Menu

វិធីពន្យារកំណើតណាដែលសមនឹងអ្នក?


វិធីពន្យារកំណើតណាដែលសមនឹងអ្នក?

ចំពោះស្រ្តីដែលមិនទាន់ចង់ក្លាយជាម្តាយ នៅវ័យក្មេង ឬមិនទាន់បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការពពោះ ការពន្យារកំណើតគឺជារឿង ចាំបាច់ មួយដែលត្រូវធ្វើ។ ការពន្យារកំណើតគឺជាវិធីការពារការមានផ្ទៃពោះ តាមរយៈការរំខានដល់ដំណើរការ នៃការបញ្ចេញអូវុល ការបង្កកំណើត និងការកាច់សម្បុក។ ការពន្យារកំណើតមានច្រើនប្រភេទដែលធ្វើសកម្មភាពនៅចំណុចផ្សេងពីគ្នានៅក្នុងដំណើរការនេះ។ ត្រង់ចំណុចនេះ ស្ត្រីជាទូទៅពិតជាមានការពិបាកសម្រេចចិត្តក្នុងការជ្រើសរើសវិធីសាស្ត្រណាមួយដែលល្អបំផុតសម្រាប់ខ្លួន។ ខាងក្រោមគឺជាការ ណែនាំអំពីវិធីសាស្រ្តក្នុងការពន្យារកំណើត ដែលស្របនឹងការណែនាំរបស់ជំនាញ វាក៏អាចជួយឲ្យអ្នកកាន់តែច្បាស់ក្នុងការសម្រេចចិត្តផងដែរ។ 

ប្រភេទនៃការពន្យារកំណើត
ការពន្យាកំណើតមានច្រើនប្រភេទដែលត្រូវជ្រើសរើសយកមកប្រើ ហើយការពន្យារកំណើតនីមួយៗមានប្រសិទ្ធភាពនិងផលវិបាកផ្សេងៗគ្នា ៖

•វិធីសាស្រ្តអ័រម៉ូន (hormones methods): ការប្រើប្រាស់ថ្នាំ (hormones) ការពារការបញ្ចេញអូវុលមានដូចជា ការលេបថ្នាំគ្រាប់(oral contraceptives) ការចាក់ថ្នាំ (Depo Provera injections) និងការដាក់កងក្នុងដៃស្បូន (Norplant)។ 

វិធីសាស្រ្តរាំងស្ទះ (barrier methods): វិធីសាស្រ្តនេះប្រើសម្រាប់រារាំងស្ពែម (sperm) ដើម្បីកុំឲ្យមានការបង្កកំណើតជាមួយអូវុល ដែលមានដូចជា ការប្រើប្រាស់ស្រោមអនាម័យ (condoms) និងស្រោមអនាម័យស្រ្តី (diaphragm)។

•វិធីសាស្រ្តសម្លាប់មេជីវិត(spermicide methods):ជាការប្រើថ្នាំសម្លាប់មេជីវិតឈ្មោល (nonoxynyl-9)។

•វិធីសាស្ត្រដាក់កងក្នុងស្បូន (intrauterine -devices): វិធីសាស្រ្តនេះគឺជាការដាក់កងក្នុងស្បូន ដើម្បីការពារកុំឲ្យមានការកាច់សម្បុក លើជញ្ជាំងស្បូន។ អាចដាក់បានពី ១ ឆ្នាំទៅ ១០ឆ្នាំ។

•វិធីសាស្ត្រគ្រៀវ (sterilizations): ចំពោះស្រ្តីគឺជាការចងនូវដៃស្បូន (fallopiantube) ដែលមិនអាចឲ្យអូវុលធ្វើដំណើរមកកាន់ស្បូន បាន ក៏ដូចជាមិនអនុញ្ញាតឲ្យស្ពែម៉ាតូសូអ៊ីតមកជួបអូវុលបាន។ ចំពោះបុរសគឺជាការកាត់ផ្តាច់នូវបំពង់តូចៗ(vasectomy) ដែលដឹកស្ពែមទៅ កាន់បំពង់សែមីនេហ្វែ ដូច្នេះមិនមានវត្តមានស្ពែម៉ាតូសូអ៊ីតបន្តទៀតទេ។

វិធីសាស្រ្តពន្យារកំណើតភ្លាមៗ (emergencycontraceptives): ប្រើប្រាស់សម្រាប់ការមិនចង់បានកូន នៅពេលមានរឿងចម្រូងចម្រាស់ (រំលោភ) ឬក្នុងករណីសង្ស័យខ្លាចមានកូនដោយការភ្លេចប្រើប្រាស់វិធីពន្យារកំណើតនានា។

ទោះយ៉ាងណាក៏ដោយ មិនមានវិធីសាស្ត្រណាអាចធានា ១០០%នៃការមិនមានផ្ទៃពោះនោះទេ មានតែការមិនរួមភេទតែមួយគត់ដែលអាច ធានាបាន១០០% ដែលមូលហេតុគឺបណ្តាលមកពីវិធីការពារខ្លះមានភាពលំបាកក្នុងការប្រើប្រាស់ ឯអ្នកប្រើប្រាស់ទៀតសោតមិនបានប្រើប្រាស់ ត្រឹមត្រូវ និងទៀងទាត់។ ការប្រើប្រាស់ និងប្រសិទ្ធភាពគ្រប់មធ្យោបាយពន្យារកំណើតទាំងអស់មានគោលបំណងតែមួយ ហើយប្រសិទ្ធភាពរបស់វា មានផលវិជ្ជមានច្រើនប្រសិនបើការប្រើប្រាស់បានត្រឹមត្រូវ ឧទាហរណ៍ ចំពោះថ្នាំគ្រាប់ពន្យារកំណើតនឹងផ្តល់ប្រសិទ្ធភាពប្រសិនបើលេបជារៀង- រាល់ថ្ងៃ ស្រោមអនាម័យបុរស-ស្រ្តីមានប្រសិទ្ធភាពនៅពេលកំពុងរួមភេទ ការចាក់ថ្នាំពន្យារកំណើត (Depo Provera injections) ការដាក់កងក្នុងស្បូន (intrauterine devices) ឬដៃស្បូន (Norplant) ការគ្រៀវ (sterilizations) គឺជាវិធីសាស្រ្តដែលមាន ប្រសិទ្ធភាពជារៀងរាល់ថ្ងៃ។

ខាងក្រោមនេះគឺជារបៀបប្រើប្រាស់វិធីពន្យារកំណើត ដែលត្រូវបានបែងចែកទៅតាមប្រភេទ៖

o ការលេបតាមមាត់ (oral ): ថ្នាំគ្រាប់ពន្យារកំណើតត្រូវលេបជារៀងរាល់ថ្ងៃ។
o ការចាក់តាមសាច់ដុំ (muscle injection): ថ្នាំអ័រម៉ូន (Depo Provera) ត្រូវចាក់រៀងរាល់ ៣ខែម្តង
o ការដាក់កងនៅដៃស្បូន (Norplant): ថ្នាំអ័រម៉ូនដែលមានប្រសិទ្ធភាពរយៈពេលយូរ ដែលត្រូវដាក់ក្រោមស្បែកនៅដើមដៃ។
o ការដាក់កងក្នុងស្បូន ( IUD): ត្រូវដាក់នៅក្នុងស្បូន។
o ការគ្រៀវ (sterilizations): ត្រូវធ្វើការវះកាត់ និងប្រើប្រាស់ថ្នាំសណ្តំ។
o ការពន្យារកំណើតភ្លាម : ការប្រើប្រាស់ស្រោមអនាម័យបុរស-ស្រ្តី និងការប្រើប្រាស់ថ្នាំសម្លាប់មេជីវិតភ្លាមៗ (emergency contraceptives) បន្ទាប់ពីការរួមភេទរួច ឬក្នុង ៧២ម៉ោងក្រោយរួមភេទ។

ការប្រុងប្រយ័ត្ន និងផលអវិជ្ជមានមួយចំនួនក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើតនីមួយៗ៖ 

o ការលេបថ្នាំគ្រាប់ពន្យារកំណើត៖ កម្រិតអ័រម៉ូន (estrogen) នៅក្នុងថ្នាំគ្រាប់ពន្យារកំណើតអាចបង្កបញ្ហាគាំងបេះដូងចំពោះស្រ្តីដែលមាន អាយុចាប់ពី ៣៥ឆ្នាំឡើងទៅ និងស្រ្តីដែលជក់បារី ។ ដូចនេះ ស្រ្តីទាំងនោះគួរចៀសវាងប្រើប្រាស់មធ្យោបាយពន្យារកំណើតនេះ។
o ការដាក់កងក្នុងស្បូន ( IUD)៖ អាចបង្កបញ្ហារលាកអាងត្រគាកធ្ងន់ធ្ងរ និងបញ្ហារលាកស្បូនដែលបណ្តាលមកពីការស៊កកងចូលទៅក្នុង ជញ្ជាំងស្បូន។ ការវះកាត់ជាវិធីសាស្រ្តដោះស្រាយបញ្ហានេះ។
o ការគ្រៀវ (sterilizations)៖ គ្រប់ការវះកាត់ទាំងអស់សុទ្ធតែអាចប្រឈមមុខនឹងបញ្ហាបច្ចេកទេសនានា បញ្ហាប្រើប្រាស់ថ្នាំសណ្តំ និង បញ្ហាហូរឈាមជាដើម។
o ការពន្យារកំណើតភ្លាម (emergency contraceptives)៖ ការប្រើប្រាស់ថ្នាំនេះមិនត្រូវអនុញ្ញាតឲ្យប្រើសម្រាប់ ការពន្យារកំណើតគ្រប់ពេល នោះទេ ព្រោះវាអាចប៉ះពាល់ដល់វដ្តរដូវស្រ្តី និងមិនធានា១០០% ចំពោះការមិនមានកូននោះទេ ប្រសិនបើការប្រើប្រាស់ថ្នាំនេះមិនមាន ប្រសិទ្ធភាព នោះអាចបង្កឲ្យកើតមាននូវកូនក្រៅស្បូនទៀតផង។

ការត្រៀមខ្លួនមុនពេលប្រើប្រាស់វិធីសាស្រ្តពន្យារកំណើត៖

មិនមានវិធីសាស្រ្តពិសេសណាមួយដើម្បីឲ្យស្រ្តីត្រៀមខ្លួនមុនពេលប្រើប្រាស់វិធីពន្យារកំណើតនោះទេ។ ការប្រើប្រាស់វិធីពន្យារកំណើតបានលុះត្រាតែ ស្រ្តីប្រាកដថាខ្លួនមិនមានផ្ទៃពោះ មុនពេលដែលចាប់ផ្តើមប្រើប្រាស់ការលេបថ្នាំ ឬដាក់កង។ 


បញ្ហាប្រឈមក្នុងការប្រើប្រាស់មធ្យោបាយពន្យារកំណើត៖

o វិធីសាស្រ្តអ័រម៉ូន (hormones methods)៖ ការប្រើប្រាស់ពពួកថ្នាំអ័រម៉ូន អាចធ្វើឲ្យមានការប្រែប្រួលនូវវដ្តរដូវរបស់ស្រ្តី ប្រែប្រួលអារម្មណ៍ ឡើងគីឡូ ឡើងមុនលើមុខ ឈឺក្បាល។ លើសពីនេះទៅទៀត វាអាចបណ្តាលឲ្យស្រ្តីមួយចំនួនមានបញ្ហាបាត់រដូវរយៈពេលជាច្រើនខែនៅពេល បញ្ឈប់ការប្រើប្រាស់ថ្នាំចាក់ និងការដាក់កងក្នុងដៃ។

o វិធីសាស្រ្តរាំងស្ទះ (barrier methods)៖ ការប្រើប្រាស់ស្រោមអនាម័យស្រ្តី (diaphragm) ចំពោះស្រ្តីត្រូវប្រាកដថាវាពិតជាត្រឹមត្រូវព្រោះ ស្រ្តីមួយចំនួនអាចនឹងជួបបញ្ហារលាកផ្លូវនោមនៅពេលដែលប្រើប្រាស់វា។

o វិធីសាស្រ្តសម្លាប់មេជីវិត (spermicide methods)៖ ស្រ្តី និងបុរសមូយចំនួនអាចមានអាល្លែកហ្ស៊ីជាមួយថ្នាំ (nonoxynyl-9) ដែលអាច រីករាលដាលទៅស្បែក។

o វិធីសាស្ត្រដាក់កងក្នុងស្បូន (IUD)៖ ការដាក់កងនេះមានន័យថាយករបស់ខាងក្រៅទៅដាក់នៅក្នុងស្បូនរបស់ស្រ្តី ដែលបណ្តាលឲ្យស្បូនមាន ប្រតិកម្មចង់យកវាចេញក្រៅ។ ដូច្នេះ ស្រ្តីដែលប្រើប្រាស់មធ្យោបាយនេះអាចមានការមកឈាមរដូវច្រើន និងឈឺចាប់ខ្លាំងនៅកន្លែងដែល ដាក់កងនោះ។

o ការគ្រៀវ (sterilizations)៖ ស្រ្តីមួយចំនួនអាចនឹងជួបបញ្ហាមករដូវមិនស្រួល បន្ទាប់ពីការគ្រៀវ។ បញ្ហានេះគេមិនទាន់ដឹងនៅឡើយទេ ថាអាចមកពីខ្សែចងរបស់ដៃស្បូននោះទេ។ មិនមានវិធីសាស្រ្តពន្យារកំណើតណាដែលល្អឥតខ្ចះនោះទេ។ 

គ្រប់វិធីសាស្ត្រខាងលើ គួរតែត្រូវបានឆ្លងកាត់ការពន្យល់ណែនាំរបស់អ្នកជំនាញត្រឹមត្រូវ ពីព្រោះអត្ថប្រយោជន៍ ក៏ដូចជាផលប៉ះពាល់របស់ វិធីសាស្រ្តនីមួយៗនឹងត្រូវបានសម្របសម្រួលទៅតាមលក្ខខណ្ឌផ្សេងៗទាក់ទងនឹងស្ត្រីម្នាក់ៗ ក៏ដូចជាផែនការគ្រួសាររបស់ពួកគេផងដែរ។ 


©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

អត្ថបទទាក់ទង