អស់ចម្ងល់ពីជំងឺស្អូច
ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅប្រទេសមួយចំនួនដែរសុទ្ធតែធ្លាប់កើតជំងឺស្អូច ប៉ុន្តែក្នុងនោះក៏មានប្រជាជនមួយចំនួនមិនដែលបានជួបប្រទះនឹងជំងឺនេះក្នុងជីវិតរបស់គេផងដែរ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ពីជំងឺស្អូចនេះ ហេលស៍ថាម បានធ្វើកិច្ចសម្ភាសន៍ជាមួយ វេជ្ជបណ្ឌិត «គឹម អាង» ដែលជាសាស្រ្តាចារ្យផ្នែករោគកុមារនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេស នៃមន្ទីរពេទ្យកុមារជាតិ ដែលលោកបានបកស្រាយយ៉ាងក្បោះ-ក្បាយពីជំងឺមួយនេះ ៖
តើអ្វីទៅជាជំងឺស្អូច?
បើផ្អែកទៅតាមអង្គការសុខភាពពិភពលោក ជំងឺស្អូចជាជំងឺឆ្លងប្រភេទស្រាលជាទូទៅបង្កឡើងពីវីរុស ដែលជាញឹកញាប់កើតមានលើកុមារ និងមនុស្សវ័យជំទង់។ ប្រទេសកម្ពុជាមិនទាន់មានទិន្នន័យច្បាស់លាស់ពីចំនួនប្រជាជនកើតមានជំងឺនេះនៅឡើយទេ គ្រាន់តែដឹងថាមានកុមារកើតជំងឺនេះច្រើន។ ប្រសិនបើវីរុសស្អូចឆ្លងទៅស្ត្រីមានផ្ទៃពោះ នោះនឹងបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬទារកកើតស្អូចពីកំណើត ដែលក្នុងនោះអង្គការសុខភាពពិភពលោកមានទិន្នន័យស្តីពីទារកកើតជំងឺស្អូចពីកំណើតប្រមាណ១០០,០០០នាក់ជារៀងរាល់ឆ្នាំ។
តើជំងឺស្អូចបង្កឲ្យមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញានៃជំងឺស្អូចដែលលេចឡើងមានដូចជា ចេញកន្ទួលតូចៗលើស្បែកមុខ ឬ ក រួចរាលដាលដល់ខ្លួន ក្តៅខ្លួនតិចតួច (ចន្លោះ៣៨អង្សា) ខ្លះក្អួតចង្អោរ ភ្នែកក្រហម ឬកើតកូនកណ្តុរនៅក្រោយត្រចៀក ក ជាដើម។ តែក៏អាចមានការឈឺសន្លាក់តិចតួចផងដែរចំពោះមនុស្សពេញវ័យ។ ស្អូច ជាជំងឺឆ្លងជាពិសេសឆ្លងតាមតំណក់តូចៗតាមរយៈទឹកមាត់ កណ្តាស់របស់អ្នកជំងឺដែលស្ថិតនៅក្នុងដំណាក់កាលដំបូង ដោយពួកគេកើតមានកន្ទួលលើស្បែកហើយអំឡុងពេលពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំជារយៈពេលឆ្លងបំផុត។
តើរោគវិនិច្ឆ័យអាចធ្វើបានតាមរបៀបណាខ្លះ?
ដោយស្អូចជាជំងឺស្រួចស្រាល ដូច្នេះចំពោះការធ្វើរោគវិនិច្ឆ័យ គឺពឹងផ្អែកទៅលើរោគសញ្ញាដែលបានរៀបរាប់ខាងលើ។ យ៉ាងណាមិញ ស្អូចមានលក្ខណៈពិសេសខុសពីជំងឺផ្សេងបន្តិចត្រង់មានឡើងកូនកណ្តុរនៅក្រោយត្រចៀក ឬកដែលផ្តល់លក្ខណៈងាយស្រួលដល់ឪពុកម្តាយអាចធ្វើរោគវិនិច្ឆ័យបានដោយខ្លួនឯង។ ក្រៅពីនេះ រោគវិនិច្ឆ័យក៏អាចធ្វើបានតាមរយៈការពិនិត្យឈាម ដោយឲ្យគេរកមើលប្រព័ន្ធការពារ (Immunoglobulin G and Immunoglobulin M ) របស់ជំងឺស្អូច។ ប្រសិនបើរកឃើញ Immunoglobulin M (IgM) នោះមានន័យថាអ្នកឆ្លងជំងឺនេះថ្មីៗ តែផ្ទុយទៅវិញ បើរកឃើញ Immunoglobulin G (IgG) នោះមានន័យថា យើងធ្លាប់កើតជំងឺនេះ ឬចាក់វ៉ាក់ស៊ាំង ហើយមានប្រព័ន្ធការពារស្អូចរួចហើយ។ វិធីសាស្រ្តនេះអាចអនុវត្តបានលុះត្រាតែមានបញ្ហាស្មុគស្មាញខ្លាំងក្នុងការធ្វើរោគវិនិច្ឆ័យតែប៉ុណ្ណោះ។
តើវិធីព្យាបាលជំងឺស្អូចមានអ្វីខ្លះ?
