Menu

[មានវីដេអូ] ជំងឺស្វិតសរសៃភ្នែក ឬ OPTIC NERVE ATROPHY ជាអ្វី?


[មានវីដេអូ] ជំងឺស្វិតសរសៃភ្នែក ឬ OPTIC NERVE ATROPHY ជាអ្វី?

Optic Nerve Atrophy ដែលត្រូវបានហៅថា ជំងឺស្វិតសរសៃភ្នែក គឺជាការផ្លាស់ប្តូរ ឬបំផ្លាញនៃសរសៃអុបទិក ដែលសរសៃនេះមានតួនាទីបញ្ជូនចរន្តរូបភាពពីភ្នែកទៅខួរក្បាល។ គួរបញ្ជាក់ថា ជំងឺស្វិតសរសៃភ្នែក ឬ Optic Nerve Atrophy អាចស្តែងឡើងជារោគសញ្ញាដូចជា ការប៉ះពាល់ទៅលើដែនគំហើញ មើលឃើញព្រិលៗ  ប្រែប្រួលពណ៌ភ្នែកទៅជាស្លេក ពិសេសការពិនិត្យមើលពណ៌ ពីក្រហមទៅជាក្រហមស្រាល ដែលវាគឺជាផលវិបាកនៃជំងឺភ្នែកមួយចំនួន។

អ្វីជាមូលហេតុនៃជំងឺស្វិតសរសៃភ្នែក?
ជំងឺស្វិតសរសៃភ្នែកមានការប្រែប្រួលលឿន ឬយឺត អាស្រ័យទៅតាមប្រភេទនៃជំងឺ និងមូលហេតុបង្កឲ្យមានជំងឺស្វិតសរសៃភ្នែក ដែលរួមមាន៖
•    ជំងឺទឹកដក់ក្នុងភ្នែករ៉ាំរ៉ៃ ៖ ករណីអ្នកជំងឺមិនបានធ្វើការពិនិត្យតាមដានឲ្យបានដិតដល់ ឬមិនទទួលបានការព្យាបាលត្រឹមត្រូវ
•    បញ្ហាគ្រោះថ្នាក់មួយចំនួន ៖ ពិសេសគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ទៅលើក្បាល ឬប៉ះទៅលើតំបន់ជុំវិញភ្នែកអាចនឹងវិវឌ្ឍចាប់ផ្តើមស្វិតសរសៃភ្នែកក្នុងរយៈពេល ២ ទៅ៣ខែក្រោយ
•    បញ្ហារលាកសរសៃអុបទិក ៖ អ្នកជំងឺរលាកសរសៃឈាម ដែលធ្វើឲ្យឈាមទៅចិញ្ចឹមសរសៃឈាមមិនបានគ្រប់គ្រាន់ ជាហេតុបណ្តាលឲ្យសរសៃភែ្នកលែងដំណើរការ ហើយស្វិតតែម្តង
•    បញ្ហាទាក់ទងនឹងដុំសាច់មហារីក ៖ ដុំសាច់ខួរក្បាលអាចទៅសង្កត់លើសរសៃអុបទិកផ្នែកខាងក្រោយ បន្ទាប់ពីគ្រាប់ភ្នែក ដែលធ្វើឲ្យប៉ះពាល់ដល់សរសៃភ្នែក
•    ការប្រើប្រាស់ថ្នាំមួយចំនួនដូចជា ពពួកថ្នាំព្យាបាលជំងឺរបេង ថ្នាំប្រឆាំងនឹងមហារីក
•    តំណពូជ ដូចជាអ្នកជំងឺខ្វាក់មាន់ពីកំណើត ជាដើម។

យន្តការនៃជំងឺស្វិតសរសៃភ្នែក
ជំងឺ Optic Nerve Atrophy នឹងវិវឌ្ឍបន្តិចម្តងៗ អាចមានរយៈពេលវែង និងរយៈពេលខ្លី។អ្នកជំងឺមួយចំនួនធំ មិនអាចព្យាបាលបាននោះទេ វានឹងវិវឌ្ឍទៅរកភាពខូងដោយខ្លួនឯងហើយវាក៏ជាប់ទាក់ទងនឹងមូលហេតុ។ ជាក់ស្តែង អ្នកជំងឺមហារីកអាចនឹងវិវឌ្ឍក្នុងរយៈពេល១ឆ្នាំឈានទៅស្វិតសរសៃភ្នែកតែម្តង។ ករណីអ្នកជំងឺកើតដោយតំណពូជភ្នែករបស់គាត់អាចនៅបានរយៈពេល២០ ទៅ៣០ឆ្នាំ។ ប៉ុន្តែ ចំពោះអ្នកជំងឺទឹកដក់ក្នុងភ្នែកវិញ បើគាត់មិនបានទទួលការព្យាបាលឲ្យបានដិតដល់ទេ នឹងវិវឌ្ឍទៅជាស្វិតសរសៃភ្នែក ហើយឈានទៅរកពិការភាពតែម្តង។ ដូចនេះ យន្តការ និងការវិវឌ្ឍនៃជំងឺស្វិតសរសៃភ្នែក គឺវាអាស្រ័យទៅនឹងប្រភេទជំងឺបង្កហេតុ និងប្រសិទ្ធភាពក្នុងការព្យាបាលផងដែរ។

រោគវិនិច្ឆ័យនៃជំងឺស្វិតសរសៃភ្នែក
ដើម្បីអាចកំណត់ថាជាជំងឺស្វិតសរសៃភ្នែក អ្នកជំងឺត្រូវបានណែនាំឲ្យធ្វើការពិនិត្យភ្នែក ៖
•    ដោយវាស់គំហើញ ហើយកត់ត្រាទុក
•    វាស់ពណ៌ មើលថាអ្នកជំងឺអាចមើលឃើញគ្រប់ពណ៌ ឬអត់
•    ពិនិត្យបាតភ្នែក មើលលើសរសៃអុបទិក (សរសៃអុបទិកធម្មតាមានពណ៌ក្រហមទុំ បើចំពោះអ្នកជំងឺស្វិតសរសៃភ្នែក នោះសរសៃអុបទិកមានពណ៌ស និងមិនឃើញមានសរសៃឈាម)។

ការព្យាបាលជំងឺត្រឹមត្រូវ
អ្នកជំងឺស្វិតសរសៃភ្នែក ទាមទារឲ្យមានការព្យាបាលទៅតាមមូលហេតុ ដូចជា៖
•    ប្រសិនជាបណ្តាលមកពីជំងឺទឹកដក់ក្នុងភ្នែកឬមានដុំសាច់សង្កត់សរសៃភ្នែក អ្នកជំងឺត្រូវធ្វើការព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ឬវះយកដុំសាច់មហារីកចេញ
•    បើមានការរលាកសរសៃអុបទិក អ្នកជំងឺនឹងតម្រូវឲ្យប្រើថ្នាំ ឬប្រភេទវីតាមីនB ដើម្បីការពារមិនឲ្យស្វិតសរសៃអុបទិក
•    ចំពោះអ្នកជំងឺដែលបាន និងកំពុងប្រើថ្នាំប្រឆាំងមហារីក ឬប្រឆាំងជំងឺរបេង គឺត្រូវមកពិនិត្យភ្នែក ដោយវាស់ការមើលឃើញ និងវាស់ពណ៌ជាប្រចាំ ប្រសិនបើថយចុះ អ្នកជំងឺអាចត្រូវណែនាំឲ្យផ្លាស់ប្តូរថ្នាំដែលគាត់ប្រើនោះចេញ
•    ករណីតំណពូជ អ្នកជំងឺត្រូវចៀសវាងរៀបការជាមួយសាច់ញាតិ ដើម្បីបន្ថយហ្សែនដែលអាចកើតជំងឺនេះទៅជំនាន់បន្ទាប់។

ផ្ទុយទៅវិញ អ្នកជំងឺអាចវិវឌ្ឍទៅបាត់បង់គំហើញបាត់បង់សមត្ថភាពក្នុងការមើលពណ៌មួយចំនួន និងអាចឈានដល់ការពិការភ្នែកតែម្តង បើអ្នកជំងឺមិនបានធ្វើការព្យាបាល ឬយឺតយ៉ាវក្នុងការព្យាបាល។

 វិធីសាស្រ្តការពារ
វិធីសាស្រ្ត ដើម្បីការពារកុំឲ្យមានជំងឺស្វិតសរសៃភ្នែកមានដូចជា៖
•    ត្រូវមកពិនិត្យភ្នែកឲ្យបានទៀងទាត់ ឬរាល់ពេលដែលភ្នែកមានអាការៈខុសប្រក្រតីណាមួយកើតឡើង
•    ករណីមានជំងឺទឹកដក់ក្នុងភ្នែក ទឹកនោមផ្អែម លើសសម្ពាធឈាម ហើមបាតភ្នែក រលាកស្រោមខួរ ការប្រើប្រាស់ថ្នាំដែលអាចប៉ះពាល់ដល់សរសៃអុបទិក ឬគ្រួសារ សាច់ញាតិធ្លាប់មានជំងឺនេះ ត្រូវពិនិត្យបាតភ្នែក ជាទៀងទាត់រៀងរាល់៣ ទៅ ៦ខែម្តង
•    បញ្ឈប់ការជក់បារី និងគ្រឿងស្រវឹង
•    ពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ។

ចំពោះសិស្ស និស្សិតវេជ្ជសាស្ត្រ ឬអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រសិនបើជួបអ្នកជំងឺទឹកនោមផ្អែម ទឹកដក់ក្នុងភ្នែក ត្រូវណែនាំគាត់ឲ្យមកពិនិត្យបាតភ្នែកជាប្រចាំ ដើម្បីចៀសវាងកើតជំងឺស្វិតសរសៃភ្នែកដោយមិនដឹងខ្លួន។

បកស្រាយដោយ ៖ សាស្ត្រាចារ្យ ដោរ សីហា ឯកទេសចក្ខុបណ្ឌិត មានតួនាទីជាអនុប្រធានផ្នែកចក្ខុរោគ និងអនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រមទាំងជាអនុប្រធានកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង