- May 10, 2020 |
- 4 ឆ្នាំមុន |
- 6.3K មើល
សម្រាប់បុគ្គលដែលមករដូវ៖ អ្នកកែភេទ អ្នកមិនប្រកាន់ភេទណាមួយ និងការមករដូវ
នៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនប្រកាន់ភេទច្បាស់លាស់។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និងការរើសអើងនៃអ្នកកែភេទ និងបុគ្គលដែលមិនប្រកាន់ភេទណាមួយដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។ ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍ LGBTQ+ ដូចប្រទេសកម្ពុជា។ ដោយសារតែកង្វះខាតព័ត៌មាន និង ឯកសារស្រាវជ្រាវអំពីប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា យើងបានសុំជំនួយពីអ្នកដែលនៅក្នុងសហគមន៍ LGBTQ+ ក្នុងស្រុកផ្ទាល់តែម្តង។ សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅក្នុងប្រទេសកម្ពុជា។ លោកនឹងឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកកែភេទនៅប្រទេសកម្ពុជា។ ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកកែភេទ និង មិនប្រកាន់ភេទណាមួយ «និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។ នៅពេលដែលគាត់ត្រូវបានសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកកែភេទ ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាសអៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។ «និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈនឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។ Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នកដែលជាអ្នកកែភេទផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។ លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ «ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺ depression មិនមែនចង់ depression ទេ គឺ depression ហ្មង ដោយសារតែ ទី១ គាត់រើសអើងខ្លាំងពេក និយាយទៅសំនួរបែបនឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង និយាយទៅសំនួរពេញក្បាលតែម្តង»។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលកែភេទ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកកែភេទពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកកែភេទខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។ បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង ភេទរបស់លោកផងដែរ។ «បងទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។ អ្នកផ្តល់សេវាសុខភាព និង សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលកែភេទហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលកែភេទ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកកែភេទនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកកែភេទ។ ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកកែភេទ ហើយនិងការស្អប់ខ្ពើមការមករដូវផងនោះ អ្នកកែភេទមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេនៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និងការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការធ្វើឲ្យការមករដូវនៃអ្នកកែភេទទៅជារឿងធម្មតា ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ? តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកកែភេទ និង អ្នកដែលមិនប្រកាន់ភេទណាមួយចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។ នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកកែភេទ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។ លោកបានបន្តថា៖ «បើទោះបីជាពួកបងស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេ set មកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកបងខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។ ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកកែភេទ និង អ្នកមិនប្រកាន់ភេទណាមួយ ដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។ សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។ «បើតាមមតិរបស់បងផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។ គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។ ឯកសារយោង៖ Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/ សម្រាប់ព័ត៌មានទាក់ទងនឹងការមករដូវ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus