Menu

ល្អ ឬអាក្រក់ចំពោះស្បែក?


ល្អ ឬអាក្រក់ចំពោះស្បែក?

ស្បែកស្អាត ហើយមានសុខភាពល្អ មិនត្រឹមតែបានមកពីការថែរក្សានោះទេ គ្រប់យ៉ាងជុំវិញខ្លួនអ្នក រួមទាំងខ្លួនអ្នកផ្ទាល់សុទ្ធតែជាកត្តាមានឥទ្ធិពលដល់ស្បែក។ តែថា តើកត្តាទាំងនោះមានអ្វីខ្លះ? ផ្តល់នូវផលល្អ ឬអាក្រក់ដល់សុខភាពស្បែក? ហើយតើយើងគួរធ្វើបែបណាចំពោះវា?

ពន្លឺព្រះអាទិត្យ
ល្អ៖ យើងមិនគួរព្យាយាមគេចវេសពីការប៉ះជាមួយនឹងពន្លឺព្រះអាទិត្យទាំងស្រុងនោះទេដោយហេតុថាវាអាចជួយជម្រុញការផលិតវីតាមីនD និងគ្រប់គ្រងជំងឺសើស្បែករ៉ាំរ៉ៃមួយចំនួន។
អាក្រក់៖ ប្រសិនបើអ្នកប៉ះផ្ទាល់ជាមួយនឹងពន្លឺព្រះអាទិត្យលើសកម្រិតពិសេសក្នុងពេលដែលពន្លឺមានដង់ស៊ីតេខ្ពស់  ចន្លោះម៉ោង១១ព្រឹកដល់ម៉ោង៣រសៀល  អាចធ្វើឲ្យប៉ះពាល់DNAនៃកោសិកាស្បែក ជាមូលហេតុចម្បងដែលធ្វើឲ្យស្បែករលាក   ខូចខាតកូឡាជែន ស្បែកឆាប់ចាស់ជាងវ័យ និងមានចំនុចខ្មៅ ហើយសំខាន់បំផុត វាអាចបណ្តាលឲ្យមានមហារីកស្បែកថែមទៀត។    ហេតុដូចនេះ គួរចៀសវាងការប៉ះពាល់ផ្ទាល់ជាមួយកម្តៅថ្ងៃក្នុងដង់ស៊ីតេខ្ពស់  ប្រើឡេការពារកម្តៅថ្ងៃ និងសម្លៀកបំពាក់វែងៗ។

បរិយាកាស និងបរិស្ថាន
អាក្រក់៖ ចំពោះបរិយាកាសកខ្វក់ ផ្ទុកនូវធូលីដី អាចបិទរន្ធញើស  និងធ្វើឲ្យកើនឡើងនូវការលូតលាស់របស់បាក់តេរី ដែលជាមូលហេតុចម្បងធ្វើឲ្យកើតមុន និងស្នាមអុជខ្មៅ។  ម៉្យាង ការបំពុលដោយសារធាតុគីមីដែលមើលមិនឃើញក្នុងខ្យល់     អាចបង្អាក់ប្រព័ន្ធការពារធម្មជាតិរបស់ស្បែក    ដោយបំផ្លាញប្រេងធម្មជាតិដែលជួយផ្តល់សំណើមដល់ស្បែក និងធ្វើឲ្យស្បែកទន់។   ដោយឡែក ចំពោះអាកាសធាតុត្រជាក់ តែងធ្វើឲ្យស្បែកប្រឈមជាមួយនឹងការកើតរមាស់ ស្ងួត ជាហេតុបង្កើននូវការផលិតជាតិប្រេងលើស្បែក ដើម្បីទប់ទល់នឹងបញ្ហាស្បែកស្ងួតនោះ។ ការប្រើប្រាស់ឡេផ្តល់សំណើមដល់ស្បែក និងញ៉ាំទឹកឲ្យបានច្រើនអាចកាត់បន្ថយបញ្ហានេះបានមួយកម្រិតធំ។

របបអាហារ
ល្អ៖ ចំណីអាហារដែលអ្នកញ៉ាំរាល់ថ្ងៃពិតជាសំខាន់ និងមិនត្រូវមើលរំលង ពិសេសគឺត្រូវតែគ្រប់គ្រាន់ទាំងបរិមាណ   និងគុណភាព ហើយសម្បូរដោយវីតាមីន សារធាតុរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រភេទអាហារមានពណ៌មួយចំនួន ដែលវាអាចជួយកាត់បន្ថយភាពភាពចាស់ជ្រីវជ្រួញនៃស្បែក។
អាក្រក់៖ ផ្ទុយមកវិញ ប្រសិនបើរបបអាហាររបស់អ្នកមិនមានសារធាតុខាងលើគ្រប់គ្រាន់ទេនោះ វានឹងធ្វើឲ្យស្បែកឆាប់ចាស់ជាងវ័យ។

