Menu

ងាយៗដែលបុគ្គលិកការិយាល័យគួរដឹង


ងាយៗដែលបុគ្គលិកការិយាល័យគួរដឹង

អ្នកធ្វើការនៅការិយាល័យមួយចំនួន ជារឿយៗតែងចំណាយពេលវេលាជាច្រើនម៉ោងមិនសម្រាកដើម្បីធ្វើការឲ្យ ឆាប់ចប់ ទោះបីជាពេលខ្លះឈឺចង្កេះ ឈឺក្បាលជាដើម ហើយអ្វីដែលកាន់តែសោកស្តាយទៀតនោះ លទ្ធផលការងារដូចជាមិនសូវគាប់ចិត្ត។

តាមពិតទៅ ប្រសិនបើអ្នកយល់ដឹងពីគន្លឹះមួយចំនួនដែលមិនត្រឹមតែជួយសម្រួលដល់អាការៈមិនល្អពេលកំពុងធ្វើការប៉ុណ្ណោះទេ តែថាមិនត្រូវថែមទាំងទទួលបានលទ្ធផលល្អថែមទៀតផង។ ដូច្នេះ ហេលស៍ថាម សូមលើកយកចំណុចខ្លះៗមកបង្ហាញដែលអ្នកធ្វើការក្នុងការិយាល័យទាំងអស់គួរតែយល់ដឹង៖
•ឧស្សាហ៍ធ្វើចលនា
អង្គុយធ្វើការយូរទៅសាច់ដុំភ្នែក និងដៃក៏នឿយហត់ មិនស្វាហាប់ទៅតាមហ្នឹងដែរ ហើយអង្គុយក៏មិនស្រួល ថែមទាំងរួយក រួយខ្នងទៀត ដូច្នេះតើគួរធ្វើដូចម្តេច ដើម្បីធ្វើឲ្យធូរស្រាល? អ្នកធ្វើការគួរតែសម្រាកដោយងើបឈរបន្តិច ពត់ខ្លួនទៅឆ្វេងស្តាំ ឬ ដើរទៅក្រៅ ដើម្បីទទួលយកនូវអារម្មណ៍ថ្មីមកធ្វើការបន្ត។
•សម្រាក
ប្រសិនបើអ្នកមានអារម្មណ៍ថារាងរឹង ឬ ឈឺចង្កេះ ពេលកំពុងធ្វើការ អ្នកអាចសម្រាករួច ដើរជុំវិញការិយាល័យក្នុងរយៈពេល១០ទៅ២០នាទី ព្រោះការធ្វើបែបនេះអាចជួយសម្រួលឆ្អឹងសរសៃបានមួយផ្នែក បន្ថែមពីនេះ អ្នកក៏ប្រហែលជាអាចនឹកគិតឃើញគំនិតថ្មីក៏ថាបាន។
•ឧស្សាហ៍ក្រោកឈរ
ការអង្គុយយូរពេកធ្វើឲ្យរបត់ឈាមរត់មិនល្អ មានអាការៈឈឺក្បាល ហេតុដូចនេះ អ្នកគួរតែឧស្សាហ៍ក្រោកឈរធ្វើចលនាយ៉ាងហោចណាស់រាល់៣០នាទីម្តង។ ដើម្បីកុំឲ្យអ្នកភ្លេច អ្នកគប្បីកំណត់នាទីក្នុងទូរស័ព្ទដៃដើម្បីទុកជាការក្រើនរំលឹក។
•សឺរេកុំព្យូទ័រឲ្យស្មើនឹងភ្នែក
ដើម្បីទទួលបានភាពងាយស្រួល ដោយមិនចាំបាច់អោន ឬ ងើយពេលកំពុងធ្វើការ អ្នកគួរតែធ្វើយ៉ាងណាដាក់កុំព្យូទ័រពីមុខឲ្យស្មើកម្រិតភ្នែក ហើយដាក់ចម្ងាយប្រវែងដៃរបស់អ្នក ដើម្បីចៀសវាងសម្លឹងយូរទៅស្រវាំង និងនឿយហត់។
•អង្គុយត្រង់ខ្លួន
មនុស្សមួយចំនួនតែងអង្គុយខ្នងមិនត្រង់ពេលធ្វើការ ជាហេតុនាំឲ្យពួកគាត់ឆាប់រួយចង្កេះ ដូច្នេះអ្នកគួរតែអង្គុយធ្វើយ៉ាងណាឲ្យខ្នងត្រង់ ឬ ជ្រើសរើសប្រភេទកៅអីមានទ្រនាប់សម្រាប់ទ្រខ្នង។ ធ្វើបែបនេះអាចឲ្យអ្នកធ្វើការផ្ចង់អារម្មណ៍បានយូរ មិនបាច់ខ្វល់រឿងឈឺចង្កេះ។
•ទុកតែរបស់ចាំបាច់
ដើម្បីរក្សាបរិយាកាសធ្វើការបានល្អ ចៀសវាងភាពរញ៉េរញៃពេលធ្វើការ អ្នកគួរតែទុកឯកសារ និងរបស់ប្រើប្រាស់ដែលចាំបាច់នៅជិតខ្លួន ឬ លើតុបានហើយ។ អ្នកមិនគួរទុករបស់ច្រើនដែលមិនត្រូវការនៅក្បែរខ្លួននោះទេ ព្រោះអាចធ្វើជ្រុះនេះ ជ្រុះនោះ មានអារម្មណ៍ឆេវឆាវ ពិបាកធ្វើការ។
•ចលនាលំហាត់ប្រាណងាយៗ
លំហាត់ប្រាណពោះ
១.ការលើកជើង
នរណានិយាយថាអ្នកត្រូវតែអង្គុយជាប់នឹងកៅអីដោយមិនគួរធ្វើសកម្មភាពអ្វីទាំងអស់? លំហាត់ប្រាណមួយនេះអាចជួយសម្រកក្បាលពោះ និងជួយឲ្យចង្កេះរាងតូចបាន ដោយអ្នកគ្រាន់តែអង្គុយលើកៅអី ហើយលើកជើងឡើងលើម្តងម្ខាងៗក្នុងរយៈពេលមួយសមស្របតាមដែលអ្នកអាចធ្វើបាន។
 ២.ការពត់ខ្លួនស្របពេលអង្គុយ
អ្នកត្រូវអង្គុយនៅចុងកៅអី ហើយទប់ខ្លួនឲ្យជាប់ ដោយបញ្ឈរខ្នងឲ្យត្រង់ រួចងាកមកខាងឆ្វេង រួចងាកខាងស្តាំឲ្យអស់ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល៥វិនាទី។ អ្នកអាចអនុវត្តបែបនេះពី៥ទៅ៦ដងតាមចិត្តរបស់អ្នក។
 លំហាត់ប្រាណកដៃ និងម្រាមដៃ
ធ្វើការងារជាមួយនឹងកុំព្យូទ័រយូរពេកធ្វើឲ្យកដៃ និងម្រាមដៃដូចជាចុកខ្លាំង ហេតុដូចនេះ អ្នកគួរតែហាត់ពត់ដៃ បន្តិចបន្តួចជាមួយសកម្មភាពខាងក្រោម៖
១.ពត់បាតដៃ
អ្នកអាចឈរ ឬ អង្គុយក៏បាន ប្រសិនបើអ្នកអង្គុយ ត្រូវបញ្ឈរខ្នងឲ្យត្រង់ ពន្លាតដៃឲ្យអស់ យកដៃស្តាំទាញម្រាមដៃ និងបាតដៃខាងឆ្វេងមកក្រោយ ហើយរក្សាសកម្មភាពនេះក្នុងរយៈពេល ៣០វិនាទី រួចផ្លាស់ប្តូរដៃ។ អ្នកអាចអនុវត្តសកម្មភាពនេះ ៥ ទៅ ៦ដង ដើម្បីទទួលបានលទ្ធផលពីការស្ពឹក។
 ២. សង្កត់កំភួនដៃចូលគ្នា
អង្គុយឲ្យត្រង់ ហើយផ្គុំដៃចូលគ្នានោះពីមុខទ្រូង ដោយឲ្យកែងដៃឡើងលើបន្តិច បន្ទាប់មកពត់ទៅខាងឆ្វេង ហើយពត់មកខាងស្តាំវិញដោយអនុវត្តក្នុងរយៈពេល១០វិនាទី រួចចាប់ផ្តើមឡើងវិញ។ អ្នកអាចអនុវត្តច្រើនដងដើម្បីជួយសម្រួលស្មា និងកំភួនដៃ។
 
ឆ្លៀតបាន គួរតែឆ្លៀតខ្លះ…កុំឲ្យសម្ពាធផ្លូវកាយ បន្ថែមពីលើសម្ពាធការងារ ហើយនាំឲ្យបាត់បង់នូវប្រសិទ្ធភាពការងារអី…


Share:

អត្ថបទទាក់ទង