COPD ជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ
និយមន័យ
ជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ ឬCOPD គឺជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលមិនអាចព្យាបាលឲ្យត្រឡប់មកធម្មតាវិញទេ។ ជំងឺនេះ វិវឌ្ឍសន្សឹមៗ ស្តែងឡើងដោយសារការបឺតយកខ្យល់ពុល រួមផ្សំនឹងការរលាកមិនធម្មតា។ ជំងឺនេះ ត្រូវបានគេចាត់ទុកថាជាជំងឺដែលធ្វើឲ្យមានការរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់អ្នកជំងឺ ដោយសារតែវាធ្វើឲ្យអ្នកជំងឺពិបាកដកដង្ហើម ពិសេសពេលដកដង្ហើមចេញ និងមានកំហាក។ ហេតុការទាំងនេះ កើតឡើងដោយសារតែការត្បៀតផ្លូវដង្ហើម ពិសេសផ្នែកខាងក្រោម ដែលធ្វើឲ្យខូចខាតដល់ការដោះដូរឧស្ម័ន និងបន្ថយបរិមាណនៃការដកដង្ហើមចូល។
ជំងឺនេះ អាចញែកចេញពីជំងឺហឺតនិងជំងឺរីកទងសួតដោយសារ៖
•ការកកើត៖ COPD កើតពីការប៉ះពាល់ផ្សែងពុលយូរអង្វែង ជាពិសេសផ្សែងបារី ហើយធ្វើឲ្យខូចរចនាសម្ព័ន្ធរបស់ថង់សួត ភាគច្រើនកើតឡើងលើមនុស្សចាស់ មិនសូវជួបចំពោះក្មេងទេ ឯជំងឺហឺត កើតឡើងដោយសារប្រតិកម្មនឹងអាល្លែកហ្សែន ធ្វើឲ្យប្រព័ន្ធភាពស៊ាំកើនឡើង និងមានកើតលើមនុស្សគ្រប់វ័យ ជាពិសេសកុមារ។
•ការព្យាបាល៖ ការប្រើប្រាស់ថ្នាំបើកទងសួតមិនអាចធ្វើឲ្យអ្នកជំងឺCOPD បានធូរស្បើយច្រើនដូចអ្នកជំងឺហឺតនោះទេ។
មូលហេតុ
មូលហេតុនៃជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ ចម្បងគេគឺ ផ្សែងបារី ទាំងការជក់ និងស្រូបយកផ្សែង។ ក្រៅពីនេះ សារធាតុពុលនៅក្នុងបរិយាកាស ជាពិសេសផ្សែងពុលជាដើម ក៏ជាមូលហេតុនៃជំងឺនេះដែរ។ សារធាតុទាំងនេះ ធ្វើឲ្យផ្លូវដង្ហើមរលាករ៉ាំរ៉ៃ រហូតវិវឌ្ឍទៅជាជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ។
រោគសញ្ញា
ភាគច្រើនអ្នកជំងឺមានអាការៈដូចជា ក្អក មានស្លេស្ម ពិបាកដកដង្ហើម និងតឹងទ្រូងរ៉ាំរ៉ៃ។
រោគវិនិច្ឆ័យ
ក្នុងការធ្វើរោគវិនិច្ឆ័យដោយ ការសាកសួរអ្នកជំងឺ អំពីរោគសញ្ញានានាដូចជា មានក្អក ឡើងស្លេស្មច្រើន ហត់រយៈពេលយូរ។ អ្នកជំងឺ មានប្រវត្តិជក់បារី ឬធ្វើការប៉ះពាល់ជាមួយផ្សែងរយៈពេលច្រើនឆ្នាំ ហើយស្ថានភាពអ្នកជំងឺវិវឌ្ឍអាក្រក់ទៅអាក្រក់ទៅ។
តេស្តពិនិត្យមុខនាទីផ្លូវដង្ហើម(Epreuve Fonctionelle Respiratoire) បញ្ជាក់ពីវត្តមាននៃជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ និងដំណាក់កាលនៃជំងឺនេះ។ អ្នកជំងឺត្រូវបានតម្រូវឲ្យផ្លុំក្នុងបំពង់ ដែលមានភ្ជាប់នឹងម៉ាស៊ីន Spirometer។ម៉ាស៊ីននេះ បង្ហាញពីចំណុះខ្យល់ដែលបញ្ចេញក្នុង១វិនាទី(FEV-1)និងបរិមាណខ្យល់ក្នុងសួត (FVC)។
ការធ្វើផលធៀបនៃតម្លៃទាំងពីរដែលត្រូវបានបែងចែកជា៤ដំណាក់កាល៖
•ដំណាក់កាល០៖ កម្រិតស្រាល FEV-1/FVC>7០% , FEV-1>8០%តែអ្នកជំងឺមានក្អក ស្លេស្មច្រើន និងមានសញ្ញាហត់។
•ដំណាក់កាលទី១៖ កម្រិតធ្យម FEV1/FVC<៧០%, FEV-1>៨០%។
•ដំណាក់កាលទី២៖ កម្រិតធ្ងន់ធ្ងរ ដែលត្រូវបានបែងចែកជា២ដំណាក់កាលផ្សេងទៀតរួមមាន·
-ដំណាក់កាលទី២A៖ FEV1/FVC<៧០%, 50% -ដំណាក់កាលទី២B៖ FEV1/FVC<៧០% , 30% •ដំណាក់កាលទី៣៖ កម្រិតធ្ងន់ធ្ងរខ្លាំង FEV1/FVC<៧០% , FEV-1<30% ក្រៅពីនេះ នៅមានតេស្តមួយចំនួនទៀតដែលអាចបង្ហាញពីជំងឺនេះបានដូចជា៖
•ការធ្វើតេស្តឈាមដើម្បីរកបរិមាណអុកស៊ីសែន និងឧស្ម័នកាបូនិកក្នុងឈាម។
•ការពិនិត្យបរិមាណអុកស៊ីសែនតាមឧបករណ៍សាមញ្ញ។
•ការឲ្យអ្នកជំងឺដើរ ហើយតាមដានស្ថានភាពហត់របស់អ្នកជំងឺ ដូចជា៖
-ការដើរលើប្លង់រាបស្មើ
-ការឡើងជណ្តើរ
-ការដើរលើប្លង់ទ្រេត
-ពេលធ្វើការតិចតួច ស្លៀកពាក់ ជាដើម។
តេស្តទាំងអស់ ត្រូវផ្គួបគ្នាជាមួយនឹងប្រវត្តិរបស់អ្នកជំងឺ ទើបអាចបញ្ជាក់បាននូវវត្តមាននៃជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ។
ការព្យាបាល
ការព្យាបាលដំបូង គឺត្រូវធ្វើការអប់រំអ្នកជំងឺ ដូចជា
•បញ្ឈប់ការជក់បារី ឬចៀសពីកន្លែងដែលមានផ្សែងបារី
•ថែសុខភាពកុំឲ្យមានជំងឺផ្សេងទៀត (លើសឈាម ឬធាត់ខ្លាញ់ច្រើន)
•កុំធ្វើការច្រើន
•ពន្យល់លើកទឹកចិត្តអ្នកជំងឺ ពន្យល់ណែនាំ ធ្វើយ៉ាងណាកុំឲ្យអ្នកជំងឺបាក់ទឹកចិត្ត។
•ណែនាំឲ្យចាក់វ៉ាក់ស៊ាំង ការពារផ្តាសាយ ឬការរលាកសួត ព្រោះជំងឺទាំងនេះអាចបណ្តាលឲ្យហត់កាន់តែខ្លាំង។
ជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃត្រូវព្យាបាលតាមកម្រិត៖
•ដំណាក់កាល០៖ មិនត្រូវការប្រើថ្នាំទេ តែត្រូវឲ្យអ្នកជំងឺប្តូរទម្លាប់ឈប់ជក់បារី ឬស្ថិតនៅឆ្ងាយពីផ្សែងពុល។
•ដំណាក់កាលទី១៖ អាចឲ្យអ្នកជំងឺប្រើថ្នាំជួយបើកទងសួតប្រភេទបាញ់ពេលហត់។
•ដំណាក់កាលទី២៖ ប្រើថ្នាំជួយបើកទងសួតប្រភេទលេប។
•ដំណាក់កាលទី៣៖ ប្រើថ្នាំច្រើនមុខចូលគ្នា រួមមានថ្នាំប្រឆាំងការរលាក (ពពួកស្តេរ៉ូអ៊ីត) ថ្នាំបើកទងសួត (ពពួកTheophylline)។
ផលវិបាក
ជំងឺនេះ អាចបណ្តាលឲ្យមានបញ្ហាសុខភាពផ្សេងទៀត ដូចជា៖
•ងាយនឹងកើតជំងឺឆ្លងនៅសួត
•ប្រឈមខ្ពស់នឹងបញ្ហាពុកឆ្អឹង ជាពិសេសពេលអ្នកប្រើពពួកថ្នាំស្តេរ៉ូអីុត
•ប្រឈមនឹងការខូចបេះដូងខាងស្តាំ ជាដើម។
បកស្រាយដោយ ៖ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គុយ ណូ ឯកទេសជំងឺធ្ងន់ សណ្តំ សង្គ្រោះបន្ទាន់ និងជំងឺសួត ទទួលសញ្ញាបត្រពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ មន្ទីរពេទ្យ Lany, Hôtel Dieu នៃទីក្រុងប៉ារីសនិងទីក្រុង Ghent នៃប្រទេសប៊ែលសិក
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