Menu

អត្ថបទ

ហេតុអ្វីពេលមករដូវខ្ញុំឈឺចាប់ខណៈពេលអ្នកដទៃមិនអី?

នេះជាសំណួរដ៏ពេញនិយមចំពោះសុភាពនារីមួយចំនួនតូច ហើយពេលខ្លះមានអារម្មណ៍ច្រណែនចំពោះសុភាពនារីផ្សេងទៀតដែលមិនធ្លាប់ស្គាល់សោះថាតើការឈឺចាប់នេះមានរសជាតិបែបណា។ ចង់ដឹងថាតើមកពីមូលហេតុអ្វីឲ្យពិតប្រាកដ និងអាចបង្កជាហានិភ័យចំពោះសុខភាពដែរឬទេ? ចម្លើយទាំងនេះមានក្នុងករណីសិក្សារបស់មិត្តអ្នកអានយើងម្នាក់ដែលតែងកើតមានបញ្ហានេះដូចគ្នា៖ សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់៤៥គីឡូក្រាមសព្វថ្ងៃជានិស្សិត។ អំឡុងពេលមករដូវម្តងៗខ្ញុំតែងមានអាការៈចុកពោះខ្លាំង ពិបាកក្នុងការទ្រាំ ពេលខ្លះលេបថ្នាំបំបាត់ការឈឺចាប់តែមិនបាត់ហើយអាការៈបែបនេះកើតឡើងជារៀងរាល់ខែ។ តើអាការៈបែបនេះអាចប៉ះពាល់ទៅថ្ងៃក្រោយដែរឬទេ? បណ្តាលមកពីមូលហេតុអ្វី? មានវិធីការពារដែរឬទេ? ចម្លើយ៖ ភាសាបច្ចេកទេសវេជ្ជសាស្រ្តដែលត្រូវបានប្រើប្រាស់សម្គាល់លក្ខខណ្ឌឈឺចាប់ក្នុងអំឡុងពេលមករដូវនេះគឺ Dysmenorrhea។ មូលហេតុចម្បងដែលបណ្តាលឲ្យមានការឈឺចាប់គឺបណ្តាលមកពីបម្រែបម្រួលសារធាតុម៉្យាងដែលមានលក្ខណៈដូចអ័រម៉ូនឈ្មោះថា prostaglandins ដែលមានតួនាទីក្នុងការកន្រ្តាក់ជញ្ជាំងស្បូន ដើម្បីបង្ហូរកម្រាស់ឈាមរដូវចេញមកក្រៅ។ ប្រសិនបើកម្រិត prostaglandins កើនឡើងខ្ពស់ នោះការឈឺចាប់នឹងកើនឡើងបន្ថែមជាមួយការឈឺរមួលមួយកម្រិតទៀត។ ការឈឺចាប់នេះអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ដែលជាទូទៅការឈឺនេះនឹងកាន់តែមានភាពធូរស្រាលនៅពេលស្ត្រីមានវ័យកាន់តែចាស់ ឬបន្ទាប់ពីសម្រាលបុត្ររួច។ តាមពិត មានលក្ខខណ្ឌមួយចំនួនតូចទៀតដែលអាចបណ្តាលឲ្យមានការឈឺចាប់នេះផងដែរ ដែលជាទូទៅ ការព្យាបាលទៅលើឫសគល់នៃបញ្ហាទាំងនោះអាចបញ្ឈប់រោគសញ្ញាឈឺចាប់បាន។ លក្ខខណ្ឌបង្កទាំងនោះរួមមាន៖ • Endometriosis៖ ជាការឡើងក្រាស់នៃភ្នាសស្បូនខាងក្រៅតួស្បូនតួយ៉ាងដូចជានៅដៃស្បូនដែលបណ្តាលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ ជាងការឈឺចាប់នៃការមករដូវធម្មតា។ • Uterine fibroids៖ មានលក្ខណៈជាការលូតលាស់ប្រភេទកោសិកាមិនមែនមហារីកនៅតាមជញ្ជាំងស្បូន ដែលអាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ទីតាំងដែលមានបញ្ហាតែម្តង។ • Adenomyosis៖ ជាលក្ខខណ្ឌដែលកើតមាននៅពេលដែលភ្នាសតួស្បូនចាប់ផ្តើមរីករាលដាលចូលក្នុងជញ្ជាំងស្បូន។ • Pelvic inflammatory disease៖ ជាប្រភេទជំងឺរលាកតំបន់អាងត្រគាកដែលជាការបង្ករោគនៅនឹងសរីរាង្គបន្តពូជ បណ្ដាលមកពីបាក់តេរីតាមរយៈការរួមភេទ។ • Cervical stenosis៖ កើតឡើងនៅពេលមាត់ស្បូនរួមតូចដែលបង្អាក់ដល់លំហូរឈាមរដូវ បង្កឲ្យមានការឈឺចាប់កាន់តែខ្លាំងដោយសារការកើនឡើងសម្ពាធក្នុងតួស្បូន។ ករណីភាគច្រើន ការឈឺរមួលក្នុងអំឡុងពេលមករដូវជាសញ្ញាណវិជ្ជមានបែបធម្មជាតិនៃប្រតិកម្មរបស់រាងកាយចំពោះការដាច់ចេញនៃភ្នាសស្បូន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការឈឺចាប់នេះបានរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ឬប្រសិនបើកម្រិតនៃការឈឺចាប់កាន់តែខ្លាំងឡើងៗ ជាពិសេសបន្ទាប់ពីអ្នកមានអាយុលើសពី ២៥ ឆ្នាំ អ្នកចាំបាច់ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សុខភាពស្រ្តី
វិធីសាស្ត្រជំនួយការមករដូវឲ្យឆាប់អស់

ពេលខ្លះ បើសិនជាមិនអាចចៀសវាងបាន គឺមានតែកាត់បន្ថយការរំខានតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ គ្មានមិត្តនារីណាអាចចៀសពីការមករដូវនោះទេ គឺមានតែការស្វែងយល់អំពីវិធីសាស្រ្តកាត់បន្ថយថ្ងៃនៃការមករដូវ ឬនិយាយដោយសាមញ្ញងាយយល់ថា យល់ដឹងអំពីគន្លឹះដែលជួយឲ្យកង្វល់ប្រចាំខែរបស់ខ្លួនឆាប់ចប់ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយ ដូចថ្ងៃធម្មតាៗនៅក្នុងខែនីមួយៗដែរ។ ក្រៅពីការប្រើប្រាស់ថ្នាំមួយចំនួន (យើងសូមមិនធ្វើការណែនាំក្នុងអត្ថបទនេះ ព្រោះការប្រើប្រាស់ថ្នាំមួយចំនួនគួរតែត្រូវបានប្រឹក្សាយោបល់ជាមួយនឹងឱសថការី ឬអ្នកវិជ្ជាជីវសុខាភិបាលជាមុនសិន ដើម្បីធានាបាននូវសុវត្ថិភាពប្រើប្រាស់) ក៏មានវិធីងាយៗមួយចំនួនខាងក្រោមនេះ ដែលមិត្តនារីអាចធ្វើបាន បើសិនជាអ្នកចង់ឲ្យវដ្តរដូវរបស់អ្នកឆាប់អស់នោះ… វីតាមីន C វីតាមីន C ដែលមាននៅក្នុងបន្លែ និងផ្លែឈើដូចជា ក្រូច ឃីវី ក្រូចឆ្មារ ត្របែក ល្ហុង ស្រ្តប៊ឺរី ផ្កាស្ពៃបៃតង។ល។ ពិតជាជួយបន្ថយថ្ងៃនៃវដ្ដរដូវរបស់អ្នកប៉ុន្តែអ្នកគួរតែទទួលទានក្នុងបរិមាណសមស្របបានហើយ ព្រោះបើញ៉ាំច្រើនពេក គឺអាចប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ រួមមានរាក ជាដើម។ វីតាមីន D និងកាល់ស្យូម វីតាមីន D និងកាល់ស្យូម ក៏ជាចំណែកមួយនៃការសម្រាលការឈឺចាប់ពេលមករដូវហើយក៏ធ្វើឲ្យវដ្តរដូវអ្នកឆាប់ចប់ទៀតផង ហើយវត្តមានរបស់វា គឺមាននៅក្នុងអាហារដូចជា  ទឹកដោះគោ បន្លែស្លឹកបៃតង តៅហ៊ូ ត្រី ស៊ុត ផ្សិត។ល។ អាហារមានជាតិហឹរ រសជាតិហឹរនៅក្នុងអាហារនឹងមានឥទ្ធិពលលើដំណើររបស់ឈាម ហើយកម្តៅពីអាហារទាំងនោះ នឹងជំរុញឲ្យឈាមរដូវធ្វើដំណើរចេញពីក្នុងរាងកាយបានលឿនផងដែរ។  ជាតិអុីយ៉ូត តាមពិតទៅ មិនថាក្នុងរបបអាហារប្រចាំថ្ងៃ ឬអំឡុងពេលមករដូវនោះទេ បរិមាណអុីយ៉ូត ឬអំបិលគួរតែត្រូវបានកំណត់ក្នុងម្ហូបអាហារដែលអ្នកទទួលទានហើយការចៀសវាងអាហារបែប Fast food ជាវិធីដ៏ល្អមួយ។ ទឹក អ្នកទទួលទានបរិមាណទឹកកាន់តែច្រើន លំហូរនៃចរន្តឈាមនឹងកាន់តែរលូនផងដែរ ហេតុនេះហើយ អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនតាមដែលអាចធ្វើបានក្នុងអំឡុងពេលមករដូវ។ យ៉ាងណាមិញ អ្នកគួរតែចៀសវាងភេសជ្ជៈកំប៉ុង និងកាហ្វេអុីន អំឡុងពេលនេះ ព្រោះវាអាចបង្កជាអាការៈឈឺចាប់ និងបញ្ហាសុខភាពផ្សេងៗ។ ខ្ញី ខ្ញីមិនត្រឹមតែជួយអ្នកឲ្យឆាប់អស់រដូវទេ វាថែមទាំងសម្រាលដល់ការឈឺចាប់ពេលមករដូវទៀតផង ដូចនេះហើយ សូមកុំរំលងការទទួលទានខ្ញី ដែលអ្នកអាចញ៉ាំជាម្ហូបជាមួយបាយ ឬញ៉ាំជាទឹកខ្ញីតែម្តងក៏បានដែរ។ កម្តៅ កម្តៅ នឹងជួយសម្រួលដល់ការឈឺចាប់ ហើយក៏ជាហេតុនាំឲ្យឈាមរដូវចេញពីរាងកាយបានរហ័សផងដែរហេតុនេះហើយ អ្នកអាចសាកល្បងប្រើថង់ស្អំទឹកក្តៅរបស់អ្នកបាន។ លំហាត់ប្រាណ ប្រហែលជាគិតថា ពិបាកបន្តិច ព្រោះភាគច្រើនអ្នកមានអារម្មណ៍ថា អស់កម្លាំងហើយក៏មិនចង់ធ្វើអ្វីដែរតែការធ្វើលំហាត់ប្រាណស្រាលៗដូចជា ការដើរត្រឹកៗ ការដើរលើម៉ាស៊ីន…គួរតែត្រូវបានធ្វើ បើសិនជាអាចព្រោះការសិក្សាបានបញ្ជាក់ថា អ្នកដែលមានរាងកាយរឹងមាំ និងសកម្ម មានចំនួនថ្ងៃនៃវដ្ដរដូវតិច ជាងអ្នកដែលទម្រន់ ហេតុនេះហើយបើទោះជាអ្នកមិនអាចធ្វើបានក្នុងពេលវដ្ដរដូវ អ្នកក៏គួរតែមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។ អត្ថបទ​៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុខភាពស្រ្តី
ប្រភេទអាហារបែបណាដែលល្អសម្រាប់សុខភាពទ្វារមាសស្ត្រី?

ក្រៅពីថែរក្សាសម្ផស្ស សុភាពនារីទាំងឡាយក៏តែងតែមានការព្រួយបារម្ភចំពោះបញ្ហាសុខភាពនៅតំបន់ពិសេស របស់ខ្លួន។ ក្នុងនោះបន្ថែមពីលើការថែទាំដោយការស្លៀកពាក់ប្រកបដោយផាសុកភាព និងការលាងសម្អាតប្រកបដោយអនាម័យ មិត្តនារីក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះរបបអាហាររបស់ខ្លួនផងដែរ។ ពពួកប្រូប៊ីយ៉ូទិច និងយ៉ាអ៊ួធម្មជាតិ ក្រុមអាហារដែលមានប្រូប៊ីយ៉ូទិចពីធម្មជាតិ គឺពិតជាមានគុណប្រយោជន៍ក្នុងការថែរក្សាសុខភាពទ្វារមាសរបស់មិត្តនារី។ ចំណែកឯយ៉ាអ៊ួធម្មជាតិវិញក៏ប្រៀបបានជារនាំងការពារបញ្ហាឆ្លងរោគផ្សេងៗ ព្រមទាំងប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនផងដែរ។ ផ្លែប៊័រ ជាមួយនឹងបិរមាណច្រើននៃប៉ូតាស្យូម និង វីតាមីនB6 ផ្លែប៊័រជាជំនួយដ៏ល្អក្នុងការផលិតទឹករំអិលធម្មជាតិសម្រាប់ការពារភាពស្ងួតនៅតំបន់ទ្វារមាស។ ដំឡូងជ្វា ដំឡូងជ្វាសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនរួមមានវីតាមីនA C និង B សារធាតុសរសៃ ម៉ាញេស្យូម និងប៉ូតាស្យូមដែលជួយពង្រឹងសុខភាពទ្វារមាស ក៏ដូចជាបង្កើននូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ គ្រាប់ល្ពៅ និងគ្រាប់ធញ្ញជាតិ ជាមួយនឹងវីតាមីនE និងសារធាតុស័ង្កសី ការទទួលទានគ្រាប់ល្ពៅនឹងជួយឲ្យមិត្តនារីមានវដ្ដរដូវទៀងទាត់ និងមិនមានបញ្ហារំខាន ឬរមាស់នៅតំបន់ពិសេសរបស់ខ្លួន។ ម្យ៉ាងទៀត វាក៏បង្ការបញ្ហាស្ងួត និងអាការៈឈឺចាប់ពេលមករដូវផងដែរ។ ខ្ទឹមស ខ្ទឹមសមិនត្រឹមតែបង្ការបញ្ហាធ្លាក់ស រមាស់ និងក្លិនមិនល្អប៉ុណ្ណោះទេ វាក៏ជួយការពារទ្វារមាសពីការឆ្លងមេរោគ ជាពិសេសមេរោគផ្សិតទៀតផង។ ផលិតផលសណ្តែក សារធាតុដែលមាននៅក្នុងផលិតផលសណ្តែក ជំរុញដំណើរផលិតទឹករំអិលធម្មជាតិ និងការពារអាការៈឈឺចាប់ក្នុងពេលមករដូវ។ បន្លែបៃតង បរិមាណដ៏ច្រើននៃវីតាមីនA និងC នៅក្នុងបន្លែបៃតងជួយជំរុញដំណើរចលនាក្នុងឈាម បង្ការពីមេរោគឆ្លងនិងការពារបញ្ហាស្ងួតនៅតំបន់ទ្វារមាស។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣​​ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុខភាពស្រ្តី
ការធ្លាក់ឈាមតិចៗក្រោយពេលដាក់កងក្នុងដៃអាចជាបញ្ហាទេ?

ស្ទើរតែគ្រប់មធ្យោបាយពន្យារកំណើតទាំងអស់តែងតែបង្កឲ្យមានផលរំខានបន្តិចបន្តួចដែលអាចប្រែប្រួលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត។ ករណីខាងក្រោមបានរៀបរាប់ពីផលរំខាននៃការដាក់កងក្នុងដើមដៃដែលអ្នកគួរដឹង។ សំណួរ៖ បងស្រីខ្ញុំមានអាយុ ៣៧ឆ្នាំ ភេទស្រី ទម្ងន់ ៥៦គីឡូក្រាម មុខរបរជាស្រ្តីមេផ្ទះ។ គាត់បានដាក់កងនៅក្នុងដើមដៃ បានរយៈពេលប្រហែលកន្លះខែមក ស្រាប់តែមានអាការៈធ្លាក់ឈាមមកតិចៗរហូត ហើយរដូវរបស់គាត់ក៏មកមិនទៀងទាត់ដូចមុនដែរ ជួនកាលមួយខែមកម្តង ឬមួយខែមក ៣ ទៅ៤ដងក៏មាន។ ខ្ញុំចង់សួរថា តើអាការៈនេះបណ្តាលមកពីបញ្ហាអ្វីទៅ? ហើយបង្កគ្រោះថ្នាក់ដល់សុខភាពដែរឬទេ? ចម្លើយ៖ ការហូរឈាមតិចៗ (អាចធ្លាក់នៅចន្លោះវដ្តរដូវ) គឺជាផលរំខានដែលតែងកើតមានឡើងជាញឹកញាប់ចំពោះស្ត្រីដែលកំពុងប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតដោយដាក់កងក្នុងដើមដៃ។ ក្នុងចំណោមស្រ្តី ១០នាក់ មានស្រ្តីម្នាក់ដែលនឹងអាចបញ្ឈប់ការប្រើប្រាស់វិធីសាស្រ្តនេះវិញ ដោយសារការហូរឈាមមិនប្រក្រតី ប៉ុន្តែមិនមែនគ្រប់ស្រ្តីទាំងអស់សុទ្ធតែមានបញ្ហានេះទេ ហើយស្ត្រីភាគច្រើនដែលមានបញ្ហានេះនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានខែក្រោយ។ តាមពិត ការហូរឈាមតិចៗបន្ទាប់ពីបានដាក់កងនៅដៃលើកដំបូងមិនបង្កជាគ្រោះថ្នាក់ ឬជាបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះទេ ប៉ុន្តែប្រសិនបើបងស្រីរបស់អ្នកយល់ថា វាពិតជារំខានខ្លាំងសម្រាប់គាត់នោះការដាក់កងក្នុងដើមដៃមិនមែនជាជម្រើសរបស់គាត់ឡើយ។ គាត់អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីស្វែងរកវិធីសាស្ត្រសមស្របដទៃទៀត។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលសថាម ប្រូ​ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុខភាពស្រ្តី
អំឡុងពេលមករដូវមិនគួរញ៉ាំអាហារ និងធ្វើលំហាត់ប្រាណទាំងនេះ

ធ្លាប់មានការណែនាំជាច្រើនរួចមកហើយពីប្រភេទអាហារ និងលំហាត់ប្រាណដែលអ្នកគួរធ្វើអំឡុងពេលមករដូវ។ ស្របពេលដែលអ្នកកំពុងតែអនុវត្តទៅតាមការណែនាំទាំងអស់នោះ អ្នកក៏គួរស្វែងយល់ផងដែរពីការចៀសវាងមួយចំនួន រួមបញ្ចូលទាំងរបបអាហារ និងលំហាត់ប្រាណផងដែរ។ ចង់ដឹងថាគួរចៀសវាងទៅលើអ្វីខ្លះ អត្ថបទខាងក្រោមអាចជាការបកស្រាយសម្រាប់អ្នកអំឡុងពេលមករដូវម្ដងៗ។ អាហារដែលស្រ្តីមិនគួរទទួលទានអំឡុងពេលមករដូវ ប្រភេទអាហារកែច្នៃ អាហារប្រភេទនេះជាជម្រើសមួយដែលងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែវាអាចធ្វើឲ្យអាការៈរបស់អ្នកកាន់តែយ៉ាប់ទៅបាន។ ជាក់ស្ដែងអាហារកំប៉ុង ឬនំចំណិតដំឡូងកំប៉ុងដែលមានផ្ទុកសារធាតុសូដ្យូមក្នុងបរិមាណច្រើន សុទ្ធតែជាប្រភេទអាហារដែលអាចបណ្តាលឲ្យស្ត្រីជួបបញ្ហាមិនស្រួល ឈឺចុកចាប់ ធុំក្លិន ហើមពោះពិសេសអាចឲ្យលំហូរឈាមមិនបានល្អផងដែរ។ អាហារមានជាតិស្ករ នំខេក ស្ករគ្រាប់ អាហារសម្រន់ និងបណ្តាអាហារផ្អែមដទៃទៀតជាជម្រើសដែលគ្មានគុណប្រយោជន៍ចំពោះសុខភាពនិងមិនគួរទទួលទានជាពិសេសអំឡុងពេលមករដូវ និងនៅពេលដែលអ្នកមិនចង់ធាត់។ ម្យ៉ាងទៀតអាហារទាំងនេះ អាចបណ្តាលឲ្យការឈឺចាប់អំឡុងពេលមករដូវកាន់តែអាក្រក់។ ក្នុងករណីនេះដែរ សុភាពនារីទាំងឡាយដែលចង់ទទួលទានរបស់ផ្អែមៗក្រៅពីអាហារសម្រន់ ឬនំទាំងនោះ អ្នកអាចជ្រើសរើសអាហារ និងផ្លែឈើមួយចំនួនជំនួសវិញដូចជា ឪឡឹក ស្វាយទុំ ចេកទុំ និងផ្លែល្ហុងជាដើម។ អាហារហឹរ អ្នកគួរចៀសវាងអាហារដែលមានជាតិហឹរជាដាច់ខាតប្រសិនឈាមរដូវមានលក្ខណៈច្រើន អស់កម្លាំងខ្លាំង និងឈឺចុកចាប់ ពីព្រោះជាតិហឹរក្នុងអាហារនឹងកាន់តែធ្វើឲ្យមានខ្យល់ក្នុងពោះ និងហើមពោះទៅវិញ។ យ៉ាងណាមិញចំពោះអ្នកដែលមានវដ្ដរដូវធម្មតា អាចបន្តការញ៉ាំអាហារហឹរបាន ប៉ុន្តែត្រូវស្ថិតក្នុងកម្រិតសមស្របដែលមិនប៉ះពាល់ដល់សុខភាពក្រពះ។ ពិសាគ្រឿងស្រវឹង សម្ពាធឈាម អំឡុងពេលមករដូវនឹងមានការថយចុះដែលជាហេតុធ្វើឲ្យផលរំខាននៃគ្រឿងស្រវឹងកាន់តែមានឥទ្ធិពលអាក្រក់មកលើខ្លួនរបស់អ្នក។ ជាក់ស្ដែង ថាមពលរាងកាយរបស់អ្នកនឹងបន្តចុះខ្សោយប្រសិនអ្នកពិសាគ្រឿងស្រវឹងក្នុងពេលជាមួយគ្នានៃវដ្តរដូវ។ ម៉្យាងទៀត សារធាតុអាល់កុលក៏អាចធ្វើឲ្យកើនឡើងនៃលំហូរឈាមដែលធ្វើឲ្យអ្នកបាត់បង់ឈាមកាន់តែច្រើន។ ជាតិកាហ្វេអុីន អ្នកត្រូវចៀសវាងការទទួលទានជាតិកាហ្វេអុីន និងផលិតផលដូចជាសូកូឡា សូដា តែ និងកាហ្វេនៅក្នុងអំឡុងពេលមានរដូវ ព្រោះជាតិកាហ្វេអុីនអាចបង្រួមសរសៃឈាម និងនាំឲ្យខ្សោះជាតិទឹក ដែលអាចបណ្តាលឲ្យមានបញ្ហាឈឺក្បាល ស្លេកស្លាំង អស់កម្លាំង និងការថប់អារម្មណ៍ទៀតផង។ លំហាត់ប្រាណដែលស្រ្តីមិនគួរធ្វើអំឡុងពេលមករដូវ មិនប្រាកដថាលំហាត់ប្រាណទំាងអស់សុទ្ធសឹងតែល្អនោះទេអំឡុងពេលមករដូវ  តែវាក៏អាចផ្តល់ផលរំខានទៅដល់អ្នកវិញផងដែរ ជាពិសេសប្រភេទលំហាត់ប្រាណដូចជា៖ លំហាត់ប្រាណដែលប្រើកម្លាំងខ្លាំង ឬរយៈពេលយូរ ការធ្វើលំហាត់ប្រាណដោយប្រើកម្លាំងខ្លាំង ឬរយៈពេលយូរអាចធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់អ្នកអំឡុងពេលមករដូវ។ នេះបើយោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងកាសែត Journal of Physiotherapy and Physical Rehabilitation បានបង្ហាញថាការធ្វើលំហាត់ប្រាណខ្លាំងក្លារយៈពេល ៦០នាទីក្នុងអំឡុងពេលមករដូវនោះ  វាអាចមានផលវិបាកកាន់តែខ្លាំងដល់សុខភាព ហើយការឈឺចាប់និងហូរឈាមក៏កើតមានកាន់តែខ្លាំងផងដែរ។ កីឡាយោគៈបែបដាំក្បាលចុះក្រោម (Inversion-type poses) កីឡាយោគៈបែបនេះត្រូវបានណែនាំឲ្យចៀសវាងដោយសារវាជាប្រភេទកាយវិការដែលមានលក្ខណៈប្រឆាំងទៅនឹងលំហូរឈាមរបស់វដ្តរដូវ ដែលអាចរំខាន ឬបញ្ឈប់លំហូរឈាម ថែមទាំងអាចប៉ះពាល់ដល់មុខងារបន្តពូជទៀតផង។ បន្ថែមពីនោះ ស្បូន របស់អ្នកនឹងស្ថិតនៅទីតាំងបញ្រ្ចាស់ ដែលបណ្តាលឲ្យចរន្តឈាមរត់ទៅកាន់ស្បូនមិនអាចប្រព្រឹត្តទៅបានល្អ។ ការលើកទម្ងន់ ឬធ្វើការធ្ងន់ ការបញ្ចេញកម្លាំងច្រើននៅក្នុងអំឡុងពេលមករដូវអាចធ្វើឲ្យមានផលប៉ះពាល់កាន់តែខ្លាំងសម្រាប់សុខភាព ព្រោះរាងកាយមិនអាចធន់នឹងការធ្វើសកម្មភាពធ្ងន់បានឡើយ។ ដូច្នោះហើយ អ្នកគួរតែរក្សាតុល្យភាពនៃការងារនិងយកពេលសម្រាកឲ្យបានច្រើន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨២ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុខភាពស្រ្តី
អំឡុងពេលមករដូវកុំភ្លេចញ៉ាំអាហារ និងធ្វើលំហាត់ប្រាណទាំងនេះ

ព្រោះតែភាពរំខាននៃការមករដូវប៉ុន្មានថ្ងៃសឹងតែធ្វើឲ្យអ្នកមិនចង់ធ្វើអ្វីទាល់តែសោះមែនទេ? យ៉ាងណាមិញសូមកុំភ្លេចថាអំឡុងពេលនេះរាងកាយអ្នកបែរជាត្រូវការការថែរក្សាយ៉ាងដិតដល់ជាងថ្ងៃធម្មតាទៅវិញ។  ជាធម្មតា ស្រ្តីភាគច្រើនតែងជួបប្រទះរោគសញ្ញាដូចជា ឈឺចុកចាប់រមួលក្នុងពោះ អស់កម្លាំង ឈឺក្បាលនិងមានអារម្មណ៍មិនសូវល្អនៅមុនពេល និងអំឡុងពេលមករដូវ តែអ្នកប្រហែលមិនដឹងទេថា របបអាហារ និងលំហាត់ប្រាណមួយចំនួនអាចចូលរួមចំណែកក្នុងការសម្រាលភាពរំខានទាំងនោះ។ អាហារដែលស្រ្តីគួរទទួលទានអំឡុងពេលមករដូវ - អាស៊ីតខ្លាញ់អូមេហ្គា-៣ អ័រម៉ូនក្នុងរាងកាយម៉្យាងដែលមានឈ្មោះថា Prostaglandin ត្រូវគេដឹងថាជាដើមហេតុនាំឲ្យមានការកន្ត្រាក់សាច់ដុំធ្វើឲ្យឈឺចាប់ពេលមករដូវ។ ដូច្នេះមធ្យោបាយមួយដើម្បីបិទប្រសិទ្ធភាព Prostaglandin គឺដោយប្រើប្រាស់អាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលមានច្រើនក្នុងពពួកត្រីសម្បូរខ្លាញ់ ត្រីសាម៉ុង ត្រីធូណា និងបណ្តាសណ្តែកដែលមានជាតិប្រេងជាដើម។ លោកអ្នកអាចញ៉ាំជាតិខ្លាញ់អូមេហ្គា-៣ ក្នុងកម្រិត ១ក្រាម ដោយញ៉ាំ ២ ទៅ៣ដងក្នុងមួយថ្ងៃ។ ការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី European Journal of Clinical បានរកឃើញថាស្ត្រីដែលទទួលទានរបបអាហាររបស់ខ្លួនសម្បូរទៅដោយជាតិខ្លាញ់អូមេហ្គា-៣ ហាក់គ្មានអាការៈឈឺចាប់ខ្លាំងពេលមករដូវនោះទេ។   - អាហារសម្បូរជាតិដែក អ្នកគួរទទួលទានអាហារដែលមានសារជាតិដែកឲ្យបានច្រើន ព្រោះនៅពេលមករដូវធ្វើឲ្យអ្នកបាត់បង់ឈាម ស្លេកស្លាំងដែលជាហេតុបង្កឲ្យអ្នកអស់កម្លាំងល្ហិតល្ហៃ ឬអាចប្រឈមទៅនឹងការកើតជំងឺផ្សេងបានយ៉ាងងាយ។ ជាក់ស្ដែងអ្នកអាចទទួលបានសារជាតិដែកឡើងវិញតាមរយៈអាហារដែលមាននៅក្នុង ថ្លើមសត្វ ស៊ុតលឿង និងបន្លែពណ៌បៃតងចាស់ ដើម្បីឲ្យរាងកាយបង្កើតគ្រាប់ឈាមក្រហមថ្មីៗ និងគួរទទួលទានបន្លែ ផ្លែឈើដែលមានវីតាមីន C ច្រើនដូចជាក្រូចឆ្មារ ក្រូចពោធិ៍សាត់ ត្របែក ខាត់ណា និងប៉េងប៉ោះជាដើម ព្រោះវីតាមីន C នឹងជួយឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមនិងសារធាតុដែកចូលទៅក្នុងរាងកាយបានយ៉ាងល្អប្រសើរ ដោយអាចបញ្ចៀសបញ្ហាផ្សេងៗ ឬសម្រាលអាការៈឈឺចាប់អំឡុងពេលមករដូវ។ - សាច់ក្រហម ប្រភេទសាច់ក្រហមមានសារសំខាន់ណាស់សម្រាប់ជួយបង្កើនកម្តៅ និងសីតុណ្ហភាពក្នុងរាងកាយបានយ៉ាងល្អអំឡុងពេលមករដូវ។ ដោយហេតុថាសាច់ក្រហមមានផ្ទុកទៅដោយប្រូតេអុីន វីតាមីនB12 និងសារជាតិដែកគ្រប់គ្រាន់សម្រាប់បំប៉នរាងកាយរបស់អ្នកពេលដែលបាត់បង់ឈាមអំឡុងពេលមករដូវ។ ផ្ទុយទៅវិញអ្នកត្រូវចៀសវាងការញ៉ាំអាហារដែលមានជាតិហឹរ ប្រៃ និងមានជាតិខ្លាញ់ពីព្រោះអាហារប្រភេទនេះអាចឲ្យអ្នកមានការឈឺចាប់កាន់តែខ្លាំង។ - ម៉ាញ៉េស្យូម អំឡុងពេលមករដូវធ្វើឲ្យស្រ្តីបាត់បង់ឈាមច្រើនហើយកម្រិតម៉ាញ៉េស្យូមមានការធ្លាក់ចុះដែលជាហេតុបណ្តាលឲ្យស្រ្តីអស់កម្លាំង ស្លេកស្លាំង ព្រមទាំងមានការឈឺចាប់។ យ៉ាងណាមិញ ការជ្រើសរើសរបបអាហារដែលមានផ្ទុកនូវជាតិម៉ាញ៉េស្យូមសម្រាប់អំឡុងពេលមករដូវពិតជាមានសារសំខាន់ណាស់នេះបើយោងតាមការសិក្សារបស់ The U.S. Department of Health and Human Services Office on Women’s Health ដោយបានបង្ហាញថាការទទួលទានជាតិម៉ាញ៉េស្យូមត្រឹមតែ ៤០០មិល្លីក្រាមក្នុងមួយថ្ងៃអំឡុងពេលមករដូវអាចជួយកាត់បន្ថយភាពឈឺចាប់ និងបំបាត់ភាពតានតឹងដោយវាទៅបញ្ចេញអ័រម៉ូន Serotonin  ពិសេសវាជួយគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយដែលអាចប្រឆាំងនឹងអុកស៊ីតកម្មបានយ៉ាងល្អផងដែរ។ អ្នកអាចទទួលទានអាហារដែលមានផ្ទុកជាតិម៉ាញ៉េស្យូមបានដូចជា ផ្លែចេកទុំ ប័រសណ្តែក គ្រាប់ស្វាយចន្ទី អាល់ម៉ុន អង្ករសម្រូប គ្រាប់ផ្កាឈូករ័ត្ន ទឹកដោះគោ និងសូកូឡាខ្មៅ។ លំហាត់ប្រាណអំឡុងពេលមករដូវ កុំឲ្យវដ្តរដូវរំខានដល់លំហាត់ប្រាណប្រចាំថ្ងៃរបស់អ្នកដោយអ្នកអាចជ្រើសរើសរបៀបហាត់ប្រាណទៅតាមអារម្មណ៍របស់អ្នក ជាពិសេសប្រភេទលំហាត់ប្រាណស្រាលៗដែលមានដូចជា៖ - លំហាត់ប្រាណបែប Aerobic ស្រាលៗ ការធ្វើលំហាត់ប្រាណនេះអាចធ្វើបានច្រើនវិធីសាស្រ្តឬច្រើនរបៀបដើម្បីបង្កើនចលនាសាច់ដុំក្បាលពោះបន្ថយអាការៈមួយចំនួនដូចជា ឈឺចង្កេះ ឈឺពោះពិសេសអាចជួយដល់ចលនាឈាម និងលំហូរឈាមអំឡុងពេលមករដូវបានយ៉ាងមានប្រសិទ្ធភាព ដោយហេតុថា វាជួយធ្វើឲ្យសាច់ដុំធំៗក្នុងរាងកាយធ្វើការក្នុងចង្វាក់ស៊ីមេទ្រីគ្នា។ បន្ថែមពីនេះវាជួយកាត់បន្ថយការអស់កម្លាំង បំបាត់ការឈឺចុកចាប់ ឈឺខ្នង ជំរុញ ឬពង្រឹងកោសិកាបេះដូងឲ្យមានសុខភាពល្អ ព្រមទាំងជួយគ្រប់គ្រងទម្ងន់ផងដែរ។ ដូច្នេះ យ៉ាងហោចណាស់អ្នកគួរចំណាយពេល ៣០នាទីដើម្បីទទួលបានលទ្ធផលល្អ។ គួរបញ្ជាក់ផងដែរថាការធ្វើលំហាត់ប្រាណតាមបែប Aerobics រួមមានការដើរ ឬការរត់ត្រឹកៗជាដើម។ - យូហ្គា អំឡុងពេលមករដូវអាចធ្វើឲ្យសាច់ដុំប្រែប្រួល ដែលបង្កឲ្យមានការឈឺចាប់និងផលរំខានដល់ការរស់នៅរបស់ស្រ្តី។ ជាក់ស្តែង ការហាត់ប្រាណបែបយូហ្គាអាចជួយដោះស្រាយបញ្ហា ឬអាការៈមួយចំនួនក្នុងអំឡុងពេលមករដូវបានដូចជា បំបាត់ភាពតានតឹងកាត់បន្ថយការឈឺចាប់នៅសាច់ដុំជួយឲ្យមានលំហូរឈាមល្អ ពិសេសជួយឲ្យចង្វាក់បេះដូងដើរបានល្អប្រសើរផងដែរ។ - លំហាត់ប្រាណបែប Pilates ជាលំហាត់ប្រាណម៉្យាងមានលក្ខណៈទន់ភ្លន់ និងមានភាពសាមញ្ញសម្រាប់មនុស្សគ្រប់វ័យ ស្រ្តីមានផ្ទៃពោះ ឬក្រោយពេលសម្រាល ពិសេសស្រ្តីអំឡុងពេលមករដូវ ព្រោះវាអាចជួយកាត់បន្ថយការឈឺចាប់កាត់បន្ថយភាពតានតឹង ពិសេសជួយដល់មេតាបូលីសក្នុងរាងកាយឲ្យដំណើរការបានល្អ។ Pilates ជាប្រភេទលំហាត់ប្រាណបែបស្រាល និងមានច្រើនវិធីសាស្រ្ត ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើចលនាបានពេញរាងកាយ។ អ្នកអាចធ្វើលំហាត់ប្រាណបែបនេះបាននៅក្នុងផ្ទះ ឬកន្លែងហាត់ប្រាណ ប៉ុន្តែត្រូវមានកន្ទេលហាត់ប្រាណមួយ ឬវីដេអូដែលបង្ហាញពីក្បាច់នៃលំហាត់ប្រាណបែបនេះទើបជាការងាយស្រួល។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ​ លេខ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុខភាពស្រ្តី
វិធីសាស្រ្តទាំង ៩ជួយសម្រាលអាការៈរំខានក្រោយអស់រដូវសម្រាប់អ្នកម្តាយ

