មូលហេតុដែលអ្នកត្រូវយល់ដឹងអំពីជំងឺមហារីកថ្លើម
មហារីកថ្លើមជាមហារីកដែលកើតមានច្រើនជាងគេនៅក្នុងប្រទេសសមាជិកអាស៊ានទាំងអស់និងជាប់ចំណាត់ថ្នាក់ទី២លើការសម្លាប់ជីវិតប្រជាជនក្នុងប្រទេសនៃសមាគមនេះ។ ក្នុងនោះផងដែរប្រទេសកម្ពុជាយើងបានជាប់ចំណាត់ថ្នាក់ទី១ជាប្រទេសដែលមានកើតករណីជំងឺមហារីកថ្លើមច្រើនជាងគេលើបុរស។ តាមការសិក្សាមួយបានឲ្យដឹងថាក្រាបនៃអ្នកជំងឺមហារីកថ្លើមឡើងខ្ពស់ជាងគេនៅត្រង់ចំណុចអាយុ៥៣ឆ្នាំចំពោះប្រទេសកម្ពុជា។ លើសពីនេះទៀតនោះជំងឺនេះមិនមែនកើតតែលើមនុស្សចាស់នោះទេ មន្ទីរពេទ្យក្នុងប្រទេសយើងបានជួបករណីជំងឺនេះលើអ្នកជំងឺដែលមានអាយុទើបតែ ១៨ឆ្នាំប៉ុណ្ណោះ។
ដោយហេតុថាជំងឺនេះមានកើតច្រើនក្នុងប្រទេសយើង ហេលស៍ថាម សូមនាំជូនមិត្តអ្នកអាននូវចំណេះដឹងស្តីពីជំងឺមួយនេះតាមរយៈបទសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិតឯកទេស អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីក និងជំងឺឈាមនៃមន្ទីរពេទ្យកាល់ម៉ែតនិងជាគ្រូពេទ្យជំនាញផ្នែកមហារីកដំបូងគេរបស់ប្រទេសកម្ពុជាបន្ទាប់ពីសម័យសង្គ្រាមត្រូវបានបញ្ចប់។
និយមន័យ
ថ្លើមគឺជាសរីរាង្គសំខាន់នៅក្រោមឆ្អឹងជំនីខាងស្តាំនិងមានតួនាទីសំខាន់ជាងសរីរាង្គផ្សេងទៀតព្រោះរាល់មេតាបូលីសការសំយោគទាំងឡាយរបស់ចំណីអាហារសារធាតុទាំងអស់ដែលអ្នកហូបចូលរួមទាំងជាតិពុលផ្សេងៗត្រូវរងមេតាលីសនៅនឹងថ្លើមទាំងអស់មុននឹងត្រូវបានចែកចាយតាមឈាមទៅកាន់សរីរាង្គផ្សេងៗ។ ឯជំងឺមហារីកវិញមិនមែនជាជំងឺដែលកើតឡើងដោយសារមេរោគអ្វីនោះទេតែវាជាកោសិកាមិនធម្មតាដែលបំលែងមកពីកោសិកាធម្មតាហើយវាមានជីវិតអមតៈខុសពីកោសិកាធម្មតាថែមទាំងមានមុខងារឈ្លានពានសរីរាង្គសំខាន់ៗទាំងអស់ឲ្យខូចមុខងារ និងបង្កើតជាមុខងារមួយសម្លាប់យើងវិញ។ ដូចនេះហើយជំងឺមហារីកថើ្លមជាមហារីកដែលកើតលើថ្លើមដោយកោសិកាថើ្លមផ្លាស់ប្តូរហ្សែនរបស់វាហើយវិវឌ្ឍខុសធម្មតានិងមិនបំពេញមុខងារទ្រទ្រង់ជីវិតរបស់មនុស្សតែបែរជាបំផ្លាញជីវិតមនុស្សវិញ។
មូលហេតុបង្ក
មូលហេតុនៃជំងឺមហារីកថ្លើមតាមការសិក្សាមួយបានបង្ហាញថាក្នុងចំណោមអ្នកជំងឺមហារីកថ្លើមក្នុងប្រទេសកម្ពុជាចំនួន ៥៥៣នាក់ដែលទទួលការព្យាបាលពីខែ ឧសភា ឆ្នាំ២០១៣ ដល់ខែឧសភា ឆ្នាំ២០១៥ មាន៤៤% មានមេរោគរលាកថ្លើមប្រភេទបេ និង៤៣%មានមេរោគរលាកថ្លើមប្រភេទសេ។ យ៉ាងណាមិញកត្តាដែលជំរុញឲ្យកើតជំងឺមហារីកថ្លើមនេះ មាន៤គឺ៖
• ជំងឺរលាកថ្លើមប្រភេទបេ (Hepatitis B)
• ជំងឺរលាកថ្លើមប្រភេទសេ (Hepatitis C)
• ការសេពគ្រឿងស្រវឹង៖ក្នុងមួយថ្ងៃប្រជាជនកម្ពុជាផឹកស្រាបៀរ ១លានលីត្រ។
• ប៉ាស៊ីត (Opisthorchis viverrini, Schistosoma mekongi) ក្នុងទឹកទន្លេមេគង្គនៅតំបន់កាពីនិងស្ទឹងត្រែងដែលចូលតាមចន្លោះម្រាមជើង និងផ្សិតមួយប្រភេទទៀត(Beta aflatoxins) ដែលមាននៅក្នុងជ្រក់ក្តិបត្រសក់ជ្រក់មមាញទឹកហ៊ូយូ។
រោគសញ្ញា
រោគសញ្ញាដែលបង្កឡើងដោយជំងឺមហារីកថ្លើមរោគសញ្ញាចម្បងនៃជំងឺមហារីកថ្លើមមានដូចជាទាចទឹកចុកពោះ និងចេញលឿង។ ឯរោគសញ្ញាបន្ទាប់បន្សំវិញរួមមានហូបអាហារ មានអារម្មណ៍ច្អល់ៗ ចង់ក្អួត សម្រាន្តមិនលក់ ស្រកទម្ងន់ ហើយអាចក្អួតចេញឈាមថែមទៀតដោយសារតែបែកសរសៃឈាមនៅបំពង់អាហារ។ ជាទូទៅ ជំងឺមហារីកថ្លើមចែកចេញជាពីរគឺជំងឺមហារីកថ្លើមដែលកើតឡើងលើកោសិការថ្លើមផ្ទាល់ (Hepatocellular carcinoma) មានរហូតដល់៩២% និងជំងឺមហារីកថ្លើមដែលកើតចេញពីកោសិកាបំពង់បង្ហូរទឹកប្រម៉ាត់ដែលមានត្រឹមតែ៨%ប៉ុណ្ណោះ។ ជំងឺមហារីកថ្លើមដែលកើតឡើងលើកោសិកាថ្លើមផ្ទាល់ឲ្យរោគសញ្ញា ៨០% ជាទាចទឹកឬ/និងចុកពោះ និង២០%ទៀតគឺលឿងភ្នែក ស្រកទម្ងន់ មិនចង់ញ៉ាំអាហារជាដើម។ ចំណែកជំងឺមហារីកថ្លើមដែលកើតចេញពីកោសិកាបំពង់បង្ហូរទឹកប្រម៉ាត់វិញ ៧០% ឲ្យលឿងភ្នែកដូចរមៀត និងរមាស់ស្បែកហើយគ្រូពេទ្យរកាឃើញមានចាល់ទឹកប្រម៉ាត់ក្នុងថ្លើម និងមានដុំសាច់។
វិធីព្យាបាល
ការព្យាបាលជំងឺមហារីកថ្លើមជំងឺនេះមិនអាចព្យាបាលជាទេតែអាចពន្យឺតការវិវឌ្ឍរបស់វាបាន។ អ្នកជំងឺមហារីកថ្លើមអាចស្លាប់ដោយសារជំងឺមហារីកនេះ ឬក៏ជំងឺក្រិនថ្លើម។ ដូចនេះគ្រូពេទ្យត្រូវវាយតម្លៃលើកម្រិតនៃមហារីករបស់គាត់ និងកម្រិតនៃការក្រិនថ្លើមរបស់គាត់។ ការព្យាបាលក៏បូកបញ្ចូលទាំងការគាំទ្រលើផ្លូវចិត្តរបស់គាត់ដើម្បីឲ្យគុណភាពជីវិតរបស់អ្នកជំងឺក្នុងដំណាក់កាលចុងក្រោយបានល្អឡើងក្នុងគោលបំណងបន្ថយការឈឺចាប់ និងបង្កើនការហូបអាហាររបស់គាត់។ សរុបមក ការព្យាបាលជំងឺនេះមានគោលបំណងពីរគឺទី១ ពន្យាជីវិតរបស់អ្នកជំងឺឲ្យបានយូរជាងនេះ ឬទី២បង្កើនគុណភាពជីវិតរបស់គាត់ក្នុងគ្រាចុងក្រោយនៃជីវិត។ ការព្យាបាលជំងឺនេះមិនផ្អែកលើការព្យាបាលដោយការចាក់ថ្នាំគីមីប្រើរលកសំឡេងបាញ់បំបែកដុំនៅនឹងថ្លើម ឬការវះកាត់យកដុំនោះចេញទេ។ ការព្យាបាលដែលមានប្រសិទ្ធភាពគឺមានតែការប្រើប្រាស់ថ្នាំតែមួយមុខគត់។ ឱសថដែលយកមកប្រើប្រាស់ក្នុង
• ជួរទី១គឺ Nexavar® (Sorafenib) និងឱសថ
• ជួរទី២គឺ Stivarga® (Regorafenib) ដែលសុទ្ធតែជាប្រភេទថ្នាំលេប។ ក្រៅពីនេះមានការព្យាបាលដោយការលើកទឹកចិត្តអ្នកជំងឺ (Supportive Care)ដើម្បីឲ្យពួកគាត់អាចសម្រាន្តបានលក់ស្រួល និងហូបអាហារបានច្រើន។
វិធីបង្ការ
វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវដឹងពីវិធីបង្ការជំងឺមួយនេះ។ ដើម្បីបង្ការជំងឺនេះបានគឺអ្នកត្រូវចៀសវាងពីមូលហេតុទាំងបួនខាងលើគឺ៖
•ត្រូវចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទបេតាំងពីក្មេង។
•ត្រូវការពារខ្លួនពីជំងឺរលាកថ្លើមប្រភេទសេដោយជំងឺនេះអាចឆ្លងតាមរបៀបដូចនឹងជំងឺអេដស៍ដែរហើយត្រូវព្យាបាលជំងឺនេះឲ្យបានទាន់ពេលប្រសិនបើអ្នកមានជំងឺមួយនេះ
• ត្រូវបញ្ឈប់ ឬបន្ថយការផឹកគ្រឿងស្រវឹង
•ត្រូវការពារជើងរបស់អ្នកដោយពាក់ស្បែកជើងកវែងនៅពេលលេងទឹកនៅតំបន់ដែលមានប៉ារាស៊ីតបង្កជំងឺ និងត្រូវចៀសវាងការហូបអាហារដែលបង្កជំងឺនេះ។
© 2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