Menu

អាថ៌កំបាំងក្នុងការថែរក្សាសំឡេងឲ្យបានល្អ


អាថ៌កំបាំងក្នុងការថែរក្សាសំឡេងឲ្យបានល្អ

មនុស្សមួយចំនួនច្រើនប្រើសំឡេងរបស់ខ្លួន ដើម្បីបម្រើការងាររបស់ពួកគេ។ ក្នុងនោះ អ្នកចម្រៀង គ្រូបង្រៀន វេជ្ជបណ្ឌិត មេធាវី គិលានុបដ្ឋាយិកា អ្នកលក់ដូរ និងអ្នកធ្វើសន្ទរកថាសាធារណៈ គឺជាក្រុមមនុស្សដែលមានតម្រូវការចាំបាច់នៅក្នុងការប្រើសំឡេងរបស់ពួកគាត់។

ដូច្នេះ ការប្រើសំឡេងនេះ ធ្វើឲ្យពួកគាត់ប្រឈមខ្ពស់នឹងការវិវឌ្ឍបញ្ហាសម្លេង។ អ្នកជំនាញបានប៉ាន់ប្រមាណថាមនុស្សប្រមាណ៧,៥លាននាក់មាននូវជំងឺ និងវិបត្តិសំឡេង។  វិបត្ដិទាំងនេះអាចចៀសវាងបានដោយការថែរក្សាសំឡេងរបស់អ្នក។

កត្តាគួរធ្វើ
រក្សារាងកាយឱ្យមានសំណើម៖ ទទួលទានទឹកឲ្យបានច្រើន យ៉ាងតិចឲ្យបាន ៦ទៅ ៨កែវក្នុងមួយថ្ងៃតាមការណែនាំរបស់អ្នកឯកទេស។ កំណត់ការទទួលទានភេសជ្ជៈ ដែលមានផ្ទុកជាតិអាល់កុល ឬកាហ្វេអ៊ីន ដែលអាចបណ្ដាលឲ្យរាងកាយបាត់បង់ជាតិទឹក និងធ្វើឲ្យខ្សែសំឡេង និងបំពង់ខ្យល់ស្ងួត។

ម្យ៉ាងទៀត ជាតិអាល់កុលក៏ធ្វើឲ្យរលាកភ្នាសរំអិលដែលលាតសន្ធឹងនៅក្នុងបំពង់កផងដែរ។ សូមប្រើម៉ាស៊ីនផ្សើមក្នុងគេហដ្ឋានរបស់អ្នក ពីព្រោះម៉ាស៊ីននេះមានសារៈប្រយោជន៍ជាពិសេសនៅរដូវរងារ ឬនៅក្នុងអាកាសធាតុស្ងួត។ អ្នកឯកទេសណែនាំឲ្យមានភាពសើមប្រមាណ ៣០%នៅក្នុងគេហដ្ឋានរបស់អ្នក។ 