អ្នកដឹងទេថា វ័យ៤៥ឆ្នាំឡើង ជាវ័យដែលស្ត្រីទាំងឡាយ មិនថាអ្នកម្តាយអ្នកមីង ឬបងស្រីរបស់អ្នកនោះទេ ពួកគាត់កំពុងប្រឈមនឹងការអស់រដូវ? តើអ្នកបានដឹងទេថា ស្ថានភាពសុខភាពរាងកាយ និងអារម្មណ៍របស់ពួកគាត់នឹងផ្លាស់ប្តូរ ហើយប្រែជាទ្រុឌទ្រោមជាងមុន? ចុះអ្នកបានដឹងអំពីវិធីសាស្រ្តអ្វីខ្លះដើម្បីប្រាប់ពួកគាត់ក្នុងការទប់ទល់ជាមួយបញ្ហាទាំងអស់នេះ? សម្រាប់ចម្លើយអាចមានក្នុងអត្ថបទខាងក្រោម៖ សំណួរ៖ ម៉ាក់ខ្ញុំទើបនឹងអស់រដូវកន្លះឆ្នាំជាង ហើយគាត់ជាញឹកញាប់មានការឈឺពេញខ្លួន ក្តៅស្អុះស្អាប់ ស្ងួតមាត់ ក្តៅភ្នែក ស្ពឹកម្រាមដៃ មិនស្រួលខ្លួនសោះ។ តើគាត់គួរធ្វើដូចម្តេច? ចម្លើយ៖ សំណាងល្អ សញ្ញាណ និងសញ្ញាដែលទាក់ទងនឹងការអស់រដូវ ភាគច្រើនកើតឡើងក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ។ ហេតុនេះ អ្នកអាចប្រាប់ម៉ាក់របស់អ្នកអនុវត្តនូវវិធីសាស្រ្តទាំង ៩ ខាងក្រោមដើម្បីកាត់បន្ថយផលរំខានទាំងឡាយ ដែលរួមមានដូចជា៖ ១ បន្ថយអាការៈក្តៅ រសាប់រសល់៖ ស្លៀកពាក់ស្តើង និងផឹកទឹកត្រជាក់មួយកែវ ឬទៅកន្លែងណាដែលត្រជាក់។ ចូរព្យាយាមកំណត់អំពីកត្តាដែលបណ្តាលឲ្យមានអាការៈក្តៅក្រហាយបែបនេះកើនឡើង។ ជាក់ស្តែង ស្ត្រីភាគច្រើនបានបង្ហាញថា ការពិសាភេសជ្ជៈក្តៅ កាហ្វេ អាហារហឹរ អាល់កុល ភាពស្ត្រេស អាកាសធាតុក្តៅ ឬសូម្បីតែបន្ទប់ដែលមានសីតុណ្ហភាពក្តៅបន្តិចក៏សុទ្ធតែអាចរំញោចឲ្យកើតមានភាពរំខាននេះដែរ។ ២ បន្ថយអាការៈរំខាននៅតំបន់ទ្វារមាស៖ តាមរយៈការប្រើប្រាស់ប្រភេទថ្នាំដែលអាចរកទិញបានដោយមិនមានវេជ្ជបញ្ជា ដែលមានដូចជា ទឹករំអិលប្រើប្រាស់ទឹកជារូបមន្តគោល (Astroglide, K-Y jelly) ទឹករំអិលប្រើប្រាស់ស៊ីលីកូនជារូបមន្តគោល ឬផលិតផលផ្តល់សំណើមផ្សេងទៀត (Replens)។ ម្យ៉ាង មិនគួរជ្រើសរើសផលិតផលដែលមានផ្ទុកសារធាតុគ្លីស៊ីនចំពោះស្ត្រីដែលមានស្ថានភាពទ្វារមាសងាយប្រតិកម្មជាមួយសារធាតុនេះ ពីព្រោះគ្លីស៊ីនជាសារធាតុងាយបណ្តាលឲ្យមានការរលាក ក្រហាយ និងរមាស់។ ចំណែក ការរួមភេទទៀងទាត់ក៏អាចជួយជំរុញលំហូរឈាមមកកាន់ទ្វារមាសបានផងដែរ។ ៣ គេងឲ្យបានគ្រប់គ្រាន់៖ គួរចៀសវាងទទួលទានកាហ្វេ ដែលធ្វើឲ្យអ្នកពិបាកគេង និងចៀសវាងការទទួលទានអាល់កុលច្រើនលើសលុប ដែលរំខានដល់ដំណេក។ គួរលេងកីឡាអំឡុងពេលថ្ងៃ និងចៀសវាងការហាត់ប្រាណមុនពេលចូលគេង។ ៤ អនុវត្តវិធីសាស្ត្របន្ធូរអារម្មណ៍តានតឹង៖ អាចមានជាការដកដង្ហើមវែងៗ ការម៉ាស្សានិងការសម្រួលសាច់ដុំ។ ជាទូទៅអ្នកអាចស្វែងរកការបង្រៀនទាក់ទងនឹងការអនុវត្តវិធីសាស្រ្តបែបនេះបានតាមរយៈការទិញជាស៊ីឌីសៀវភៅ ឬការរៀនតាមអនឡាញជាដើម។ ៥ ពង្រឹងសាច់ដុំតំបន់ត្រគាក៖ អាចមានជាការហាត់ប្រាណផ្តោតខ្លាំងចំពោះសាច់ដុំអាងត្រគាកឈ្មោះថា Kegel ដែលអាចធ្វើឲ្យប្រសើរឡើងនូវភាពមិនប្រក្រតីនៃទម្រង់របស់តម្រងនោម។ ៦ របបអាហារសមស្រប៖ រួមមានបញ្ចូលនូវបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិចម្រុះមុខ។ គួរកម្រិតអាហារដែលមានផ្ទុកខ្លាញ់ឆ្អែត ប្រេង និងស្ករ។ អ្នកអាចសាកសួរគ្រូពេទ្យរបស់អ្នកថាតើ គួរបន្ថែមការទទួលទានកាល់ស្យូម និងវីតាមីន ដេ ជាអាហារបំប៉នជាប្រចាំថ្ងៃឬយ៉ាងណា។ ៧ ចៀសវាងការជក់បារី៖ ការជក់បារីបង្កើនហានិភ័យនៃការកកើតជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺពុកឆ្អឹង ជំងឺមហារីក និងជំងឺជាច្រើនផ្សេងទៀត។ ម្យ៉ាងការជក់បារីក៏បណ្តាលឲ្យអាការៈក្តៅ ក្រហាយមុខ និងរសាប់រសល់នេះកើនឡើង ក៏ដូចជាធ្វើឲ្យវ័យអស់រដូវកាន់តែឆាប់ជាងមុន។ ៨ លំហាត់ប្រាណទៀងទាត់៖ អាចកាត់បន្ថយភាពប្រឈមនៃជំងឺបេះដូង សរសៃឈាម ពុកឆ្អឹង ទឹកនោមផ្អែម និងជំងឺដែលវិវឌ្ឍតាមអាយុផ្សេងទៀត។ ៩ គួរជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញរោគស្រ្តីឲ្យបានទៀងទាត់។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុខភាពស្រ្តី
ក្រោយដកកងក្នុងដៃចេញអាចមានផ្ទៃពោះភ្លាមទេ?

ការដាក់កងក្នុងដៃជាវិធីសាស្ត្រដ៏ពេញនិយមមួយក្នុងចំណោមវិធីសាស្ត្រពន្យារកំណើតអ័រម៉ូនផ្សេងទៀត។ ក្នុងនោះដែរចម្ងល់ជាច្រើនទាក់ទងនឹងការបញ្ឈប់ការប្រើប្រាស់ និងផលរំខាននានាដែលតែងកើតមានឡើងក្នុងអំឡុងពេលដាក់ និងបន្ទាប់ពីដកចេញនៅតែជាកង្វល់សុខភាពសម្រាប់សុភាពនារីទាំងឡាយ។ ជាក់ស្តែង មានករណីសិក្សារបស់មិត្តអ្នកអានម្នាក់ដែលមានចម្ងល់ពាក់ព័ន្ធនឹងការមានផ្ទៃពោះក្រោយបញ្ឈប់ការប្រើប្រាស់វិធីសាស្រ្តនេះភ្លាម។ សំណួរ៖ នាងខ្ញុំអាយុ ២៧ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៥៨ មានមុខរបរជាអ្នកលក់ដូរ។ ខ្ញុំជ្រើសរើសមធ្យោបាយពន្យារកំណើតដោយការដាក់កងក្នុងដៃតែខ្ញុំដាក់បានតែរយៈពេល ១៨ខែ ក៏សម្រេចចិត្តដកវាចេញ។ មកដល់ពេលនេះខ្ញុំបានដកវាចេញរយៈពេល២ខែ ប៉ុន្តែខ្ញុំមិនមានមករដូវទេ។ ដូច្នេះ ខ្ញុំចង់សួរថា បើមិនទាន់មករដូវចឹង តើខ្ញុំអាចមានផ្ទៃពោះអំឡុងពេលមិនទាន់មានរដូវបានដែរឬទេ? ចម្លើយ៖ ស្ត្រីដែលបានកំពុងប្រើប្រាស់មធ្យោបាយពន្យារដោយដាក់កងក្នុងដៃ អាចប្រឈមក្នុងការមានផ្ទៃពោះតិចជាង ១%ប៉ុណ្ណោះ ថ្វីបើជាវដ្តរដូវរបស់ពួកគាត់មិនមានភាពទៀងទាត់ក៏ដោយ។ គួរបញ្ជាក់ថា ស្ត្រីដែលបានដកកងចេញអាចមានផ្ទៃពោះបានលឿនដូចគ្នាទៅនឹងស្ត្រីដែលបានបញ្ឈប់ការប្រើប្រាស់ការពន្យារកំណើតដោយមិនប្រើអ័រម៉ូនដែរ។ បើរដូវរបស់ប្អូនមកយឺត ប្អូនគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យសម្ភព និងរោគស្ត្រីដើម្បីពិនិត្យមើលថាតើប្អូនមានផ្ទៃពោះ ឬយ៉ាងណា។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សុខភាពស្រ្តី សុខភាពស្រ្តី
ធ្លាក់ស ក្រហាយនិងមានក្លិនអាចប្រាប់ពីអ្វីខ្លះដល់អ្នក?

សុខភាពបន្តពូជរបស់ស្ត្រីពិតជាងាយទទួលរងនូវការគំរាមកំហែងខ្លាំងណាស់ ជាពិសេសការចម្លងរោគពីដៃគូ និងទម្លាប់មិនល្អនៃការធ្វើអនាម័យប្រចាំថ្ងៃ។ រោគសញ្ញា និងភាពគ្រោះថ្នាក់ចំពោះសុខភាពបន្តពូជអាចមានភាពខុសៗគ្នាអាស្រ័យទៅតាមមូលហេតុបង្ក។ករណីសិក្សាខាងក្រោមអាចជាឧទាហរណ៍មួយដែលត្រូវបានសង្ស័យថាជាសញ្ញាណនៃការឆ្លងរោគតាមទ្វារមាស។ សំណួរ៖ នាងខ្ញុំមានអាយុ ២៥ឆ្នាំ ភេទស្រី ទម្ងន់៤៨គីឡូក្រាម ធ្វើការនៅស្ថាប័នឯកជនមួយកន្លែងនៅទីក្រុងភ្នំពេញ។ ប្រមាណជាង ២ខែនេះប្អូនមានអាការៈធ្លាក់សខុសប្រក្រតី មានលក្ខណៈឈឺ ក្រហាយ ពិសេសមានក្លិនទៀតផង។ តើអាការៈនេះបណ្តាលមកពីអ្វី? តើអាចបង្កគ្រោះថ្នាក់ដែរឬទេ? ចម្លើយ៖ រោគសញ្ញាទាំងនេះអាចជាសញ្ញាណនៃជំងឺឆ្លងតាមការរួមភេទ (Sexually transmitted diseases)។ វាអាចបណ្តាលឲ្យមានការឈឺចាប់ និងរលាកត្រង់តំបន់អាងត្រគាក។ វិធីសាស្ត្រតែម៉្យាងគត់ដែលអាចបញ្ជាក់ច្បាស់អំពីប្រភេទនៃការចម្លងនោះគឺអ្នកត្រូវទៅត្រួតពិនិត្យសុខភាពបន្តពូជជាមួយក្រុមគ្រូពេទ្យឯកទេសរោគស្រ្តី។ បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សុខភាពស្រ្តី សុខភាពស្រ្តី
ស្ងួត រមាស់ ក្រហាយទ្វារមាសគួរដោះស្រាយបែបណា?

ស្ងួតទ្វារមាស ជាលក្ខខណ្ឌមួយដែលបណ្តាលឲ្យមានការរមាស់ ក្រហាយ ស្ងួត ឈឺចាប់ជាពិសេសក្នុងអំឡុងពេលរួមភេទដែលកត្តាទាំងនេះពិតជាជះឥទ្ធិពលយ៉ាងអវិជ្ជមានទៅលើគុណភាពជីវិត និងទំនាក់ទំនងដៃគូផងដែរ។ ជាទូទៅ ការស្ងួតទ្វារមាសតែងកើតមានឡើងជាញឹកញាប់ ជាក់ស្តែង ៥០% នៃស្ត្រីអស់រដូវ និងស្រ្តីដែលមិនទាន់អស់រដូវមួយចំនួនតូចបានជួបវិបត្តិនេះ។ មូលហេតុនៃស្ងួតទ្វារមាស នៅពេលកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនបានធ្លាក់ចុះ ស្ត្រីនឹងប្រឈមជាមួយភាពស្ងួតនៃទ្វារមាសជាបញ្ហាចម្បង។ អ័រម៉ូននេះ ជាប្រភេទអ័រម៉ូនស្ត្រីម៉្យាងដែលដើរតួនាទីយ៉ាងសំខាន់ធ្វើយ៉ាងណាឲ្យទ្វារមាសមានសុខភាពល្អ តាមរយៈការរក្សាភាពសើម ភាពយឺត និងកម្រិតអាស៊ីតនៅត្រង់តំបន់ទ្វារមាស។ ចំណែកមូលហេតុបង្កផ្សេងទៀតអាចរាប់បញ្ចូលទាំងលក្ខខណ្ឌសុខភាពមួយចំនួន ព្រមទាំងការលាងសម្អាតប្រចាំថ្ងៃដែលមិនត្រឹមត្រូវផងដែរ។ គួរបញ្ជាក់ថា ការថយចុះនូវកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនអាចបណ្តាលមកពីកត្តាច្រើនប្រភេទ ក្នុងនោះរួមមាន៖ • វ័យក្រោយអស់រដូវ • ចន្លោះវ័យជិតអស់រដូវ • ការវះកាត់ចោលនូវសរីរាង្គអូវែ • ការបំបៅកូនដោយទឹកដោះម្តាយ • ក្រោយសម្រាលកូន • ទម្លាប់ជក់បារី • ផលវិបាកបន្ទាប់ពីទទួលការព្យាបាលជំងឺមហារីកអូវែ តាមរយៈការបញ្ចាំងកាំរស្មី និងការប្រើប្រាស់ថ្នាំគីមី • វិបត្តិនៃប្រព័ន្ធការពាររាងកាយ • ការប្រើប្រាស់ឱសថរារាំងតួនាទីអ័រម៉ូនអឺស្ត្រូហ្សែនដែលប្រើសម្រាប់ព្យាបាលជំងឺ Vterine fibroids ឬ Endometriosis • ការលាងសម្អាតទ្វារមាសបែប Douching ដែលជាប្រភេទលាងសម្អាតជ្រៅចូលទៅខាងក្នុង • ការប្រើប្រាស់ឱសថផ្តាសាយ និងអាល្លែកហ្ស៊ី(អាចជះឥទ្ធិពលលើបុគ្គលមួយចំនួនតូច)។ ដំណោះស្រាយ ការព្យាបាលអាចមានជម្រើសច្រើន និងខុសៗគ្នាអាស្រ័យទៅតាមមូលហេតុបង្កដែលការព្យាបាលទាំងនោះរួមមាន៖ - ការប្រើប្រាស់ក្រែមលាបអឺស្ត្រូហ្សែន ការព្យាបាលប្រភេទនេះត្រូវបានប្រើប្រាស់ញឹកញាប់ជាងគេ ក្នុងករណីមូលហេតុបង្កមកពីកង្វះអ័រម៉ូនអឺស្ត្រូហ្សែន។ វិធីសាស្ត្រនេះត្រូវបានណែនាំឲ្យប្រើប្រាស់តាមរយៈការលាបផ្ទាល់ត្រង់តំបន់ទ្វារមាស ដើម្បីបន្ថយអាការៈឈឺចាប់ រមាស់ ក្រហាយទាំងនោះ។ ម៉្យាង ការប្រើប្រាស់អ័រម៉ូនអឺស្រ្តូហ្សែនតាមវិធីសាស្រ្តបែបនេះ អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកនានា បើប្រៀបធៀបជាមួយការប្រើប្រាស់ដោយលេប ឬចាក់ជាដើម។ - ការប្រើប្រាស់ទឹករំអិល និងសារធាតុផ្តល់សំណើម ក្នុងករណី បញ្ហាស្ងួតទ្វារមាសនៅមានសភាពស្រាលដែលអាចស្តែងចេញតាមរយៈអាការៈឈឺចាប់រាល់ពេលរួមភេទ ឬមានការឈឺចាប់ រមាស់ ក្រហាយបន្តិចបន្តួច នោះស្ត្រីទាំងឡាយអាចប្រើប្រាស់ទឹករំអិលនៅពេលរួមភេទ ឬប្រើប្រាស់សារធាតុផ្តល់សំណើមប្រចាំថ្ងៃទៅតាមការណែនាំរបស់ផលិតផលនីមួយៗ។ - អនុវត្តវិធីសាស្រ្តព្យាបាលនៅផ្ទះ ការផ្លាស់ប្តូររបៀបរបបនៃការស់នៅមួយចំនួនពិតជាអាចជួយកាត់បន្ថយអាការៈស្ងួតទ្វារមាសនេះបានដែលវិធីសាស្ត្រទាំងនេះមានដូចជា៖ + ទម្លាប់នៃការរួមភេទទៀងទាត់៖ ចំពោះស្ត្រីដែលមានដៃគូអាចអនុវត្តការរួមភេទឲ្យបានទៀងទាត់ ព្រោះលក្ខខណ្ឌនេះអាចជួយជំរុញលំហូរឈាម និងរំញោចឲ្យមានការផលិតទឹករំអិលកាន់តែច្រើន។ បន្ថែមពីនេះ ដៃគូអាចផ្តើមការឱប ថើប បំបោសអង្អែលជាមុន ដើម្បីជំរុញការបង្កើនទឹករំអិលមុនពេលចាប់ផ្តើមធ្វើការរួមភេទ។ + ប្រើប្រាស់ផលិតផលអនាម័យត្រឹមត្រូវ៖ ស្រ្តីមួយចំនួនធំ ទម្លាប់ប្រើប្រាស់ទឹកអនាម័យដែលមានក្លិនក្រអូបខ្លាំង ឬការប្រើប្រាស់ Douche ជាប្រចាំដែលជាហេតុបណ្តាលឲ្យកម្រិត pH នៃតំបន់ទ្វារមាសប្រែប្រួល។ + អាហារដែលសម្បូរសារធាតុហ្វីតូអឺស្ត្រូហ្សែន (phytoestrogens)៖ Phytoestrogens ជាសារធាតុដែលមានតួនាទីស្រដៀងនឹងអ័រម៉ូនអឺស្ត្រូហ្សែនក្នុងរាងកាយ។ សារធាតុនេះត្រូវបានរកឃើញក្នុងរុក្ខជាតិជាច្រើនមានដូចជា សណ្តែកសៀង គ្រាប់ធញ្ញជាតិ គ្រាប់ផ្លែឈើ និងតៅហ៊ូ។ ការសិក្សាវិទ្យាសាស្រ្តក៏បានបង្ហាញផងដែរថា phytoestrogens មានទំនាក់ទំនងក្នុងការធ្វើឲ្យប្រសើរឡើងនូវភាពស្ងួតទ្វារមាស និងអាការៈក្តៅក្រហល់ក្រហាយក្នុងរាងកាយដែលបណ្តាលមកពីការថយចុះនៃកម្រិតអ័រម៉ូនអឺស្ត្រូហ្សែន។ + ខោទ្រនាប់ធ្វើពីកប្បាស៖ ខោទ្រនាប់ដែលធ្វើអំពីសាច់កប្បាសអាចសម្រួលខ្យល់ចេញចូលបាន ដែលអាចអនុញ្ញាតឲ្យទ្វារមាសដកដង្ហើមបានយ៉ាងប្រសើរ។ ហេតុនេះការបង្ករោគនានាដែលបណ្តាលឲ្យមានបញ្ហាស្ងួតទ្វារមាស ក៏មិនអាចលូតលាស់បានផងដែរ។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សុខភាពស្រ្តី សុខភាពស្រ្តី
អ្នកណាខ្លះឈឺពោះ ពេលមករដូវ?

ការឈឺចាប់ពេលមានរដូវ គឺជាបញ្ហាមួយដែលប៉ះពាល់ដល់ស្រ្តីទាំងមុន និងអំឡុងពេលមករដូវ។ ការឈឺចាប់ពេលធ្លាក់ឈាមរដូវជាអាការៈស្រាលមួយនិងមិនបានបង្កគ្រោះថ្នាក់អ្វីដល់សុខភាពជាទូទៅនោះទេ ដែលអាការៈនេះច្រើនកើតលើយុវតីទើបមានខែដំបូង។ អាការៈនៃការឈឺចាប់ពេលមករដូវ ឈឺចាប់ពេលមករដូវ ជាអាការៈដែលកើតឡើងនៅពេលមុន និងអំឡុងពេលមករដូវ ហើយអាចអូសបន្លាយរយៈពេល ១ ទៅ២ថ្ងៃជាមធ្យម។ កម្រិតនៃការឈឺចាប់អាចមានកាន់តែខ្លាំងនៅថ្ងៃណាដែលការធ្លាក់ឈាមរដូវមានបរិមាណច្រើន។ ជាក់ស្ដែងអារម្មណ៍ឈឺចាប់អាចស្តែងឡើងតាំងពីឈាមរដូវមិនទាន់មក ហើយជួនកាលអាចអូសបន្លាយយូរហើយក្នុងករណីខ្លះ ការឈឺចាប់នៅមិនទាន់អស់បើទោះបីឈាមរដូវលែងមកហើយទៀតក៏ដោយ។ ដោយហេតុថាការមកឈាមរដូវជាវដ្ត (២៨ថ្ងៃម្តងជាមធ្យម) ដូច្នេះការឈឺចាប់នឹងវិលមកជាថ្មីម្តងទៀតជារៀងរាល់ខែ។ ការឈឺចាប់ព្រោះរដូវ ភាគច្រើនតែងផ្តុំនៅភាគខាងក្រោមនៃពោះ នៅលើថ្ងាស ហើយជួនកាលអាចរាលដាលដល់ខ្នង ចង្កេះ និងភ្លៅ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចឲ្យចុកខ្នងចុកចង្កេះ ក្នុងករណីខ្លះទៀតស្រ្តីអាចមានអាការៈមិនស្រួលខ្លួន នឿយហត់ អស់កម្លាំង ចង់ក្អួត ចង្អោរ រាក ងងឹតមុខ ឈឺក្បាលផងដែរ។ មូលហេតុធ្វើឲ្យឈឺចាប់ពេលមករដូវ បញ្ហាឈឺចាប់នៅពេលមានរដូវបែបនេះច្រើនជាប់ទាក់ទងនឹងបញ្ហាមួយចំនួនដូចជា៖ - ការជក់បារី - ពិសាគ្រឿងស្រវឹង - ស្ត្រេស - កត្តាចំណីអាហារ - កត្តាលំហូរនៃឈាមរដូវ - ការឡើងទម្ងន់ - បញ្ហាសុខភាពមួយចំនួនទៀត និងបញ្ហាក្នុងសង្គមក៏ជាកត្តារួមចំណែកដល់ការឈឺចាប់នៅពេលមករដូវរបស់ស្រ្តី។ ជួនកាលក៏អាចបណ្តាលមកពីការកន្ត្រាក់សាច់ដុំរបស់ស្បូន និងការប្រែប្រួលអ័រម៉ូនដែលកើតមានឡើងក្នុងខ្លួនរបស់ស្រ្តីផងដែរ។ វិធីសាស្រ្តដោះស្រាយអាការៈឈឺចាប់ពេលមករដូវ ជាក់ស្តែង ការឈឺចាប់នេះនឹងបាត់នៅពេលរដូវអស់ហើយវានឹងវិលមកសភាពដូចធម្មតាវិញតាមរយៈវដ្តនៃការមករដូវ។ ដើម្បីដោះស្រាយបញ្ហាអាការៈឈឺចាប់នៅពេលមករដូវ គឺស្រ្តីគ្រប់រូបត្រូវថែរក្សាសុខភាពជាពិសេសក្នុងអំឡុងពេលមករដូវ ដោយអាចអនុវត្តតាមវិធីសាស្រ្តខាងក្រោមរួមមាន៖ - ពិសាទឹកក្តៅ និងឧស្សាហ៍ស្អំទឹកក្តៅនៅលើពោះ៖ ការធ្វើបែបនេះអាចជួយឲ្យអ្នកកាត់បន្ថយការឈឺចាប់បានមួយកម្រិត - ទទួលទានអាហារឲ្យបានត្រឹមត្រូវ៖ អ្នកត្រូវបិរភោគបន្លែ និងសាច់ឲ្យបានច្រើន ព្រោះពេលមករដូវនឹងធ្វើឲ្យអ្នកមានសភាពខ្សោយ និងអស់កម្លាំង។ ការទទួលទានរបបអាហារអាចឲ្យអ្នកមានថាមពលបានឡើងវិញ។ - កាត់បន្ថយការទទួលទានជាតិផ្អាប់ និងជូរ៖ អាហារទាំងនេះអាចធ្វើឲ្យរាំងស្ទះការមករដូវ បង្អាក់ការហូរឈាម ព្រោះប្រសិនបើការមករដូវមានភាពរាំងស្ទះនោះ វាអាចប៉ះពាល់ទៅលើស្បែកមុខ និងដងខ្លួនឡើងកន្ទួលរមាស់ ឬមុន ជាពិសេសក៏អាចបណ្តាលឲ្យក្លិនឈាមមានភាពស្អុយផងដែរ - ការធ្វើលំហាត់ប្រាណ៖ ការហាត់ប្រាណអាចឲ្យសរសៃឈាមរត់បានស្រួល និងមានអារម្មណ៍ថាស្រស់ស្រាយថែមទៀតផង។ អ្នកក៏អាចលេបថ្នាំបំបាត់ការឈឺចាប់ដែលអាចជួយដោះស្រាយបញ្ហាការឈឺចាប់បាន ហើយបើអាចអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកមានការឈឺចាប់ខ្លាំង និងបាត់បង់ឈាមច្រើនពេលមករដូវម្តងៗ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សុខភាពស្រ្តី សុខភាពស្រ្តី សុខភាពស្រ្តី សុខភាពស្រ្តី សុខភាពស្រ្តី
ទម្លាប់អាក្រក់ដែលបង្កឲ្យមានបញ្ហារលាកទ្វារមាស

ជំងឺរលាកទ្វារមាស ជាការរលាកនៅនឹងជញ្ជាំងទ្វារមាសដែលបណ្តាលមកពីពពួកផ្សិត បាក់តេរី វីរុស ឬប៉ារ៉ាស៊ីត។ ជំងឺនេះកើតមានប្រមាណ ៣០%នៃស្រ្តី និងភាគច្រើនលើស្ត្រីក្នុងវ័យបន្តពូជអាយុ ១៥ ទៅ៤៩ឆ្នាំ។ ចំណែកមូលហេតុនៃការបង្ករោគអាចបណ្តាលមកពីកត្តាជាច្រើន ក្នុងនោះទម្លាប់មិនល្អប្រចាំថ្ងៃនានា ក៏បានជះឥទ្ធិពលដល់ការកកើតជាជំងឺនេះផងដែរ។ ចង់ដឹងថាទម្លាប់ទាំងនោះមានអ្វីខ្លះ អាចតាមដានអត្ថបទខាងក្រោម៖ - ចូលចិត្តប្រើសាប៊ូដុសខ្លួន ជំនួសទឹកអនាម័យ ជាទូទៅ សាប៊ូដុសខ្លួនដែលសុភាពនារីចូលចិត្តប្រើភាគច្រើនសុទ្ធតែមានក្លិនក្រអូបខ្លាំង ហើយកំហុសឆ្គងមួយដែលតែងតែកើតឡើងជាញឹកញាប់នោះគឺការទម្លាប់លាងសម្អាតតំបន់ទ្វារមាស ជាមួយសាប៊ូដែលមានក្លិនក្រអូបបែបនេះ។ ចូរចងចាំថាក្លិនក្រអូបទាំងនោះអាចធ្វើឲ្យបាត់បង់តុល្យភាពកម្រិតអាស៊ីត (pH) នៅតំបន់ទ្វារមាសរបស់អ្នកបាន។ តុល្យភាព pH មានតួនាទីក្នុងការរក្សាបាននូវការរស់រានរបស់បាក់តេរីល្អដែលជារបាំងការពារពីការឈ្លានពានមេរោគ និងបាក់តេរីអាក្រក់នានាពីមជ្ឈដ្ឋានខាងក្រៅព្រមទាំងអាចជួយរក្សាសំណើមដល់ទ្វារមាសទៀតផង។ - ទម្លាប់លាងទ្វារមាសជាមួយឧបករណ៍ Douche តាមធម្មតា Douche ត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ក្នុងករណីដែលមានជំងឺនៅទ្វារមាសចំពោះស្រ្តីមួយចំនួន។ តាមការសិក្សាវិទ្យាសាស្ត្រកន្លងមកបានបង្ហាញថា ការប្រើប្រាស់ Douche អាចបង្កជាហានិភ័យជាច្រើនចំពោះសុខភាពទ្វារមាស រួមមានការកើនឡើងនូវការរលាកទ្វារមាស រលាកអាងត្រគាកការពិបាកមានកូន និងជំងឺមហារីកមាត់ស្បូនជាដើម។ គួរបញ្ជាក់ថាមូលហេតុនៃហានិភ័យទាំងនេះ អាចបណ្តាលមកពីបម្រែបម្រួលនៃកម្រិតអាស៊ីត (pH) ព្រោះថា Douche មានផ្ទុកកម្រិតអាស៊ីតខ្ពស់ ព្រមទាំងមានក្លិនក្រអូបផងដែរ។ - ទម្លាប់ស្លៀកខោទ្រនាប់រឹបតឹងខ្លាំង សើម និងគ្មានខ្យល់ចេញចូល ខោទ្រនាប់ជាវត្ថុខាងក្រៅមួយដែលនៅជិតស្និទ្ធនឹងតំបន់ទ្វារមាសជាងគេហេតុនេះប្រសិនបើអ្នកមិនបានផ្លាស់ប្តូរខោទ្រនាប់ជាប្រចាំ ទុកឲ្យសើមផ្អាប់ ឬរឹបតឹងខ្លាំង មិនមានខ្យល់ចេញចូល អ្នកអាចប្រឈមនឹងការកើតជំងឺទ្វារមាសដោយពពួកផ្សិត។ ដូច្នេះ អ្នកគួរផ្លាស់ប្តូរការស្លៀកខោទ្រនាប់រឹបតឹង ឬអាចជ្រើសរើសខោទ្រនាប់ប្រភេទសាច់ក្រណាត់កប្បាស ដែលអាចសម្រួលដល់ខ្យល់ចេញចូលបានល្អជាងប្រភេទសាច់ក្រណាត់ដទៃទៀត ឬអ្នកអាចប្រើប្រាស់សំឡីអនាម័យតូចប្រចាំថ្ងៃដែលងាយស្រួលផ្លាស់ប្តូរ ពេលអ្នករវល់ធ្វើការងារពេញមួយថ្ងៃ។ - លាងសម្អាតផ្នែកខាងក្រោយមកទ្វារមាសខាងមុខ ក្រោយពីបន្ទោបង់រួច ស្ត្រីភាគច្រើនចូលចិត្តមានទម្លាប់បាញ់ទឹកសម្អាតពីទ្វារធំមកទ្វារមាសខាងមុខ។ អ្នកដឹងទេ? ទ្វារធំសម្បូរទៅដោយបាក់តេរីកាចសាហាវច្រើនប្រភេទណាស់ ដោយបាក់តេរីមួយចំនួនមិនបង្កជាជំងឺឡើយនៅទីតាំងទ្វារធំ តែវានឹងបង្កជាជំងឺធ្ងន់ធ្ងរទៅវិញចំពោះទ្វារមាស រួមមានជំងឺរលាកទ្វារមាសជាដើម។ - ហែលទឹករួច ចូលចិត្តផ្អាប់ទុក អាងហែលទឹកតែងមានកម្រិត pH ខ្ពស់ ដែលយើងអាចហៅម៉្យាងទៀតថាកម្រិតបាស។ មជ្ឈដ្ឋានបាសបែបនេះសម្រួលដល់ការលូតលាស់របស់ពពួកផ្សិតដែលជាមូលហេតុបង្កចំពោះការកកើតជំងឺរលាកទ្វារមាស។ ហេតុនេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺអ្នកចាំបាច់ត្រូវរូតរះលាងសម្អាតទ្វារមាសជាមួយទឹកអនាម័យស្ត្រីដែលមាន pH សមរម្យ  រួមជាមួយទឹកស្អាតផងដែរ។ សូមចៀសវាងការផ្អាប់ទុករយៈពេលយូរ! - ប្រើប្រាស់ថ្នាំផ្សះជាញឹកញាប់ ជាក់ស្តែង ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវនៅតែជាកង្វល់ចម្បងចំពោះសុខភាពសាធារណៈទូទាំងសកលលោក ជាពិសេសប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍតែម្តង។ ក្នុងនោះ ការប្រើប្រាស់ថ្នាំផ្សះញឹកញាប់អាចបណ្តាលឲ្យបាក់តេរីល្អរបស់រាងកាយត្រូវបានបាត់បង់ ពីព្រោះការប្រើប្រាស់ថ្នាំផ្សះមិនមែនសម្លាប់តែបាក់តេរីអាក្រក់នោះទេ។ ចំពោះសុខភាពទ្វារមាស ការបាត់បង់បាក់តេរីល្អជាបញ្ហាធ្ងន់ធ្ងរ និងគួរឲ្យបារម្ភ ដោយបាក់តេរីប្រភេទនេះដើរតួនាទីសំខាន់ក្នុងការរក្សាសុខភាពទ្វារមាស បញ្ចៀសពីជំងឺនានា។ សូមកុំប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងដោយមិនបានពិភាក្សាជាមួយគ្រូពេទ្យ! - របបអាហារគ្មានជីវជាតិ អាហារកំប៉ុង អាហារកែច្នៃ ប្រហិត អាហារចៀនបំពងមានយ៉ាងសម្បូរបែបនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ចំពោះសុភាពនារីដែលចូលចិត្តការបរិភោគអាហារបែបនេះ ពិតជាគំរាមកំហែងដល់សុខភាពទ្វារមាសយ៉ាងខ្លាំង។ ផ្ទុយមកវិញ អាហារសម្បូរទៅដោយសារធាតុចិញ្ចឹមមានសមត្ថភាពក្នុងការទ្រទ្រង់សុខភាពរាងកាយទាំងមូល និងសុខភាពទ្វារមាសឲ្យបានរឹងមាំ។ ក្រៅពីការអនុវត្តអនាម័យប្រចាំថ្ងៃដែលត្រឹមត្រូវចំពោះទ្វារមាសសុភាពនារីទាំងឡាយ ចាំបាច់ទទួលទានអាហារសំខាន់ៗមួយចំនួនបន្ថែមទៀតដូចជា បន្លែបៃតង ផ្លែឈើ ទឹកដោះគោជូរជាដើម។ - ការមានដៃគូរួមភេទច្រើន គឺជាកត្តាមួយក្នុងចំណោមកត្តាបង្កចម្បងនៃជំងឺរលាកទ្វារមាសដែលតែងកើតមានជាញឹកញាប់ចំពោះស្ត្រីដែលមានដៃគូរួមភេទច្រើន។ ដូចនេះដើម្បីបញ្ចៀសពីការកើតជំងឺនេះ អ្នកចាំបាច់កម្រិតនូវការមានដៃគូរួមភេទតាមតែអាចធ្វើបាន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សុខភាពស្រ្តី សុខភាពស្រ្តី