Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ឧស្សាហ៍ស្អកកក៏អាចជាសញ្ញាជំងឺពកក

ជំងឺពកក គឺជាការរីកធំជាងធម្មតានៃក្រពេញទីរ៉ូអុីត ស្ថិតនៅកផ្នែកខាងមុខ និងខាងក្រោម។ បច្ចុប្បន្ន ពកកហាក់មានសន្ទុះកើនឡើងខ្លាំង ដោយសង្កេតឃើញអ្នកជំងឺមកទទួលការព្យាបាលជាបន្តបន្ទាប់។ ស្ទើរតែគ្រប់បុគ្គលទាំងអស់សុទ្ធតែអាចប្រឈមនឹងជំងឺពកក ហើយអាចវិវឌ្ឍធ្ងន់ធ្ងរដូច្នេះគ្រប់គ្នាចាំបាច់ត្រូវស្វែងយល់បន្ថែមឲ្យបានកាន់តែច្បាស់។

មូលហេតុចម្បង
ប្រមាណ៨០% នៃអ្នកជំងឺពកកបណ្តាលមកពីកង្វះជាតិអុីយ៉ូត ដូចជាមិនសូវទទួលទានអាហារមានជាតិអុីយ៉ូតច្រើន ឬរស់នៅតំបន់មាត់ទន្លេដែលមានទឹកឡើងស្រកញឹកញាប់ តំបន់ភ្នំខ្ពស់ៗ និងតំបន់ទឹកកក ដោយហេតុថាតំបន់ទាំងនេះពុំសូវសម្បូរអាហារដែលមានជាតិអុីយ៉ូតច្រើន។ ក្រៅពីមូលហេតុចម្បងនេះ ពកកអាចកើតមកពីការរំញោចឲ្យមានការបញ្ចេញជាតិអុីយ៉ូតច្រើន (Graves’ disease) ហួសប្រមាណដែលអាចធ្វើឲ្យក្រពេញទីរ៉ូអុីតរីកធំ។ មូលហេតុមួយទៀតគឺ autoimmune ធ្វើឲ្យមានការប៉ះពាល់ខូចខាតក្រពេញទីរ៉ូអុីត និងមានការបញ្ចេញមិនបានគ្រប់គ្រាន់។ ករណីដោយឡែកផ្សេងទៀតជំងឺពកកអាចកើតមានដោយតំណពូជពីម្តាយឪពុកទៅកូនៗជំនាន់ក្រោយ ការទទួលទានឱសថមួយចំនួន ស្ត្រីមានផ្ទៃពោះ ស្ត្រីអស់រដូវ និងអ្នកមានជំងឺមហារីកនៅក្រពេញទីរ៉ូអុីត។

រោគសញ្ញា
ជាទូទៅ អាការៈចម្បងដែលគួរឲ្យកត់សម្គាល់នៃអ្នកជំងឺពកក គឺការលេចឡើងនូវដុំហើមផ្នែកខាងក្រោមនិងខាងមុខនៃក ការមានអារម្មណ៍តឹងណែនក ស្អកក ក្អក ពិបាកលេបអាហារ ពិបាកដកដង្ហើម និងចលនាឡើងចុះនៃដុំពេលប៉ះក្នុងពេលអ្នកជំងឺលេបទឹកមាត់។

ការធ្វើរោគវិនិច្ឆ័យ
ដំបូងគ្រូពេទ្យឯកទេសនឹងពិនិត្យលើដុំនៅកផ្នែកខាងមុខនិងខាងក្រោមដោយដាក់ដៃទៅសង្កត់លើដុំ និងតម្រូវឲ្យអ្នកជំងឺលេបទឹកមាត់បណ្តើរបន្ទាប់មកសង្កេតឃើញដុំធ្វើចលនាឡើងចុះតាមការលេប ដែលអាចបញ្ជាក់ថាអ្នកជំងឺកំពុងប្រឈមនឹងពកក។ ម៉្យាងទៀតអ្នកជំងឺអាចនឹងត្រូវធ្វើរោគវិនិច្ឆ័យឲ្យកាន់តែច្បាស់តាមរយៈការថតអេកូបន្ថែម។

វិធីសាស្ត្រព្យាបាល
ការព្យាបាលជំងឺពកកត្រូវបានបែងចែកជា ២ប្រភេទដោយផ្អែកលើលក្ខណៈនៃដុំពក រួមមាន៖
ដុំពកស្មើសាច់ល្អ ឬក្រពេញទីរ៉ូអុីតរីកធំស្មើសាច់នោះការព្យាបាលសមស្របគឺតម្រូវឲ្យអ្នកជំងឺប្រើថ្នាំ
ដុំពកប្រភេទ nodular ដែលអាចជាដុំសាច់ដុំទឹក ឬដុំសាច់លាយទឹក នោះអ្នកជំងឺនឹងតម្រូវឲ្យធ្វើការវះកាត់។

ផលវិបាក
ប្រសិនអ្នកជំងឺពុំទទួលបានការព្យាបាលទាន់ពេលវេលា នោះក្រពេញទីរ៉ូអុីតនឹងកាន់តែរីកធំឡើងៗ បង្កជាដុំបន្តបន្ទាប់ទៀតយូរទៅអាចសង្កត់លើបំពង់អាហារ បំពង់ខ្យល់ ធ្វើឲ្យពិបាកលេប ពិបាកដកដង្ហើម និងបាត់បង់ទម្រង់ក ឬសម្ផស្សខាងក្រៅ។ បើវាជាពកកមានជាតិពុលវិញអ្នកជំងឺអាចប្រឈមនឹងអាការៈទន់ដៃ ទន់ជើង ឆាប់ហត់ និងពិបាកក្នុងការប្រកបការងារ។

វិធីសាស្រ្តការពារ
ទទួលទានអាហារមានជាតិអុីយ៉ូតគ្រប់គ្រាន់ដូចជាគ្រឿងសមុទ្រ រុក្ខជាតិដុះតាមមាត់សមុទ្រ ធ្វើយ៉ាងណាធានាឲ្យមានជាតិអុីយ៉ូតគ្រប់តាមតម្រូវការដើម្បីកុំឲ្យក្រពេញទីរ៉ូអុីតធ្វើការខ្លាំងពេកដែលជាមូលហេតុបង្កជាជំងឺពកកនិងអាចការពារខ្លួនអ្នក ចៀសផុតពីជំងឺពកកដោយសុវត្ថិភាព។

ប្រសិនអ្នកសង្ស័យ ឬកំពុងមានជំងឺពកក សូមមកទទួលការប្រឹក្សានិងព្យាបាលពីគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ បំពង់កឲ្យបានឆាប់រហ័សដើម្បីបញ្ចៀសនូវហានិភ័យដែលអាចនឹងកើតមាននៅពេលអនាគត។

បកស្រាយដោយ៖ សាស្ត្រាចារ្យវេជ្ជបណ្ឌិត ប៉ូ រដ្ឋា ឯកទេសត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រក្បាល និងក មានតួនាទីជាប្រធានបច្ចេកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង ជាអនុប្រធានមន្ទីរសំរាកព្យាបាលលុច្ស និងជាប្រធានសមាគមជាតិ ត្រចៀក ច្រមុះបំពង់ ក វះកាត់ ក្បាលនិងក កម្ពុជា

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់
Top