Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

វិធីសាស្រ្តបឺតសម្បោរឲ្យទារកដែលត្រឹមត្រូវ

សារធាតុរំអិលដែលជាស្លេស្ម ឬសម្បោរ តែងកើតមានឡើងនៅរាល់ពេលផ្លូវដង្ហើមរបស់កូនតូចមានការចម្លងរោគ។ បើទោះបីស្លេស្មទាំងនោះអាចជួយទប់ទល់ និងចាប់មេរោគដែលបង្កនោះចេញមកក្រៅ ប៉ុន្តែវាបានផ្ដល់ភាពរំខានដល់ដំណកដង្ហើម និងប៉ះពាល់ដល់ការគេងរបស់ពួកគាត់ទៅវិញ។ ដោយហេតុថាទារក ឬក្មេងតូចៗមិនអាចខ្ជាក់ស្លេស្មដោយខ្លួនឯងនោះទើបទាមទារឲ្យយើងជាឪពុកម្តាយជួយយកស្លេស្ម ឬសម្បោរទាំងនោះចេញ។ ជាក់ស្តែងការបឺតស្លេស្ម ក៏ត្រូវមានដំណាក់កាលក្នុងការអនុវត្តរួមជាមួយសម្ភារមួយចំនួនដែលលោកអ្នកអាចស្វែងយល់បានតាមរយៈអត្ថបទខាងក្រោម៖

អំពីការបឺតស្លេស្ម ឬសម្បោរ
ការបឺតសម្បោរ គឺជាការយកសារធាតុរាវ ឬសម្បោរចេញពីក្នុងច្រមុះ មាត់ បំពង់ក ដោយប្រើនូវឧបករណ៍មួយដែលមានឈ្មោះថា Bulb syringe (ស៊ឺរ៉ាំងដែលមានក្បាលជាអំពូលជ័រ) ឬកាតេទែសម្រាប់បឺត (បំពង់ជ័រស្តើងដែលអាចបត់បែនបាន)។ ការបឺតសម្បោរគួរតែត្រូវធ្វើមុនញ៉ាំអាហារដើម្បីឲ្យគាត់ដកដង្ហើមបានស្រួល និងញ៉ាំអាហារបានច្រើន។ កាតេទែបឺតស្លេស្ម ភាគច្រើនត្រូវបានប្រើដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងអ្នកជំនាញព្យាបាលដោយចលនាព្រោះវាទាមទារម៉ាស៊ីន និងជំនាញក្នុងការប្រើប្រាស់។ សម្រាប់ Bulb syringe វិញ ឪពុកម្តាយ និងអាណាព្យាបាលរួមទាំងបុគ្គលិកសុខាភិបាលសុទ្ធតែអាចប្រើបាន។

ពេលណាអ្នកគួរបឺតសម្បោរឲ្យកូនអ្នក
ការតឹងច្រមុះបណ្តាលមកពីសម្បោរច្រើន អាចធ្វើឲ្យកូនតូចពិបាកក្នុងការដកដង្ហើម ធ្វើឲ្យគាត់មួម៉ៅ ជាពិសេសពេលគាត់គេង និងញ៉ាំអាហារ។ ដូច្នេះអ្នកគួរបឺតសម្បោរឲ្យគាត់នៅពេល៖
ក្មេងតូចដែលមិនអាចក្អកបញ្ចេញស្លេស្មមកក្រៅបាន
សំឡេងក្រតៗនៃសម្បោរ
ពិបាកដកដង្ហើម
ទារកឡើងស្វាយនៅជុំវិញភ្នែក មាត់ ក្រចកដៃ ក្រចកជើង
កូនអ្នកហាក់ដូចជារញ៉ាំរញ៉ូវ ឬយំមិនឈប់ទោះជាលួងយ៉ាងណាក៏ដោយ
ដកដង្ហើមញាប់ ឬបេះដូងដើរញាប់
ស្លាបច្រមុះបើកធំពេលដកដង្ហើមចូល
ស្បែកនៅទ្រូង ក ចន្លោះឆ្អឹងជំនីររបស់គាត់ផតចូលពេលដកដង្ហើមម្តងៗ។

របៀបនៃការបឺតសម្បោរ
សម្ភាររៀបចំក្នុងការបឺតសម្បោរមានដូចជា៖ សេរ៉ូមប្រៃ Bulb syringe ក្រណាត់ ឬក្រដាសទន់ ដែលរបៀបនៃការបឺតស្លេស្មមានដំណាក់កាលដូចខាងក្រោម៖
១. ត្រូវច្របាច់ខ្យល់ឲ្យអស់ពីអំពូលជ័រ “Bulb syringe” និងនៅច្របាច់ជាប់
២. ដាក់ផ្នែកខាងចុងរបស់វាចូលក្នុងច្រមុះទារក
៣. ប្រលែងដៃច្របាច់អំពូលចេញឲ្យខ្យល់ធាក់ចូលដែលនេះធ្វើឲ្យសម្បោរចេញពីច្រមុះចូលក្នុងអំពូលជ័រ
៤. ច្របាច់សម្បោរចេញដាក់លើក្រដាស
៥. បឺតម្ខាងទៀតដោយធ្វើដូចគ្នា
៦. បើសិនសម្បោរខាប់ពេក អាចពង្រាវជាមួយសេរ៉ូមប្រៃដោយបន្តក់សេរ៉ូមប្រៃខ្លះចូលច្រមុះគាត់
៧. ជូតសម្បោរដែលប្រឡាក់លើច្រមុះទារកឲ្យបានស្អាត ចៀសវាងរលាកស្បែកនៅបរិវេណនោះ
៨. ក្នុងការបឺតសម្បោរ អាចធ្វើបានយ៉ាងច្រើនត្រឹម ៤ដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីការពារការរលាកច្រមុះ។

ក្រោយបឺតសម្បោរហើយ ត្រូវលាង Bulb syringe ឲ្យបានស្អាតជាមួយទឹកក្តៅឧណ្ហៗលាយជាមួយសាប៊ូ។ អង្រួន ឬក្រឡុក bulb បន្ទាប់មកច្របាច់ bulb ឲ្យច្រើនដងក្នុងទឹកសាប៊ូដើម្បីឲ្យសម្បោរដែលនៅសល់ចេញឲ្យអស់។ ចុងក្រោយលាងជាមួយទឹកស្អាត ២ទៅ៣ដងជាការស្រេច។

បញ្ហាដែលអាចកើតមានពេលបឺតស្លេស្ម
បឺតខ្លាំងពេកអាចធ្វើឲ្យច្រមុះរបស់គាត់ហើម ឬហូរឈាមតិចតួច ដោយអ្នកអាចយកសំឡីខ្ទប់
បើបឺតសម្បោរ ៣០នាទីក្រោយញ៉ាំអាហារ នោះកូនតូចរបស់អ្នកអាចក្អួត
ការបឺតសម្បោរអាចធ្វើឲ្យកូនលោកអ្នកមានអារម្មណ៍ស្រេ្តស ប៉ុន្តែអាការៈនោះអាចបាត់ទៅវិញបន្ទាប់ពីរយៈពេល ២ ទៅ៣នាទី នៅពេលដែលសម្បោរត្រូវបានបឺតចេញ និងបានសម្រួលដល់ការដកដង្ហើមឡើងវិញ។
 
សញ្ញាដែលត្រូវស្វែងរកជំនួយពីវេជ្ជបណ្ឌិត
ក្មេងក្អកមកមានឈាមស្រស់
សម្បោរមានលាយឡំទៅដោយឈាម
ក្រោយបឺតសម្បោរហើយ មានឈាមហូរមិនឈប់
នៅតែពិបាកដកដង្ហើម បើទោះបីជាបឺតសម្បោរហើយក៏ដោយ
សម្បោរកាន់តែច្រើន
សម្បោរប្តូរពណ៌
សម្បោរកាន់តែខាប់ទៅៗ បើទោះជាយើងបានបន្តក់សេរ៉ូមប្រៃចូលច្រមុះគាត់ហើយក៏ដោយ
ក្តៅខ្លួន (កម្តៅរាងកាយលើសឬស្មើ ៣៨អង្សា)
បបូរមាត់ ឬក្រចកប្តូរពណ៌ទៅជាក្រម៉ៅ។

សម្បោរ និងការតឹងច្រមុះអាចជាទៅវិញដោយឯកឯងក្នុងអំឡុងពេល៤ ទៅ៥ថ្ងៃព្រោះថាភាគច្រើនវាបង្កដោយមេរោគផ្តាសាយ។ បើពួកគាត់អាចលេងធម្មតា ញ៉ាំធម្មតា ផឹកធម្មតា នោះអាចបន្តការព្យាបាល និងតាមដាននៅផ្ទះបាន។ បើក្មេងអាយុក្រោម៦ខែ អាចឲ្យគាត់បៅដោះឲ្យបានច្រើន ហើយបើលើសពី៦ខែ អាចឲ្យគាត់ផឹកទឹក ឬទឹកផ្លែឈើឲ្យបានច្រើន ព្រោះវាអាចធ្វើឲ្យស្លេស្ម ឬសម្បោររបស់គាត់ទន់ និងងាយធ្លាក់ចេញមកក្រៅបាន។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top