Menu

មណ្ឌលសុខភាពនៅកម្ពុជា


មណ្ឌលសុខភាពនៅកម្ពុជា

មណ្ឌលសុខភាពគឺជាទីកន្លែងមួយដែលសហគមន៍ទៅទទួលសេវាសុខភាព។ មន្រ្តីមណ្ឌលសុខភាពផ្តល់ជូនសេវាសុខភាពដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់សហគមន៍។ ការងាររបស់មណ្ឌលសុខភាពជាមួយនឹងឃុំ សង្កាត់ គឺដើម្បីរក្សាសហគមន៍ឲ្យមានសុខភាពល្អ និងរស់នៅក្នុងជីវិតប្រកបដោយសុខុមាលភាព។

តើមណ្ឌលសុខភាពផ្ដល់ជូនសេវាសំខាន់ៗអ្វីខ្លះ?
១. សេវាសុខភាពម្តាយ ទារក កុមារ និងសុខភាពបន្តពូជ៖
• ការថែទាំមុនពេលសម្រាល
• ការសម្រាលធម្មតា និងការសម្រាលដោយមានអន្តរាគមន៍
• ការថែទាំក្រោយសម្រាល
• ការចាក់ថ្នាំបង្ការដល់កុមារ និងម្តាយ/ស្រ្តី
• អាហារូបត្ថម្ភ
• ការថែទាំទារកទើបនឹងកើត
• ការបង្ការការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន
• សមាហរណកម្មទទួលបន្ទុកពិនិត្យព្យាបាលជំងឺកុមារ (សពជក)
• ការពន្យារកំណើត និងសុខភាពបន្តពូជរបស់មនុស្សពេញវ័យ។
២. សេវាផ្នែកជំងឺឆ្លង
• ជំងឺកាមរោគ
• ជំងឺអេដស៍
• ជំងឺរបេង
• ជំងឺឃ្លង់
• ជំងឺគ្រុនចាញ់/ ជំងឺគ្រុនឈាម
• ជំងឺផ្តាសាយបក្សី។
៣. សេវាផ្នែកជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងទៀត
• ជំងឺលើសឈាម
• ជំងឺទឹកនោមផ្អែម
• ជំងឺមហារីកសុដន់/ មហារីកមាត់ស្បូន
• សុខភាពផ្លូវចិត្ត
• សុខភាពមាត់ធ្មេញ
• ការថែទាំភ្នែក
• ការវះកាត់ និងការថែទាំរបួស។
៤. ការផ្តល់សេវាទៅសហគមន៍
• ការផ្តល់ថ្នាំបង្ការដល់ស្រ្តី និងកុមារ
• ការផ្តល់គ្រាប់ថ្នាំជីវជាតិអាដល់កុមារដែលមានអាយុពី ៦ ទៅ៥៩ខែ
• ការផ្តល់ថ្នាំគ្រាប់ជាតិដែក និងអាស៊ីតហ្វូលិកដល់ស្រ្តីមានផ្ទៃពោះ និងថ្នាំទម្លាក់សត្វល្អិតដល់ស្រ្តីមុន និងក្រោយពេលសម្រាល
• ការផ្តល់សេវាពន្យារកំណើត
• ការស្រាវជ្រាវជំងឺរបេង
• ការធ្វើតេស្ត និងព្យាបាលជំងឺគ្រុនចាញ់ឆាប់រហ័ស
• ការថែទាំមុនសម្រាល និងក្រោយសម្រាល
• ការតាមដានការលូតលាស់របស់កុមារដែលមានអាយុក្រោម ៥ឆ្នាំ
• ការអប់រំ និងលើកកម្ពស់សុខភាព។
៥. សេវាអប់រំ និងលើកកម្ពស់សុខភាពផ្សេងទៀតមណ្ឌលសុខភាពបានផ្តល់សេវាអប់រំសុខភាពនានាទាក់ទងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងបញ្ហាសុខភាពផ្សេងៗទៀតដូចជា គ្រឿងញៀន ការផ្តាច់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងគ្រឿងស្រវឹងជាដើម។

តើត្រូវបង់សេវាប៉ុន្មាននៅពេលទៅមណ្ឌលសុខភាពទាំងនោះ?
នៅគ្រប់មណ្ឌលសុខភាពទាំងអស់នឹងមានបិទតារាងតម្លៃសេវាជាប់ទៅនឹងជញ្ជាំងក្នុងមណ្ឌលសុខភាពនោះ។ តម្លៃសេវារបស់មណ្ឌលសុខភាពអាចខុសគ្នាបន្តិចបន្តួចទៅតាមខេត្ត និងស្រុកនីមួយៗដោយយោងទៅតាមកម្រិតចំណូលចំណាយរបស់មណ្ឌលសុខភាព លក្ខខណ្ឌជីវភាពរបស់ប្រជាជន (តាមរយៈគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ស្រុកប្រតិបត្តិមន្ទីរសុខាភិបាលខេត្ត ឬក្រសួងសុខាភិបាល)។ ការបង់ថ្លៃសេវាសុខភាពនឹងត្រូវបានលើកលែងចំពោះអ្នកជំងឺណាដែលមានប័ណ្ឌក្រីក្រ។ ប្រសិនបើអ្នកជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម អ្នកក៏អាចទទួលបានគ្រប់សេវាទាំងអស់ផងដែរ ដោយពុំមានចេញប្រាក់សម្រាប់បង់ថ្លៃអ្នកប្រើប្រាស់ឡើយ។

គោលការណ៍ណែនាំប្រតិបត្តិការ
សេវាបង្ការ គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីការពារអ្នក និងគ្រួសាររបស់អ្នកពីការធ្លាក់ខ្លួនឈឺ និងដើម្បីធានាថាគ្រួសាររបស់អ្នកមានសុខភាពល្អ។ ចូរចងចាំថា ”ការការពារប្រសើរជាងព្យាបាល” ចូរថែទាំគ្រួសាររបស់អ្នកឲ្យមានសុវត្ថិភាព និងសុខភាពល្អ។ សូមសម្គាល់ថា៖ ប្រសិនបើអ្នកមិនមានសៀវភៅសុខភាពមាតា ឬកុមារទេសូមកុំបារម្ភ ព្រោះមណ្ឌលសុខភាពនឹងចេញសៀវភៅថ្មីឲ្យអ្នក។ វាជាការសំខាន់ប្រសិនបើអ្នកមានសៀវភៅតាមដានសុខភាពជាប់មកជាមួយដើម្បីឲ្យពេទ្យអាចមើលប្រវត្តិអ្នកជំងឺ។

តើយើងទាក់ទងទៅកាន់មណ្ឌលសុខភាពបានដោយរបៀបណា?
គ្រប់មណ្ឌលសុខភាពទាំងអស់ត្រូវបើកបម្រើការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍។ ចូរទៅកាន់មណ្ឌលសុខភាពដើម្បីជួបគ្រូពេទ្យប្រចាំការ។ គ្រប់មណ្ឌលសុខភាពទាំងអស់សុទ្ធតែបានចាត់ចែងមន្ត្រីប្រចាំការគ្រប់ពេលសម្រាប់ទទួលអតិថិជន។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង