Menu

ការមើលឃើញដូចទឹករលក សញ្ញាណនៃ Macular Pucker….


ការមើលឃើញដូចទឹករលក សញ្ញាណនៃ Macular Pucker….

និយមន័យនៃជំងឺ Macular Pucker
Macular Pucker គឺជាជំងឺមួយកើតឡើងនៅនឹងស្រទាប់ខាងលើនៃរ៉េទីនផ្នែកកណ្តាល ដែលជាទីតាំង ទទួលរូបភាព ពន្លឺ និងព័ត៌មានឲ្យភ្នែក អាចមើលឃើញ។ ករណីជំងឺនេះ បង្កឲ្យទៅជាស្នាមនៅខាងលើស្រទាប់រ៉េទីន និងធ្វើឲ្យរ៉េទីនវិវឌ្ឍ ទៅជាជ្រួញផងដែរ។

មូលហេតុ និងកត្តាប្រឈម
បុគ្គលដែលងាយប្រឈមនឹងជំងឺនេះ រួមមាន៖
• អ្នកជំងឺម៉្ញូបខ្ពស់
• អ្នកជំងឺទឹកនោមផ្អែម
• មនុស្សចាស់ មានវ័យចាប់ពីអាយុ៥០ឆ្នាំឡើងទៅ
• អ្នកមានជំងឺភ្នែកមួយចំនួនដូចជា ជំងឺរលាកបាតភ្នែក ជំងឺរលាកកញ្ចក់ភ្នែក បញ្ហាសរសៃឈាម នៅស្រទាប់រ៉េទីន និងការប៉ះទង្គិចចំភ្នែកជាដើម។

រោគសញ្ញា និងយន្តការ
រោគសញ្ញានៃ Macular Pucker ស្តែងឡើងតាមរយៈការប៉ះពាល់គំហើញ៖
• ស្រវាំងភ្នែក
• មើលវត្ថុ ឬរូបភាពអ្វីមួយដូចជាទឹករលក
• មិនសូវច្បាស់ត្រង់ចំណុចកណ្តាល។
យ៉ាងណាមិញ ចំពោះយន្តការរបស់ជំងឺ Macular Pucker គឺនៅពេលដែលអ្នកជំងឺមានអាយុ៥០ឆ្នាំ ឡើងទៅ ស្រទាប់ Vitreous gel ប្រែប្រួលពីលក្ខណៈចាហួយទៅជាទឹក ហើយរបូតចេញ ពីស្រទាប់រ៉េទីន ធ្វើឲ្យរ៉េទីនមានភាពជ្រួញ និងមានស្នាម ដែលជាហេតុបង្កឲ្យទៅជាជំងឺ Macular Pucker។

ការធ្វើរោគវិនិច្ឆ័យ
ការធ្វើរោគវិនិច្ឆ័យទៅលើជំងឺ Macular Pucker គឺផ្អែកទៅលើកត្តាពីរយ៉ាង៖
• ការសាកសួរពីរោគសញ្ញារបស់អ្នកជំងឺដូចជា ស្រវាំងភ្នែក​ ឬការមើលឃើញរូបភាពជាទឹករលក ដូចបានរៀបរាប់ខាងលើ។
• គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺពិនិត្យស្រទាប់បាតភ្នែកដោយប្រើម៉ាស៊ីន Optical Coherence Tomography (OCT) ដើម្បីឲ្យដឹងថាស្រទាប់បាតភ្នែក ឬរ៉េទីនមានអ្វីនៅពីលើ ដោយចំណាយតែ១០នាទី ក្នុងការដឹងពីលទ្ធផលថាមានជំងឺ Macular Pucker ឬEpiretinal membrane។

ការព្យាបាល និងផលវិបាក
ការព្យាបាលធ្វើឡើងក្រោយពីគ្រូពេទ្យធ្វើរោគវិនិច្ឆ័យច្បាស់លាស់ បើករណីអ្នកជំងឺមានរោគសញ្ញាស្រាល ឬគ្រាន់តែ ស្រវាំងភ្នែក នោះគាត់នឹង មិនតម្រូវឲ្យធ្វើការវះកាត់នោះទេ។ ដោយឡែក បើសិនគាត់មានលេចចេញជារោគសញ្ញា ធ្ងន់ធ្ងរ ឬប៉ះពាល់ទៅលើគំហើញខ្លាំង គ្រូពេទ្យនឹងធ្វើការវះកាត់តាមរបៀបម៉្យាងដែលហៅថា Vitrectomy ដោយវះយកចេញនូវ Vitreous gel និងជំនួសមកវិញដោយសេរ៉ូមប្រៃ។ បន្ទាប់មក គ្រូពេទ្យនឹង ធ្វើការកាត់យកនូវស្នាម នៅពីលើស្រទាប់បាតភ្នែកនោះចេញ ដែលវាជាមូលហេតុបង្កឲ្យមាន Macular Pucker នេះឡើង។ ទោះជាយ៉ាងណាក៏ដោយ ក្រោយពីការព្យាបាល អ្នកជំងឺនឹងទទួលបានគំហើញតែពាក់កណ្តាល ប៉ុណ្ណោះ។ ដោយឡែក បើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលា ឬយឺតយ៉ាវក្នុងការព្យាបាល គាត់នឹងអាច បាត់បង់គំហើញកាន់តែធំទៅៗ និងរហូតដល់មិនអាចធ្វើការព្យាបាលដោយជោគជ័យបាន។

វិធីសាស្រ្តការពារ
ដើម្បីការពារពីជំងឺ Macular Pucker ចាំបាច់ត្រូវត្រួតពិនិត្យភ្នែកជាប្រចាំទាំងផ្នែកខាងក្នុង និងបាតភ្នែក ការពារមិនឲ្យមានការប៉ះទង្គិច រក្សាអនាម័យភ្នែកឲ្យបានត្រឹមត្រូវ និងបរិភោគអាហារមានវីតាមីន ឲ្យបានគ្រប់គ្រាន់។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ុន សារិន ឯកទេសចក្ខុរោគ មានតួនាទីជាអនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង