល ដែលជាទីតាំង ទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែក អាចមើលឃើញ។ ករណីជំងឺនេះ បង្កឲ្យទៅជាស្នាមនៅខាងលើស្រទាប់រ៉េទីន និងធ្វើឲ្យរ៉េទីនវិវឌ្ឍ ទៅជាជ្រួញផងដែរ។ មូលហេតុ និងកត្តាប្រឈម បុគ្គលដែលងាយប្រឈមនឹងជំងឺនេះ រួមមាន៖ • អ្នកជំងឺម៉្ញូបខ្ពស់ • អ្នកជំងឺទឹកនោមផ្អែម • មនុស្សចាស់ មានវ័យចាប់ពីអាយុ៥០ឆ្នាំឡើងទៅ • អ្នកមានជំងឺភ្នែកមួយចំនួនដូចជា ជំងឺរលាកបាតភ្នែក ជំងឺរលាកកញ្ចក់ភ្នែក បញ្ហាសរសៃឈាម នៅស្រទាប់រ៉េទីន និងការប៉ះទង្គិចចំភ្នែកជាដើម។ រោគសញ្ញា និងយន្តការ រោគសញ្ញានៃ Macular Pucker ស្តែងឡើងតាមរយៈការប៉ះពាល់គំហើញ៖ • ស្រវាំងភ្នែក • មើលវត្ថុ ឬរូបភាពអ្វីមួយដូចជាទឹករលក • មិនសូវច្បាស់ត្រង់ចំណុចកណ្តាល។ យ៉ាងណាមិញ ចំពោះយន្តការរបស់ជំងឺ Macular Pucker គឺនៅពេលដែលអ្នកជំងឺមានអាយុ៥០ឆ្នាំ ឡើងទៅ ស្រទាប់ Vitreous gel ប្រែប្រួលពីលក្ខណៈចាហួយទៅជាទឹក ហើយរបូតចេញ ពីស្រទាប់រ៉េទីន ធ្វើឲ្យរ៉េទីនមានភាពជ្រួញ និងមានស្នាម ដែលជាហេតុបង្កឲ្យទៅជាជំងឺ Macular Pucker។ ការធ្វើរោគវិនិច្ឆ័យ ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺ Macular Pucker គឺផ្អែកទៅលើកត្តាពីរយ៉ាង៖ • ការសាកសួរពីរោគសញ្ញារបស់អ្នកជំងឺដូចជា ស្រវាំងភ្នែក​ ឬការមើលឃើញរូបភាពជាទឹករលក ដូចបានរៀបរាប់ខាងលើ។ • គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺពិនិត្យស្រទាប់បាតភ្នែកដោយប្រើម៉ាស៊ីន Optical Coherence Tomography (OCT) ដើម្បីឲ្យដឹងថាស្រទាប់បាតភ្នែក ឬរ៉េទីនមានអ្វីនៅពីលើ ដោយចំណាយតែ១០នាទី ក្នុងការដឹងពីលទ្ធផលថាមានជំងឺ Macular Pucker ឬEpiretinal membrane។ ការព្យាបាល និងផលវិបាក ការព្យាបាលធ្វើឡើងក្រោយពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យច្បាស់លាស់ បើករណីអ្នកជំងឺមានរោគសញ្ញាស្រាល ឬគ្រាន់តែ ស្រវាំងភ្នែក នោះគាត់នឹង មិនតម្រូវឲ្យធ្វើការវះកាត់នោះទេ។ ដោយឡែក បើសិនគាត់មានលេចចេញជារោគសញ្ញា ធ្ងន់ធ្ងរ ឬប៉ះពាល់ទៅលើគំហើញខ្លាំង គ្រូពេទ្យនឹងធ្វើការវះកាត់តាមរបៀបម៉្យាងដែលហៅថា Vitrectomy ដោយវះយកចេញនូវ Vitreous gel និងជំនួសមកវិញដោយសេរ៉ូមប្រៃ។ បន្ទាប់មក គ្រូពេទ្យនឹង ធ្វើការកាត់យកនូវស្នាម នៅពីលើស្រទាប់បាតភ្នែកនោះចេញ ដែលវាជាមូលហេតុបង្កឲ្យមាន Macular Pucker នេះឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការព្យាបាល អ្នកជំងឺនឹងទទួលបានគំហើញតែពាក់កណ្តាល ប៉ុណ្ណោះ។ ដោយឡែក បើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា ឬយឺតយ៉ាវក្នុងការព្យាបាល គាត់នឹងអាច បាត់បង់គំហើញកាន់តែធំទៅៗ និងរហូតដល់មិនអាចធ្វើការព្យាបាលដោយជោគជ័យបាន។ វិធីសាស្រ្តការពារ ដើម្បីការពារពីជំងឺ Macular Pucker ចាំបាច់ត្រូវត្រួតពិនិត្យភ្នែកជាប្រចាំទាំងផ្នែកខាងក្នុង និងបាតភ្នែក ការពារមិនឲ្យមានការប៉ះទង្គិច រក្សាអនាម័យភ្នែកឲ្យបានត្រឹមត្រូវ និងបរិភោគអាហារមានវីតាមីន ឲ្យបានគ្រប់គ្រាន់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺផ្សេងៗ ជំងឺផ្សេងៗ ភ្នែក
ហានិភ័យនៃរោគសញ្ញាដែលអាចជាជំងឺមហារីកក្នុងគ្រាប់ភ្នែក

តើអ្វីទៅជាមហារីកក្នុងគ្រាប់ភ្នែក? មហារីកក្នុងគ្រាប់ភ្នែក ឬដែលពាក្យបច្ចេកទេសហៅថា Retinoblastoma គឺជាប្រភេទមហារីក ក្នុងគ្រាប់ភ្នែក ដែលច្រើនកើតមកពីកោសិកាមិនធម្មតារបស់ស្រទាប់រ៉េទីន។ ភាគច្រើននៃជំងឺនេះ គេសង្កេតឃើញ មានលើកុមារអាយុក្រោម ៥ឆ្នាំ និង ក្រុមកុមារអាយុ១២ខែ ទៅ២៤ខែ ជាមធ្យម ១៨ខែ។ បច្ចុប្បន្ន ជំងឺមហារីកក្នុងគ្រាប់ភ្នែកមានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅលើពិភពលោក ហើយ ត្រូវបានគេសិក្សាថា វាកើតមានប្រហែលជា ១១ករណីក្នុងចំណោមកុមារ ១លាននាក់ដែលមានអាយុតិចជាង ៥ឆ្នាំ។ ដោយហេតុថាមិនទាន់ មានការសិក្សាណាមួយពីជំងឺនេះនៅក្នុងប្រទេសកម្ពុជា ទិន្នន័យពិតប្រាកដរបស់ជំងឺនេះក៏មិនទាន់ត្រូវបានគេដឹង ផងដែរ។ ប៉ុន្តែ បើយើងក្រឡេក​មើលទៅប្រទេសជិតខាងរបស់យើងដូចជា វៀតណាម និងថៃ យើងសង្កេតឃើញថា ប្រទេសវៀតណាមមាន១៨.៩ ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំ ខណៈពេលដែល ប្រទេសថៃមាន ១០ករណីក្នុងចំណោមកុមារ១លាននាក់ដែលមានអាយុចន្លោះពី០ ទៅ ៤ឆ្នាំដូចគ្នា។ មូលហេតុ និងកត្តាប្រឈម មូលហេតុចម្បងដែលបង្កឲ្យមានជំងឺមហារីកក្នុងគ្រាប់ភ្នែក គឺវាបណ្តាលមកពីកត្តាបម្រែបម្រួលសេនេទិច របស់ក្រម៉ូសូមទី១៣ ហើយដែលវាអាចជាកត្តាតំណពូជ ឬមិនមែនតំណពូជ។ ករណីតំណពូជ ប្រហែល ៦% ទៅ១០% កុមារអាចនឹងឆាប់កើតមានជំងឺមហារីកក្នុងគ្រាប់ភ្នែក និងកើតលើភ្នែកទាំងសងខាង ប្រមាណប្រហែល៣០% ពិសេសប្រឈមខ្ពស់ចំពោះកុមារអាយុតិចជាង៥ឆ្នាំ។ រោគសញ្ញាជាក់ស្តែង អាការៈនៃជំងឺមហារីកគ្រាប់ភ្នែកដែលច្រើនជួបប្រទះញឹកញាប់រួមមាន៖ • ប្រស្រីភ្នែកឡើងពណ៌ស ដូចជាភ្នែកសត្វឆ្មាពេលយប់ • ភ្នែកស្រលៀង • ឈឺភ្នែក ភ្នែកក្រហម និងទឹកដក់ក្នុងភ្នែក • គំហើញថយចុះ • ឈាមនៅថតមុខនៃភ្នែក រីកប្រស្រីភ្នែក និងភ្នែកលៀនជាដើម • លើសពីនេះក៏មានសញ្ញាមួយចំនួនដែលមានលក្ខណៈស្រដៀងនឹងរោគសញ្ញានេះមាន ភ្នែកឡើងបាយ  ទឹកចាហួយនៅក្នុងភ្នែកផ្នែកខាងមុខស្រអាប់ ជំងឺសរសៃបាតភ្នែក ក្មេងកើតមិនគ្រប់ខែ និងជំងឺតុសូការីយ៉ាស៊ីស។ យន្តការនៃជំងឺមហារីកក្នុងគ្រាប់ភ្នែក ហ្សែនទប់ដុំRB1 ស្ថិតនៅលើដៃក្រូម៉ូសូមទី១៣ ទៅតំបន់ទី១៤ មានតួនាទីធ្វើឲ្យមានរបៀបរៀបរយសម្រាប់ នុយក្លេអូប្រូតេអ៊ីននៃRB ដែលជាធម្មតាវាទប់ស្កាត់ទៅនឹងការបែងចែកកោសិកាមិនធម្មតា។ ដូចនេះ ប្រសិនបើ មានបម្រែបម្រួលខ្លះៗនៅក្នុងហ្សែនទប់ដុំRB1 វានឹងបង្កឲ្យទៅជាមហារីកក្នុងគ្រាប់ភ្នែកតែម្តង។ ការធ្វើរោគវិនិច្ឆ័យ ដើម្បីអាចបញ្ជាក់ថាជាជំងឺមហារីកក្នុងគ្រាប់ភ្នែក អ្នកជំងឺនឹងតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដូចជា៖ • ពង្រីកប្រស្រីភ្នែក៖ ថត ឬឆ្លុះមើលសរសៃបាតភ្នែក ដោយឧបករណ៍ Indirect ophthalmoscopy ដើម្បីឲ្យដឹងថាវាជាដុំដែលបង្កឡើងដោយមហារីកក្នុងគ្រាប់ភ្នែក ឬក៏មិនមែន។ • Ultrasonography៖ ដើម្បីចង់ដឹងថាជាដុំរបស់មហារីកក្នុងគ្រាប់ភ្នែក។ • CT Scan៖ ឲ្យដឹងថាដុំមហារីក នឹងវិវឌ្ឍចេញនៅខាងក្នុង ឬនៅខាងក្រៅ ហើយអាចឲ្យយើងដឹងថា ដុំនេះមានរាលដាលទៅកោសិកាសរីរាង្គដទៃ ជាពិសេសពីប្រព័ន្ធសរសៃប្រសាទរហូតដល់ខួរក្បាល។ ការព្យាបាលត្រឹមត្រូវ ជំងឺមហារីកក្នុងគ្រាប់ភ្នែកត្រូវធ្វើការព្យាបាលទៅតាមដំណាក់កាលនីមួយៗ ដោយត្រូវមានការចូលរួមពី គ្រូពេទ្យឯកទេសភ្នែក គ្រូពេទ្យវះកាត់សរសៃប្រសាទ និងគ្រូពេទ្យព្យាបាលជំងឺមហារីក ផងដែរ។ ករណីស្រាល ការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងអាចជាសះស្បើយបាន ប៉ុន្តែបើជាដំណាក់កាលធ្ងន់ធ្ងរ នោះការព្យាបាល មិនសូវបានជោគជ័យទេ។ ជាទូទៅ ការព្យាបាលទាំងនោះរួមមាន៖ • ការប្រើវិទ្យុសកម្ម ដើម្បីបំផ្លាញដុំមហារីក • ការដុតនឹងធាតុត្រជាក់ ដើម្បីបំផ្លាញដុំមហារីក • ការបាញ់កាំរស្មីឡាស៊ែ និងការចាក់ថ្នាំគីមី ដើម្បីបំផ្លាញដុំមហារីក និងមិនឲ្យកោសិកាមហារីកដុះរាលដាល ទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងៗទៀត។ • ការវះកាត់យកគ្រាប់ភ្នែកចេញ ដើម្បីកុំឲ្យរីករាលដាលទៅសរីរាង្គដទៃទៀត ក្នុងករណី ធ្ងន់ធ្ងរ។ ផលវិបាក កុមារអាចនឹងត្រូវស្លាប់ដោយសារជំងឺមហារីកក្នុងគ្រាប់ភ្នែក ក្នុងអំឡុងអាយុ ២ទៅ៤ឆ្នាំ ប្រសិនបើ មិនមាន ការព្យាបាលទាន់ពេលវេលាទេនោះ។ ផ្ទុយមកវិញ អត្រានៃការជាសះស្បើយអាចរហូតដល់ ៩៥% បើអ្នកជំងឺ ឆាប់ទទួលបានការព្យាបាល និងត្រូវធ្វើការតាមដានឲ្យបានទៀងទាត់។ ទាក់ទងនឹងការតាមដានបន្ទាប់ពី ការព្យាបាលរួច ត្រូវធ្វើតាមដំណាក់កាល ដំបូង ៣ ទៅ ៤ខែម្តង បន្ទាប់មក ៦ខែម្តង ១ឆ្នាំម្ដង រហូតដល់៩ឆ្នាំក្រោយ ព្រោះដុំមហារីកប្រភេទនេះ វានឹងអាចបង្កឲ្យកើតឡើងវិញក្នុងករណីខ្លះ។ វិធីសាស្រ្តការពារ គ្មានវិធីសាស្ត្រណាមួយដើម្បីការពារពីមហារីកក្នុងគ្រាប់ភ្នែកនេះបាននៅឡើយទេមកដល់បច្ចុប្បន្ន ដោយហេតុថា វាជាជំងឺតំណពូជ ឬកើតពីកំណើត។ ប្រសិនបើឪពុកម្ដាយ ឬអាណាព្យាបាល សង្ស័យ ឬឃើញរោគសញ្ញាមហារីក ក្នុងគ្រាប់ភ្នែកដូចខាងលើ ឬសមាជិកគ្រួសារដែលមាន មហារីកក្នុងគ្រាប់ភ្នែកពីមុនមក ត្រូវតែមកពិនិត្យ និងព្យាបាលជាមួយនឹងគ្រូពេទ្យឯកទេសភ្នែក ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយ ឬការពារ ពីភាពពិការភ្នែក ឬប៉ះពាល់ដល់អាយុជីវិតផងដែរ។ បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ  និងឯកទេសជាន់ខ្ពស់សរសៃបាតភ្នែក មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានមន្ទីរពេទ្យភ្នែកដុកទ័រ គង់ ពិសិដ្ឋ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ជំងឺផ្សេងៗ ជំងឺផ្សេងៗ ជំងឺផ្សេងៗ ភ្នែក
Macular Hole ប៉ះពាល់គំហើញបែបណាខ្លះ?

និយមន័យជំងឺ Macular Hole Macular Hole គឺសំដៅលើប្រហោងប្រស្រីបាតភ្នែកនៅពីក្រោយកូនក្រមុំភ្នែក ជាទីតាំងសំខាន់ដែលសរសៃប្រសាទភ្នែកទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែកអាចមើលឃើញ។ Macular Hole ត្រូវបានបែងចែកទៅតាមរូបរាង ដែលរួមមាន ២ធំៗខាងក្រោម៖ -Full Thickness Macular Hole៖ សំដៅទៅលើរន្ធប្រស្រីភ្នែកខូចទាំងស្រុងបង្កើតបានជាប្រហោង។ ពេលនោះគំហើញរបស់អ្នកជំងឺចាប់ផ្តើមធ្លាក់ចុះ ហើយមើលឃើញខ្មៅកណ្តាល ឬជួនកាល ឃើញដូចទឹករលកជាដើម។ -Partial-Thickness MacularHole៖ អ្នកជំងឺមិនទាន់មានការប៉ះពាល់ដល់គំហើញធ្ងន់ធ្ងរនោះទេ ដែលពួកគាត់អាចមើលឃើញច្បាស់នៅឡើយ ឬគំហើញអាចនឹងថយចុះប្រហាក់ប្រហែល ៥០ភាគរយ ឬក៏អាចឃើញរូបភាពវៀច។ មូលហេតុ និងកត្តាជំរុញ - ៨០ ភាគរយនៃ Macular Hole ទាក់ទងនឹងវ័យ ពិសេសចាប់ពី ៦០ ទៅ៧០ឆ្នាំ ដែលកើតលើស្រ្តី ច្រើនជាងបុរសពីរដង។ - អ្នកដែលមានជំងឺលើសរសៃឈាមបាតភ្នែកដូចជា អ្នកជំងឺលើសឈាម ទឹកនោមផ្អែម អ្នកជំងឺស្ទះសរសៃឈាមបាតភ្នែក ឬអ្នកជំងឺ AMD(ជំងឺខូចបាតភ្នែកម៉្យាងដោយសារវ័យចំណាស់)។ - ការប៉ះទង្គិចជាមួយវត្ថុទាលចំភ្នែក ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធភ្នែកខាងក្នុង។ - អ្នកជំងឺដែលធ្លាប់បានព្យាបាលដោយកាំរស្មីឡាស៊ែរ (ករណីកម្រ)។ សញ្ញាសម្គាល់ អ្នកជំងឺ Macular Hole មិនបង្ហាញជាសញ្ញាឈឺចាប់អ្វីនោះទេ ភាគច្រើន គាត់រកឃើញចៃដន្យដោយខ្លួនឯងនូវអាការៈ ដូចជាស្រវាំងផ្សែងៗពិបាកក្នុងការមើលជិត និងឆ្ងាយ ឃើញរូបភាពឬអក្សរតូចជាងភ្នែកម្ខាងទៀត ហើយអាចមានស្រមោលខ្មៅនៅចំកណ្តាល ឬទឹករលក។ ពេលខ្លះអ្នកជំងឺអាចសង្កេតឃើញថា ភ្នែកចាញ់ពន្លឺខុសធម្មតាជាដើម។   យន្តការនៃ Macular Hole - ទ្រឹស្តីពីមុន៖ កំណត់ថា កាលណាដល់អាយុ៦០ឆ្នាំឡើង សរសៃប្រសាទនៅត្រង់ប្រស្រីបាតភ្នែកចាប់ផ្តើមបង្កើតឲ្យមានកូនប្រហោងតូចដុះ យូរទៅក៏ក្លាយទៅជា Macular Hole។ - ទ្រឹស្តីបច្ចុប្បន្ន៖ ធម្មតា នៅផ្នែកខាងលើរបស់ស្រទាប់រ៉េទីន (សរសៃប្រសាទបាតភ្នែក) មានសរីរាង្គមួយហៅថា Vitreous body ស្ថិតជាប់នឹងផ្ទៃខាងលើនៃស្រទាប់រ៉េទីន។ នៅពេលអាយុកាន់តែច្រើន Vitreous body ចាប់ផ្តើមផ្លាស់ប្តូររូបរាងទៅជាមិនស្អិតតោងជាប់ ដែលបណ្តាលឲ្យទាញប្រស្រីបាតភ្នែកខូចទ្រង់ទ្រាយ។ ការធ្វើរោគវិនិច្ឆ័យនៃ Macular Hole ករណីសង្ស័យ អ្នកជំងឺនឹងតម្រូវឲ្យពិនិត្យបាតភ្នែក(Fundoscopy) ហើយម៉្យាងវិញទៀត គ្រូពេទ្យអាចនឹងពិនិត្យដោយប្រើឧបករណ៍វិភាគឈ្មោះOptical Coherence Tomography(OCT)ដើម្បីដឹងពីទំហំនៃប្រហោង និងអាចសន្និដ្ឋានពីលទ្ធភាពក្នុងការព្យាបាល។ ការព្យាបាល និងការពារ អ្នកជំងឺ Macular Hole ត្រូវព្យាបាលដោយការវះកាត់បូមយក Vitreous body នេះចេញ បន្ទាប់មកចាក់ហ្គាសទៅភ្ជិតរន្ធនោះ ដែលអាចនឹងតម្រូវឲ្យអ្នកជំងឺគេងផ្កាប់មុខប្រហែល១០ថ្ងៃ។ ប្រសិនមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវអាចប៉ះពាល់ដល់ទីតាំងគំហើញ នឹងអាចវិវឌ្ឍទៅជាគំហើញខ្សោយ ។    ដើម្បីការពារពី Macular Hole ចាំបាច់ត្រូវអញ្ជើញមកពិនិត្យភ្នែកជាប្រចាំ យ៉ាងហោចណាស់មួយឆ្នាំម្តងទោះបីគ្មានសញ្ញាអ្វីក៏ដោយ ជាពិសេសមនុស្សដែលមានវ័យចាប់ពី ៥០ឆ្នាំឡើង ឬក៏មានជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម មានប្រវត្តិប៉ះទង្គិចភ្នែក ឬអ្នកមានកម្រិតម៉្ញូបខ្ពស់  (ចាប់ពី ៥០០ ដឺក្រេឡើង) …… សម្រាប់វេជ្ជបណ្ឌិតទូទៅ ប្រសិនបើមានអ្នកជំងឺត្អូញប្រាប់ថា គាត់មើលឃើញស្រមោលតូចខ្មៅធ្វើចលនាក្នុង ឬផ្នែកកន្ទុយភ្នែក សូមមេត្តាណែនាំអ្នកជំងឺឲ្យមកជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតឯកទេសភ្នែក ដើម្បីកំណត់រោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត សាលី ធារិទ្ធ ឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក និងជាប្រធានផ្នែកឯកទេសបាតភ្នែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត  ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺផ្សេងៗ ជំងឺផ្សេងៗ ជំងឺផ្សេងៗ ជំងឺផ្សេងៗ ភ្នែក
អ្វីខ្លះជាហេតុបង្កឲ្យមានកំណកកករ ក្នុងទឹកបាតភ្នែក?

Floaters ជាកំណកកករ ដែលកើតមានក្នុងទឹកបាតភ្នែក(Vitreous)។ ជាធម្មតា ទឹកបាតភ្នែក ជាសារធាតុរាវ ថ្លាគ្មានពណ៌ អន្ធិលៗដូចជែល ស្ថិតនៅផ្នែកខាងក្រោយភ្នែក។ សារធាតុរាវនេះមានប្រមាណជា ៨០%នៃគ្រាប់ភ្នែកទាំងមូល ហើយមានតួនាទីជួយការពារភ្នែក ព្រមទាំងរក្សាឲ្យបាននូវទ្រង់ទ្រាយគ្រាប់ភ្នែកផងដែរ។ មូលហេតុ និងកត្តាប្រឈម Floaters កើតឡើងដោយសារតែមានការប្រែប្រួលសភាពទឹកបាតភ្នែក បង្កើតបានជាសរសៃៗ ឬដុំកំណកបាំងនៅពីមុខរ៉េទីន ដែលអាចពាក់ព័់ន្ធនឹងកត្តាជាច្រើនដូចជា៖ •    វ័យចំណាស់ ៖ ដោយសារនៅពេលអាយុ ច្រើន Vitreous នឹងប្រែរាវជាងមុនបណ្តាលឲ្យរបើកចេញពីស្រទាប់បាតភ្នែក (Posterior  Vitreous Detachments) បង្កើតបានជាសរសៃៗ ឬដុំកំណកដែលអាចបាំងពន្លឺឆ្លងកាត់ភ្នែកបាន។ •    ការរលាកផ្នែកខាងក្រោយនៃបាតភ្នែក ៖ នៅពេលជាលិកាភ្នែក ផ្នែកខាងក្រោយរលាកទឹកនៅក្នុងបាតភ្នែកប្រែក្លាយជាល្អក់កករ ឬស្រអាប់។ •    ការហូរឈាមក្នុងភ្នែក ៖ ករណីនេះអាចកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម លើសឈាមស្ទះសរសៃឈាម និងរបួសជាដើម។ •    ការប្រើប្រាស់ថ្នាំមួយចំនួន៖ ស៊ីលីកូន ឬថ្នាំមួយចំនួនទៀតអាចនៅសេសសល់ក្នុង Vitreous  ក្រោយការចាក់បញ្ចូលអំឡុងពេលវះកាត់ បង្កើតបានជាពពុះដែលអាចជាស្រមោលបាំងពន្លឺចូលភ្នែកបាន។ •    ការរហែកស្រទាប់បាតភ្នែក ៖ អាចបណ្តាលមកពីការកន្រ្តាក់ខ្លាំងពីទឹកបាតភ្នែក ដែលនាំឲ្យរហែកស្រទាប់រ៉េទីន ហើយបង្កើតជាកំណក ឬការហូរឈាម។ បន្ថែមពីនេះ Floaters ក៏អាចកើតមានចំពោះអ្នកជំងឺដែលធ្លាប់វះកាត់ភ្នែក អ្នកមានភ្នែកម៉្ញូប អ្នកជំងឺទឹកនោមផ្អែម អ្នកជំងឺរលាកបាតភ្នែក ករណីមានការប៉ះទង្គិចភ្នែក ឬគ្រោះថ្នាក់ទៅលើភ្នែកជាដើម។ រោគសញ្ញា ជាទូទៅ អ្នកជំងឺតែងមើលឃើញស្រមោលខ្មៅៗហោះចុះឡើងក្នុងភ្នែក ហើយកាន់តែច្បាស់ នៅពេលមើលទៅតំបន់ដែលមានផ្ទៃភ្លឺ ដូចជាផ្ទៃមេឃពណ៌ខៀវ ឬជញ្ជាំងពណ៌ស។  លើសពីនេះ ក៏មានសញ្ញារួមផ្សំផងដែរដូចជា ការមើលឃើញជាសញ្ញាផ្លេកបន្ទោរ ភ្លឹបភ្លែត (Flash of Light or Photopia)  ។ ការកំណត់រោគវិនិច្ឆ័យ កាលណាមានបញ្ហានេះកើតឡើង គ្រូពេទ្យឯកទេសនឹងពិនិត្យភ្នែកដោយដាក់ថ្នាំពង្រីកប្រស្រីភ្នែក ដើម្បីឆ្លុះមើលបាតភ្នែក ហើយអាចនឹងឃើញជារង្វង់មូល កំណកសៗ ឬសរសៃ អណ្តែតក្នុងសារធាតុរាវបាតភ្នែក (Vitreous)។ សារធាតុទាំងអស់នេះហើយដែលចាំងស្រមោលទៅលើបាតភ្នែក ហើយបង្កើតបានជាស្រមោលខ្មៅដែលអ្នកជំងឺមើលឃើញ។ ការព្យាបាល Floaters មិនតម្រូវឲ្យមានការព្យាបាលនោះទេដោយហេតុថាវាមិនបានផ្តល់គ្រោះថ្នាក់ដល់គំហើញធ្ងន់ធ្ងរ ហើយយូរៗទៅ អ្នកជំងឺអាចនឹងសម្របជាមួយបញ្ហានេះដោយខ្លួនឯង។ ប៉ុន្តែករណីអ្នកជំងឺមានការប្រេះបាតភ្នែករហែកបាតភ្នែកនោះ គ្រូពេទ្យនឹងធ្វើការព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ។ គួរបញ្ជាក់ថា ប្រមាណជា៤០%នៃ Floaters ស្រួចស្រាវ អាចមាន Posterior Vitreous Detachment ហើយក្នុងនោះ៩%ផ្សេងទៀតអាចមានដល់រហែកបាតភ្នែក។ ម៉្យាង ប្រសិនមិនមានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ អ្នកជំងឺ៥០% អាចប្រឈមនឹងការរបើកបាតភ្នែក។ វិធីសាស្រ្តការពារ •    បរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់ភ្នែក ដូចជា បន្លែបៃតង ការ៉ុត និងសាច់ •    ការពារភ្នែកពីពន្លឺខ្លាំង ដូចជាព្រះអាទិត្យ កុំព្យូទ័រ ទូរស័ព្ទ ឡាស៊ែរ ដោយពាក់វ៉ែនតា ការពារ ឬបន្ថយពន្លឺ •    ចៀសវាងពីការប៉ះទង្គិច ឬគ្រោះថ្នាក់ទៅលើភ្នែក •    ពិនិត្យភ្នែកជាប្រចាំ និងទទួលការព្យាបាលភ្នែកឲ្យបានត្រឹមត្រូវ •    បង្ការកុំឲ្យកើតជំងឺទឹកនោមផ្អែម និងលើសឈាម ជាដើម។ ករណីមានបញ្ហាភ្នែក គួរប្រញាប់មកទទួលការពិនិត្យ និងព្យាបាលដោយគ្រូពេទ្យឯកទេសភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយបញ្ហាធ្ងន់ធ្ងរដែលពិបាក ឬមិនអាចព្យាបាលបាន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង គ្លីនិកភ្នែកអូឡាំពិក ០១៧ ៥៧៥៥៦៧ ឬ ០៧៨ ៣៧៩៧៩៨ អ៊ីម៉ែល៖ longchhour@yahoo.com បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឈួរ ឡុង ឯកទេសចក្ខុរោគ និងឯកទេសជាន់ខ្ពស់ជំងឺបាតភ្នែក មានតួនាទីជាអនុប្រធានផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកភ្នែកអូឡាំពិក ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺផ្សេងៗ ភ្នែក
តើជំងឺ Optic Nerve Head Drusen រំខានដល់ការរស់នៅរបស់អ្នកទេ?

និយមន័យ ជំងឺ Optic Nerve Head Drusen ជាកំណករបស់សារធាតុម្យ៉ាងនៅនឹងសរសៃប្រសាទទី២ ដែលសារធាតុនោះត្រូវបានគេហៅថា Hyaline ។ ជំងឺនេះ មិនសូវជួបប្រទះញឹកញាប់ទេនៅកម្ពុជាយើង ហើយក៏មិនទាន់មានការសិក្សាច្បាស់លាស់នៅឡើយដែរលើចំនួននៃការកើតជំងឺមួយនេះ ប៉ុន្តែ តាមរយៈការសិក្សាមួយចំនួនបានឲ្យដឹងថា ជំងឺនេះអាចកើតមានលើអ្នកជំងឺ៣ទៅ៤នាក់ ក្នុងប្រជាជន១០០០នាក់។ មូលហេតុ មិនមានមូលហេតុច្បាស់លាស់ណាដែលគេរកឃើញថាធ្វើឲ្យកើតជំងឺនេះទេ តែតាមការសិក្សាមួយចំនួន គេបានកំណត់ថា ជំងឺនេះកើតឡើងដោយសារតែការសឹករេចរឹលនៃសរសៃប្រសាទនៅនឹងបាតភ្នែក។ ការសឹករេចរឹលនេះ បង្កឲ្យមានកំណកសារធាតុកាល់ស្យូម (Hyaline) នៅក្រោមសរសៃបាតភ្នែកតែម្តង។ រោគសញ្ញា ជំងឺនេះ សឹងតែមិនស្តែងចេញនូវរោគសញ្ញាដែលធ្វើឲ្យអ្នកជំងឺចាប់អារម្មណ៍នោះទេ ហើយអ្នកជំងឺភាគច្រើន រកឃើញថាខ្លួនមានកើតជំងឺនេះដោយចៃដន្ យក្នុងពេលដែលពួកគាត់មកពិនិត្យសុខភាពភ្នែករបស់ខ្លួន។ បើទោះជាយ៉ាងនេះក៏ដោយ ក៏នៅមានករណីកម្រខ្លះអាចធ្វើឲ្យអ្នកជំងឺបាត់ដែនគំហើញនៅត្រង់សរសៃបាតភ្នែកដែរ ដែលគេហៅថាការកើនឡើងនៃ Blind spot ហើយអាចរកបានតាមរយៈការធ្វើតេស្តមួយចំនួន។ ការធ្វើរោគវិនិច្ឆ័យ គេអាចធ្វើរោគវិនិច្ឆ័យជំងឺនេះ ដោយប្រើតេស្តមួយចំនួនដូចជា ការធ្វើតេស្ត Ultrasound ប្រភេទB-scan ដែលអាចធ្វើបាននៅក្នុងបន្ទប់ពិគ្រោះជំងឺ។ គេក៏អាចថតបាតភ្នែកដោយប្រើតេស្ត Fundoscopy អាចជាប្រភេទ Red-free photography ឬប្រភេទចាក់តាមសរសៃ (Fluorescein angiogram) ។ ក្រៅពីការថតបាតភែ្នក គេអាចធ្វើតេស្តមួយចំនួនទៀតដូចជា ការថត CT scanនៅក្បាល ឬ OCT (Optical Coherence Tomography) នៅស្រទាប់បាតភ្នែក។ ការព្យាបាល ដោយសារតែជំងឺនេះ បង្កឡើងពីមូលហេតុមិនច្បាស់លាស់ ហើយវាក៏មិនបង្កផលរំខានណាដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ នោះក៏មិនមានការព្យាបាលណាត្រូវធ្វើលើអ្នកជំងឺដែរ ប៉ុន្តែ គ្រូពេទ្យត្រូវធ្វើការតាមដានការវិវឌ្ឍនៃជំងឺនេះទៅលើការរីកទំហំរបស់កំណកនៅនឹងសរសៃបាតភ្នែក ដើម្បីចៀសវាងការកកើតនូវផលវិបាកកម្រដែលនឹងអាចបង្កឡើងដោយសារជំងឺនេះក្នុងរយៈពេលយូរ។ ផលវិបាក ករណីកំណកនៅនឹងសរសៃបាតភ្នែកនៅតែបន្តរីកទំហំ ឬបង្កឲ្យប៉ះពាល់ដល់សរសៃឈាមនៅតំបន់នោះ វាអាចធ្វើឲ្យមានការហូរឈាមនៅបាតភ្នែក ស្ទះសរសៃបាតភ្នែកផ្នែកខាងមុខដែលនាំឲ្យមានការថយចុះនូវគំហើញរបស់អ្នកជំងឺ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ខៀវ ច័ន្ទសត្យា ឯកទេសចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ជំងឺផ្សេងៗ ភ្នែក
[មានវីដេអូ] ជំងឺស្វិតសរសៃភ្នែក ឬ OPTIC NERVE ATROPHY ជាអ្វី?

Optic Nerve Atrophy ដែលត្រូវបានហៅថា ជំងឺស្វិតសរសៃភ្នែក គឺជាការផ្លាស់ប្តូរ ឬបំផ្លាញនៃសរសៃអុបទិក ដែលសរសៃនេះមានតួនាទីបញ្ជូនចរន្តរូបភាពពីភ្នែកទៅខួរក្បាល។ គួរបញ្ជាក់ថា ជំងឺស្វិតសរសៃភ្នែក ឬ Optic Nerve Atrophy អាចស្តែងឡើងជារោគសញ្ញាដូចជា ការប៉ះពាល់ទៅលើដែនគំហើញ មើលឃើញព្រិលៗ  ប្រែប្រួលពណ៌ភ្នែកទៅជាស្លេក ពិសេសការពិនិត្យមើលពណ៌ ពីក្រហមទៅជាក្រហមស្រាល ដែលវាគឺជាផលវិបាកនៃជំងឺភ្នែកមួយចំនួន។ អ្វីជាមូលហេតុនៃជំងឺស្វិតសរសៃភ្នែក? ជំងឺស្វិតសរសៃភ្នែកមានការប្រែប្រួលលឿន ឬយឺត អាស្រ័យទៅតាមប្រភេទនៃជំងឺ និងមូលហេតុបង្កឲ្យមានជំងឺស្វិតសរសៃភ្នែក ដែលរួមមាន៖ •    ជំងឺទឹកដក់ក្នុងភ្នែករ៉ាំរ៉ៃ ៖ ករណីអ្នកជំងឺមិនបានធ្វើការពិនិត្យតាមដានឲ្យបានដិតដល់ ឬមិនទទួលបានការព្យាបាលត្រឹមត្រូវ •    បញ្ហាគ្រោះថ្នាក់មួយចំនួន ៖ ពិសេសគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ទៅលើក្បាល ឬប៉ះទៅលើតំបន់ជុំវិញភ្នែកអាចនឹងវិវឌ្ឍចាប់ផ្តើមស្វិតសរសៃភ្នែកក្នុងរយៈពេល ២ ទៅ៣ខែក្រោយ •    បញ្ហារលាកសរសៃអុបទិក ៖ អ្នកជំងឺរលាកសរសៃឈាម ដែលធ្វើឲ្យឈាមទៅចិញ្ចឹមសរសៃឈាមមិនបានគ្រប់គ្រាន់ ជាហេតុបណ្តាលឲ្យសរសៃភែ្នកលែងដំណើរការ ហើយស្វិតតែម្តង •    បញ្ហាទាក់ទងនឹងដុំសាច់មហារីក ៖ ដុំសាច់ខួរក្បាលអាចទៅសង្កត់លើសរសៃអុបទិកផ្នែកខាងក្រោយ បន្ទាប់ពីគ្រាប់ភ្នែក ដែលធ្វើឲ្យប៉ះពាល់ដល់សរសៃភ្នែក •    ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ពពួកថ្នាំព្យាបាលជំងឺរបេង ថ្នាំប្រឆាំងនឹងមហារីក •    តំណពូជ ដូចជាអ្នកជំងឺខ្វាក់មាន់ពីកំណើត ជាដើម។ យន្តការនៃជំងឺស្វិតសរសៃភ្នែក ជំងឺ Optic Nerve Atrophy នឹងវិវឌ្ឍបន្តិចម្តងៗ អាចមានរយៈពេលវែង និងរយៈពេលខ្លី។អ្នកជំងឺមួយចំនួនធំ មិនអាចព្យាបាលបាននោះទេ វានឹងវិវឌ្ឍទៅរកភាពខូងដោយខ្លួនឯងហើយវាក៏ជាប់ទាក់ទងនឹងមូលហេតុ។ ជាក់ស្តែង អ្នកជំងឺមហារីកអាចនឹងវិវឌ្ឍក្នុងរយៈពេល១ឆ្នាំឈានទៅស្វិតសរសៃភ្នែកតែម្តង។ ករណីអ្នកជំងឺកើតដោយតំណពូជភ្នែករបស់គាត់អាចនៅបានរយៈពេល២០ ទៅ៣០ឆ្នាំ។ ប៉ុន្តែ ចំពោះអ្នកជំងឺទឹកដក់ក្នុងភ្នែកវិញ បើគាត់មិនបានទទួលការព្យាបាលឲ្យបានដិតដល់ទេ នឹងវិវឌ្ឍទៅជាស្វិតសរសៃភ្នែក ហើយឈានទៅរកពិការភាពតែម្តង។ ដូចនេះ យន្តការ និងការវិវឌ្ឍនៃជំងឺស្វិតសរសៃភ្នែក គឺវាអាស្រ័យទៅនឹងប្រភេទជំងឺបង្កហេតុ និងប្រសិទ្ធភាពក្នុងការព្យាបាលផងដែរ។ រោគវិនិច្ឆ័យនៃជំងឺស្វិតសរសៃភ្នែក ដើម្បីអាចកំណត់ថាជាជំងឺស្វិតសរសៃភ្នែក អ្នកជំងឺត្រូវបានណែនាំឲ្យធ្វើការពិនិត្យភ្នែក ៖ •    ដោយវាស់គំហើញ ហើយកត់ត្រាទុក •    វាស់ពណ៌ មើលថាអ្នកជំងឺអាចមើលឃើញគ្រប់ពណ៌ ឬអត់ •    ពិនិត្យបាតភ្នែក មើលលើសរសៃអុបទិក (សរសៃអុបទិកធម្មតាមានពណ៌ក្រហមទុំ បើចំពោះអ្នកជំងឺស្វិតសរសៃភ្នែក នោះសរសៃអុបទិកមានពណ៌ស និងមិនឃើញមានសរសៃឈាម)។ ការព្យាបាលជំងឺត្រឹមត្រូវ អ្នកជំងឺស្វិតសរសៃភ្នែក ទាមទារឲ្យមានការព្យាបាលទៅតាមមូលហេតុ ដូចជា៖ •    ប្រសិនជាបណ្តាលមកពីជំងឺទឹកដក់ក្នុងភ្នែកឬមានដុំសាច់សង្កត់សរសៃភ្នែក អ្នកជំងឺត្រូវធ្វើការព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ឬវះយកដុំសាច់មហារីកចេញ •    បើមានការរលាកសរសៃអុបទិក អ្នកជំងឺនឹងតម្រូវឲ្យប្រើថ្នាំ ឬប្រភេទវីតាមីនB ដើម្បីការពារមិនឲ្យស្វិតសរសៃអុបទិក •    ចំពោះអ្នកជំងឺដែលបាន និងកំពុងប្រើថ្នាំប្រឆាំងមហារីក ឬប្រឆាំងជំងឺរបេង គឺត្រូវមកពិនិត្យភ្នែក ដោយវាស់ការមើលឃើញ និងវាស់ពណ៌ជាប្រចាំ ប្រសិនបើថយចុះ អ្នកជំងឺអាចត្រូវណែនាំឲ្យផ្លាស់ប្តូរថ្នាំដែលគាត់ប្រើនោះចេញ •    ករណីតំណពូជ អ្នកជំងឺត្រូវចៀសវាងរៀបការជាមួយសាច់ញាតិ ដើម្បីបន្ថយហ្សែនដែលអាចកើតជំងឺនេះទៅជំនាន់បន្ទាប់។ ផ្ទុយទៅវិញ អ្នកជំងឺអាចវិវឌ្ឍទៅបាត់បង់គំហើញបាត់បង់សមត្ថភាពក្នុងការមើលពណ៌មួយចំនួន និងអាចឈានដល់ការពិការភ្នែកតែម្តង បើអ្នកជំងឺមិនបានធ្វើការព្យាបាល ឬយឺតយ៉ាវក្នុងការព្យាបាល។  វិធីសាស្រ្តការពារ វិធីសាស្រ្ត ដើម្បីការពារកុំឲ្យមានជំងឺស្វិតសរសៃភ្នែកមានដូចជា៖ •    ត្រូវមកពិនិត្យភ្នែកឲ្យបានទៀងទាត់ ឬរាល់ពេលដែលភ្នែកមានអាការៈខុសប្រក្រតីណាមួយកើតឡើង •    ករណីមានជំងឺទឹកដក់ក្នុងភ្នែក ទឹកនោមផ្អែម លើសសម្ពាធឈាម ហើមបាតភ្នែក រលាកស្រោមខួរ ការប្រើប្រាស់ថ្នាំដែលអាចប៉ះពាល់ដល់សរសៃអុបទិក ឬគ្រួសារ សាច់ញាតិធ្លាប់មានជំងឺនេះ ត្រូវពិនិត្យបាតភ្នែក ជាទៀងទាត់រៀងរាល់៣ ទៅ ៦ខែម្តង •    បញ្ឈប់ការជក់បារី និងគ្រឿងស្រវឹង •    ពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ។ ចំពោះសិស្ស និស្សិតវេជ្ជសាស្ត្រ ឬអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រសិនបើជួបអ្នកជំងឺទឹកនោមផ្អែម ទឹកដក់ក្នុងភ្នែក ត្រូវណែនាំគាត់ឲ្យមកពិនិត្យបាតភ្នែកជាប្រចាំ ដើម្បីចៀសវាងកើតជំងឺស្វិតសរសៃភ្នែកដោយមិនដឹងខ្លួន។ បកស្រាយដោយ ៖ សាស្ត្រាចារ្យ ដោរ សីហា ឯកទេសចក្ខុបណ្ឌិត មានតួនាទីជាអនុប្រធានផ្នែកចក្ខុរោគ និងអនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាអនុប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ជំងឺផ្សេងៗ ភ្នែក
Optic Neuritis ការរលាកសរសៃអុបទិក

Optic neuritis គឺជាការរលាកសរសៃអុបទិក ដែលជាសរសៃប្រសាទសម្រាប់បញ្ជូនរូបភាពពីគ្រាប់ភ្នែកទៅកាន់ខួរក្បាល។ មូលហេតុ និងកត្តាប្រឈម មូលហេតុដែលបណ្តាលឲ្យមានការរលាកសរសៃអុបទិក  មាន៤ធំៗ៖ •    ការខូចស្រោមខាងក្រៅរបស់សរសៃអុបទិក(ជាមូលហេតុកើតឡើងមានញឹកញាប់ជាងគេ) •    ការបង្ករោគនៅជុំវិញសរសៃអុបទិក •    ការបង្ករោគនៅនឹងសរសៃអុបទិកផ្ទាល់ដោយសារមេរោគផ្សេងៗ •    ការរលាកដែលមិនមែនបណ្តាលមកពីមេរោគ តែភាគច្រើនមកពីជំងឺទូទៅប្រចាំកាយ។     ក្រៅពីនេះ អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រ​ឈមនឹងជំងឺរលាកសរសៃអុបទិកមាន៖ •    ភាគច្រើនជាស្ត្រី អាយុពី២០ ទៅ៤០ឆ្នាំ •    ជនជាតិស្បែកស •    កត្តាហ្សែនមួយចំនួនដែលនាំឲ្យមានការលាក។ រោគសញ្ញា •    ស្រវាំងភ្នែកម្ខាងភ្លាមៗរហូតដល់មើលមិនឃើញទាំងស្រុង លាយឡំជាមួយការឈឺក្បាល •    ឈឺគ្រាប់ភ្នែក ជាពិសេសនៅពេលធ្វើចលនាភ្នែក •    មានស្រមោលខ្មៅនៅផ្នែកណាមួយនៃការមើលឃើញ •    ឃើញបែកភ្លើងអំពិលអំពែកក្នុងភ្នែក។ ការធ្វើរោគវិនិច័្ឆយ​ រោគវិនិច្ឆ័យនៃជំងឺនេះត្រូវបានធ្វើឡើងតាមរយៈរោគសញ្ញាដែលអ្នកជំងឺ​មានរួមផ្សំជាមួយការពិនិត្យ និងធ្វើតេស្តមួយចំនួន ដូចជា៖ •    ការពិនិត្យភ្នែករកការហើម និងការថយចុះនូវមុខងាររបស់សរសៃអុបទិក •    ការធ្វើតេស្តឈាម និងថត MRI ខួរក្បាល និងខួរឆ្អឹងខ្នង  •    ក្នុងករណីខ្លះ គេអាចបូមយកទឹកខួរឆ្អឹងខ្នងយកទៅពិនិត្យផងដែរ។    ការរលាកសរសៃអុបទិក អាចជាសះស្បើយដែរឬទេ ? ការរលាកសរសៃអុបទិក អាចជាសះស្បើយទៅវិញដោយខ្លួនឯង តែការប្រើថ្នាំ Corticosteroid នឹងពន្លឿនការជាសះស្បើយ តែទោះជាការរលាកបានបាត់ទៅវិញក្តី ក៏គំហើញដែលបានបាត់បង់មិនអាចត្រឡប់មកដូចដើម ១០០% ទេ។ ផលវិបាក •    ករណីខ្លះអាចមានការស្វិតសរសៃអុបទិក ទោះបីជាមានការព្យាបាលជាសះស្បើយ ហើយក៏ដោយ ក៏ការបាត់បង់គំហើញរបស់អ្នកជំងឺមិនអាចត្រឡប់មកវិញបាន •    ផលវិបាករបស់ថ្នាំ Corticosteroid ក្រោយការព្យាបាល។ វិធីសាស្រ្តការពារពីការរលាកសរសៃអុបទិក ដើម្បីការពារពីការរលាកសរសៃអុបទិក គឺចៀសវាងពីកត្តាផ្សេងៗដែលអាចឲ្យមានការបង្ករោគដូចជា ការលេងជាមួយសត្វឆ្មា ការបរិភោគអាហារ ឬទឹកមិនស្អាត។ តែក៏មានកត្តាមួយចំនួនដែលមិនអាចចៀសវាងបាន ដូចជាកត្តាហ្សែន  ឬសារពាង្គកាយ ប្រឆាំងនឹងខ្លួនឯងជាដើម។ ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនទាំងអស់ដែលមានបញ្ហាភ្នែក ឲ្យឆាប់ទទួលការពិនិត្យ និង ព្យាបាលដោយគ្រូពេទ្យឯកទេសភ្នែកឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា  ហើយចៀសវាងការបណ្តែតបណ្តោយឲ្យក្លាយទៅជាបញ្ហាធ្ងន់ធ្ងរ ដែលពិបាកព្យាបាល ឬព្យាបាលមិនបាន។ សម្រាប់ព័ត៌មានបន្ថែម  សូមទំនាក់ទំនង គ្លីនិកភ្នែក ភ្នំពេញ ០៦១ ៦៦៦៧៧១ ឬ ០៨៦ ៨៨៦៦៧៦ ឬ ០៨៨ ៨៨៦៨៨៣៦ គេហទំព័រ៖ http://www.eye.today បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហេង សុផល  ឯកទេសជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានគ្លីនិកភ្នែក ភ្នំពេញ  ​©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺផ្សេងៗ ភ្នែក
ធ្លាប់ស្អិតភ្នែក នៅពេលក្រោកពីគេងទេ?

ភ្នែកប្រែពណ៌ជាក្រហម ឬមានអាការៈស្អិតភ្នែកអាចជារោគសញ្ញានៃការរលាកភ្នាសដែលគ្របលើផ្នែកសនៃគ្រាប់ភ្នែក ឬហៅថា Conjonctivite។ ភាគច្រើន ជំងឺនេះមានសភាពស្រាល ដែលអាចដោះស្រាយបានដោយគ្រាន់តែប្រើប្រាស់ជាមួយឱសថលាងភ្នែកមួយចំនួន តែត្រូវប្រយ័ត្នព្រោះការរលាកក៏អាចបណ្តាលមកពីជំងឺផ្សេងទៀតដូចជា ជំងឺទឹកដក់ក្នុងភ្នែក   (Glaucomes) ឬជំងឺរលាកប្រស្រីភ្នែក (Irido-cyclites)។ អ្វីគួរដឹង? ក្នុងករណីភ្នែករបស់អ្នកមានសភាពស្អិតនៅរាល់ពេលក្រោកពីគេងពេលព្រឹកព្រលឹម វាអាចជាសញ្ញានៃជំងឺរលាកភ្នាសភ្នែកតិចតួចដែលបណ្តាលមកពី៖ •    ការចម្លងរោគ ៖ ភាគច្រើនបណ្តាលមកពីពពួកវីរុស •    បញ្ហាអាល្លែកហ្ស៊ី ៖ មានវត្តមានលម្អងផ្កា ឬអាល្លែកហ្ស៊ីជាមួយសត្វឆ្មា ឬឆ្កែ ជាដើម។ អ្វីគួរធ្វើ? ការផ្តល់ដំបូន្មានអាចមានដូចជា៖ •    លាងភ្នែកជាមួយសូលុយស្យុងប្រភេទ L’acide borique មានឈ្មោះ៖ Dacryosérum, Optraex, Sophtal (ជាថ្នាំអំពូលប្រើប្រាស់តែម្តង) •    ប្រើប្រាស់ឱសថលាងភ្នែកពពួក Antiseptique មានដូចជា៖ Désomédine collyre ឬBiocidan ជាដើម •    ប្រើប្រាស់ក្រែមលាបភ្នែកពពួក Antiseptique៖ ប៉ូម៉ាត Maurice 2,5% (Cooper) តែចៀសវាងប្រើប្រាស់ជាមួយភ្នែកដែលពាក់កញ្ចក់ Lens។ ប្រសិនភ្នែកស្តែងចេញមានពណ៌ក្រហម រួមទាំងមានការឈឺចាប់ទៀតនោះ អ្នកគួរប្រញាប់ស្វែងរកការពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកជំងឺភ្នែក។ ប្រភពយោង៖ Le vademecum de la Médication officinale ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព ភ្នែក
[មានវីដេអូ] ការធ្លាក់ចុះនៃគំហើញកណ្តាល ដោយជំងឺ Dry AMD

Dry Age-Related Macular Degeneration (Dry AMD) ត្រូវបានសង្កេតឃើញថាមានការកើតឡើងចំពោះអ្នកដែលមានវ័យចាប់ពី ៦៥ឆ្នាំឡើង និងពិសេសចំពោះជនជាតិស្បែកស។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ ករណីនៃជំងឺ Dry AMD ត្រូវបានដឹងថាមានការកើនឡើងជាលំដាប់ ចំពោះជនជាតិអាស៊ីដោយសារកត្តាជាច្រើន។ តើអ្វីជា Dry AMD? Dry Age-Related  Macular Degeneration (Dry AMD) គឺជាការវិវឌ្ឍចុះខ្សោយនៃកោសិកាបាតភ្នែក បណ្តាលមកពីជរាភាព ដែលវាអាចធ្វើឲ្យមានការធ្លាក់ចុះនៃគំហើញកណ្តាលរបស់អ្នកជំងឺ។ មូលហេតុ និងកត្តាប្រឈម មូលហេតុពិតប្រាកដនៃជំងឺ Dry AMD នៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ប៉ុន្តែជាក់ស្តែង កត្តាបរិស្ថាន និងសេនេទិច ត្រូវបានដឹងថាអាចបង្កើនហានិភ័យក្នុងការប្រឈមនឹងជំងឺនេះបាន។   ក្រៅពីនេះ អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជំងឺ Dry AMD រួមមាន៖ -    មនុស្សវ័យចំណាស់ ពិសេសចាប់ពី ៦៥ឆ្នាំឡើង -    អ្នកមានជំងឺប្រចាំកាយដូចជា ជំងឺសរសៃឈាមបេះដូង លើសជាតិខ្លាញ់ជាដើម -    អ្នកចូលចិត្តពិសាអាហារមានជាតិខ្លាញ់ច្រើន និងពិសេសអ្នកញៀនបារី -    អ្នកមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺនេះ -    អ្នកមានមុខរបរ ឬការងារ ឬរស់នៅ មិនសូវសកម្ម ដូចជាឧស្សាហ៍អង្គុយនៅមួយកន្លែងមិនសូវបានធ្វើចលនា។ រោគសញ្ញាសម្គាល់ -    ដំណាក់កាលដំបូង៖ អ្នកជំងឺអាចពុំមានផលប៉ះពាល់ណាមួយលើគំហើញឡើយ (ការមើលឃើញធម្មតា ឬបើសិនធ្លាក់ចុះអាចធ្លាក់ចុះក្នុងកម្រិតបន្តិចបន្តួច) ដែលជាហេតុធ្វើឲ្យអ្នកជំងឺមិនដឹងថាខ្លួនមានជំងឺនេះ។ -    ដំណាក់កាលធ្ងន់ធ្ងរ៖ •    ការមើលឃើញ ឬគំហើញកណ្តាលរបស់គាត់អាចធ្លាក់ចុះ មានន័យថារាល់ផ្ទៃរូបភាពដែលគាត់មើលអាចមានចំណុចពណ៌ខ្មៅនៅកណ្តាល ដែលធ្វើឲ្យគាត់បាត់បង់រូបភាពកណ្តាល •    ការមើលឃើញអាចមិនស្មើសាច់ វៀច ប៉ោងឬកោង ជាពិសេសនៅពេលអ្នកជំងឺធ្វើដំណើរ •    បន្ទាប់មក អាចមានការថយចុះក្នុងការមើលពណ៌ មានន័យថាពណ៌ដែលឃើញមិនដូចធម្មជាតិដោយអាចស្លេកជាងមុន ឬឈានដល់ការបាត់បង់ពណ៌ទាំងស្រុងតែម្តង •    បន្ទាប់មកទៀត អ្នកជំងឺអាចមានផលលំបាកក្នុងការមើល នៅពេលផ្លាស់ទីពីកន្លែងងងឹតទៅកន្លែងភ្លឺ ឬ ពីភ្លឺមកងងឹត។ យន្តការនៃជំងឺ Dry AMD ស្រទាប់បាតភ្នែករេទីណា (Retina) មានកោសិកាមួយឈ្មោះ Bruch membrane ដែលស្ថិតនៅចន្លោះសរសៃឈាម និងកោសិកាសម្រាប់ចាប់ពណ៌ និងពន្លឺ។ ចំពោះអ្នកជំងឺ Dry AMD គេសង្កេតឃើញកោសិកា Bruch membrane មានភាពក្រាស់ជាងមុន និងមានភាពខ្សោយជាងមុនដែលបណ្តាលឲ្យពពួកប្រូតេអុីន និងលីពីត (ខ្លាញ់)អាចមកប្រមូលផ្តុំនៅត្រង់នោះ បង្កឲ្យមានភាពប៉ោង ឬហើម និងបង្កើតបានជា Drusen (កាកសំណល់ប្រូតេអ៊ីន និងលីពីតដែលកកនៅកោសិកាបាតភ្នែកត្រង់កន្លែងចាប់រូបភាព)។ ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ ការធ្វើរោគវិនិច្ឆ័យ Dry AMD ផ្តោតសំខាន់លើការពិនិត្យសុខភាពបាតភ្នែក ដោយប្រើប្រាស់ថ្នាំបន្តក់ពង្រីកកូនក្រមុំភ្នែក ដើម្បីមើលបាតភ្នែកទាំងមូល និងជាពិសេសត្រង់ចំណុចចាប់រូបភាពកណ្តាលនៅលើបាតភ្នែក (Macula) ដែលរួមមាន៖ -    ការស្កេន OCT ដើម្បីដឹងពីកម្រាស់នៃសរសៃបាតភ្នែក ៖ ប្រសិនលទ្ធផលបង្ហាញពីភាពហើម ឬក្រាស់ជាងធម្មតានៃសរសៃបាតភ្នែក អាចបញ្ជាក់បានថាជាជំងឺ Dry AMD ។ -    បន្ទាប់មក គ្រូពេទ្យអាចប្រើបច្ចេកទេសមួយទៀតដោយការចាក់ថ្នាំដែលមានសារធាតុ Fluo-rescence សម្រាប់ថត Angiography ដើម្បីមើលឃើញកោសិកា និងរចនាសម្ព័ន្ធសរសៃឈាម(រកមើលការដុះសរសៃឈាមថ្មី ឬការហូរឈាមជាដើម) ។ ការព្យាបាលសមស្រប ការព្យាបាលជំងឺ Dry AMD ត្រូវធ្វើឡើងអាស្រ័យលើដំណាក់កាលនីមួយៗ៖ -    ដំណាក់កាលដំបូង ៖ ការព្យាបាលអាចផ្តោតលើរបៀបរបបនៃការញ៉ាំចំណីអាហារ ដោយតម្រូវឲ្យអ្នកជំងឺបន្ថយការបរិភោគអាហារមានជាតិខ្លាញ់គ្រឿងស្រវឹង ពិសេសកាត់ផ្តាច់ការពិសាបារី និងអាចផ្តោតលើទម្លាប់រស់នៅបែបសកម្មផងដែរ។ -    ដំណាក់កាលបន្ទាប់ ឬធម្យម ៖ ការព្យាបាលអាចផ្តោតលើការបន្ថែមអាហារបំប៉នដែលមានសារធាតុ Antioxidants ដូចជាពពួក Lutein ឬ Zeaxanthin ដោយវាអាចបន្ថយការវិវឌ្ឍនៃជំងឺទៅជាធ្ងន់ធ្ងរ និងត្រូវបន្តជំរុញការប្រកាន់របបអាហារត្រឹមត្រូវ ជាមួយទម្លាប់ក្នុងការរស់នៅបែបសកម្ម។   -    ករណីមិនទទួលបានលទ្ធផលល្អ ក្រោយការប្រើប្រាស់មធ្យោបាយខាងលើ ឬអ្នកជំងឺថែមទាំងមានលេចឡើងនូវសរសៃឈាមថ្មី ឬការហូរឈាមនៅសរសៃបាតភ្នែក នោះការព្យាបាលនឹងផ្តោតលើការបញ្ឈប់ការហូរឈាម និងកាត់បន្ថយការដុះសរសៃឈាមដោយការប្រើកាំរស្មី ឬ ថ្នាំចាក់។ ផលវិបាកនៃអ្នកជំងឺ Dry AMD ចំពោះអ្នកជំងឺដែលមិនបានមកទទួលការពិនិត្យភ្នែកសោះ ឬមិនបានព្យាបាលត្រឹមត្រូវ អាចមានការវិវឌ្ឍឈានដល់ដំណាក់កាលធ្ងន់ធ្ងរទៅហើយ។ ករណីនេះអ្នកជំងឺអាចរងគ្រោះដោយផលវិបាកធ្ងន់ធ្ងរដូចជា ដុះសរសៃឈាម និងហូរឈាមបាតភ្នែក ដែលពិបាកក្នុងការព្យាបាល។ ម៉្យាងវិញទៀត អ្នកជំងឺអាចប្រឈមនឹងការបាត់បង់គំហើញកណ្តាលជារៀងរហូត បានន័យថារាល់រូបភាពដែលគាត់មើល នឹងឃើញមានចំណុចខ្មៅនៅកណ្តាល (តែសងខាងចំណុចខ្មៅអាចនៅមើលឃើញ)។ ការការពារចាំបាច់ -    ចំពោះអ្នកមានវ័យចាប់ពី ៦០ឆ្នាំ គួរមកទទួលការពិនិត្យសុខភាពភ្នែកយ៉ាងហោចម្តងក្នុងមួយឆ្នាំ និងទទួលដំបូន្មានលើការពិនិត្យសុខភាពទូទៅក៏ដូចជាគ្រប់គ្រង និងព្យាបាលដោយវេជ្ជបណ្ឌិតឯកទេសផងដែរ ប្រសិនបើគាត់មានជំងឺផ្សេងទៀតដូចជា លើសឈាម ទឹកនោមផ្អែម លើសជាតិខ្លាញ់ជាដើម។ -    ប្រសិនបើអ្នកជំងឺដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺ Dry AMD ហើយ ត្រូវចៀសវាងនូវកត្តាហានិភ័យដែលជំរុញការវិវឌ្ឍរបស់ជំងឺដូចជា កត្តាចំណីអាហារ ដែលត្រូវបន្ថយអាហារខ្លាញ់ បារី ស្រា និងកត្តារស់នៅ។ ក្រៅពីនេះ ត្រូវចៀសវាងភាពមិនសកម្ម ពិសេសត្រូវផ្តាច់បារី និងប្រសិនបើមានអាការៈប្រែប្រួលណាមួយលើគំហើញត្រូវមកជួបតាមដានជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានឆាប់រហ័ស។ ជំងឺ Dry AMD អាចចាត់ទុកបានថាជាជំងឺថ្មីមួយទៀតដែលត្រូវបានរកឃើញកើនឡើងជាលំដាប់ចំពោះប្រជាជនអាស៊ី ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដោយសារកត្តាប្រែប្រួលនានារួមទាំងចំណីអាហារ ការរស់នៅ ជាមួយនឹងការកើនឡើងនូវជំងឺរ៉ាំរ៉ៃផ្សេងៗ (ការលើសជាតិខ្លាញ់ លើសសម្ពាធឈាម និងទឹកនោមផ្អែមជាដើម)។ ដូចនេះ រាល់អ្នកជំងឺដែលបានរកឃើញថាមានជំងឺ Dry AMDហើយ ក្រៅពីធ្វើការព្យាបាលលើជំងឺនេះផ្ទាល់ គាត់ក៏ត្រូវចាំបាច់ស្វែងរកការព្យាបាលលើជំងឺទូទៅរបស់ខ្លួនឲ្យបានប្រញាប់ផងដែរ ដើម្បីចៀសវាងនូវហានិភ័យធ្ងន់ធ្ងរទៅថ្ងៃក្រោយដែលពិបាកក្នុងការព្យាបាល។ ដោយឡែក វេជ្ជបណ្ឌិតរួមទាំងអ្នកវិជ្ជាជីវៈសុខាភិបាល ក៏គួរប្រាកដថាអ្នកជំងឺដែលមានជំងឺទូទៅត្រូវបានពន្យល់ និងណែនាំឲ្យទទួលការពិនិត្យសុខភាពបាតភ្នែកផងដែរ ប្រសិនបើគាត់មានរោគសញ្ញា ឬបញ្ហាភ្នែក ដោយសារមិនថាជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ ឬលើសឈាមទេ សុទ្ធតែអាចបង្កហានិភ័យដល់សរីរាង្គដែលមានសរសៃឈាមផ្សេងទៀត។ បកស្រាយដោយ​៖​ វេជ្ជបណ្ឌិត អៀ រស្មី ឯកទេសចក្ខុរោគ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគ្លីនិកឯកទេសភ្នែក ម៉េង រ័ត្ននីន ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺផ្សេងៗ ភ្នែក
ជំងឺស្វិតស្រទាប់បាតភ្នែក ឬការចុះខ្សោយបាតភ្នែកកម្រិតធ្ងន់…មូលហេតុមួយនៃការបាត់់បង់គំហើញ

ជំងឺស្វិតស្រទាប់បាតភ្នែកដែលភាសាបច្ចេកទេសហៅថា “Age-Related Macular​ De​generation (AMD)” ត្រូវបានបែងចែកចេញជាពីរប្រភេទ រួមមានប្រភេទស្ងួត ឬDry AMD ដែលមានជ្រាបខ្លាញ់ និងមានសម្លាកតិចតួចនៅលើស្រទាប់បាតភ្នែក និងមួយប្រភេទទៀតគឺ “Wet AMD” មានជ្រាបឈាមចេញពីស្រទាប់បាតភ្នែក និងដុះសរសៃឈាមថ្មីស្រទាប់ក្រោម។ ជំងឺនេះត្រូវបានសង្កេតឃើញថាច្រើនកើតមានទៅលើមនុស្សចាស់ អំឡុងវ័យចាប់ពី៥០ឆ្នាំឡើងទៅ។  Wet Age-Related Macular Degene​ration (Wet AMD) គឺជាផ្នែកមួយនៃជំងឺស្វិតស្រទាប់បាតភ្នែក ឬការចុះខ្សោយបាតភ្នែក​កម្រិតធ្ងន់ ហៅកាត់ថា AMD ដែលជា​ប្រភេទជំងឺភ្នែករ៉ាំរ៉ៃ និងមានការវិវឌ្ឍយឺតៗទៅរកភាពចាស់ ឬស្វិតនៃស្រទាប់បាតភ្នែក (Macular) ដោយឃើញមានដុះសរសៃឈាមថ្មី និងមានជ្រាបឈាមចេញពីស្រទាប់នោះធ្វើឲ្យអ្នកជំងឺចុះខ្សោយគំហើញភ្លាមៗ ​ហើយមិនអាច​ជាសះមកសភាពដើមវិញឡើយ។  មូលហេតុ និងកត្តាប្រឈម អ្នកជំងឺស្វិតស្រទាប់បាតភ្នែក គឺទាក់ទងទៅនឹង​វ័យចាស់អាយុចាប់ពី៥០ឆ្នាំឡើងទៅ ជាពិសេស​អំឡុងអាយុ៧០ឆ្នាំ រួមជាមួយនឹងកត្តាបន្ទាប់បន្សំ​ដទៃទៀតដូចជា៖ • ប្រវត្តិគ្រួសារធ្លាប់មានជំងឺស្វិតស្រទាប់បាតភ្នែក • អ្នកដែលមានបញ្ហាភ្នែកដូចជាស្រវាំងជិត ឬ​ពាក្យសាមញ្ញហៅថា ម៉្ញូបមនុស្សចាស់ (Hypermetropia)  • ជនជាតិស្បែកស ឬអ្នកដែលមានប្រស្រី​ភ្នែកពណ៌ខៀវ ឬប្រាក់ជួបប្រទះច្រើនជាងអ្នកដែលមានប្រស្រីភ្នែកខ្មៅ ឬត្នោត • អ្នកចូលចិត្តទទួលទានជាតិស្រវឹង និងជក់បារី • អ្នកមានជំងឺប្រចាំកាយដូចជា លើសសម្ពាធឈាម លើសជាតិខ្លាញ់ ស្ទះសរសៃឈាមបេះដូង ទឹកនោមផ្អែម និងស្រ្ដូក (Stroke) ជាដើម • អ្នកដែលលើសទម្ងន់ មិនសូវហាត់ប្រាណ • កង្វះអាហារូបត្ថម្ភ អ្នកដែលប្រើថ្នាំ បេតាប្លុកឃើរ រយៈពេលវែង • អ្នកជំងឺវះកាត់ភ្នែក និងភ្នែកឡើងបាយ • អ្នកប្រឈមទៅនឹងកាំពន្លឺ ជាពិសេសពន្លឺ ព្រះអាទិត្យ • កើតមានទៅលើស្ត្រី (២/៣) ច្រើនជាង បុរស (១/៣) • អ្នកជំងឺកើតលើភ្នែកម្ខាងពីមុនមក (ដែល ជាទូទៅវាច្រើនកើតទៅលើភ្នែកទាំងសងខាង)។ ដោយសារតែមាននូវកត្តាប្រឈមខាងលើទើបបណ្ដាលឲ្យស្រទាប់បាតភ្នែក និងសរសៃឈាមតូចៗ (Choriocapillary) នៃស្រទាប់នោះ មានការខូចខាត ឬស្ទះ ធ្វើឲ្យមានការជ្រាបឈាម និងខ្លាញ់ដែលបណ្ដាលឲ្យស្រទាប់កណ្ដាលនៃបាតភ្នែកត្រង់កន្លែងចាប់ពណ៌ (Mucular) ឡើងហើម និងមានឈាមចេញមកក្រៅ។ រោគសញ្ញានៃ Wet AMD ជាទូទៅ អ្នកជំងឺមានការវិវឌ្ឍពី Dry AMD ទៅជា Wet  AMD ដោយមានអាការៈស្រវាំងខ្លាំងភ្លាមៗ ចំកណ្ដាលតែម្ដង និងអាចមើលឃើញរូបភាពវៀច ឬស្រមោលខ្មៅ។ ក្រៅពីសញ្ញាខាងលើ​ ការពិនិត្យរបស់អ្នកឯកទេសបានបង្ហាញពីការជ្រាបឈាម និងការដុះសរសៃឈាមថ្មីៗ នៅនឹងស្រទាប់រេទីន ឬស្រទាប់ខាងក្រោមបាតភ្នែក ដែល នាំឲ្យបាំងកាំពន្លឺ ជាហេតុធ្វើឲ្យស្រវាំង។ ការកំណត់រោគវិនិច្ឆ័យ កាលណាមានការស្រវាំងភ្នែកទាំងសងខាង ឬតែម្ខាងក្នុងវ័យចាស់ អ្នកជំងឺត្រូវតែប្រញាប់ធ្វើការ​ពិនិត្យភ្នែកជាមួយនឹងអ្នកឯកទេស ដែលការពិនិត្យរួមមាន៖ • ការវាស់គំហើញ • ការវាស់សម្ពាធក្នុងភ្នែក • ការវាស់រូបភាពតាមរយៈ Amsler grid  • ការពិនិត្យបាតភ្នែកដោយពង្រីកប្រស្រីភ្នែកដែលក្នុង Wet AMD អាចឃើញមានហើម និងជ្រាបឈាមនៅបាតភ្នែក • លើសពីនេះ គ្រូពេទ្យអាចធ្វើការចាក់ថ្នាំចូល​ទៅក្នុងសរសៃឈាមដើម្បីថតបាតភ្នែក និងដឹងច្បាស់ពីទំហំនៃការខូចខាតរបស់បាតភ្នែក​​ (Fundus Fluorescein Angiography (FFA) • ការស្កេនស្រទាប់បាតភ្នែក (OCT & ICG)។ ការព្យាបាល និងផលវិបាក ជំងឺស្វិតស្រទាប់បាតភ្នែកប្រភេទ Wet AMD ត្រូវធ្វើការព្យាបាលជាចាំបាច់តាម៣របៀប រួមមាន៖ • ព្យាបាលដោយប្រើឡាស៊ែរ៖ មានឥទ្ធិពល ទៅភ្ជិតសរសៃឈាមដែលមានជ្រាបឈាម និងកាត់បន្ថយសរសៃឈាមដុះថ្មី • ព្យាបាលដោយចាក់ថ្នាំ៖ ការប្រើប្រភេទថ្នាំ Anti-Vascular Endothelial Growth Factor (Anti-VEGF) ចាក់ទៅក្នុងភ្នែក ដើម្បីកាត់បន្ថយនូវការដុះលូតលាស់នៃសរសៃឈាមថ្មីៗ ដែលងាយដាច់ និងជ្រាបឈាម • ការវះកាត់៖ ធ្វើឡើងក្នុងករណីមានសរសៃឈាមដុះថ្មីច្រើន ដែលត្រូវព្យាបាលរួមជាមួយការបាញ់ឡាស៊ែរ (PDT)។ ការបាត់បង់គំហើញមិនអាចស្រោចស្រង់បានដោយសារ Wet AMD នឹងកើនឡើងរហូត ទៅដល់៨៨% ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា។ វិធីសាស្រ្តក្នុងការការពារ យើងអាចបញ្ចៀសខ្លួនពីជំងឺស្វិតស្រទាប់បាតភ្នែកបាន ដោយកាត់បន្ថយនូវកត្តាប្រឈមមួយចំនួនដែលយើងអាចធ្វើទៅបានតួយ៉ាង កាត់បន្ថយ ការទទួលទានអាហារប្រភេទខ្លាញ់ បញ្ឈប់ការ សេពគ្រឿងស្រវឹង ផ្តាច់បារី និងថែរក្សាសុខភាពមិនឲ្យមានជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយជាដើម។ អាយុកាន់តែច្រើន តែងតែជួបប្រទះនូវបញ្ហាភ្នែកជាញឹកញាប់ ដូច្នេះ ចំពោះអ្នកដែលមានអាយុចាប់ ពី៥០ឆ្នាំឡើងទៅ គួរទៅពិនិត្យភ្នែករៀងរាល់មួយឆ្នាំម្ដង ដើម្បីតាមដានសុខភាព ភ្នែក។ ទោះបីមានការស្រវាំងតិចតួចក្ដី ត្រូវតែទៅទទួលការពិនិត្យ និងព្យាបាលពីអ្នកឯកទេសចក្ខុរោគឲ្យបានត្រឹមត្រូវ ដើម្បីអាចជួយសង្គ្រោះពីការបាត់បង់គំហើញទាន់ពេលវេលា។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ៖ ០១២ ៩២២ ៩៤២  អ៊ីម៉ែល៖ amarinmarmd@gmail.com បកស្រាយដោយ​៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ារ អមរិន្ទ ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានការិយាល័យបច្ចេកទេស និងជាប្រធានផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យព្រះអង្គឌួង ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ជំងឺផ្សេងៗ ភ្នែក