Menu

លំហាត់ប្រាណ ៤ប្រភេទជួយដល់សុខភាពសួតកាន់តែប្រសើរ


លំហាត់ប្រាណ ៤ប្រភេទជួយដល់សុខភាពសួតកាន់តែប្រសើរ

តើអ្នកមានដឹងទេថា សូម្បីតែសរីរាង្គសួតរបស់អ្នកក៏ត្រូវការលំហាត់ប្រាណដើម្បីសុខភាពដែរ? ដោយហេតុថាសួតមានមុខងារសំខាន់ក្នុងការបញ្ជូនអុកស៊ីសែនពីបរិយាកាសខាងក្រៅចូលទៅក្នុងចរន្ដឈាម និងបញ្ចេញនូវឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។ ដូចនេះ ហេលស៍ថាម ប្រូ សូមណែនាំនូវលំហាត់ប្រាណដែលជួយដល់សុខភាពសួតរបស់អ្នកឲ្យកាន់តែប្រសើរ និងរឹងមាំ៖

• Aerobic៖ ការធ្វើលំហាត់ប្រាណតាមបែប Aerobic អាចធ្វើបានច្រើនវិធីសាស្រ្ត ឬច្រើនរបៀបដើម្បីបង្កើនសមត្ថភាពរបស់កោសិកាសួតនិងបេះដូងរបស់អ្នកសម្រាប់ការស្រូបយកអុកស៊ីសែន និងជួយសម្រួលដល់ការដកដង្ហើមផងដែរ ដោយហេតុថាវាអាចជួយធ្វើឲ្យសាច់ដុំធំៗក្នុងរាងកាយធ្វើការក្នុងចង្វាក់ស៊ីមេទ្រីគ្នា។ ផ្ទុយទៅវិញ វាក៏ជួយកាត់បន្ថយនូវភាពអស់កម្លាំង បង្កើនភាពរឹងមាំ ជួយជំរុញ ឬពង្រឹងកោសិកាសួត និងបេះដូងឲ្យមានសុខភាពល្អ ព្រមទាំងជួយការគ្រប់គ្រងទម្ងន់ បង្កើនកាល់ឡូរីដែលរាងកាយប្រើប្រាស់។ ដូច្នេះ យ៉ាងហោចណាស់អ្នកគួរចំណាយពេលត្រឹមតែ ២០នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ គួរបញ្ជាក់ថាការធ្វើលំហាត់ប្រាណតាមបែប Aerobic រួមមានការដើរ ការជិះកង់ និងការរត់ជាដើម។

• Abdominal Breathing៖ ថ្វីត្បិតការធ្វើលំហាត់ប្រាណបែបនេះស្តាប់ទៅសាមញ្ញ តែវាអាចជួយបង្កើនសមត្ថភាព និងពង្រឹងសរីរាង្គសួតឲ្យមានសុខភាពល្អ មិនចាញ់ការធ្វើលំហាត់ប្រាណផ្សេងទៀតឡើយ។ លើសពីនេះ វាក៏ជួយដល់លំហូរឈាមក្នុងរាងកាយ និងសម្រួលក្នុងការដកដង្ហើមផងដែរ។ អ្នកគ្រាន់តែគេងនៅលើកម្រាលរាបស្មើ ដោយយកដៃម្ខាងដាក់លើពោះដៃម្ខាងដាក់លើដើមទ្រូង យកខ្នើយដាក់ទ្រនៅចំជង្គង់របស់អ្នករួចធ្វើការដកដង្ហើមចូលឲ្យវែងរយៈពេល៧វិនាទី បន្ទាប់មកធ្វើការដកដង្ហើមចេញយឺតៗ ធ្វើបែបនេះសារចុះសារឡើងឲ្យបាន១០ដង។ ត្រឹមតែ ៥នាទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពសួត និងបេះដូងរបស់អ្នកកាន់តែល្អ និងគ្មានជំងឺ។

• Rib Stretch៖ អ្នកធ្លាប់សាកល្បងធ្វើលំហាត់ប្រាណបែបនេះហើយឬនៅ? វាពិតជាប្លែក ហើយថែមទាំងអាចជួយកាត់បន្ថយនូវភាពតានតឹង ស្ត្រេស ជាពិសេសជួយពង្រឹងសមត្ថភាពសួត និងបេះដូងរបស់អ្នកឲ្យមានសុខភាពល្អផងដែរ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណបែបនេះត្រូវធ្វើការជ្រើសរើសទីតាំង ឬទីកន្លែងដែលមានទេសភាពស្រស់បំព្រងស្ងប់ស្ងាត់ អាកាសធាតុល្អ រួមជាមួយវាលស្មៅខៀវខ្ចី នោះនឹងធ្វើឲ្យអ្នកកាន់តែធ្វើបានយ៉ាងមានប្រសិទ្ធភាព។ ជំហានដំបូង អ្នកត្រូវឈរដោយលាដៃសន្ធឹងឲ្យស្របនឹងដងខ្លួន និងរក្សាខ្នងឲ្យត្រង់ ឬយកដៃទាំងពីរសង្កត់នៅលើឆ្អឹងជំនីរទាំងសងខាង បន្ទាប់មកធ្វើការដកដង្ហើមចូលរយៈពេល ១០ ទៅ១៥វិនាទី ទើបដកដង្ហើមចេញយឺតៗមកវិញ។ អ្នកគ្រាន់តែយកដៃទាំងពីរមកច្រត់លើចង្កេះរបស់អ្នកហើយធ្វើការបង្វិលទៅស្តាំបន្តិច ទៅឆ្វេង ៤ ទៅ៥ដងដើម្បីសម្រួលដល់លំហូរឈាម និងដកដង្ហើមបានកាន់តែប្រសើរ។ អ្នកអាចអនុវត្តលំហាត់ប្រាណបែបនេះពីរ ទៅបីដងក្នុងមួយថ្ងៃ ដោយធ្វើមួយដង រយៈពេល ២ ទៅ៥នាទីជាការស្រេច។

• ការហែលទឹក៖ សកម្មភាពលំហាត់ប្រាណមួយដ៏ល្អបំផុត សម្រាប់មនុស្សគ្រប់រូប មិនថាបុរស ឬស្រ្តីក្មេង ឬចាស់នោះទេ សុទ្ធតែអាចធ្វើបានទាំងអស់។ ការធ្វើលំហាត់ប្រាណហែលទឹកមានសារប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពរបស់អ្នក ពិសេសសុខភាពសួត និងបេះដូង ដោយអាចជួយលើកកម្ពស់ការដកដង្ហើមឲ្យបានធូរស្រាល ពីព្រោះសកម្មភាពនៃការហែលទឹកបានរួមបញ្ចូលការបន្សាំនៃការប្រើប្រាស់អុកស៊ីសែនពេលរាងកាយស្ថិតនៅក្រោមទឹក។ ម៉្យាងវិញទៀត វាក៏ជួយរក្សាបរិមាណខ្យល់នៅក្នុងសួត កាត់បន្ថយភាពតានតឹង លើកកម្ពស់ដំណើរឈាមរត់ឲ្យប្រសើរឡើង ព្រមទាំងធ្វើឲ្យអ្នកទទួលបានអារម្មណ៍រីករាយផងដែរ។ គួរកត់សម្គាល់ដែរថា ការថែរក្សាសុខភាពសួតឲ្យបានល្អ មិនស្ថិតនៅលើការទទួលទានអាហារដែលមានសារធាតុបំប៉នតែមួយមុខនោះទេ ប៉ុន្តែត្រូវគួបផ្សំជាមួយការធ្វើលំហាត់ប្រាណផងដែរ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង