Menu

អត្ថបទ

តើអ្នកដឹងអ្វីខ្លះពីផលប៉ះពាល់នៃគ្រឿងស្រវឹងមកលើសុខភាព?

ស្រាគឺជាសារជាតិពុលម៉្យាងដែលត្រូវបានផលិតចេញពីម្សៅមេ ហើយត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ព្រោះវាជាសារជាតិដែលមានឥទ្ធិពលដល់ចិត្តសាស្ត្រ និងធ្វើឲ្យមានការផ្លាស់ប្តូរផ្នែកអារម្មណ៍ដល់អ្នកប្រើប្រាស់ទៀតផង។ ជាញឹកញាប់ គេតែងមានការភ័ន្តច្រទ្បំថា សុរាជាសារជាតិដែលនាំឲ្យមានការភ្ញោច តែតាមពិតទៅសកម្មភាពទាំងនេះអាចកើតមាននៅពេលពួកគេពិសាវាក្នុងបរិមាណតិចប៉ុណ្ណោះ ដែលឥទ្ធិពលទាំងនោះមានដូចជា កាត់បន្ថយភាពតានតឹង ធ្វើឲ្យអារម្មណ៍ស្រាកស្រាន្ត និងសប្បាយរីករាយ។ ហេតុផលទាំងនេះហើយដែលនាំឲ្យមនុស្សភាគច្រើនពិសាសុរាជាលក្ខណៈទូទៅក្នុងឱកាសណាមួយម្តងម្កាល។ ផ្ទុយមកវិញ សុរាគឺជាសារជាតិមួយនាំឲ្យមានការចុះខ្សោយដល់មជ្ឈមណ្ឌលប្រព័ន្ធប្រសាទកណ្តាល ដែលឥទ្ធិពលទាំងនោះស្ទើរតែទាំងអស់ប៉ះពាល់ទៅលើកោសិកា និងប្រព័ន្ធប្រសាទទាំងមូល នៅពេលដែលគេបង្កើនកំហាប់សុរាទៅក្នុងសរីរាង្គ។ ជាលទ្ធផល វានឹងនាំឲ្យមានការបញ្ឈប់មុខងារខួរក្បាលមួយចំនួនដូចជា  ការថយចុះនៃចលនាញាណថយចុះនៃការវិនិច្ឆ័យរហ័ស ធ្លាក់ចុះនៃភាពមានលំនឹង លំបាកជាងពេលមុន និងរំញោចយឺតៗ។ ជាទូទៅ សុរាមានឈ្មោះផ្សេងៗគ្នាទៅតាមតំបន់ និងប្រទេសនីមួយៗ ដែលក្នុងនោះមានដូចជាទឹកត្នោតជូរ ស្រាបៀរ ស្រាក្រហម ស្រាវីស្គី ម៉ាទីនី ជាដើម។ ការស្រូប ការបញ្ចេញ និងការបំប្លែងសុរានៅក្នុងសរីរាង្គ • សុរាត្រូវបានស្រូបចូលយ៉ាងលឿនទៅក្នុងចរន្តឈាម តាមរយៈក្រពះ ២០% និងពោះវៀន ៨០% • បន្ទាប់មកវានឹងអាចជ្រៀតចូលទៅដល់ខួរក្បាលក្នុងរយៈពេល ៥នាទីក្រោយ • វានឹងត្រូវបានរងមេតាបូលីសនៅត្រង់ថ្លើមពី៩០ទៅ ៩៥% រួចត្រូវបានបញ្ចេញចោលវិញតាមរយៈទឹកនោម ញើស និងដង្ហើម។ មាត្រដ្ឋានសម្រាប់ការផឹក ការប្រើមាត្រដ្ឋានសម្រាប់ផឹកត្រូវបានគេតាក់តែងទ្បើងដើម្បីជួយដល់អ្នកពិសាសុរាឲ្យចេះតាមដាននូវបរិមាណសុរាដែលគាត់នឹងត្រូវពិសា ហើយក៏ជាមាត្រដ្ឋានសម្រាប់ធ្វើលំហាត់ក្នុងការកាត់បន្ថយនូវបរិមាណសុរាដែលពួកគេពិសាលើសលប់កន្លងមក។ ប្រភេទសុរាមានច្រើនផ្សេងៗគ្នា ដូច្នេះ កម្រិតនៃកំហាប់សុរាសុទ្ធមានផ្សេងៗគ្នាដែរ៖ • កម្រិតមាត្រដ្ឋានដែលត្រូវផឹកមានប្រហែល ១៤ក្រាមនៃជាតិសុរាសុទ្ធខាងក្រោមនេះគឺជាបរិមាណសុរាដែលមានសមភាពទៅនឹងកម្រិតស្តង់ដា -    មួយដប  ឬមួយកំប៉ុងបៀរ = ៣៥០ ម.ល (៥%) -    ស្រាក្រហម = ១៥០ ម.ល (១២%) -    ស្រាខ្លាំង = ៤០ម.ល (៤៥%) -    ទឹកត្នោតជូរ =  ៣០០ ម.ល  (៣%)។ ផលប៉ះពាល់សុរាមកលើសុខភាពរយៈពេលខ្លី • ពិសាក្នុងកម្រិតតិចនាំឲ្យមានការសម្រាក សប្បាយ និយាយច្រើន កើនឡើងនូវសកម្មភាព និងថយចុះនូវការទប់ចិត្ត។ • ពិសាក្នុងកម្រិតខ្ពស់នាំឲ្យមានការថយចុះនូវការសម្របសម្រួលក្នុងការគ្រប់គ្រងចលនារាងកាយ និងសាច់ដុំ បាត់បង់លំនឹង រំញោច  កាត់បន្ថយសមត្ថភាពដោះស្រាយ កាត់បន្ថយប្រតិកម្មឆ្លើយតប និយាយត្រដិត ថយចុះការផ្ចង់អារម្មណ៍ បាត់បង់ភាពម្ចាស់ការ បាត់បង់សតិ បាត់បង់នូវភាពមានសីលធម៌ បាត់បង់ការចងចាំរយៈពេលខ្លី ងងុយដេក ស្រវាំងភ្នែក ធ្លាក់ទឹកចិត្ត បង្កើនអាកប្បកិរិយា គ្រោះថ្នាក់ កាចឃោរឃៅ ធីងធោង ចង្អោរ ក្អួត ឈឺពោះវៀន សន្លប់ ឬរហូតដល់ស្លាប់។ ផលប៉ះពាល់សុរាមកលើសុខភាពក្នុងរយៈពេលវែង • ចុះខ្សោយសមត្ថភាពផ្លូវភេទ មានបញ្ហាផ្ចង់អារម្មណ៍ និងការចងចាំ • ធ្លាក់ទឹកចិត្ត ថប់បារម្ភ • មានបញ្ហាគ្រួសារ និងការទំនាក់ទំនង • ថយចុះការយកចិត្តទុកដាក់បំពេញកិច្ចការ • មានបញ្ហាផ្នែកច្បាប់ និងសេដ្ឋកិច្ច • ខូចខាតដល់សរីរៈមួយចំនួនជាបណ្តោះអាសន្ន និងអាចជារៀងរហូត • ខូចខួរក្បាលនាំឲ្យមានការផ្លាស់ប្តូរអាកប្បកិរិយា និងអារម្មណ៍ • តម្រូវការកម្រិតថ្នាំកាន់តែច្រើនដើម្បីទទួលបាននូវប្រសិទ្ធភាពដែលខ្លួនចង់បាន • ញៀន “សម្អាងដោយមានចំណង់ប្រើខ្លាំង” មានបញ្ហាសុខភាព និងសង្គម ខកខានការបំពេញតួនាទីជាទម្លាប់ ពិបាកកាត់បន្ថយការទទួលទានសុរា។ ជំងឺទាំងឡាយដែលកើតចេញពីការពិសាសុរាច្រើនក្នុងរយៈពេលយូរ • ការពិសាសុរាច្រើន និងរយៈពេលវែងអាចឲ្យមានជំងឺថ្លើមបីប្រភេទគឺ ខ្លាញ់រុំថ្លើម (Fatty liver) រលាកថ្លើម (១០ ទៅ ៣៥%) និងក្រិនថ្លើម (១០ ទៅ២០%) • ជំងឺទាក់ទងនឹងបេះដូង និងសរសៃឈាមមួយចំនួន • ជំងឺទាក់ទងនឹងប្រដាប់រំលាយអាហារ ដែលមានជំងឺរលាកក្រពះ ដំបៅក្រពះ រលាកពោះវៀនធំ រលាកបំពង់អាហារ រលាកលំពែងជាដើម • ជំងឺខួរក្បាលដែលមានទំនាក់ទំនងនឹងបញ្ហាថ្លើមអាចជាមូលហេតុនាំឲ្យមានបម្រែបម្រួលការគេង បម្រែបម្រួលអារម្មណ៍ បម្រែបម្រួលអាកប្បកិរិយា ជំងឺថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត ប៉ះពាល់លើញាណធ្ងន់ធ្ងរ ការប្រុងប្រយ័ត្នមានរយៈពេលខ្លី បញ្ហាលើលំនឹង ករណីធ្ងន់ធ្ងរនាំឲ្យសន្លប់ ខ្លះអាចឲ្យស្លាប់ • បាត់បង់សារជាតិ Thiamine (វីតាមីន B1) ជាសារជាតិចម្បងសម្រាប់ទ្រទ្រង់គ្រប់ពពួកជាលិការាប់បញ្ចូលទាំងជាលិកាខួរក្បាល • ការថយចុះនូវសម្រូបសារជាតិបំប៉ន វីតាមីន​​​​ និងសារជាតិរ៉ែមួយចំនួនទៀត។ រហូតដល់ទៅ ៨០% នៃអ្នកពិសាសុរាក្នុងរយៈពេលខ្លីមួយនៃជីវិតរបស់គាត់ និងក្នុងស្ថានភាពធ្ងន់ធ្ងរ គាត់នឹងអាចកើតមានជំងឺមួយឈ្មោះថា  Wernicke’s encephalopathy តែបើក្នុងរយៈពេលវែង និងក្នុងស្ថានភាពទ្រុឌទ្រោមខ្លាំង អ្នកជំងឺនឹងអាចកើតជាជំងឺមួយឈ្មោះផ្សេងទៀតគឺ Korsakoff’s psychosis។ គួរបញ្ជាក់ផងដែរថា ប្រមាណជា ៨០ ទៅ ៩០% នៃអ្នកមានជំងឺ Wernicke’s encephalopathy នឹងអាចវិវឌ្ឍទៅជាមានជំងឺ Korsakoff’s psychosis។ គួរបន្ថែមថា ស្រ្តី ស្រ្តីមានផ្ទៃពោះ កុមារ និងទារក អាចរងគ្រោះថ្នាក់ដែលបណ្តាលមកពីសុរាច្រើនជាង និងធ្ងន់ធ្ងរជាងបុរស។ ហេតុនេះហើយទើប អ្នកវេជ្ជសាស្រ្តក្នុងលោកជាច្រើននាពេលថ្មីៗនេះបានអះអាងថា ការពិសាសុរាក្នុងពេលមានគភ៌ត្រូវតែចៀសវាងជាដាច់ខាត ព្រោះវានឹងអាចបង្កឲ្យគ្រោះថ្នាក់ដល់ទារក ថ្វីបើពិសាក្នុងកម្រិតតិចតួចក៏ដោយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន
ឥទ្ធិពលអាក្រក់បំផុតនៃគ្រឿងស្រវឹងលើការបើកបរ

តើអ្នកចូលចិត្តការជួបជុំដែលពោរពេញដោយសុរាមែនទេ?ហើយតើអ្នកធ្លាប់បានគិតពីផលមិនល្អដែលអាចប្រហែលនឹងកើតមានឡើង នៅពេលអ្នកត្រូវបើកបរត្រឡប់ទៅផ្ទះវិញបន្ទាប់ពីការជួបជុំនេះដែរឬទេ? គ្រឿងស្រវឹង និងការបើកបរ ការទទួលទានគ្រឿងស្រវឹងអាចផ្តល់ផលប៉ះពាល់ដល់ការបើកបររបស់អ្នកគួរឲ្យបារម្ភដែលរួមមាន៖ • កាត់បន្ថយលទ្ធភាពធ្វើសកម្មភាពលើសពីមួយក្នុងខណៈពេលមួយ • ធ្វើឲ្យអ្នកពិបាកក្នុងការប្រមូលអារម្មណ៍ទៅលើការបើកបរ • ពន្យឺតប្រតិកម្មឆ្លើយតប ទៅនឹងហេតុការណ៍ដែលមិនបានរំពឹងទុកកើតឡើង • ធ្វើឲ្យអ្នកមានអារម្មណ៍ជឿជាក់លើខ្លួនឯងជ្រុល  ដែលនឹងនាំឲ្យហ៊ានប្រថុយនឹងគ្រោះថ្នាក់ • រំខានចក្ខុវិញ្ញាណរបស់អ្នក  ជាពិសេសនៅពេលយប់ និងសោតវិញ្ញាណ • ធ្វើឲ្យអ្នកធូរស្បើយក្នុងអារម្មណ៍ និងងាយលង់លក់ពេលយានយន្តកំពុងទៅមុខ។ អ្នកដឹងទេ ៖ • អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល ០.០៥ក្នុងឈាមប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរ២ដង ធៀបទៅនឹងអ្នកបើកបរដែលគ្មាជាតិអាល់កុលក្នុងឈាម។ • អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល០.១០ក្នុងឈាមប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរលើសពី ៧ដង បើធៀបទៅនឹងអ្នកបើកបរដែលមានជាតិអាល់កុលសូន្យក្នុងឈាម។ • អ្នកបើកបរដែលមានកំហាប់ជាតិអាល់កុល០.១៥ក្នុងឈាម ប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរ២៥ដង បើធៀបទៅនឹងអ្នកបើកបរដែលគ្មានជាតិអាល់កុលក្នុងឈាម។ អ្វីជាកំហាប់ជាតិអាល់កុលក្នុងឈាម? កំហាប់ជាតិអាល់កុលក្នុងឈាម គឺជាបរិមាណនៃជាតិអាល់កុលក្នុងចរន្តឈាម ឧទាហរណ៍ កំហាប់ជាតិអាល់កុលក្នុងឈាម ០.០៥ មានន័យថា អ្នកនោះមានជាតិអាល់កុល ០.០៥ ក្រាម ក្នុង១០០ មីលីលីត្រ ឈាម។ ជាក់ស្តែង កំហាប់ជាតិអាល់កុលក្នុងឈាមនឹងកើនឡើងភ្លាម បន្ទាប់ពីអ្នកទទួលទានគ្រឿងស្រវឹង ហើយឡើងដល់ចំណុចខ្ពស់បំផុតនៅពេលអ្នកឈប់ទទួលទាន ពី៣០-៦០នាទី  ក្នុងករណីខ្លះ វាត្រូវប្រើពេលរហូតដល់២ម៉ោងដើម្បីឡើងដល់ចំណុចកំពូល ជាពិសេសពេលមានអាហារក្នុងក្រពះ។ ទោះបីជាអ្នកឈប់ទទួលទានគ្រឿងស្រវឹង ១-២ម៉ោងក៏ដោយ កំហាប់ជាតិអាល់កុលក្នុងឈាមអ្នកនៅតែកើនឡើងដែរ។ គួរបញ្ជាក់ថា ថ្លើមរំលាយគ្រឿងស្រវឹងក្នុងកម្រិតប្រហែល៧.៥ក្រាមអាល់កុល ក្នុង១ម៉ោង។ ទោះជាយ៉ាងណា កំហាប់ជាតិអាល់កុលក្នុងឈាមថយចុះតាមពេលវេលា លើកលែងតែមានការទទួលទានគ្រឿងស្រវឹងបន្ថែម ហើយវាត្រូវបានគេវាស់តាមរយៈខ្យល់ដង្ហើមដោយឧបករណ៍ម៉្យាង ឬដោយការវិភាគឈាម។ វិធីគណនារកកំហាប់ជាតិអាល់កុលក្នុងឈាម លោកអ្នកត្រូវអនុវត្តតាមជំហានដូចខាងក្រោម៖ ១-រកបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទានជាក្រាម ២-គុណចំនួនម៉ោងដែលអ្នកបានទទួលទានគ្រឿងស្រវឹងនឹង៧.៥ ក្រាម (អត្រាជាមធ្យមនៃការបញ្ចេញជាតិអាល់កុលពីរាងកាយ) ៣-ធ្វើវិធីដកលទ្ធផលនៃជំហាន២ ទៅនឹងលទ្ធផលនៃជំហាន១ ៤-គុណទម្ងន់អ្នកជាគីឡូក្រាមនឹង៦.៨ បើអ្នកជាបុរស និងជាមួយ៥.៥ បើអ្នកជាស្ត្រី ៥-ចែកលទ្ធផលនៃជំហាន៣នឹងលទ្ធផលនៃជំហាន៤អ្នកនឹងបានកំហាប់ជាតិអាល់កុលក្នុងឈាមរបស់អ្នក។ ឧទាហរណ៍៖ ១-បើបុរសម្នាក់ទម្ងន់ ៨០គីឡូក្រាម ទទួលទានអស់ ១០០ក្រាមនៃគ្រឿងស្រវឹង ចន្លោះពីម៉ោង ៨យប់ ទៅពាក់កណ្តាលអធ្រាត្រ។ គាត់នៅមានជាតិអាល់កុលក្នុងឈាមនៅម៉ោង៨ព្រឹកនៃថ្ងៃបន្ទាប់  នេះដោយសារគាត់ត្រូវការពេលវេលាប្រហែល៨ម៉ោងកន្លះ ដើម្បីឲ្យជាតិអាល់កុលក្នុងឈាមគាត់ត្រឡប់ទៅសូន្យវិញក្រោយពេលគាត់ឈប់ផឹក។ ២-បើស្ត្រីម្នាក់ទម្ងន់៥៥គីឡូក្រាម ទទួលទានអស់៦០ក្រាមនៃគ្រឿងស្រវឹងចន្លោះម៉ោង៨យប់ទៅពាក់កណ្តាលអធ្រាត្រ​ នោះគាត់មានកំហាប់ជាតិអាល់កុលក្នុងឈាមប្រហែល ០.១០ភាគរយនៅពាក់កណ្តាលអធ្រាត្រ។ យ៉ាងហោចណាស់ក៏៦ម៉ោងកន្លះទៀតដែរ ទើបកំហាប់ជាតិអាល់កុលក្នុងឈាមរបស់គាត់ត្រលប់ទៅសូន្យវិញ ក្រោយពីគាត់ឈប់ផឹក។  កត្តាដែលជះឥទ្ធិពលដល់កំហាប់ជាតិអាល់កុលក្នុងឈាម ទទួលទានគ្រឿងស្រវឹងកាន់តែច្រើន កំហាប់ជាតិអាល់កុលក្នុងឈាមកាន់តែខ្ពស់ ប៉ុន្តែបើមនុស្សពីរនាក់ផ្សេងគ្នា ទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នា អាចមានកំហាប់ជាតិអាល់កុលក្នុងឈាមខុសគ្នា អាស្រ័យដោយកត្តាច្រើនយ៉ាងរួមមាន៖ • មាឌ (ទំហំខ្លួន)៖ អ្នកដែលមានមាឌតូច នឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងអ្នកដែលមានមាឌធំ បើសិនទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នា។ • ក្រពះទទេ៖ ចំពោះអ្នកដែលមិនទាន់ទទួលទានអាហារ កំហាប់ជាតិអាល់កុលក្នុងឈាមនឹងឡើងខ្ពស់លឿនជាងអ្នកដែលទទួលទានអាហាររួច។ អាហារនៅក្នុងក្រពះ ពន្យឺតល្បឿននៃជាតិអាល់កុលឆ្លងចូលទៅក្នុងចរន្តឈាម។ •​ ជាតិខ្លាញ់ក្នុងរាងកាយ៖ អ្នកមានជាតិខ្លាញ់ច្រើនក្នុងរាងកាយ (ធាត់) មានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ ព្រោះជាតិអាល់កុលមិនជ្រាបចូលទៅក្នុងជាលិកាខ្លាញ់ទេ។ •​ ភេទ៖ បើទទួលទានគ្រឿងស្រវឹងបរិមាណដូចគ្នាស្ត្រីតែងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស។ ដោយសារកត្តាទាំងអស់ខាងលើនេះហើយទើបការរកបរិមាណនៃគ្រឿងស្រវឹងដែលបានទទួលទានមិនអាចកំណត់កំហាប់ជាតិអាល់កុលក្នុងឈាមបានត្រឹមត្រូវទេ។ វិធីទទួលទានគ្រឿងស្រវឹងដើម្បីរក្សាកំហាប់ជាតិអាល់កុលក្នុងឈាមក្រោម០.០៥ • ចំពោះបុរស  (ទម្ងន់មធ្យម)៖ មិនត្រូវទទួលទានលើសពី២០ក្រាមនៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង និងមិនលើសពី១០ក្រាមនៃគ្រឿងស្រវឹងនៅម៉ោងបន្តបន្ទាប់។ • ចំពោះស្ត្រី  (ទម្ងន់មធ្យម)៖ មិនត្រូវទទួលទានលើសពី១០ក្រាមនៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង និងមិនលើសពី១០ក្រាមនៃគ្រឿងស្រវឹង នៅម៉ោងបន្តបន្ទាប់។ គួរបញ្ជាក់ថា ទោះបីជាកំហាប់ជាតិអាល់កុលក្នុងឈាមត្រឡប់មកសូន្យវិញក្រោយពេលឈប់ផឹកក៏ដោយ សមត្ថភាពក្នុងការវិនិច្ឆ័យ  និងការសម្តែងនៅតែស្ថិតក្នុងភាពទន់ខ្សោយដោយសារការស្រវឹងនៅឡើយ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង​ នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន
ការទទួលទានគ្រឿងស្រវឹងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យមានបញ្ហា....

ទោះបីគ្រឿងស្រវឹងមានកម្រិតត្រឹមត្រូវក្នុងការទទួលទានយ៉ាងណាក៏ដោយ គ្រោះថ្នាក់នៅតែអាចមានតាមរូបភាពផ្សេងៗ ពិសេសកើតមានចំពោះស្ត្រី… ជាទូទៅ ស្ត្រីនឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស ដោយហេតុថា រាងកាយស្ត្រីផ្ទុកជាតិខ្លាញ់ច្រើនជាង និងជាតិទឹកតិចជាងរាងកាយបុរស ហើយស្ត្រីតែងមានទម្ងន់ខ្លួន (មាឌ)តូចជាងបុរស។   ស្ត្រីអាចប្រឈមនឹងផលរំខានច្រើនរួមមាន៖ • ងាយខូចខាតថ្លើម និងទទួលរងផលប៉ះពាល់សុខភាពដទៃទៀតជាងបុរស • ការកើតមហារីកសុដន់ និងរោគស្ត្រី • ការស្រាវជ្រាវខ្លះបានបង្ហាញថា ប្រតិកម្មរបស់ស្ត្រីទៅនឹងគ្រឿងស្រវឹង ប្រែប្រួលទៅតាមវដ្តរដូវរបស់ស្ត្រី ដោយសារកម្រិតអ័រម៉ូនខុសគ្នា • ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតអាចត្រូវការពេលវេលា ដើម្បីបញ្ចេញជាតិអាល់កុលពីរាងកាយ វែងជាងស្ត្រីដែលមិនប្រើប្រាស់ថ្នាំពន្យារកំណើត។ ករណីស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន • ជាតិអាល់កុលដែលស្ត្រីមានផ្ទៃពោះទទួលទានឆ្លងកាត់សុកទៅដល់ទារក ដូចនេះការទទួលទានគ្រឿងស្រវឹងពេលមានផ្ទៃពោះ អាចបណ្តាលឲ្យមានបញ្ហាដូចជា ធ្លាក់ឈាម រលូតកូន ឬកូនកើតមិនគ្រប់ខែ • មានភស្តុតាងបង្ហាញថា បើស្ត្រីមានផ្ទៃពោះទទួលទានគ្រឿងស្រវឹង ២ ឬ៣ ស្តង់ដា ក្នុង១ថ្ងៃ  អាចប៉ះពាល់ដល់ទារក និងធ្វើឲ្យទារកលូតលាស់យឺត  ពិការផ្នែករាងកាយ និងបញ្ញា • ទារកដែលកើតពីម្តាយដែលញៀនគ្រឿងស្រវឹង អាចមានអាការៈញៀនក្រោយពេលកើត និងមានចង្កោមរោគសញ្ញាស្លាប់ដោយគ្រឿងស្រវឹង        • ទារកដែលមានចង្កោមរោគសញ្ញានេះ អាចមានមុខមាត់មិនប្រក្រតី • អង្គការសុខភាពពិភពលោកបានផ្តល់ដំបូន្មានថា គ្មានការទទួលទានគ្រឿងស្រវឹងដែលមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះទេ។     ដើម្បីមានសុវត្ថិភាព ស្ត្រីមានផ្ទៃពោះមិនត្រូវទទួលទានគ្រឿងស្រវឹងទាល់តែសោះ និងត្រូវពិគ្រោះជាមួយមន្ត្រីសុខាភិបាលជាមុន បើអ្នកចង់ប្រើប្រាស់នូវសារធាតុណាមួយនៅពេលអ្នកមានផ្ទៃពោះ ឬអំឡុងពេលបំបៅដោះកូន ដូចជាគ្រឿងស្រវឹង និងថ្នាំពេទ្យមួយចំនួន។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន គ្រឿងស្រវឹង​ និងគ្រឿងញៀន
យុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី

វាជាការល្អប្រសិនបើអ្នកមានបងប្អូន ក្រុមគ្រួសារ ឬមិត្តភក្តិដែលព្យាយាមផ្តាច់បារីតែពួកគាត់ពិបាកក្នុងការផ្តាច់ ហើយត្រូវការជំនួយពីអ្នក។ ពិតណាស់ដែលថាការផ្តាច់បារី វាពុំមែនជាការងាយស្រួលក្នុងការអនុវត្ត សំខាន់អ្នកបានយល់ដឹងច្បាស់អំពីវិធីសាស្ត្រត្រឹមត្រូវ ទទួលបានព័ត៌មានគ្រប់គ្រាន់ និងការគាំទ្រពីក្រុមគ្រួសារ។ ខាងក្រោមនេះ ជាយុទ្ធសាស្ត្រជួយឲ្យអ្នកដទៃឈប់ជក់បារី៖ •    ធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ​ ក្រុមគ្រួសារ និងមិត្តភក្តិ •    ចេះចែករំលែកបទពិសោធន៍ជាមួយអ្នកដទៃ •    មិនបង្ខំអ្នកដទៃឲ្យធ្វើតាមខ្លួន •    មានគំនិតសុទិដ្ឋិនិយមជានិច្ច •    ចូលរួមលើកកម្ពស់បរិយាកាសគ្មានផ្សែង •    អនុវត្តយ៉ាងសកម្មក្នុងសកម្មភាព ដើម្បីអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់។ មិនតែប៉ុណ្ណោះសមាជិកគ្រួសារ និងមិត្តភក្តិគឺជាប្រភពដ៏សំខាន់ក្នុងការលើកទឹកចិត្ត ផ្តល់នូវកម្លាំងចិត្តក្នុងការផ្តាច់បារី។ អ្នកអាចប្រើប្រាស់វិធីសាស្ត្របន្ថែមទៀតដើម្បីជួយពួកគាត់ រួមមាន៖ •    ចូលរួមសរសើរលើកទឹកចិត្តឲ្យគាត់ឈប់ជក់បារី •    មានចិត្តអំណត់ពេលគាត់មានអាការៈញៀន •    ផ្តល់រង្វាន់ដល់គាត់ដើម្បីឲ្យឈប់ជក់បារី •    ចូលរួមជាមួយគាត់ក្នុងសកម្មភាពដែលមិនមែនជាការជក់បារី ដូចជាការដើរកម្សាន្ត និងការហាត់ប្រាណជាដើម។ បកស្រាយដោយ​៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព គន្លឹះសុខភាព គ្រឿងស្រវឹង​ និងគ្រឿងញៀន
កម្រិតសមស្រប នៃការទទួលទានគ្រឿងស្រវឹង

កម្រិតការទទួលទានភាគច្រើនតែងត្រូវបានកំណត់តាមលក្ខខណ្ឌផ្សេងៗនៃដំណើរការសរីរាង្គកាយ ដើម្បីទទួលបានគុណសម្បត្តិ និងកាត់បន្ថយគុណវិបត្តិមួយចំនួន។ ដោយឡែក ការទទួលទានគ្រឿងស្រវឹងក៏មិនខុសគ្នាដែរ ដូច្នេះ អ្នកចាំបាច់ត្រូវដឹងច្បាស់ពីស្តង់ដាក្នុងការទទួលទាន ក៏ដូចជាវិធីសាស្ត្រដែលអាចជួយអ្នកឲ្យទទួលទានបានតិច។ ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    មួយស្តង់ដាគ្រឿងស្រវឹងដែលទទួលទាន គឺ១០-១៤ក្រាម នៃជាតិអាល់កុលសុទ្ធ   •    គ្រឿងស្រវឹងផ្សេងគ្នា ផ្ទុកនូវបរិមាណនៃជាតិអាល់កុលសុទ្ធខុសៗគ្នា។ ខាងក្រោមនេះ ជាគំរូនៃស្តង់ដាគ្រឿងស្រវឹង ចំពោះផលិតផលគ្រឿងស្រវឹងខ្លះ ដែលអ្នកងាយចងចាំ៖ •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិស្រាល (កម្រិតជាតិអាល់កុល២.៧%)= ០.៨ ស្តង់ដា  •    ១កំប៉ុង នៃស្រាបៀរដែលមានរសជាតិមធ្យម (កម្រិតជាតិអាល់កុល៣.៥%) = ១ស្តង់ដា  •    ១កំប៉ុង នៃស្រាបៀrដែលមានរសជាតិខ្លាំង (កម្រិតជាតិអាល់កុល ៤.៩%) = ១.៥ស្តង់ដា ផលិតផលគ្រឿងស្រវឹងជាច្រើនបានបង្ហាញពីបរិមាណជាតិអាល់កុលជាក្រាមដែលមានក្នុងដប ឬកំប៉ុង។ អ្នកអាចចែកបរិមាណនេះនឹង១០ នោះ អ្នកនឹងរកឃើញចំនួនស្តង់ដា ក្នុង១ដប ឬ១កំប៉ុង  ឧទាហរណ៍  ស្រា១ប្រភេទ បង្ហាញប្រាប់២៥០ក្រាម បរិមាណជាតិអាល់កុលក្នុង១ដប  ចំណុះ៧៥០មីលីលីត្រ ដូច្នេះ១ដបស្រានេះ ស្មើនឹង២៥ស្តង់ដា។ គោលការណ៍ណែនាំសម្រាប់ការទទួលទាន ដើម្បីឲ្យមានគ្រោះថ្នាក់តិច ដើម្បីឲ្យមានផលប៉ះពាល់សុខភាពយូរអង្វែងកម្រិតទាប ការទទួលទានគ្រឿងស្រវឹងគួរប្រព្រឹត្តទៅតាម គោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស •   ជាមធ្យមមិនត្រូវលើសពី ៤ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី២៨ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ សម្រាប់នារី •   ជាមធ្យមមិនត្រូវលើសពី ២ស្តង់ដានៃគ្រឿងស្រវឹង ក្នុង១ថ្ងៃ •   មិនត្រូវលើសពី១៤ស្តង់ដានៃគ្រឿងស្រវឹងក្នុង១សប្តាហ៍ •   ២ ឬ៣ ថ្ងៃ ក្នុង១សប្តាហ៍ ដែលមិនទទួលទានគ្រឿងស្រវឹងសោះ។ ដើម្បីឲ្យមានផលប៉ះពាល់ភ្លាមៗកម្រិតទាប  ការទទួលទានគ្រឿងស្រវឹង គួរប្រព្រឹត្តទៅតាមគោលការណ៍ណែនាំខាងក្រោម៖ សម្រាប់បុរស៖ •   ជាមធ្យមមិនត្រូវលើសពី  ៦ស្តង់ដានៃគ្រឿងស្រវឹងទេ ក្នុង១ថ្ងៃ និងមិនលើសពី៣ថ្ងៃក្នុង១សប្តាហ៍ •   ត្រូវទទួលទានគ្រឿងស្រវឹងដោយសន្សឹមៗមិនត្រូវលើសពី២ស្តង់ដានៃគ្រឿងស្រវឹងក្នុងម៉ោងដំបូង  និងមិនលើសពី១ស្តង់ដាក្នុងម៉ោងបន្ទាប់។ ការទទួលទានគ្រឿងស្រវឹងហួសប្រមាណ •    ជាការទទួលទានគ្រឿងស្រវឹងច្រើនក្នុងរយៈពេលខ្លីមួយ ឬការបន្តទទួលទានច្រើនថ្ងៃ ឬច្រើនសប្តាហ៍ជាប់ៗគ្នា •    មានគ្រោះថ្នាក់ណាស់ ព្រោះវាបណ្តាលឲ្យមានការពុលភ្លាមៗ ធ្ងន់ធ្ងរ និងនាំទៅរកស្ថានភាពគ្រោះថ្នាក់ •    ផលប៉ះពាល់ ជារឿយៗនៃការទទួលទានគ្រឿងស្រវឹងហួសប្រមាណគឺ សភាពធីងធោង  ឈឺក្បាល ចង្អោរ ញ័រខ្លួនប្រាណ  និងក្អួត។ អ្នកដែលមិនអាចទទួលទានគ្រឿងស្រវឹងបាន •    អ្នកដែលកំពុងព្យាបាលដោយថ្នាំពេទ្យ •    ស្ត្រីមានផ្ទៃពោះ •    អ្នកដែលត្រូវបើកបរ •    អ្នកបញ្ជាម៉ាស៊ីន •    ក្មេងអាយុក្រោម១៨ឆ្នាំ។ វិធីសាស្ត្ រដើម្បីទទួលទានគ្រឿងស្រវឹងបានតិច •    ចាប់ផ្តើមទទួលទានភេសជ្ជៈដែលមិនមែនជាគ្រឿងស្រវឹងមុន •    ទទួលទានអាហារមុន ឬអំឡុងពេលអ្នកទទួលទានគ្រឿងស្រវឹង •    សាកល្បងការទទួលទានគ្រឿងស្រវឹងកម្រិតស្រាលជំនួស •    កត់ត្រាទុកនូវបរិមាណគ្រឿងស្រវឹងដែលអ្នកបានទទួលទាន  •    ប្រើប្រាស់ស្តង់ដានៃការទទួលទានគ្រឿងស្រវឹង •    ចៀសវាងការទទួលទានដោយលើកអកបណ្តាក់គ្នា •    ចៀសវាងទទួលទានគ្រឿងក្លែមប្រៃ •    កំណត់ល្បឿនទទួលទានដោយខ្លួនឯង •    មិនទទួលទានគ្រឿងស្រវឹងសោះនៅថ្ងៃខ្លះ       •    ត្រូវមានគោលការណ៍ខ្លួនឯង •    ធ្វើខ្លួនឲ្យរវល់។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព គ្រឿងស្រវឹង​ និងគ្រឿងញៀន
គ្រោះថ្នាក់នៃគ្រឿងស្រវឹង អ្នកប្រហែលមិនធ្លាប់ដឹង…!

គ្រប់ការទទួលទានតែងផ្តល់ឲ្យអ្នកនូវផលវិជ្ជមាន និងផលអវិជ្ជមាន អាស្រ័យលើបរិមាណ និងគុណភាពខុសៗពីគ្នា។  តួយ៉ាងដូចជា ការទទួលទានគ្រឿងស្រវឹង ពិសេសក្នុងបរិមាណច្រើនដែលវាអាចផ្តល់ឲ្យអ្នកនូវផលប៉ះពាល់ភ្លាមៗ និងផលប៉ះពាល់យូរអង្វែងដែលអ្នកអាចកំពុងមើលរំលង… ផលប៉ះពាល់ភ្លាមៗ •  បន្ទាប់ពីញ៉ាំបានពីរបីកែវរួចមក អ្នកទទួលទានអាចមានអារម្មណ៍ធូរស្បើយកាត់បន្ថយការប្រមូលអារម្មណ៍ និងពន្យឺតប្រតិកម្មឆ្លើយតប •  ក្រោយមក អ្នកផឹកអាចមានការទប់ទល់ថយចុះ មានជំនឿចិត្ត មានអាកប្បកិរិយាឆ្គាំឆ្គង និយាយឡុលៗ និងមានការរំជួលចិត្ត (ដូចជា កើតទុក្ខ សប្បាយ ឬក្រេវក្រោធ) •  បើបន្តទទួលទានទៀត នឹងនាំទៅរកការចង្អោរក្អួត និងរហូតដល់គេងមិនលក់ •  ករណីទទួលទានច្រើនជាងនេះទៀត អាចបណ្តាលឲ្យសន្លប់ ឬស្លាប់ក៏មាន •  ប្រសិនអ្នកនោះនៅតែផឹកបន្ត គេនឹងមានការច្របូកច្របល់ ស្រវាំងភ្នែក  និងសមត្ថភាពបញ្ជាសាច់ដុំចុះខ្សោយ។ ផលប៉ះពាល់យូរអង្វែង ការទទួលទានគ្រឿងស្រវឹងច្រើន និងរយៈពេលយូរ អាចបំផ្លាញសរីរាង្គជាច្រើនដូចជាការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល បេះដូង និងថ្លើម។ លើសពីនេះ ប្រសិនបើអ្នកផឹកមិនមានអាហារគ្រប់គ្រាន់ក្នុងក្រពះទេនោះ ការទទួលទានគ្រឿងស្រវឹង អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពកាន់តែខ្លាំង រួមមាន៖ •  មហារីកមាត់ បបូរមាត់ បំពង់ក បំពង់អាហារ ថ្លើម  •  ខូចខាតប្រព័ន្ធប្រសាទខួរក្បាល ដូចជា បាត់បង់ការចងចាំ វង្វេងវង្វាន់  •  សម្ពាធឈាមកើនឡើង ជីពចរមិនទៀងទាត់បេះដូងរីក   •  ចុះខ្សោយ ជាលិកាសាច់ដុំ  •  បែកញើសត្រជាក់ ស្នាមក្រហម និងជាំនៅលើស្បែក  •  រលាកក្រពះ ឈាមក្នុងក្រពះ និងដំបៅក្រពះ •  ការរីកធំនៃថ្លើម ជំងឺរលាកថ្លើម និងក្រិនថ្លើម  •   រលាកលំពែង  •   ស្កៀប និងបាត់បង់ញាណនៅប្រអប់ដៃ និងប្រអប់ជើង  •   សម្រាប់បុរស ធ្វើឲ្យអសមត្ថភាពផ្លូវភេទការរួញតូចនៃពងស្វាស កាត់បន្ថយ និងខូចខាតដល់មេជីវិត  •   សម្រាប់ស្ត្រី ប្រឈមមុខនឹងរោគស្ត្រី។ ការស៊ាំ និងការញៀនគ្រឿងស្រវឹង  មនុស្សដែលទទួលទានគ្រឿងស្រវឹងច្រើន តែងតែមានភាពស៊ាំនឹងគ្រឿងស្រវឹង ដែលជាលទ្ធផល អ្នកខ្លះអាចទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនដោយមិនស្រវឹង ប៉ុន្តែការប៉ះពាល់សុខភាពនៅតែមាន។ អ្នកទទួលទានគ្រឿងស្រវឹងច្រើនជាទៀងទាត់អាចញៀនផ្លូវកាយ ឬផ្លូវចិត្ត ឬទាំងពីរ។ ជាក់ស្តែងអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវចិត្ត  យល់ថាការទទួលទានគ្រឿងស្រវឹង  មានសារសំខាន់ជាងអ្វីទាំងអស់នៅក្នុងជីវិតរបស់ពួកគេ។ ចំណែកអ្នកដែលញៀនគ្រឿងស្រវឹងផ្លូវកាយ យល់ថារាងកាយរបស់គេដំណើរការបានលុះត្រាតែមានជាតិគ្រឿងស្រវឹង។ អាការៈញៀនគ្រឿងស្រវឹង     បើសិនមនុស្សម្នាក់ មានការញៀនគ្រឿងស្រវឹងផ្លូវកាយ ហើយស្រាប់តែឈប់ផឹកគ្រឿងស្រវឹងភ្លាមៗ អ្នកនោះ នឹងលេចចេញនូវអាការៈញៀនដែលរួមមាន បាត់បង់ការឃ្លាន ចង្អោរ ថប់បារម្ភគេងមិនលក់ ឆាប់ច្រឡោតខឹង វង្វេងវង្វាន់ ញ័រនិងបែកញើសត្រជាក់។ ក្នុងករណីធ្ងន់ធ្ងរ អាការៈញៀនគ្រឿងស្រវឹង អាចបណ្តាលឲ្យកន្ត្រាក់ ប្រកាច់ រមួលសាច់ដុំ ក្អួត ភ័ន្តវិញ្ញាណ វិបល្លាស និងអាចរហូតដល់ស្លាប់។   បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ   

គន្លឹះសុខភាព គ្រឿងស្រវឹង​ និងគ្រឿងញៀន
ឈប់ជក់បារី ហើយផ្តាច់អស់មួយជីវិត…

តើអ្នកទើបតែផ្តាច់បារីមែនទេ? ហើយក៏កំពុងតែមានអារម្មណ៍ថា ចង់ជក់ម្តងៗដែរ មែនទេ? ការពិតទៅ វាជារឿងធម្មតា ដែលអ្នកទើបតែផ្តាច់បារី ចេះតែមានអារម្មណ៍ចង់ជក់ម្តងៗ ព្រោះអ្នកមិនអាចចៀសផុតពីការលាប់ទ្បើងវិញ ដោយសារការញៀនជាតិនីកូទីនក្នុងបារីបានឡើយ។ ករណីនេះ អ្នកចាំបាច់ត្រូវរៀបចំផែនការ និងប្រុងស្មារតី ក្នុងការយកឈ្នះការជក់បារីទ្បើងវិញ  និងជួយឲ្យអាចផ្តាច់បានអស់មួយជីវិតតាមការអនុវត្ត៣ចំណុចខាងក្រោម៖ ពង្រឹងកម្លាំងចិត្ត សកម្មភាពមួយចំនួន ដែលជួយធ្វើឲ្យចិត្តរបស់អ្នកមានភាពរឹងមាំ រួមមាន៖ • ដំណើរការមួយជំហានម្ដងៗ • ផ្តាច់ការញៀនជាតិនីកូទីន • អនុវត្តការគិតដូចអ្នកមិនជក់បារី • មានអារម្មណ៍ល្អអំពីការរស់នៅថ្មី • តាំងចិត្តដោះស្រាយរាល់ឧបសគ្គ។   សកម្មភាពត្រូវធ្វើ ពេលលាប់ទ្បើងវិញ ប្រសិនបើអ្នកដឹងខ្លួនឯងថា អ្នកកំពុងលាប់ឡើងវិញនោះ អ្នកចាំបាច់ត្រូវ៖ • រក្សាការជំរុញ និងលើកទឹកចិត្តដល់ខ្លួនឯង • មានអាកប្បកិរិយាវិជ្ជមានជានិច្ច • រំឭកអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ • រៀបចំផែនការសកម្មភាពទ្បើងវិញដដែលៗ៖ ចៀសវាង - ផ្លាស់ប្តូរ  - ពន្យារពេល។   ពេលក្លាយខ្លួនជាអ្នកផ្តាច់បារីបាន១០០% ទោះអ្នកបានផ្តាច់រួចហើយក៏ដោយ​ អ្នកចាំបាច់ត្រូវមានទម្លាប់៖ • ថែរក្សាការប្តេជ្ញាចិត្ត និងលើកទឹកចិត្ត • ប្រើប្រាស់ជំនាញដែលបានរៀន ដើម្បីស្ថិតនៅជាអ្នកមិនជក់បារី • ស្វែងរកឲ្យឃើញនូវលទ្ធភាពវិជ្ជមានដ៏ពេញលេញរបស់អ្នក ដើម្បីឲ្យអនាគតស្ថិតក្នុងដៃរបស់អ្នក • ត្រូវគិតថា អ្នកបានក្លាយខ្លួនជាអ្នកមិនជក់បារី គឺអ្នកបានសម្រេចនូវកិច្ចការ និងការផ្លាស់ប្តូរដ៏មហាអស្ចារ្យ នៅក្នុងជីវិតរបស់អ្នក។   បកស្រាយដោយ៖  វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

គន្លឹះសុខភាព គ្រឿងស្រវឹង​ និងគ្រឿងញៀន
មធ្យោបាយ និងទម្លាប់ក្នុងការទប់ទល់ចំណង់បារី  

ប្រសិនបើសម្រេចចិត្តឈប់ជក់បារី  អ្នកត្រូវរៀបចំផែនការនិងកែប្រែទម្លាប់ឬសកម្មភាពខ្លះៗ នោះនឹងទទួលជោគជ័យក្នុងការផ្តាច់បារីបាន១០០%។   ដូច្នេះ ៣ចំណុចខាងក្រោម អាចជួយលោកអ្នកបាន៖ រៀបចំផែនការ និងសកម្មភាព • ឈប់ជក់បារីពិតប្រាកដ តាមកាលបរិច្ឆេទដែលមានកំណត់ • ចូលរួមកម្មវិធីឈប់ជក់បារីយ៉ាងទៀងទាត់ • អនុវត្តតាមការណែនាំ ដែលមានក្នុងជំហានទាំង៧ • ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់ • សុំការគាំទ្រលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិ • ចៀសវាងទទួលទានគ្រឿងស្រវឹង តែ កាហ្វេ ក្នុងអំឡុងពេលត្រៀមផ្តាច់បារី • ចៀសឲ្យឆ្ងាយពីកន្លែងដែលមានផ្សែងបារី។ អ្វីគួរធ្វើអំឡុងពេលឈប់ជក់បារី • ធ្វើពិធីជប់លាងដោយនិយាយថា «ឈប់ជក់បារីហើយ» • មិនទិញ និងមិនទទួលអំណោយបារី • កម្ទេចចោលបារី • កម្ទេចចានគោះក្រញ៉មបារីចោល • ប្រាប់ទៅក្រុមគ្រួសារ និងមិត្តភក្តិថាអ្នកបានឈប់ជក់បារីហើយ។ របៀបនៃការទប់ទល់ចំណង់បារី • ប្រកាស ៖ និយាយខ្លាំងៗ ម្តងហើយម្តងទៀត ថាឈប់ជក់បារីហើយ • ពន្យារពេល ៖ ភាគច្រើនចំណង់ចង់ជក់បារីខ្លាំងនឹងបាត់ទៅវិញក្នុងរយៈពេល៣ ទៅ៥នាទី • ដកដង្ហើមវែងៗ ៖ ត្រឹមតែ២ទៅ៣ដង ធ្វើឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ • ផឹកទឹក ៖ ក្រេបទឹកតិចៗ១ទៅ២កែវ អាចជួយបង្វែរអារម្មណ៍ អ្នកពីចំណង់បារី • ធ្វើសកម្មភាពផ្សេងៗ ៖ ដើម្បីបន្លប់ចិត្តឲ្យភ្លេចបារី អ្នកគួរធ្វើពលកម្ម កិច្ចការផ្ទះ លេងកីឡា អានសៀវភៅ ឬទស្សនាវដ្តី និងទំពាស្ករកៅស៊ូជាដើម។   លោកអ្នកអាចចាប់ផ្តើមដោយព្យាយាមផ្លាស់ប្តូរបន្តិចម្តងៗ បើទោះជាពេលខ្លះអ្នកមានអារម្មណ៍ចង់បោះបង់ចោលក៏ដោយ….. បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព គ្រឿងស្រវឹង​ និងគ្រឿងញៀន
បម្រែបម្រួលរាងកាយ បន្ទាប់ពីឈប់ជក់បារី

ជាការពិតណាស់ បារីបង្កគ្រោះថ្នាក់ច្រើនយ៉ាងទៅលើសារពាង្គកាយរបស់អ្នក តែវាអាចមានឱកាសប្រសើរទ្បើងវិញប្រសិនបើអ្នកឈប់ជក់។ មនុស្សមួយចំនួនគិតថា ការជួសជុលកោសិកាទ្បើងវិញបន្ទាប់ពីឈប់ជក់បារី ត្រូវចំណាយពេលវេលាយូរ តែផ្ទុយទៅវិញ អ្នកនឹងទទួលបានសុខភាពល្អប្រសើរ បន្ទាប់ពីអ្នកផ្តាច់បារីបាន១០០%។ ក្នុងរយៈពេល២-៣ម៉ោងក្រោយពីឈប់ជក់៖  ជាតិនីកូទីន ចេញពីប្រព័ន្ធឈាមរត់ ហើយប្រហែល២ថ្ងៃនីកូទីនត្រូវបញ្ចេញចោលអស់ពីសារពាង្គកាយ។ ក្នុងរយៈពេល៦ម៉ោង៖  •កាបូនម៉ូណូអុកស៊ីតក្នុងឈាមថយចុះ •អុកស៊ីសែនក្នុងឈាមកើនទ្បើង •ល្បឿននៃចង្វាក់បេះដូងត្រឡប់ទៅធម្មតាវិញ •សម្ពាធឈាមចុះមកធម្មតា •សីតុណ្ហភាពនៅតាមដៃ ជើង ត្រឡប់មកធម្មតាវិញ។ ក្នុងរយៈពេល១២ម៉ោង៖ •គ្រោះថ្នាក់នៃជំងឺបេះដូងចុះថយ •មុខងាររបស់សួតមានចលនាប្រសើរទ្បើងវិញ។  ក្នុងរយៈពេល៣-៥ថ្ងៃ៖ •ដឹងរសជាតិ ដឹងក្លិនប្រសើរជាងមុន •រោគសញ្ញាញៀនបាត់អស់ •ក្អកបញ្ចេញស្លេស្មពីសួត ។ ក្នុងរយៈពេល១ខែ៖ •រោមតូចៗក្នុងសួតមានចលនាទ្បើងវិញ •មុខងារសួត និងចរន្តឈាមមានចលនាប្រសើរទ្បើងវិញ។ ក្នុងរយៈពេល៣ខែ៖ •ការក្អក និងការរលាក ថយចុះ •មានកម្លាំងធម្មតាវិញ។ ក្នុងរយៈពេល៣ឆ្នាំ៖  គ្រោះថ្នាក់នៃជំងឺបេះដូងមានតិចបំផុត។ ក្នុងរយៈពេល១៥ឆ្នាំ៖  ជំងឺទាំងទ្បាយដែលបណ្តាលមកពីការជក់បារី បានថយចុះមកនៅយ៉ាងទាបបំផុតប្រហែលអ្នកមិនជក់បារីដែរ លើកលែងជំងឺមហារីក។ បកស្រាយដោយ ៖​ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

គន្លឹះសុខភាព គ្រឿងស្រវឹង​ និងគ្រឿងញៀន
ភាពតានតឹង៖ មូលហេតុនៃការជក់បារីដែលចាំបាច់ត្រូវដោះស្រាយ

អ្នកជក់បារីជាច្រើនលើកឡើងថា គាត់ជក់បារីដោយសារតែមានភាពតានតឹងជាងអ្នកដែលមិនជក់បារី។ ជាក់ស្តែង មនុស្សជាច្រើនបានជ្រើសរើសការជក់បារីដើម្បីបន្ធូរអារម្មណ៍ រៀងរាល់ពេលមានបញ្ហាណាមួយ រហូតដល់ការជក់ក្លាយទៅជាទម្លាប់ដែលពិបាកនឹងបញ្ឈប់។ដូចនេះ ដើម្បីអាចជំរុញឲ្យការឈប់ជក់បារីប្រព្រឹត្តិទៅបាន អ្នកមិនត្រូវមើលរំលងអំពីការស្វែងយល់លើមូលហេតុពិតប្រាកដនៃភាពតានតឹងនោះទេ ព្រោះក្រោយពេលដឹងច្បាស់ពីមូលហេតុនៃភាពតានតឹង អ្នកក៏នឹងអាចដោះស្រាយវាបានដោយមិនចាំបាច់យកបារីជាលេសក្នុងការបន្ធូរអារម្មណ៍ទៀតដែរ។  ខាងក្រោមនេះ ជាមូលហេតុដែលជាទូទៅធ្វើឲ្យមនុស្សមានអារម្មណ៍តានតឹង។អ្នកក៏អាចសាកល្បងគិតឡើងវិញ ថាតើភាពតានតឹងរបស់អ្នកបណ្តាលមកពីមូលហេតុមួយណាផងដែរ។ ១ បញ្ហាទំនាក់ទំនង • ការទាស់ទែងក្នុងគ្រួសារ ឬអ្នកធ្វើការជាមួយគ្នា • ទុក្ខព្រួយក្នុងគ្រួសារ។ ២ បញ្ហាផ្ទាល់ខ្លួន • មានបញ្ហាសុខភាពមិនល្អ • មានបញ្ហាលុយកាក់ • បាត់បង់មោទនភាព • ទុក្ខព្រួយក្នុងគ្រួសារ (សមាជិកក្នុងគ្រួសារមានគ្រោះថ្នាក់ ឬស្លាប់)។ ៣ បញ្ហាការងារ • តម្រូវការការងារខ្ពស់ពេក • មិនអាចត្រួតត្រាលើការងារបាន • លក្ខខណ្ឌការងារមិនល្អ • ធុញថប់នឹងការងារ។ ៤ ការផ្លាស់ប្តូរ • មានការផ្លាស់ប្តូរអាជីព ផ្ទះ សាលារៀន • ពេលចូលនិវត្តន៍ • ការឈ្លោះប្រកែកគ្នាជាប្រចាំ។ ៥ បរិយាកាសជុំវិញ • ធាតុអាកាសមិនល្អ • មានការរំខានផ្សេងៗពីការរស់នៅ។ ក្រោយពីស្វែងយល់ពីមូលហេតុដែលបណ្តាលឲ្យអ្នកស្អិតទ្រូងហើយនោះ ដល់ពេលដែលអ្នកចាប់ផ្តើមស្វែងរកវិធីសាស្ត្រស្រាយចំណងតានតឹងរបស់អ្នកហើយ។ ខាងក្រោមនេះ ជាវិធីសាស្រ្តដែលអ្នកអាចជ្រើសរើសទៅសាកល្បងបាន៖ 1. យល់ដឹងអំពីភាពតានតឹង៖ មូលហេតុ ស្ថានភាព 2. បង្កើនចំណងទំនាក់ទំនង៖ បង្កើត និងពង្រឹងទំនាក់ទំនងក្នុងគ្រួសារឲ្យបានរឹងមាំ 3. ចែករំលែកភាពសប្បាយ និងទុក្ខព្រួយជាមួយមិត្តភក្តិជិតស្និទ្ធ និងនឹកគិតរឿងសប្បាយៗក្នុងជីវិតឲ្យបានច្រើនៗ 4. រៀនបន្ធូរបន្ថយអារម្មណ៍ដោយ  ដកដង្ហើមវែងៗងូតទឹកក្តៅឧណ្ហៗ និងធ្វើសរសៃដងខ្លួន កម្សាន្តជាមួយបទភ្លេង និងបទចម្រៀង សប្បាយនឹងភាពស្ងប់ស្ងាត់នៃធម្មជាតិ។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

គន្លឹះសុខភាព គ្រឿងស្រវឹង​ និងគ្រឿងញៀន
ផលប៉ះពាល់ និងវិធានការបញ្ឈប់ការជក់បារី

បារី គឺជាវិធីសាស្រ្តទូទៅបំផុតក្នុងការប្រើប្រាស់ថ្នាំជក់ ជាពិសេសវ័យជំទង់។ ការជ្រើសរើសជក់បារីអាចបណ្តាលមកពីកត្តាដូចជា ការអូសទាញពីមិត្តភក្តិ ការចង់ដឹងចង់សាកល្បង ការឃោសនាពាណិជ្ជកម្មបារី និង ការជក់លេងកម្សាន្ត។ ឥទ្ធិពលនៃការជក់បារី បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរសឹងតែគ្រប់កោសិកាទាំងអស់នៃសារពាង្គកាយ ព្រោះនៅក្នុងផ្សែងបារីមានសារធាតុគីមី ជាង៤០០០ប្រភេទ ដែលសារធាតុទាំងនោះគឺជាជាតិពុល និងជាតិដែលធ្វើឲ្យរលាកដល់កោសិកា។ ផលប៉ះពាល់នៃការជក់បារី ១.ប៉ះពាល់សុខភាព ថ្នាំជក់បង្កឱ្យមានជំងឺ ទាំងអ្នកជក់ និងអ្នករងការស្រូបផ្សែងផលិតផលថ្នាំជក់ពីគេ ដែលមានដូចជា ជំងឺមហារីកសួត មហារីកបំពង់រំលាយអាហារផ្នែកខាងលើ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាលជាដើម។ មិនតែប៉ុណ្ណោះ បារីអាចធ្វើឲ្យជ្រុះសក់ ភ្នែកទ្បើងបាយ ពុកធ្មេញ ហើមសួតពុកឆ្អឹង ជំងឺបេះដូង និង ខូចទឹកកាម។ ២.ប៉ះពាល់បរិស្ថាន ឧស្សាហកម្មថ្នាំជក់បានប៉ះពាល់បរិស្ថានក្រោមទិដ្ឋភាពជាច្រើន។ កសិដ្ឋានថ្នាំជក់ ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជីគីមី ដែលបង្កបញ្ហាដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ សំណល់ដើមថ្នាំជក់ដែលផ្ទុកសារធាតុគីមីពុលចំនួន ៧,០០០ប្រភេទ និងផ្សែងផលិតផលថ្នាំជក់បង្កជាជំងឺមហារីក និងបំពុលបរិស្ថានផងដែរ។ ដើម្បីសម្រេចបាននូវការបញ្ឈប់ការជក់បារីដោយជោគជ័យ ចាំបាច់ត្រូវអនុវត្តនូវវិធានការ៧ជំហានដូចខាងក្រោម៖ ១-ត្រៀមខ្លួនឈប់ជក់បារី ២-ដល់ពេលឈប់ជក់បារី ៣-ឈ្នះលើការញៀននីកូទីន ៤-ជ្រើសរើសយកទម្លាប់ថ្មី ៥-រស់នៅដោយគ្មានផ្សែងបារី ៦-ឈប់ជក់បារីជារៀងរហូត ៧-ទទួលជ័យជំនះក្នុងជីវិត។ បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង នាយករងនៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

គន្លឹះសុខភាព គ្រឿងស្រវឹង​ និងគ្រឿងញៀន
[ខ្លឹមៗ] “សារធាតុអាល់កុល ឬ ស្រា”​ បានបំផ្លាញប្រព័ន្ធរំលាយអាហារអ្នក ពិសេសគឺថ្លើម

យោងទៅតាមការបកស្រាយរបស់អ្នកឯកទេសថ្លើម ក្រពះ ពោះវៀន បានឲ្យដឹងថា “អ្នកជំងឺមិនអាចដឹងបានទេថាថ្លើមរបស់ខ្លួនកំពុងតែចុះខ្សោយព្រោះវានឹងវិវឌ្ឍបន្តិចម្ដងៗយ៉ាងស្ងប់ស្ងាត់ ហើយដល់ពេលដែលចេញរោគសញ្ញាគឺធ្ងន់ធ្ងរបាត់ទៅហើយ” បើដូច្នោះ តើយើងគួរធ្វើដូចម្ដេច? បើចង់ជ្រាបច្បាស់សូមតាមដានអត្ថបទខាងក្រោមនេះ។  ការខ្សោយថ្លើមមានន័យថាមុខងារថ្លើមមានការថយចុះដែលបណ្ដាលមកពីការខូចខាតនៃកោសិកាថ្លើម ដោយការរលាកស្រួចស្រាវ ឬរ៉ាំរ៉ៃដែលនាំឲ្យមានការរឹង ឬក្រិនសាច់ថ្លើម ហើយជាមូលហេតុបណ្តាលឲ្យវាមិនអាចបំពេញមុខងារបានល្អ។​  ជាការពិត ការដែលថ្លើមរបស់អ្នកចុះខ្សោយនេះ មកពីកត្តាជាច្រើនដែលកើតពីការទទួលអាហារមិនបានត្រឹមត្រូវ ឬការឆ្លងមេរោគផ្សេងៗ ៖ • ការរលាកថ្លើមប្រភេទអា ស្រួចស្រាវ (Acute Hepatitis A) • វីរុសរលាកថ្លើមប្រភេទបេ ឬសេ (Hepatitis B, C virus) • ការប្រើប្រាស់ថ្នាំមួយចំនួនដែលនាំឲ្យពុលថ្លើម • ជំងឺខ្លាញ់រុំថ្លើម • អ្នកផឹកស្រាច្រើន • និងជំងឺកម្រមួយចំនួនដូចជា ជំងឺលើសជាតិដែក(Hemochromatosis) ជំងឺ Willson’s disease និងជំងឺដែលទាក់ទងនឹងប្រព័ន្ធភាពស៊ាំ (Autoimmune disease) ។ ជាចុងក្រោយ លោកវេជ្ជបណ្ឌិតបានសំណូមពរដល់ប្រជាជនទាំងអស់គួរធ្វើការពិនិត្យសុខភាពរៀងរាល់៦ខែ ឬ១ឆ្នាំម្ដងជាមួយនឹងគ្រូពេទ្យជំនាញ ព្រោះថាក្នុងប្រទេសយើងសម្បូរទៅដោយវីរុសរលាកថ្លើមប្រភេទB និងCដែលមិនមានចេញនូវរោគសញ្ញាឲ្យយើងដឹងឡើយ។ ដូចនេះ បើយើងធ្វើការពិនិត្យសុខភាពបានទៀងទាត់ យើងអាចនឹងទទួលការព្យាបាលទាន់ពេលវេលាមុនពេលដែលវិវឌ្ឍទៅជាការខ្សោយថ្លើមធ្ងន់ធ្ងរ៕ ស្វែងយល់បន្ថែម៖ ធ្វើដូចម្ដេចទើបដឹងថាខ្សោយថ្លើម? បកស្រាយដោយ ៖ វេជ្ជបណ្ឌិត  ហាក់ចាន់​ ភក្តី ឯកទេសថ្លើមក្រពះពោះវៀននៃគ្លីនិកឯកទេស អេគីប​  ©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ជំងឺផ្សេងៗ ក្រពះ​ ពោះវៀន​ ថ្លើម ឫសដូងបាត គ្រឿងស្រវឹង​ និងគ្រឿងញៀន