ការជក់បារី
អាក្រក់៖ ដោយសារនៅក្នុងបារីមានផ្ទុកនូវសារធាតុគ្រោះថ្នាក់ជាច្រើនធ្វើឲ្យការផ្គត់ផ្គង់អុកស៊ីហ្សែនទៅកាន់ស្បែកមិនបានគ្រប់គ្រាន់បន្ថយការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំលើស្បែក ជាពិសេសបំផ្លាញកូឡាជែន ធ្វើឲ្យស្បែកខូចខាត  និងងាយមានជំងឺសើស្បែកផងដែរ។ ដូចនេះ ជម្រើសល្អបំផុត គឺកាត់បន្ថយ ឬបញ្ឈប់ការជក់បារីតែម្តង។

ជាតិអាល់កុល
អាក្រក់៖ ការញ៉ាំសារធាតុអាល់កុលច្រើនកាលណា នឹងធ្វើឲ្យអ្នកខ្សោះជាតិទឹកច្រើនកាលនោះ។ ការថយចុះនូវបរិមាណជាតិទឹកពីក្នុងខ្លួន  បង្កឲ្យស្បែកកាត់បន្ថយសំណើមធម្មជាតិបង្កើតជាស្នាមជ្រួញលើស្បែក ជាហេតុធ្វើឲ្យអ្នកចាស់ជាងវ័យ។ ដូចនេះអ្នកត្រូវបញ្ឈប់ការញ៉ាំអាល់កុល ដើម្បីឲ្យស្បែកអ្នកមានសុខភាពល្អ។

ស្ត្រេស
អាក្រក់៖ ស្រេ្តសអាចនឹងបង្ហាញឡើងតាមរយៈស្បែករបស់អ្នកក្រោមរូបភាពជា មុន និងជំងឺសើស្បែកមួយចំនួន ព្រោះនៅពេលស្ត្រេស រាងកាយរបស់អ្នកនឹងបញ្ចេញអ័រម៉ូនcortisol ទទួលខុសត្រូវក្នុងការបង្កើនការផលិតប្រេងក្នុងស្បែក។  ត្រូវចាំថាគ្មានផលិតផលថែរក្សាសម្រស់ណាដូចនឹងការដែលអ្នកមានអារម្មណ៍ផ្លូវចិត្តល្អនោះទេ។

អាយុច្រើន
អាក្រក់៖ អាយុកាន់តែច្រើន ស្បែករបស់អ្នកនឹងកាន់តែកាត់បន្ថយការផលិតប្រូតេអ៊ីន២ប្រភេទសំខាន់  គឺកូឡាជែន   ដែលមាននាទីជួយការពារភាពចាស់ជ្រីវជ្រួញនៃស្បែក និងអេឡាស្ទីន ទទួលខុសត្រូវក្នុងការរក្សាភាពយឺតនៃស្បែក។

អ័រម៉ូន
ល្អ៖ អឺស្ត្រូសែន ជាអ័រម៉ូនដែលអាចជួយឲ្យស្បែកស្រស់ស្អាតដោយវាមាននាទីជម្រុញការផលិតកូឡាជែន ដែលធ្វើឲ្យស្បែកមានភាពហាប់ណែន មានសំណើម និងទន់រលោង។
អាក្រក់៖ ករណីមានបម្រែបម្រួលថយចុះអឺស្ត្រូសែន បណ្តាលឲ្យមានការបង្កើនបរិមាណតេសស្តូស្តេរ៉ូន   ជាលទ្ធផល ធ្វើឲ្យរន្ធញើសរីកធំ បង្កើនការផលិតប្រេង និងរោមនៅលើមុខរបស់អ្នក។

អ្នកប្រហែលជាបាន និងកំពុងប្រឈមយ៉ាងហោចណាស់ក៏មួយចំណុចដែរ មែនទេ? អញ្ចឹង ជាពេលដែលអ្នកត្រូវរកដំណោះស្រាយកុំឲ្យកត្តាទាំងនោះជាហេតុធ្វើឲ្យស្បែកអ្នកមានបញ្ហាបន្តទៀតហើយ…


Share:

អត្ថបទទាក់ទង