ការព្យាបាលជំងឺស្អូច គឺព្យាបាលតាមរោគសញ្ញា មានន័យថាបើអ្នកជំងឺក្តៅខ្លួន ត្រូវប្រើប្រាស់ថ្នាំក្តៅខ្លួន បើបាត់បង់ជាតិទឹក ឬក្អួត ត្រូវបន្ថែមជាតិទឹក(បញ្ចូលសេរ៉ូម) បំបៅដោះដល់ទារក សម្រាក និងញុំាឲ្យបានគ្រប់គ្រាន់ នោះអ្នកជំងឺនឹងជាក្នុងរយៈពេល៥ថ្ងៃទៅមួយសប្តាហ៍។ ជំងឺស្អូចមិនអាចលាប់ឡើងវិញទេ ព្រោះអ្នកជំងឺ ដែលកើតស្អូចហើយតែងមានប្រព័ន្ធការពារជំងឺនេះ ប៉ុន្តែគ្រូពេទ្យ និងប្រជាជនមួយចំនួនមានការច្រឡំរោគសញ្ញានេះនឹងប្រភេទជំងឺផ្សេងទៀតដែលមានរោគសញ្ញាស្រដៀងគ្នា ហេតុនេះដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ គឺចាំបាច់ត្រូវប្រើវិធីពិនិត្យឈាម(IgG និងIgM)។
ជាទូទៅ ជំងឺស្អូចមិនបង្កគ្រោះថ្នាក់ដល់ជីវិតទេព្រោះវាជាជំងឺស្រាល ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់ដោយការថែទាំមិនបានត្រឹមត្រូវចំពោះអ្នកជំងឺ ដូចជាក្តៅខ្លួនខ្លាំង បាត់បង់ជាតិទឹកច្រើន មិនបានព្យាបាលជាដើម និយាយរួម គឺស្លាប់ដោយសារផលវិបាកនៃការមិនបានទទួលការព្យាបាល។
ជាការពិតណាស់ ស្អូចជាជំងឺមួយមិនគួរបារម្ភខ្លាំងទេតែអ្វីដែលចោទជាបញ្ហា គឺជំងឺស្អូចពីកំណើត ដូច្នេះវិធីការពារពិតជាមានសារៈសំខាន់។ ជំងឺស្អូចពីកំណើតអាចបង្កឲ្យក្មេងកើតមកមានលក្ខណៈមិនពេញលេញមាន ជំងឺផ្សេងៗដូចជា ពិការភាព បេះដូងមានបញ្ហា បញ្ហាខួរក្បាលមិនមានផលិតភាព ក្រពេញទីរ៉ូអ៊ីតបំពេញមុខងារមិនបានត្រឹមត្រូវ ដែលនេះសុទ្ធតែទាមទារការចំណាយខ្ពស់ក្នុងការព្យាបាលហើយក៏ជាបន្ទុកដ៏ធ្ងន់ធ្ងរមួយចំពោះប្រទេសដែលជួបបញ្ហាបែបនេះ។ ដូច្នេះ ដើម្បីបង្ការបញ្ហាដ៏គួរឲ្យព្រួយបារម្ភនេះ ស្រ្តីស្ថិតនៅវ័យអាចបង្កកំណើតគួរតែចាក់វ៉ាក់ស៊ាំងការពារជំងឺស្អូច គឺចាក់មុនពេលមានផ្ទៃពោះ។
ជាក់ស្តែង ការចាក់វ៉ាក់សាំងលើទារកត្រូវបាន បញ្ចូលក្នុងកម្មវិធីជាតិដែលក្នុងនោះមានវ៉ាក់សាំងការពារស្អូច និងកញ្ជ្រឹលក្នុងម្ជុលតែមួយ ដោយធ្វើការចាក់នៅអាយុ៩ខែ និងចាក់រំលឹកនៅអាយុ១៨ខែ ដើម្បីឲ្យក្មេងមានប្រព័ន្ធការពារតាំងពីតូចតែម្តង និងចៀសវាងជំងឺស្អូច ពីកំណើតដែលជាបញ្ហាចោទដ៏ធ្ងន់ធ្ងរ។
ថ្វីត្បិតតែស្អូចជាជំងឺស្រាលងាយស្រួលព្យាបាលមិនមានអ្វីធំដុំគួរឲ្យបារម្ភ តែយើងមិនអាចមិនអើពើ ឬធ្វេសប្រហែសនឹងជំងឺនេះបានទេ។ ការធ្វេសប្រហែសអាចបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬកើតស្អូចពីកំណើត ដែលអាចនឹងផ្តល់ផលវិបាកខ្លាំងដល់ក្រុមគ្រួសារក៏ដូចជាសង្គមជាតិទាំងមូល។ ដូចនេះ ការចាក់វ៉ាក់សាំងការពារ ជាវិធីសាស្រ្តតែមួយគត់ក្នុងការពារកុំឲ្យបញ្ហាដ៏គួរឲ្យភ័យខ្លាចនេះកើតមានឡើង។