៥ គន្លឹះដែលធ្វើឲ្យអ្នកក្លាយជាម្តាយដំបូងដ៏ឆ្លាតវៃ
ទារកដែលទើបនឹងកើត ឬកូនតូចៗត្រូវការការយកចិត្តទុកដាក់ និងថែរក្សាអនាម័យជាប្រចាំដើម្បីបញ្ចៀសបានពី ការប្រឈមទៅនឹងសុខភាពរាងកាយនានា និងធានាឲ្យបានសុខភាពពេញលេញនៅពេលដែលពួកគេធំដឹងក្ដី។ ដោយហេតុថាពួកគេជាវ័យដែលងាយប្រឈមនឹងការឆ្លងមេរោគ នោះការរក្សាបានភាពស្អាត និងអនាម័យជាភារកិច្ចចាំបាច់ដែលលោកប៉ា និងអ្នកម៉ាក់ត្រូវស្វែងយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ My Bébé ដឹងថាម៉ាក់ៗ ក៏ដូចជាប៉ាៗដែលទើបនឹងមានបុត្រជាលើកដំបូង ប្រហែលជាមិនទាន់ដឹងពីវិធីសាស្រ្តក្នុងការរក្សាអនាម័យសម្រាប់ទារកនៅឡើយទេ ដូច្នះ My Bébé សូមចែករំលែកនូវគន្លឹះមួយចំនួនដើម្បីឲ្យម៉ាក់ៗក្លាយជាម្តាយដំបូងដ៏ជំនាញ និងឆ្លាតវៃ៖
១. ងូតទឹកឲ្យទារក
ការពិតទៅ រាងកាយទារកមានសភាពស្អាតរួចស្រាប់ទៅហើយ ព្រោះពួកគេកម្រប៉ះពាល់នឹងសារធាតុកង្វក់នានា តែទោះជាយ៉ាងណាក៏ដោយ ការងូតទឹកគឺជាការចាំបាច់បំផុតសម្រាប់ធានាឲ្យបានភាពស្អាត និងអនាម័យខ្ពស់។ សម្រាប់ទារក៣ខែដំបូង លោកអ្នកអាចងូតទឹកឲ្យទារករៀងរាល់២ថ្ងៃម្តង នេះបើយោងតាមការបកស្រាយដោយវេជ្ជបណ្ឌិត វ៉ាន សុខជា ឯកទេសរោគកុមារ និងជាប្រធានមន្ទីរសម្រាកព្យាបាលរោគកុមារ ម៉ាក់ស៊ីឃែរ។ បន្ទាប់មក អ្នកអាចងូតទឹកឲ្យពួកគេជារៀងរាល់ថ្ងៃ ឬប្រែប្រួលទៅតាមរដូវកាល ឬស្ថានភាពសុខភាពនានា ពេលដែលទារកមានអាយុលើសពី៣ខែ។ នៅពេលងូតទឹកម្ដងៗ អ្នកគួរសម្អាតសក់ និងដងខ្លួនជាមួយសាប៊ូផលិតឡើងសម្រាប់ស្បែកទារកដែលមិនមានបូកបញ្ចូលនូវសារធាតុកាត់នាំឲ្យប៉ះពាល់ដល់សុខភាពស្បែកនោះឡើយ។
២. បោកខោអាវ និងការប្តូរកន្ទបឲ្យទារក
ភាពកខ្វក់នានាអាចតោងជាប់លើសម្លៀកបំពាក់របស់ទារកដែលអ្នកមិននឹកស្មានដល់ ដូច្នេះការផ្លាស់ប្តូរកន្ទប និងបោកខោអាវជាផ្នែកមួយដ៏សំខាន់នៃការធ្វើអនាម័យផងដែរ។ អ្នកត្រូវត្រួតពិនិត្យកន្ទប និងផ្លាស់ប្តូរឲ្យបានញឹកញាប់ដើម្បីចៀសវាងបញ្ហារលាក ឬមេរោគផ្សេងៗ។ សម្រាប់ខោអាវ អ្នកអាចបោកដោយប្រើប្រាស់សាប៊ូដែលមានសមត្ថភាពកម្ចាត់បាក់តេរី តែគ្មានសារធាតុកាត់នោះទេ។ បន្ទាប់ពីធ្វើការបោកសម្អាតរួចរាល់ អ្នកអាចហាលសម្លៀកបំពាក់ទាំងនោះក្នុងម៉ាស៊ីនសម្ងួត ឬខាងក្នុងផ្ទះ ដើម្បីបង្ការការឆ្លងមេរោគពីបរិយាកាសខាងក្រៅ។ មួយវិញទៀត កុមារអាចនឹងងាយក្អែរ ឬធ្វើឲ្យខោអាវរបស់ពួកគេងាយប្រលាក់ ដែលអ្នកអាចធ្វើការផ្លាស់ប្តូរសម្លៀកបំពាក់ពួកគេពី ៣ ទៅ ៤ដងក្នុងមួយថ្ងៃ។
៣. លាងដបទឹកដោះគោ ឬសម្ភារៈផ្សេងៗ
លោកប៉ា អ្នកម៉ាក់គួរត្រៀមទុកកំប៉ុងទឹកដោះគោក្នុងចំនួនច្រើនសម្រាប់ដាក់អាហារដាច់ដោយឡែកពីគ្នា។ កំប៉ុងទាំងអស់ ត្រូវលាងនិងសម្លាប់មេរោគជាមួយទឹកក្ដៅ ឬសាប៊ូដែលផលិតឡើងសម្រាប់តែលាងសម្អាតកំប៉ុងទឹកដោះគោ និងសម្ភារៈក្មេងលេងតែប៉ុណ្ណោះ។ បន្ទាប់ពីលាងរួចរាល់ អ្នកអាចទុកវាចោលក្នុងឆ្នាំងដែលមានទឹកក្ដៅនោះជាមួយនឹងគម្របបិតជិត ហើយអាចយកចេញក្នុងករណីដែលអ្នកត្រូវប្រើប្រាស់តែប៉ុណ្ណោះ។ ត្រូវចាំថា កំប៉ុងដែលប្រើប្រាស់រួចត្រូវដាក់ឲ្យឆ្ងាយពីកំប៉ុងថ្មី ដើម្បីចៀសវាងក្នុងការភ័ន្តច្រឡំប្រើប្រាស់កំប៉ុងដែលមិនទាន់បានធ្វើការសម្លាប់មេរោគ។ ក្រៅពីនេះ អ្នកក៏កុំភ្លេចលាងសម្អាតសម្ភារៈក្មេងលេង ឬជូតជាមួយនឹងទឹកសាប៊ូឲ្យបានញឹកញាប់ផងដែរ។
៤. កាត់តម្រឹមក្រចក និងសក់
សក់ និងក្រចករបស់ទារកអាចដុះលឿនដែលអ្នកគួរសង្កេតមើលដើម្បីធ្វើការកាត់ចោលខ្លះ។ ការធ្វើបែបនេះអាចជួយឲ្យកូនតូចចៀសផុតពីធូលីដី ឬមេរោគនានាដែលកំពុងតោងភ្ជាប់។ មួយវិញទៀត ការតម្រឹមក្រចកនិងសក់បែបនេះក៏អាចធ្វើឲ្យអ្នកងាយស្រួលក្នុងការសម្អាតម្រាមដៃ និងស្បែកក្បាលរបស់ពួកគេផងដែរ។ អ្នកអាចកាត់ក្រចក ឬសក់ នៅពេលដែលពួកគេកំពុងគេងលក់ ហើយស្របពេលជាមួយគ្នាអ្នកត្រូវមានបម្រុងប្រយ័ត្នខ្ពស់ចៀសសវាងការដាច់រលាត់ដែលអាចឲ្យទារកងាយមានជំងឺតេតាណូស។
៥. ប៉ះពាល់ទារក
ការប៉ះពាល់ទារកដោយការពរ បី និងឱបក៏ជាប្រភពនៃការចម្លងភាពកង្វក់ទៅកាន់ពួកគេបានដូចគ្នា ដូចនេះលោកប៉ា អ្នកម៉ាក់ និងសមាជិកគ្រួសារផ្សេងទៀតគួរសម្អាតដៃជាមួយសាប៊ូកម្ចាត់បាក់តេរីឲ្យបានស្អាតជាមុនសិនមុនពេលចាប់កាន់កូនតូច។
ក្រៅពីនេះ អ្នកគួរចៀសវាងអនុវត្តនូវតំណមមួយចំនួនពីបុរាណដូចជាការតមទឹក បន្តក់ទឹកដោះក្នុងភ្នែក ឬលាបប្រេងក្រឡាលើក្បាលទារកជាដើម ដែលជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពណាមួយ។ ត្រូវចាំថាកូនតូចមានប្រព័ន្ធការពាររាងកាយខ្សោយជាងមនុស្សធំ ដូចនេះគួរដាក់ឲ្យពួកគេនៅក្នុងបរិយាកាសដែលមានខ្យល់ចេញចូលបានគ្រប់គ្រាន់ និងគប្បីថែរក្សាអនាម័យតាមការណែនាំខាងលើ។ My Bébé សង្ឃឹមថាម៉ាក់ៗទាំងអស់គ្នាប្រាកដជាអាចធ្វើជាម៉ាក់ៗដ៏ជំនាញ និងឆ្លាតវៃបាន!
ប្រភព
https://www.thehealthsite.com/pregnancy/8-tips-to-keep-your-newborn-clean-93392/