Menu

ថ្នាំងងុយគេង អាចប្រើបានដោយគ្មានវេជ្ជបញ្ជា?


ថ្នាំងងុយគេង អាចប្រើបានដោយគ្មានវេជ្ជបញ្ជា?

អាការៈគេងមិនលក់ត្រូវបានទទួលស្គាល់ថាជាបញ្ហាចោទមួយរបស់មនុស្សសឹងតែគ្រប់វ័យ ហើយផ្តល់នូវផលរំខានជាច្រើនដល់ជីវិតរស់នៅ សុខភាព ការសិក្សារ ការងារ អារម្មណ៍ជាដើម ដែលជាមូលហេតុនៃហានិភ័យផ្សេងៗទៀត។ មានមូលហេតុជាច្រើននៅពីក្រោយបញ្ហានេះដែលក្នុងនោះ មួយចំនួនមិនមានអ្វីគួរឲ្យបារម្ភ តែខ្លះទៀតក៏អាចទាក់ទងនឹង បញ្ហាធ្ងន់ធ្ងរផងដែរ។ ចំពោះបញ្ហានេះ ការព្យាបាលដំបូង រួមមាន ការផ្លាស់ប្តូរបរិយាកាសឬរបៀបរស់នៅ ការព្យាបាលមូលហេតុបង្កបញ្ហានេះ និងចុងក្រោយគឺការប្រើប្រាស់ថ្នាំងងុយគេងផងដែរ។

និយាយអំពីថ្នាំងងុយគេង ភាគច្រើនយើងនឹងនឹកទៅដល់ថ្នាំងងុយគេង ប្រភេទញៀន ឬប្រភេទដែលត្រូវការវេជ្ជបញ្ជាយ៉ាងតឹងរឹង ដោយសារតែឥទ្ធិពលគ្រោះថ្នាក់ជាច្រើនរបស់វា។ ដោយឡែក ថ្នាំសម្រាប់ជាជំនួយក្នុងការគេងក៏មានផងដែរនូវប្រភេទថ្នាំដែលមិនទាមទារវេជ្ជបញ្ជាដោយអ្នកអាចប្រើប្រាស់បានក្រោមការណែនាំនិងតាមដានរបស់ឱសថការីត្រឹមត្រូវ ក្នុងករណីគេងមិនលក់មានលក្ខណៈស្រាល និងកើតមានម្តងម្កាល ខណៈពេលដែលការព្យាយាមមធ្យោបាយផ្សេងៗគ្មានប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាសារធាតុសកម្មនៅក្នុងឱសថប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជា សំខាន់ៗដែល​ត្រូវបាននិយមប្រើប្រាស់សម្រាប់ជាជំនួយក្នុងការគេង៖

Diphenhydramine/Dimenhydrinate: ជាថ្នាំប្រភេទ antihistamine ដែលមានសកម្មភាពទប់ស្កាត់សកម្មភាពរបស់ histamine នៅនឹងរេសិបទ័រ histaminergic-H1 ហើយក៏ជា anticholinergic ផងដែរ។ សារធាតុទាំងនេះ ត្រូវបានទទួលស្គាល់ថាប្រើប្រាស់សម្រាប់ ប្រឆាំងការអាល្លែកហ្ស៊ី និងការពុលឡានផងដែរ។ ជាទូទៅឱសថនេះផ្តល់ប្រសិទ្ធភាពសម្រាប់ការងងុយគេងនៅកម្រិត 50មក្រ តែភាគច្រើន យើងអាចទទួលបានប្រសិទ្ធភាព​នេះនៅកម្រិតត្រឹម 25មក្រ ប៉ុណ្ណោះ ដោយការប្រើ 30ទៅ 60 នាទីមុនពេលចូលគេង តែមិនត្រូវប្រើលើសពី 7 ទៅ 10ថ្ងៃទេ ដរាបណាគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។ សារធាតុទាំងនេះមានក្រោមពាណិជ្ជនាមដូចជា Benadryl, Nautamine, Dramamine, Antimo ANAK ជាដើម។

Doxylamine succinate: ក៏ជាពពួក antihistamine មួយផងដែរ តែប្រសិទ្ធភាពរបស់វាផ្តោតទៅលើការទប់ស្កាត់ការក្អួត និងជា ជំនួយសម្រាប់ការគេងតែម្តង។ ដោយឡែក ឱសថនេះក៏មានការប្រើប្រាស់ចំពោះ ការអាល្លែកហ្ស៊ី និងផ្តាសាយផងដែរ។ ចំពោះការប្រើប្រាស់ សម្រាប់ការងងុយគេងត្រូវបានប្រើក្នុងកម្រិតពី 7,5 ឬយ៉ាងច្រើន 25 មក្រ ចំពោះមនុស្ស ពេញវ័យ និងក្មេងអាយុចាប់ពី១២ឆ្នាំ 30នាទីមុន ចូលគេង។ ផលិតផលឱសថដែលពេញនិយមគឺ Unisom SleepTabs (25 mg), Donormil ជាដើម។

•Melatonine​: ជាប្រភេទ អ័រម៉ូនដែលសំយោគនៅក្នុងក្រពេញ Pineal ស្ថិតនៅក្នុងខួរក្បាល និងមាននាទីទទួលខុសត្រូវ ឬក៏គ្រប់គ្រង​វដ្តនៃដំណេក និងការភ្ញាក់។​ ជាធម្មតា melatonine ចាប់ផ្តើមកើនឡើងនៅនៅពេលព្រលប់ទៅដល់យប់ជ្រៅ និងរក្សាកម្រិតខ្ពស់នេះ ពេញមួយយប់ រួចទើបធ្លាក់ចុះមកវិញនៅពេលព្រឹកព្រហាម។ ពន្លឺគឺជាកត្តាចំបងមួយដែលនាំឲ្យការផលិត melatonine ក្នុងខ្លួនថយចុះ ដូចនេះវាត្រូវបានប្រើប្រាស់ក្នុងបញ្ហាដំណេកដោយសារការផ្លាស់ប្តូរពេលវេលាឬ jet-lag, ការគេងមិនលក់,គ្រប់គ្រងការគេងចំពោះអ្នកដែល ធ្វើការវេនយប់ជាដើម។ សារធាតុនេះអាចមានក្នុងបរិមាណតិចតួចផងដែរក្នុង សាច់ បន្លែ ផ្លែឈើ និងធញ្ញជាតិមួយចំនួន។ ដោយឡែក អ្នកក៏អាចរកវាបានយ៉ាងងាយក្រោមទម្រង់ជាឱសថបំប៉នក្នុងកម្រិតពី 1ទៅ 5មក្រ។

•Herbal combination products: សារធាតុមួយចំនួនដែលមានក្នុងរុក្ខជាតិឱសថត្រូវបានទទួលស្គាល់ពីប្រសិទ្ធិភាពក្នុងការជួយឲ្យ ងងុយគេង និងរំងាប់អារម្មណ៍ និងត្រូវបានចម្រាញ់រួមគ្នាចេញជាឱសថ។ ក្នុងនោះរួមមានផលិតផលមួយចំនួនលើទីផ្សារដូចជា Alluna Sleep, Hyland's Insomnia, Nature Made Sleep Natural Sleep Aid, Rapid Sleep PM, Schiff Knock-Out, Sleep MD Tablets ជាដើម។

•​​​Antihistamine–analgesic combination products: ចំពោះប្រភេទឱសថដែលមានការរួមផ្សំរវាងសារធាតុឱសថបំបាត់ការ ឈឺចាប់ និងពពួកប្រឆាំងនឹង histamine ដែលផ្តល់នូវឥទ្ធិពលងងុយគេង។ ប៉ុន្តែ ឱសថប្រភេទនេះត្រូវបានប្រើប្រាស់តែក្នុងករណីដែល មូលហេតុនៃការគេងមិនលក់នោះទាក់ទងនឹងការឈឺចាប់ប៉ុណ្ណោះ។ ឱសថដែលមានលើទីផ្សារមានដូចជា Advil PM (ibuprofen 200 mg/diphenhydramine citrate 38mg), Tylenol PM Simply Sleep (acetaminophen 500mg/diphenyhydramine HCl 25mg) ជាដើម។

យ៉ាងណាមិញ ការប្រើប្រាស់ឱសថទាំងនេះ ក៏ត្រូវមានការប្រុងប្រយ័ត្ន និងស្ថិតក្រោមការវាយតម្លៃ និងតាមដានរបស់ឱសថការីយ៉ាងម៉ត់ចត់ ដោយឆ្លងកាត់ការសាកសួរអំពីអាការៈ និងព័ត៌មានទាក់ទងផ្សេងៗ មុននឹងសម្រេចចិត្តពីឱសថការីក្នុងការផ្តល់ឱសថដល់ពួកគាត់ ជាពិសេស ក៏មានការណែនាំអំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងប្រាប់ពីផលរំខានផ្សេងៗទាក់ទងនឹងឱសថនេះជាកំហិតផងដែរ។ ក្នុងអំឡុងពេល ប្រើប្រាស់ឱសថទាំងនេះ ត្រូវប្រុងប្រយ័ត្ននូវសកម្មភាពមួយចំនួនដូចជា ការពិសារគ្រឿងស្រវឹង ការប្រើប្រាស់យានយន្ត ការប្រើប្រាស់ឱសថដែល មានសារធាតុប្រឆាំងអាល្លែកហ្ស៊ី ឬថ្នាំផ្តាសាយមួយចំនួនដែលមានសារធាតុទាំងអស់នោះជាដើម។​ ត្រូវចងចាំម្តងទៀតថា ឱសថប្រភេទនេះ អាចប្រើប្រាស់តែក្នុងរយៈពេលមួយខ្លី​ប៉ុណ្ណោះ ដូចនេះក្នុងករណីអាការៈនៅតែមិនធូរស្រាល ឬក៏កាន់តែធ្ងន់ធ្ងរត្រូវបញ្ឈប់ការ ប្រើប្រាស់ និងទៅពិគ្រោះជាមួយអ្នកជំនាញជាបន្ទាន់៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Share:

អត្ថបទទាក់ទង