ដឹងទេថា! កូនអ្នកកើតមកជាមួយភាពអស្ចារ្យទាំងនេះ....
ធ្លាប់ឆ្ងល់ទេ! ពេលខ្លះអ្នកបែរជាឃើញទារកមួយចំនួន ត្រូវបានគេអនុញ្ញាតឲ្យហែលទឹក ឬជ្រមុជទឹកលេងតាំងពីវ័យនៅតូចៗមកម្ល៉េះ ហើយមើលដូចជាគ្មានសុវត្ថិភាពសោះ តែតាមពិតនេះជាការបង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់ពួកគេទៅវិញនោះទេ។ ជាក់ស្ដែងក្រៅពីភាពគួរឲ្យស្រលាញ់របស់ពួកគេ នៅមានរឿងអាថ៌កំបាំងផ្សេងទៀតដែលអ្នកមិនបានដឹង ហើយខាងក្រោមនេះ My Bébé ចង់បង្ហាញរឿងអស្ចារ្យទាំងនោះដែលកូនតូចរបស់អ្នកកំពុងមាន៖
សមត្ថភាពជ្រមុជទឹក
ទារកកើតមកជាមួយរេផ្លិចក្នុងការជ្រមុជទឹកបាន ពីព្រោះរាងកាយពួកគេអាចសម្របខ្លួនជាមួយស្ថានភាពនៅក្នុងទឹក។ ពេលស្ថិតនៅក្នុងទឹក ចង្វាក់បេះដូងពួកគេនឹងថយចុះ រួមជាមួយការទប់ដង្ហើមបានយ៉ាងល្អ ហើយអ្វីដែលគួរឲ្យអស្ចារ្យទៀតនោះពួកគេអាចដកដង្ហើម និងលេបនៅក្នុងពេលជាមួយគ្នាដូចទៅនឹងសត្វត្រីដែរ ក្នុងវ័យ ២ ទៅ៣ខែដំបូង។ សមត្ថភាពបែបនេះត្រូវបានគេយល់ថា ពួកគេបានរៀនវានៅក្នុងស្បូនរបស់ម្ដាយ ប៉ុន្តែភាពអស្ចារ្យនេះនឹងបាត់បង់ទៅវិញនៅពេលពួកគេមានអាយុចាប់ពី ៦ខែឡើងទៅ។
មានឆ្អឹងដល់ទៅ ៣០០
តួលេខនេះមានចំនួនដល់ទៅ ៩៤ ច្រើនជាងមនុស្សពេញវ័យដែលមានត្រឹមតែ ២០៦ឆ្អឹងប៉ុណ្ណោះ ហើយដែលយើងមិនដែលបានដឹង យ៉ាងណាមិញឆ្អឹងរបស់ពួកគេនឹងចាប់ផ្ដើមរលាយចូលគ្នានៅពេលរាងកាយលូតលាស់ពេញវ័យបន្ដិចម្តងៗ។
ប្រើប្រាស់កន្ទបទឹកនោមច្រើននៅឆ្នាំដំបូង
កន្ទបទឹកនោម និងកន្សែងអនាម័យដល់ទៅ ៣៣៦០ អាចនឹងត្រូវប្រើប្រាស់ក្នុងឆ្នាំដំបូងសម្រាប់ទារក ដោយសារពួកគេត្រូវការបញ្ចេញចោល ជូតសម្អាតមុខ ដៃ និងជើងច្រើនដង។ ពួកគេត្រូវការបត់ជើងតូចរៀងរាល់ ២០នាទីម្តង រហូតដល់តម្រងនោមចាប់ផ្ដើមរីកលូតលាស់ ហើយវាជារឿងល្អដែលការផលិតខោទឹកនោមសព្វថ្ងៃនេះអាចជក់ទឹកបាន និងមិនប៉ះពាល់ដល់ស្បែក។
មិនអាចបញ្ចេញទឹកភ្នែក
ទារកទើបនឹងកើតតែងតែចាប់ផ្ដើមយំ តែពួកគេមិនអាចបញ្ចេញទឹកភ្នែកបានភ្លាមៗនោះទេ។ លក្ខណៈបែបនេះគឺដោយសារសារធាតុទឹកក្នុងក្រពេញទឹកភ្នែកមានក្នុងចំនួនតិចតួចដែលអាចគ្រាន់តែផ្សើមកែវភ្នែកតែប៉ុណ្ណោះ។ នៅពេលពួកគេមានអាយុ ៣ សប្ដាហ៍ ឬ ១ ខែ ក្រពេញទាំងនោះនឹងចាប់ផ្ដើមរីកធំ ហើយអាចបញ្ចេញទឹកភ្នែកបានដូចធម្មតា ។
មានញាណដឹងពីអារម្មណ៍
ទារកដែលមានអាយុ ២ ទៅ៣ខែឡើងទៅ អាចសម្គាល់បាននូវអារម្មណ៍សប្បាយរីករាយ កើតទុក្ខ ហើយចាប់ផ្ដើមយល់ពីអារម្មណ៍មនុស្សនៅជុំវិញខ្លួននៅពេលមានអាយុ ១ឆ្នាំ ឡើងទៅ នេះបើយោងតាមការសិក្សារបស់អ្នកជំនាញ។ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ ពួកគេមិនគ្រាន់តែដឹងពីអារម្មណ៍របស់អ្នកនោះទេ ថែមទាំងអាចបង្ហាញអាការៈខ្វាយខ្វល់ទៀតផង។
ការចងចាំមុខ
ក្នុងរយៈពេល ១អាទិត្យបន្ទាប់ពីកើត ទារកអាចចំណាំមុខរបស់អ្នកម៉ាក់ដែលតែងតែនៅក្បែរពួកគេរួចទៅហើយ។ នៅពេលពួកគេមានអាយុ ៦ខែ សមត្ថភាពចងចាំនឹងកាន់តែច្បាស់ជាងមនុស្សពេញវ័យទៅទៀត ជាមួយនឹងការចងចាំ ឬស្គាល់មុខបុគ្គលណាម្នាក់ក្នុងចំណោមហ្វូងមនុស្សជាច្រើន។
ការឆ្លើយតបនឹងចង្វាក់តន្រ្តី
នេះមិនមែនគ្រាន់តែសំដៅលើដុងពីកំណើតខាងសិល្បៈនោះទេ ពីព្រោះថារាល់ទារកទាំងអស់សុទ្ធតែមានញាណទៅលើចង្វាក់តន្រ្តី។ អ្នកវិទ្យាសាស្រ្តបានបង្ហាញថា ទារកអាចបញ្ចេញកាយវិការដោយប្រើដៃ និងដងខ្លួនទៅលើចង្វាក់របស់ចម្រៀងបានយ៉ាងច្រើនប្រភេទ បើទោះបីពួកគេមិនអាចធ្វើចលនាខ្លាំងៗក៏ដោយ។ ជាមួយនឹងសមត្ថភាពបែបនេះ ទើបគេរំពឹងទុកថាវាអាចជួយឲ្យពួកគេរៀន និងវិភាគលើភាសានិយាយរបស់លោកប៉ា អ្នកម៉ាក់ ក៏ដូចជាភាសាដើមកំណើតរបស់ខ្លួន។
ប្រភព
https://www.parents.com/baby/development/intellectual/6-things-you-may-not-know-your-baby-can-do/
https://www.livescience.com/20802-newborn-baby-skills.html
https://www.pbcexpo.com.au/blog/16-incredibly-cool-facts-about-your-bab