រក្សារបៀបរស់នៅ និងរបបអាហារអំណោយផលដល់សុខភាព៖ សូមកុំពិសាបារី និងត្រូវចៀសវាងការស្រូបផ្សែងបារីពីអ្នកដទៃ ពីព្រោះការជក់បារីធ្វើឲ្យរលាកខ្សែសំឡេង។ ម្យ៉ាងទៀត ជំងឺមហារីកខ្សែសម្លេងភាគច្រើនត្រូវបាន គេរកឃើញកើតមានចំពោះមនុស្សដែលជក់បារី។
 ប្រុងប្រយ័ត្នចំពោះរបបអាហារ ចៀសវាងការទទួលទានអាហារហឹរ ពីព្រោះអាហារហឹរបង្កឲ្យមានជាតិអាស៊ីតនៅក្នុងក្រពះ ដែលជាតិអាស៊ីដទាំងនោះរំកិលទៅក្នុងបំពង់ក ឬបំពង់អាហារ និងជាហេតុបង្កឱ្យក្ដៅចុងដង្ហើម ឬកើតជំងឺក្រពះ។សូមដាក់បញ្ចូលធញ្ញជាតិ ផ្លែឈើ និងបន្លែឱ្យបានច្រើនទៅក្នុង របបអាហាររបស់អ្នក។ ប្រភេទអាហារទាំង នេះមានផ្ទុកនូវវីតាមីនA វីតាមីនE និងវីតាមីនC។ លើសពីនេះទៀតរបបអាហារទាំងនេះ ក៏ជួយរក្សាភ្នាសរំអិលដែលលាតសន្ធឹងនៅក្នុងបំពង់កឱ្យមានសុខភាពល្អផងដែរ។
-រក្សាអនាម័យ ៖ សូមលាងសម្អាតដៃរបស់អ្នកឲ្យបានញឹកញាប់ ដើម្បីការពារការឆ្លងជំងឺគ្រុនផ្ដាសាយ ឬគ្រុនក្ដៅ។
-សម្រាកឲ្យបានគ្រប់គ្រាន់ ៖  ព្រោះថាការអស់កម្លាំងល្ហិតល្ហៃផ្នែករាងកាយ មានឥទ្ធិពលអវិជ្ជមានដល់សំឡេងរបស់អ្នក។
-ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ៖ លំហាត់ប្រាណមានប្រសិទ្ធភាពបង្កើនភាពអំណត់ និងគុណភាពសាច់ដុំ។លំហាត់ប្រាណផ្ដល់ឲ្យឥរិយាបថមានភាពសមសួន និងសម្រួលដល់ការដកដង្ហើមដែលមាន សារៈប្រយោជន៍សម្រាប់ការនិយាយបញ្ចេញ សម្លេងបានស្រួលផងដែរ។ប្រសិនបើអ្នកមានបញ្ហាក្ដៅ ឆ្អល់ចុងដង្ហើម ឬជំងឺរលាកក្រពះមិនទាន់ជាសះស្បើយ សូមប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកអំពីការផ្លាស់ប្ដូររបបអាហារ ឬប្រភេទឱសថដែលអាចជួយកាត់បន្ថយអាការៈទាំងនេះ។

កត្តាចៀសវាង
-ការប្រើប្រាស់ទឹកថ្នាំខ្ពុរមាត់ ៖  ចៀសវាងទឹកថ្នាំខ្ពុរមាត់ដែលមានផ្ទុកជាតិអាល់កុល ឬសារធាតុគីមីដែលអាចបង្កការរលាក។ ប្រសិនបើអ្នកនៅតែចង់ប្រើទឹកថ្នាំខ្ពុរមាត់ ដែលមានជាតិអាល់កុល សូមកំណត់ការប្រើប្រាស់ក្នុងការសម្អាតមាត់។ ប្រសិនបើការខ្ពុរមាត់ជាប្រការចាំបាច់ សូមប្រើទឹកអំបិលជាដំណោះស្រាយវិញ។ សូមចៀសវាងការប្រើទឹកថ្នាំខ្ពុរមាត់ ដើម្បីព្យាបាលបញ្ហាក្លិនមាត់ ដែលកើតមានជាអចិន្រៃ្ដយ៍។  បញ្ហាក្លិនមាត់មិនល្អអាចជាលទ្ធផលបញ្ហា ដែលទឹកថ្នាំខ្ពុរមាត់គ្មានប្រសិទ្ធភាពក្នុងការព្យាបាល ដូចជាការរលាកច្រមុះ រលាកស៊ីណូស រលាកអាមីដាល់ រលាកអញ្ចាញ ឬរលាកសួត ព្រមទាំងបណ្ដាលមកពីការច្រាលជាតិអាស៊ីតពីក្នុងក្រពះ។
-ការប្រើប្រាស់ឱសថ ៖ ចៀសវាង​ឱសថដែលធ្វើឲ្យខ្សែសំឡេងរបស់អ្នកស្ងួត រួមមានដូចជាឱសថព្យាបាលជំងឺគ្រុនផ្ដាសាយ ឬឱសថបំបាត់អាការៈទាស់។ ប្រសិនបើអ្នកមានបញ្ហាសំឡេង សូមធ្វើការសាកសួរវេជ្ជបណ្ឌិតថាតើឱសថប្រភេទណា ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកក្នុងការប្រើប្រាស់។

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង