ហេតុអ្វីពេលមករដូវខ្ញុំឈឺចាប់ខណៈពេលអ្នកដទៃមិនអី?
នេះជាសំណួរដ៏ពេញនិយមចំពោះសុភាពនារីមួយចំនួនតូច ហើយពេលខ្លះមានអារម្មណ៍ច្រណែនចំពោះសុភាពនារីផ្សេងទៀតដែលមិនធ្លាប់ស្គាល់សោះថាតើការឈឺចាប់នេះមានរសជាតិបែបណា។ ចង់ដឹងថាតើមកពីមូលហេតុអ្វីឲ្យពិតប្រាកដ និងអាចបង្កជាហានិភ័យចំពោះសុខភាពដែរឬទេ? ចម្លើយទាំងនេះមានក្នុងករណីសិក្សារបស់មិត្តអ្នកអានយើងម្នាក់ដែលតែងកើតមានបញ្ហានេះដូចគ្នា៖
សំណួរ៖ នាងខ្ញុំមានអាយុ ២៤ឆ្នាំ កម្ពស់ ១ម៉ែត្រ៥៥ ទម្ងន់៤៥គីឡូក្រាមសព្វថ្ងៃជានិស្សិត។ អំឡុងពេលមករដូវម្តងៗខ្ញុំតែងមានអាការៈចុកពោះខ្លាំង ពិបាកក្នុងការទ្រាំ ពេលខ្លះលេបថ្នាំបំបាត់ការឈឺចាប់តែមិនបាត់ហើយអាការៈបែបនេះកើតឡើងជារៀងរាល់ខែ។ តើអាការៈបែបនេះអាចប៉ះពាល់ទៅថ្ងៃក្រោយដែរឬទេ? បណ្តាលមកពីមូលហេតុអ្វី? មានវិធីការពារដែរឬទេ?
ចម្លើយ៖ ភាសាបច្ចេកទេសវេជ្ជសាស្រ្តដែលត្រូវបានប្រើប្រាស់សម្គាល់លក្ខខណ្ឌឈឺចាប់ក្នុងអំឡុងពេលមករដូវនេះគឺ Dysmenorrhea។ មូលហេតុចម្បងដែលបណ្តាលឲ្យមានការឈឺចាប់គឺបណ្តាលមកពីបម្រែបម្រួលសារធាតុម៉្យាងដែលមានលក្ខណៈដូចអ័រម៉ូនឈ្មោះថា prostaglandins ដែលមានតួនាទីក្នុងការកន្រ្តាក់ជញ្ជាំងស្បូន ដើម្បីបង្ហូរកម្រាស់ឈាមរដូវចេញមកក្រៅ។ ប្រសិនបើកម្រិត prostaglandins កើនឡើងខ្ពស់ នោះការឈឺចាប់នឹងកើនឡើងបន្ថែមជាមួយការឈឺរមួលមួយកម្រិតទៀត។ ការឈឺចាប់នេះអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់ទៀត ដែលជាទូទៅការឈឺនេះនឹងកាន់តែមានភាពធូរស្រាលនៅពេលស្ត្រីមានវ័យកាន់តែចាស់ ឬបន្ទាប់ពីសម្រាលបុត្ររួច។ តាមពិត មានលក្ខខណ្ឌមួយចំនួនតូចទៀតដែលអាចបណ្តាលឲ្យមានការឈឺចាប់នេះផងដែរ ដែលជាទូទៅ ការព្យាបាលទៅលើឫសគល់នៃបញ្ហាទាំងនោះអាចបញ្ឈប់រោគសញ្ញាឈឺចាប់បាន។ លក្ខខណ្ឌបង្កទាំងនោះរួមមាន៖
• Endometriosis៖ ជាការឡើងក្រាស់នៃភ្នាសស្បូនខាងក្រៅតួស្បូនតួយ៉ាងដូចជានៅដៃស្បូនដែលបណ្តាលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ និងធ្ងន់ធ្ងរ ជាងការឈឺចាប់នៃការមករដូវធម្មតា។
• Uterine fibroids៖ មានលក្ខណៈជាការលូតលាស់ប្រភេទកោសិកាមិនមែនមហារីកនៅតាមជញ្ជាំងស្បូន ដែលអាចបណ្តាលឲ្យមានការឈឺចាប់ត្រង់ទីតាំងដែលមានបញ្ហាតែម្តង។
• Adenomyosis៖ ជាលក្ខខណ្ឌដែលកើតមាននៅពេលដែលភ្នាសតួស្បូនចាប់ផ្តើមរីករាលដាលចូលក្នុងជញ្ជាំងស្បូន។
• Pelvic inflammatory disease៖ ជាប្រភេទជំងឺរលាកតំបន់អាងត្រគាកដែលជាការបង្ករោគនៅនឹងសរីរាង្គបន្តពូជ បណ្ដាលមកពីបាក់តេរីតាមរយៈការរួមភេទ។
• Cervical stenosis៖ កើតឡើងនៅពេលមាត់ស្បូនរួមតូចដែលបង្អាក់ដល់លំហូរឈាមរដូវ បង្កឲ្យមានការឈឺចាប់កាន់តែខ្លាំងដោយសារការកើនឡើងសម្ពាធក្នុងតួស្បូន។
ករណីភាគច្រើន ការឈឺរមួលក្នុងអំឡុងពេលមករដូវជាសញ្ញាណវិជ្ជមានបែបធម្មជាតិនៃប្រតិកម្មរបស់រាងកាយចំពោះការដាច់ចេញនៃភ្នាសស្បូន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការឈឺចាប់នេះបានរំខានចំពោះសកម្មភាពប្រចាំថ្ងៃ ឬប្រសិនបើកម្រិតនៃការឈឺចាប់កាន់តែខ្លាំងឡើងៗ ជាពិសេសបន្ទាប់ពីអ្នកមានអាយុលើសពី ២៥ ឆ្នាំ អ្នកចាំបាច់ជួបប្រឹក្សាយោបល់ជាមួយគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តីនៃ Women-Baby’s Center Anna
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