Menu

សញ្ញាណនៃកូនក្រៅស្បូនស្រ្តីអាចមិនធ្លាប់ដឹង


សញ្ញាណនៃកូនក្រៅស្បូនស្រ្តីអាចមិនធ្លាប់ដឹង

និយមន័យ
កូនក្រៅស្បូន គឺជាការកាច់សម្បុកខុសទីតាំងរបស់ស៊ុតនៅក្រៅតួស្បូន។ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នគេសង្កេតឃើញថាបញ្ហាកូនក្រៅស្បូនមិនមានការប្រែប្រួលប្លែកនោះទេ (កូនក្រៅស្បូនអាចមានតែ ១ភាគរយ ទៅ៣ភាគរយប៉ុណ្ណោះក្នុងចំណោមការមានផ្ទៃពោះ)។

មូលហេតុ និងកត្តាបង្ក
មូលហេតុចម្បងដែលបណ្តាលឲ្យមានបញ្ហានេះកើតឡើងគឺដោយសារតែកោសិការបស់ស្បូនមានការខូចខាតដោយសារការរលាក (Salpingite) ឬកម្រិតអ័រម៉ូនមិនមានតុល្យភាព ដែលជាមូលហេតុនៃការខកខានពេលវេលារបស់ស៊ុតធ្វើដំណើរទៅដល់តួស្បូនទាន់ពេល  ឬភាពលូតលាស់មិនប្រក្រតីរបស់ស៊ុត។ ក្រៅពីនោះ កូនក្រៅស្បូនអាចមាន ១ ទៅ៣ភាគរយក្នុងចំណោមការមានផ្ទៃពោះដោយបណ្ដាលមកពីកត្តាផ្សេងៗដូចជា៖
• ធ្លាប់កើតជំងឺកាមរោគ
• រលាកដៃស្បូន ឬរលាកភ្នាសស្បូន
• ប្រវត្តិធ្លាប់វះកាត់ដៃស្បូន ឬវះកាត់ពោះ
• ការជក់បារី
• ដាក់កងស្បូន ឬប្រើថ្នាំពន្យារកំណើត
• បង្កកំណើតខាងក្រៅ ហើយបាញ់បញ្ចូលក្នុងស្បូន
• អាយុម្តាយច្រើនពេក។

រោគសញ្ញា
សញ្ញាសំខាន់ៗដែលបង្ហាញថាអ្នកកំពុងប្រឈមមុខជាមួយនឹងកូនក្រៅស្បូននេះមាន៖
• បាត់រដូវ
• ដំបូងមិនមានសញ្ញាអ្វីប្លែកទេ តែសញ្ញាអាចមានជាបន្តបន្ទាប់នៅពេលកូនកាន់តែរីកធំទៅ
• ពិនិត្យទឹកនោមឃើញមានកូន
• អាចមាន ឬគ្មានអាការៈចាញ់កូន
• អាចមានធ្លាក់ឈាមតិចៗ
• ឈឺពោះ ឬឈឺអាងត្រគាក។
ប្រសិនបើកូនក្រៅស្បូនបែក អាចមានសញ្ញាដូចជា៖
• ស្លេកស្លាំង
• អស់កម្លាំង
• ចុកពោះខ្លាំង
• សម្ពាធឈាមចុះទាប។

ការធ្វើរោគវិនិច្ឆ័យ
ក្នុងករណីអ្នកជំងឺជួបប្រទះនឹងសញ្ញាសង្ស័យនានាខាងលើ គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យដើម្បីបញ្ជាក់បន្ថែម៖
• ពិនិត្យរោគសញ្ញាគ្លីនិក
• ពិនិត្យរកសារធាតុ Beta-HCG កើនឡើង (Beta-HCG គឺជាសារជាតិម៉្យាងបញ្ជាក់ថានៅក្នុងខ្លួនស្ត្រីមានផ្ទុកដោយគភ៌)។ ការរក Beta-HCG នេះអាចធ្វើតាមរយៈតេស្តទឹកនោម និងតេស្តឈាម
• ការពិនិត្យអេកូសាស្រ្ត។

វិធីសាស្រ្តព្យាបាល
អ្នកជំងឺដែលមានកូនក្រៅស្បូនត្រូវធ្វើការព្យាបាលតាមបែបវេជ្ជសាស្រ្តដោយប្រើប្រាស់ថ្នាំ និងវះកាត់ (ការចោះ និងវះបើកពោះ)។ ផ្ទុយទៅវិញ ប្រសិនបើកូនក្រៅស្បូនមិនទាន់បែក គ្រូពេទ្យត្រូវធ្វើការព្យាបាលតាមរយៈការប្រើប្រាស់ថ្នាំ ដើម្បីបញ្ឈប់ការលូតលាស់របស់ស៊ុត។ ដោយឡែក ករណីមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវមិនទាន់ពេលវេលានោះអាចបណ្តាលឲ្យបែកកូនក្រៅស្បូន ហូរឈាមច្រើនឡើងៗរហូតអាចឈានដល់ការបាត់បង់ជីវិតបានដែរ។

វិធីសាស្រ្តការពារ
ជាការពិតណាស់ យើងមិនអាចការពារខ្លួនពីការមានកូនក្រៅស្បូនបានទេ ប៉ុន្តែយើងអាចកាត់បន្ថយកត្តាដែលជំរុញឲ្យមានកូនក្រៅស្បូន និងពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់។ ប្រសិនបើស្រ្តីបាត់រដូវត្រូវទៅពិនិត្យផ្ទៃពោះភ្លាម ដើម្បីបញ្ជាក់ពីទីតាំងរបស់កូន ថានៅក្នុងស្បូន ឬក្រៅស្បូន ដោយមកពិគ្រោះយោបល់និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាជាមួយគ្រូពេទ្យជំនាញ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត យង់ ម៉ាលីសាដែត ឯកទេស សម្ភព និងរោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរសម្រាកព្យាបាល រីជេណឺរេធីវ 21+

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង