កុំធ្វើចំណុច ៧យ៉ាងនេះបើមិនចង់ឲ្យប៉ះពាល់ដល់កូន
“កូនអើយ… កុំយំ! កុំយំណាកូនណា៎” ជាឃ្លាដែលប៉ាម៉ាក់ប្រើប្រាស់ញឹកញ៉ាប់ពេលទារកយំ តែម៉ាក់ៗដែលដឹងអត់ថា ការហាមកូនមិនឲ្យយំ អាចជាកំហុសមួយ។ ថ្ងៃនេះ My bébé ចង់ធ្វើការចែករំលែកនូវកំហុសឆ្គងតូចៗ ៧ ដែលប៉ាៗ ម៉ាក់ៗថ្មីថ្មោងប្រហែលជាកំពុងធ្វើ ដោយមិនដឹងខ្លួនថាវាអាចជះឥទ្ធិពលទៅលើពួកគេទាំងអំឡុងពេលក្នុងវ័យជាទារក និងរហូតឈានដល់ពេលពេញវ័យទៀតផង៖
១. ហាមកូនមិនឲ្យយំ
ប្រាកដណាស់ គ្មានប៉ាម៉ាក់ណាចង់ឲ្យកូនយំទេ តែពេលខ្លះ បើទោះជាអ្នកបានបញ្ចុកអាហារ និងផ្លាស់ប្តូរកន្ទបរួចរាល់អស់ទៅហើយ អាអូនអាចនៅតែយំ ព្រោះអាចជាវិធីសាស្រ្តក្នុងការសន្ទនាមួយរបស់ពួកគេ។ ហេតុនេះ អ្នកមិនគួរលួងបង្ខំឲ្យគេបាត់យំភ្លាមៗឡើយ ផ្ទុយទៅវិញ អ្នកគួរផ្ដល់ពេលវេលាមួយចំនួនសម្រាប់ឲ្យពួកគេយំ ហើយអង្កេតមើលថាអ្វីដែលគេចង់បានបន្ថែមទៀត។ តែប្រសិនបើកូនតូចយំរហូតច្រើនម៉ោង និងមានរោគសញ្ញាមិនប្រក្រតីរួមមានក្ដៅខ្លួន កន្ទួលក្រហម ឬក្អួត អ្នកត្រូវប្រញាប់ស្វែងរកការព្យាបាលភ្លាមៗ។
២. ដាស់កូនតូចឲ្យបៅពេលយប់
មតិមួយចំនួនលើកឡើងថាទឹកដោះម្ដាយមិនអាចឲ្យកូនឆ្អែតពេញមួយយប់នោះទេ ទើបមានម៉ាក់ៗខ្លះបង្ខំចិត្តដាស់ឲ្យកូនបៅនៅពេលយប់ ប៉ុន្តែនេះជាការយល់ខុសមួយ ពីព្រោះថាទឹកដោះម្ដាយមានជីវជាតិគ្រប់គ្រាន់រួចស្រេចទៅហើយ។ ផ្ទុយទៅវិញអ្នកគួរឲ្យកូនគេងបានស្កប់ស្កល់ ដែលនេះជាអ្វីដែលពួកគេត្រូវការបំផុត ហើយក្នុងពេលជាមួយគ្នាម៉ាក់ៗមានពេលវេលាក្នុងការគេងឲ្យបានគ្រប់គ្រាន់ផងដែរ។
៣. កង្វះអនាម័យមាត់ធ្មេញ
ម៉ាក់ៗថ្មីថ្មោង អាចធ្វេសប្រហែសក្នុងការថែរក្សាសុខភាពមាត់ធ្មេញរបស់កូនតូច។ ជាក់ស្ដែង កុំចាំដល់ពេលកូនមានធ្មេញគ្រប់គ្រាន់ទើបចាប់ផ្ដើមថែរក្សានោះ ដោយហេតុថាវាអាចហួសពេលក៏ថាបាន។ អ្នកអាចចាប់ផ្ដើមអនាម័យមាត់ធ្មេញពួកគេដោយ៖
- ប្រើក្រណាត់ ឬក្រដាសសើម ជូតសម្អាតអញ្ចាញធ្មេញ ហើយអាចចាប់ផ្ដើមដុសធ្មេញនៅពេលពួកគេអាយុបាន ១ ឆ្នាំ
- ហាមបំបៅដោះកូនពេលយប់ជ្រៅ នៅពេលពួកគេឈានដល់វ័យចាប់ផ្ដើមមានធ្មេញ ពីព្រោះការធ្វើបែបនេះអាចឲ្យធ្មេញឆាប់វិវឌ្ឍទៅជាពុកបាន
- អាចបន្ថែមសារធាតុភ្លុយអ័រសម្រាប់សុខភាពមាត់ធ្មេញ ដោយអ្នកអាចស្វែងរក និងណែនាំតាមរយៈអ្នកជំនាញបាន។
៤. មិនលេងជាមួយកូនតូច
ការលេងរបស់កូនតូចគឺជាការលូតលាស់ ក៏ដូចជាការរៀនពីអ្វីដែលថ្មីៗដែរ។ ពិតណាស់ ការលេងនឹងផ្ដល់ភាពសប្បាយរីករាយ និងអាចជាឱកាសឲ្យពួកគេធ្វើការស្វែងរក ពិសោធន៍ថ្មីៗ និងបង្កើតកំហុសក្នុងពេលជាមួយគ្នា។ ប៉ាៗ ម៉ាក់ៗខ្លះ បែរជាមិនចាប់អារម្មណ៍ និងមើលរំលងពីការលេងរបស់កូនតូច ហើយបែរជាបណ្ដោយឲ្យពួកគេចំណាយពេលច្រើនជាមួយបច្ចេកវិទ្យាដូចជាការមើលទូរស័ព្ទដៃទៅវិញ ដោយពុំបានដឹងថាការលេងល្បែងសាមញ្ញជាមួយពួកគេ អាចជួយបន្ថែមនូវមេរៀនពីបំណិនជីវិតដូចជា ការផ្ដល់ក្ដីស្រលាញ់ របៀបទំនាក់ទំនង ការគិត និងការដោះស្រាយបញ្ហាជាដើម។
៥. មិនផ្ដល់ក្ដីស្រលាញ់ និងយកចិត្តទុកដាក់
ភាពព្រងើយកន្ដើយ ឬការមិនបង្ហាញក្ដីស្រលាញ់របស់អ្នកអាចកំពុងប្រាប់អាអូនថា “ក្ដីស្រលាញ់គឺមានលក្ខខណ្ឌ”។ អាកប្បកិរិយាបែបនេះជាញឹកញាប់អាចបណ្ដាលឲ្យកូនតូចចាប់ផ្ដើមខ្វះភាពកក់ក្តៅ ខ្វះការគោរព និងខ្វះការជឿទុកចិត្តលើខ្លួនឯង។ ជាលទ្ធផលពួកគេអាចពិបាក និងមិនហ៊ានបង្ហាញអ្វីដែលពួកគេចង់បាន ឬតម្រួវការផ្សេងៗ។ ម្យ៉ាងទៀត ពួកគេអាចប្រែក្លាយជាបុគ្គលដែលគិតតែពីអារម្មណ៍មនុស្សជុំវិញខ្លួន និងសម្ដែងចេញកាយវិការតាមតែការចង់បានរបស់អ្នកដទៃ ឬអាចនិយាយបានថាពួកគេធ្វើអ្វីទាំងបង្ខំ ឬដោយការខ្លាចគេមាក់ងាយ។
៦. បង្ហាញទំនាក់ទំនងមិនល្អ
វិធីសាស្រ្តក្នុងការទាក់ទង ជាផ្លូវមួយដើម្បីបង្ហាញឲ្យពួកគេឃើញថាបរិយាកាស ឬសង្គមរបស់គេស្ថិតក្នុងស្ថានភាពបែបណា។ ការបង្ហាញរបស់អ្នកតាមការឱប ថើប ញញឹម និងផ្ដល់ឲ្យនូវវត្ថុណាមួយនោះ អាចឲ្យពួកគេមើលឃើញពីក្ដីស្រលាញ់ក្នុងពិភពដែលគេរស់នៅ ហើយគេនឹងឆ្លើយតបមកវិញដោយអាកប្បកិរិយាសប្បាយរីករាយ វិជ្ជមាន ថែមទាំងជួយពង្រឹងក្ដីស្រលាញ់រវាងអ្នកនិងពួកគេកាន់តែស្អិតរមួត។ ផ្ទុយទៅវិញ ការបង្ហាញសកម្មភាពបែបអវិជ្ជមាន អាចឲ្យការគិត និងទំនាក់ទំនងគ្មានភាពស្រស់បំព្រង ថែមទាំងបាត់ទំនុកចិត្តទៀតផង ដែលទាំងនេះមិនសំដៅតែលើទំនាក់ទំនងរវាងអ្នក និងកូនតូចនោះទេ ប៉ុន្តែការបង្ហាញទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តដទៃទៀតក៏ជាមេរៀនដែលអាចពួកគេអាចចងចាំបានផងដែរ។
៧. ឈ្លោះក្រកែកគ្នានៅមុខកូនតូច
បើទោះបីជាក្មេងតូចអាយុទើបតែ ៣ខែ ក៏អាចទទួលអារម្មណ៍បែបនេះដែរ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ យ៉ាងណាមិញ ការឈ្លោះក្រកែកគ្នាអាចចៀសមិនផុតក្នុងរង្វង់គ្រួសារនោះទេ តែដើម្បីបញ្ចៀសផលកាន់តែអាក្រក់ អ្នកគួរសួរខ្លួនឯងថាតើការឈ្លោះនោះញឹកញាប់ និងខ្លាំងក្នុងកម្រិតណា។ ការធ្វើបែបនេះអាចឲ្យអ្នកស្វែងរកដំណោះស្រាយជាជាងការប្រើប្រាស់ពាក្យសំដី និងអាកប្បកិរិយាធ្ងន់ៗដែលអាចប៉ះពាល់ដល់អារម្មណ៍របស់កូនតូចរបស់អ្នក។
ម៉ាក់ៗ ត្រូវចាំថាការចិញ្ចឹមបីបាច់កូនប្រៀបបីដូចជាការក្រកួតប្រជែងផ្នែកអារម្មណ៍មួយ ដែលទាមទារនូវភាពអត់ធ្មត់ និរន្តភាព សេចក្ដីស្រលាញ់ និងការយោគយល់។ ពិតណាស់ អ្នកអាចនឹងព្រួយបារម្ភអំពីជម្រើស ឬវិធីសាស្រ្តក្នុងការថែទាំពួកគេ តែទោះជាយ៉ាងណាអ្នកអាចចាប់ផ្ដើមរៀនបន្តិចម្ដងៗ រួចក្លាហានក្នុងការកែប្រែកំហុសខុសឆ្គង នោះអ្នកនឹងអាចក្លាយជាអាណាព្យាបាលល្អមួយរូបដែលកូនអ្នកចង់បាន។
ប្រភព
https://www.webmd.com/parenting/baby/features/10-mistakes-new-parents-make#2
https://www.healthline.com/health/parenting/bad-parenting#signs