Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

ក្រុមហ៊ុន GE រៀបចំព្រឹត្តិការណ៍​ <<GE Healthcare Innovation Day>>

ភ្នំពេញ ថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០១៧ ក្រុមហ៊ុន GE Healthcare​ សហការជាមួយក្រុមហ៊ុន​ Mediagroup Asia និងSCI រៀបចំព្រឹត្តិការណ៍ <> ដើម្បីបង្ហាញនូវដំណោះស្រាយបច្ទេកវិទ្យាថ្មី ក្នុងការជួយផ្តល់ការថែទាំសុខភាពដែលមានគុណភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជា។ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិតស៊ុង វិនតៈប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តជាតិ នៃក្រសួងសុខាភិបាលកម្ពុជា និងឯកឧត្តម Wiliam A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាផងដែរ ដើម្បីពិភាក្សាអំពីតម្រូវការនៃប្រព័ន្ធសុខាភិបាល និងតួនាទីរបស់ក្រុមហ៊ុនឯកជនចំពោះវិស័យសុខាភិបាលនៅកម្ពុជា។


ក្នុងសិក្ខាសាលានេះ​អ្នកជំនាញរបស់ក្រុមហ៊ុន GE បានចែករំលែកពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា ការឆ្លុះអេកូស្វែងរកជំងឺមហារីកសុដន់ និងការចិញ្ចឹមបីបាច់ទារកទើបនឹងកើត ក៏ដូចជាម៉ាស៊ីន MR  ម៉ាស៊ីនស្កានែរ ម៉ាស៊ីនអេកូ ឧបករណ៍សម្រាប់សង្រ្គោះជីវិត និងប្រភេទថ្នាំចាក់ធ្វើឲ្យឃើញភាពខុសគ្នា (Contrast Media)។ លោក​ Dararith Lim នាយកក្រុមហ៊ុន GE ប្រចាំប្រទេសកម្ពុជាបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមពង្រឹងប្រព័ន្ធសុខាភិបាល ធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូក្នុងស្រុក​ ដើម្បីអភិវឌ្ឍដល់សេដ្ឋកិច្ចប្រទេស។ លោកក៏បានបន្តថា​ <ផលប័ត្រ នៃផលិតផលនវានុវត្តន៍របស់ក្រុមហ៊ុន​ GE មានទំហំគ្របដណ្តប់គ្រប់ការថែទាំទាំងអស់​ រួមមានការថែទាំម្តាយ និងកុមារ ការព្យាបាលដោយប្រើឧបករណ៍វិទ្យុសាស្រ្ត ការព្យាបាលជំងឺបេះដូង ការវះកាត់ ការថែទាំជំងឺមហារីក និងជំងឺរ៉ាំរៃផ្សេងៗទៀត>

លោកវេជ្ជបណ្ឌិត​ ស៊ុង វិនតៈ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាលកម្ពុជា បានលើកឡើង <ទន្ទឹមនឹងប្រទេសកំពុងវិវត្តខ្លួន ទៅរកការគ្រប់ដណ្តប់សុខភាពសកល កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុន GE Healthcare ក្រុមហ៊ុនMediGroup និងក្រុមហ៊ុន Asia SCI នឹងធានាថា ប្រទេសកម្ពុជាអាចបំពេញតាមតម្រូវការ នៃការគាំពារសុខភាពរបស់ប្រទេសនៅក្នុងចំណាយប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព>

© 2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ​​​​ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

 

 


អត្ថបទទាក់ទង

មើលទាំងអស់

នៅពេលដែលយើងនិយាយពីអ្នកដែលអាចមករដូវបាន យើងតែងតែគិតដល់អ្នកដែលមានអត្តសញ្ញាណភេទជាមនុស្សស្រី ហើយមានរូបរាងជាមនុស្សស្រី។ ទោះបីជានេះជាការគិតដោយមិនដឹងខ្លួនក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីកង្វះខាតចំណេះដឹងទៅលើបញ្ហាការមករដូវរបស់អ្នកដែលមិនប្រកាន់អត្តសញ្ញាណថាជាស្រ្តី ឬ អ្នកដែលមិនប្រកាន់ភេទច្បាស់លាស់។ កង្វះខាតនៃការយល់ដឹងជុំវិញបញ្ហានេះ និង​ការរើសអើងនៃអ្នកកែភេទ និង​បុគ្គលដែលមិនប្រកាន់ភេទណាមួយដែលគាត់មករដូវដែរនោះ បង្កជាផលវិបាកអវិជ្ជមានទៅលើការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដែលប៉ះពាល់ទៅលើអនាម័យនៃការមករដូវ សុខភាពផ្លូវចិត្ត និង ផាសុកភាពនៃរាងកាយរបស់គាត់។ ការបើកការជជែកពិភាក្សាដែលយើងកំពុងតែសំដៅទៅលើ គឺការខ្វះខាតនៃផលិតផលអនាម័យសុខភាពប្រដាប់បន្តពូជដែលមិនរើសភេទនៅលើទីផ្សារ (gender-neutral products ) និងការមាក់ងាយពីសង្គមជុំវិញបញ្ហាមករដូវផ្ទាល់ ជាពិសេសនៅក្នុងប្រទេសដែលមិនសូវមានការអប់រំពាក់ព័ន្ធទៅនឹងសហគមន៍ LGBTQ+ ដូចប្រទេសកម្ពុជា។ ដោយសារតែកង្វះខាតព័ត៌មាន និង ឯកសារស្រាវជ្រាវអំពីប្រធានបទនេះនៅក្នុងប្រទេសកម្ពុជា យើងបានសុំជំនួយពីអ្នកដែលនៅក្នុងសហគមន៍ LGBTQ+ ក្នុងស្រុកផ្ទាល់​តែម្តង។ សម្រាប់អត្ថបទប្លុកលើកនេះ យើងបានធ្វើការសម្ភាសន៍ ជាមួយនឹងលោក Bee Mike ដែលជាអ្នកលេងឧបរករណ៍តន្រ្តី ហ្គីតាបាស ប្រចាំក្រុមប្រគុំតន្រ្តីមួយនៅ​ក្នុងប្រទេសកម្ពុជា។ លោកនឹងឆ្លើយទៅនឹងសំនួរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនលោកផ្ទាល់ក្នុងនាមជាអ្នកកែភេទនៅប្រទេសកម្ពុជា។ ផលលំបាកនៃការមករដូវក្នុងនាមជាអ្នកកែភេទ និង មិនប្រកាន់ភេទណាមួយ «និយាយទៅបើសិនជានិយាយថាឲ្យដឹងតាំងពីពេលណា គឺតាំងពីតូចមកចូលចិត្តស្លៀកខោអាវប្រុស» បើតាមសម្តីរបស់ Mike។ នៅពេលដែលគាត់ត្រូវបានសួរពាក់ព័ន្ធពីឧបសគ្គឬការលំបាករបស់គាត់ដែលបានធំធាត់ឡើងមកក្នុងនាមជាអ្នកកែភេទ ដែលមករដូវនោះ Mike បានឆ្លើយថា លោកតែងតែមានភាពខ្មាសអៀនខ្លាំងណាស់នៅពេលដែលនិយាយអំពីការមករដូវម្តងៗ។ «និយាយទៅតាំងពីក្មេងមកគឺឲ្យតែមានអាហ្នឹង គឺតែងតែមានអារម្មណ៍ប្លែកៗហើយអៀន ហើយអត់សូវបញ្ចេញអាការៈនឹងឲ្យគេឃើញទេ សូម្បីតែទៅទិញសំឡីខ្លួនឯងក៏អត់ហ៊ានដែរ»។ Mike ក៏បានបញ្ជាក់ផងដែរថា លោកមិនសូវមានបញ្ហាអ្វីជាមួយនឹងចំណេះដឹងថែទាំខ្លួននៅពេលមករដូវនោះទេ ពីព្រោះលោកទម្លាប់ជាមួយនឹងការមករដូវតាំងពីមុនពេលដែលគាត់ដឹង ១០០ ភាគរយថាខ្លួនជាមនុស្សប្រុស។ យ៉ាងណាមិញ លោកបាននិយាយផងដែរថា នេះគឺគ្រាន់តែជាបទពិសោធន៍របស់លោកផ្ទាល់ទេ ចំពោះអ្នក​ដែលជាអ្នកកែភេទផ្សេងលោកមិនអាចតាំងខ្លួនជាតំណាងឲ្យបទពិសោធន៍ពួកគេទាំងអស់គ្នាបាននោះទេ។ ប៉ុន្តែគាត់ចាំថាគាត់មានអារម្មណ៍ភ័យខ្លាចដែរនៅពេលដែលមករដូវជាលើកដំបូង ព្រោះមិនដឹងថាវាគ្រាន់តែជាដំណើរការធម្មជាតិនោះទេ។ លោកបាននិយាយដោយហួសចិត្តអំពីការសួរសំនួរពីមនុស្សជុំវិញខ្លួនអំពីរូបរាង និងភេទរបស់លោកតាំងពីនៅក្មេងមកម្ល៉េះ។ «ពេលដំបូងៗ នៅពេលដែលលឺសំនួរចឹងៗមានអារម្មណ៍ថាអន់ចិត្តនឹងខ្លួនឯង រហូតចង់ចូលដល់ជម្ងឺ depression មិនមែនចង់ depression ទេ គឺ depression ហ្មង ដោយសារតែ ទី​១ គាត់រើសអើងខ្លាំងពេក និយាយទៅសំនួរបែបនឹងគឺគ្រប់ទីកន្លែង តែម្តង គឺថាគាត់អត់យល់ទេ សូម្បីតែអ៊ុំយើងក៏គាត់សួរយើងចឹងដែរថា ម៉េចបានយើងចូលចិត្តតែងខ្លួនជាប្រុសចឹង និយាយទៅសំនួរពេញក្បាលតែម្តង»។ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលកែភេទ ប្រឈមមុខនឹងការមានភាពអាម៉ាស់នឹងខ្លួនឯង និងអសមភាពនៅក្នុងសង្គម ក៏ដូចជាភាពខ្វះខាតជាច្រើននៅពេលដែលពួកគេត្រូវគ្រប់គ្រងលើការមករដូវរបស់ខ្លួន។ មូលហេតុមួយគឺអ្នកកែភេទពីស្រីទៅប្រុស ដែលមានអត្តសញ្ញាណជាភេទប្រុស បានប្រកាន់ភ្ជាប់ជាមួយនឹងផ្នត់គំនិតមួយចំនួនដែលបុរសជាច្រើននៅក្នុងសង្គមប្រកាន់ខ្ជាប់ ហើយអាចមើលឃើញការមករដូវជាអ្វីមួយដែលធ្វើឲ្យពួកគេទន់ខ្សោយ ឬអន់ជាងបុរសដទៃ។ ហេតុនេះហើយ បានជាអ្នកកែភេទខ្លះមានភាពអាម៉ាសទៅនឹងការមករដូវ។ ការមិនទទួលស្គាល់ការមករដូវនេះមិនមែនជាកំហុសរបស់ពួកគាត់នោះឡើយ ប៉ុន្តែវាជាចំនុចចង្អុលបង្ហាញពីគំនិតដែលចាត់ទុកការមករដូវគឺជារបស់កខ្វក់ ហើយបន្ទាបតម្លៃរបស់មនុស្សម្នាក់។ នេះគឺជាជំនឿមួយដែលត្រូវបានគេជឿតាំងពីយូរលង់ណាស់មកហើយ ហើយវាត្រូវបានបន្តមានឥទ្ធិពលនៅក្នុងសង្គមដែលប្រកាន់ផ្នត់គំនិតបិតាធិបតេយ្យ។ បើនិយាយអំពីបទពិសោធន៍របស់លោកជាមួយនឹងបុគ្គលិកសុខាភិបាលវិញ Mike បាននិយាយថា លោកមិនដែលបានទៅគ្លីនិកណាមួយដើម្បីពិនិត្យមើលសុខភាពបន្តពូជរបស់លោកនោះទេ ប៉ុន្តែលោកធ្លាប់បានយកម្តាយរបស់លោកទៅ ហើយបានមានអារម្មណ៍ថាលោកមិនអាចទទួលយកការពិនិត្យរាងកាយបែបនោះបាននោះទេ។ ប៉ុន្តែលោកធ្លាប់មានបទពិសោធន៍ខ្លះៗនៅពេលដែលទៅគ្លីនិកពិនិត្យជម្ងឺទូទៅ ហើយមានអារម្មណ៍មិនល្អនៅពេលដែលគេនិយាយពីរូបរាងរបស់លោក និង​ ភេទរបស់លោកផងដែរ។ «បងទៅតែពេទ្យពិនិត្យសុខភាពធម្មតាដូចជាក្អក ផ្តាសាយអីចឹង ហើយភាគច្រើន ពួកគាត់នៅតែសួរតែ ស្មានតែប្រុសតាមពិតស្រីសោះ ពាក្យនេះអាចសាមញ្ញចំពោះគាត់ ប៉ុន្តែវាប៉ះពាល់ដល់អារម្មណ៍យើង»។ អ្នកផ្តល់សេវាសុខភាព និង​ សង្គមទាំងមូលដើរតួរយ៉ាងសំខាន់ក្នុងការលុបបំបាត់ការរើសអើងទៅលើអ្នកដែលកែភេទហើយមករដូវ។ អ្វីដែលគួរឲ្យសោកស្តាយគឺ នេះឯងជាចំនុចបញ្ហា ព្រោះអ្នកផ្តល់សេវាសុខភាពត្រូវបានគេរកឃើញថាមានភាពខ្វះខាត និង មានភាពលំអៀងនៅពេលដែលផ្តល់ការព្រឹក្សាដល់អ្នកដែលកែភេទ។ ការស្រង់មតិមួយនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០១៥ ក្នុងចំណោមវេជ្ជបណ្ឌិតផ្នែកសម្ភព និង រោគស្រ្តី បានបង្ហាញថា ៨០​ ភាគរយ ក្នុងចំណោមពួកគេមិនបានទទួលការហ្វឹកហាត់ទាក់ទងទៅនឹងការផ្តល់សេវាសុខភាពដល់អ្នកកែភេទនោះទេ ហើយមានតែ ២៩ ភាគរយតែប៉ុណ្ណោះដែលមានអារម្មណ៍មិនល្អនៅពេលផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកកែភេទ។ ដោយសារតែភាពភ័យខ្លាចទៅលើអ្នកផ្តល់សេវាសុខភាពដែលរើសអើងទៅលើអ្នកកែភេទ ហើយនិង​ការស្អប់ខ្ពើមការមករដូវផងនោះ អ្នកកែភេទមិនងាយនឹងស្វែងរកសេវាថែទាំសុខភាពនោះទេ​នៅពេលដែលពួកគេជួបបញ្ហាពាក់ព័ន្ធទៅនឹងការមករដូវ ដូចជាការអត់រដូវ និង​ការដុះស្រទាប់រដូវនៅកន្លែងមិនប្រក្រតីជាដើម ដែលអាចមានមូលហេតុប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ការធ្វើឲ្យការមករដូវនៃអ្នកកែភេទទៅជារឿងធម្មតា ដូចនេះ តើក្នុងនាមយើងជាបុគ្គលម្នាក់ក្នុងសង្គមអាចជួយអ្វីបានខ្លះ? តាមពិតការចាប់ផ្តើមដំបូងគឺមិនស្មុគស្មាញនោះទេ​ ហើយវិធីនោះគឺការលើកទឹកចិត្តឲ្យអ្នកកែភេទ និង អ្នកដែលមិនប្រកាន់ភេទណាមួយចូលរួមការពិភាក្សាស្តីពីការមករដូវ។ ដើម្បីសង្កត់ថាមិនមែនមានតែស្ត្រីភេទតែប៉ុណ្ណោះដែលអាចមករដូវបាន ហើយក្នុងគោលដៅរកដំណោះស្រាយដែលផ្តល់ផាសុកភាពចំពោះមនុស្សទាំងអស់ដែលមករដូវ។ នេះអាចរួមបញ្ចូលទាំងវគ្គបណ្តុះបណ្តាលអ្នកផ្តល់សេវាថែទាំសុខភាពដែលមិនមានការរើសអើងអ្នកកែភេទ និងការដាក់ផលិតផលអនាម័យនៅក្នុងបន្ទប់ទឹកទាំងប្រុស និងស្រី។ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការលុបបំបាត់គំនិតដែលខុសឆ្គងពាក់ព័ន្ធទៅនឹងការមករដូវ។ នេះមិនមែនជាការងាយទេ ហើយវាត្រូវការការដាក់កម្មវិធីសិក្សានៅតាមសាលាអំពីសុខភាពបន្តពូជ និង សហគមន៍ LGBTQ+។ លោកបានបន្តថា៖ «បើទោះបីជាពួកបងស្រលាញ់ស្រីមែនប៉ុន្តែរូបរាងខាងក្រៅ ប្រព័ន្ធគ្រឿងក្នុងយើងក៏នៅតែជាមនុស្សស្រីចឹង។​ ចឹងធម្មតាធម្មជាតិបង្កើតមកឲ្យមនុស្សស្រីមានមករដូវ គឺយើងនៅតែមកដែរ ដូចម៉ាស៊ីនចឹង គេ set មកយ៉ាងម៉េចគឺយើងចេញមកចឹង។ ប៉ុន្តែពួកយើងខុសពីម៉ាស៊ីនដោយសារយើងនៅមានអារម្មណ៍ទៀត។ យើងមានអារម្មណ៍ យើងមានបេះដូង យើងមានគំនិត អ៊ីចឹងការគិតរបស់ពួកបងខុសគ្នាពីមនុស្សស្រីធម្មតាគឺខាងក្នុងចិត្ត ការគិត អារម្មណ៍»។ ផលិតផលអនាម័យសម្រាប់ការមករដូវដែលមិនប្រកាន់ភេទកំពុងតែត្រូវបានគេលក់នៅប្រទេសមួយចំនួននៅជុំវិញពិភពលោក។ ផលិតផលដូចជា Thinx និង Always កំពុងតែរួមបញ្ចូលតម្រូវការរបស់អ្នកកែភេទ​ និង អ្នកមិនប្រកាន់ភេទណាមួយ ដោយបង្កើតផលិតផលដែលអ្នកណាក៏អាចប្រើប្រាស់បានយ៉ាងងាយស្រួល។ យ៉ាងណាមិញ គ្រាន់តែកែប្រែផលិតផលនឹងមិនអាចជួយបានច្រើននោះទេប្រសិនបើយើងមិនព្យាយាមអស់ពីសមត្ថភាពក្នុងការអប់រំប្រជាជនទូទៅអំពីអនាម័យការមករដូវ និង ការគិតខុសពាក់ព័ន្ធទៅនឹងអ្នកដែលអាចមករដូវ តើការមករដូវមានន័យថាដូចម្តេច ហើយហេតុអីបានជាអនាម័យសុខភាពរដូវគឺជាសិទ្ធិមនុស្ស។ សម្រាប់ Mike វិញ ក្តីសង្ឃឹមរបស់លោកគឺសាមញ្ញនោះទេ។ «បើតាមមតិរបស់បងផ្ទាល់គឺអត់មានអីច្រើនក្រៅពីឲ្យពួកគាត់បើកចិត្តព្រមទទួលយកនោះទេ»។ គ្លីនិកម៉ារីស្តូបលើកទឹកចិត្តឲ្យមនុស្សគ្រប់អត្តសញ្ញាណភេទទាំងអស់មកទទួលសេវាថែទាំសុខភាពផ្លូវភេទដោយមិនមានភាពអាម៉ាស់ និង ប្រកបដោយទំនុកចិត្ត។   ឯកសារយោង៖ Chrisler, J. C., Gorman, J. A., Manion, J., Murgo, M., Barney, A., Adams-Clark, A., … Mcgrath, M. (2016). Queer periods: attitudes toward and experiences with menstruation in the masculine of centre and transgender community. Culture, Health & Sexuality, 18(11), 1238–1250. doi: 10.1080/13691058.2016.1182645 ACLU News & Commentary. (2019, December 17). Retrieved March 27, 2020, from https://www.aclu.org/news/lgbt-rights/menstruation-related-discrimination-is-sex-discrimination-we-dont-need-to-erase-trans-or-non-binary-people-to-make-that-point/   សម្រាប់ព័ត៌មានទាក់ទងនឹងការមករដូវ សុខភាពបន្តពូជ និង វិធីសាស្រ្តពន្យាកំណើត ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus  

ការត្រឡប់មកវិញនៃវដ្តរដូវបន្ទាប់ពីការសម្រាលកូន លោកប៉ា និងអ្នកម៉ាក់ថ្មីថ្មោងអាចមានការបារម្ភច្រើនជាងធម្មតាបន្តិចនៅពេលដែលនិយាយ ពីប្រធានបទអំពី”អ្នកម្តាយ និងគភ៌”។ មុនពេលសម្រាលលោកប៉ា អ្នកម៉ាក់រមែងតែងតែព្រួយបារម្ភថា តើកូនរបស់ពួកគាត់នឹងកើត មកគ្រប់ លក្ខណៈ ឬអត់ ហើយថាតើម្តាយ និងកូនមានសុវត្ថិភាព ឬយ៉ាងណា? រីឯក្រោយពេលដែលសម្រាលរួចរាល់វិញ ជាពិសេសអ្នកម្តាយតែម្តងតែងតែសួរសំនួរដូចជា៖ «ហេតុអីបានទឹកដោះខ្ញុំមិនសូវចេញ?» ឬ «ហេតុអី  ទឹកដោះខ្ញុំមានរសជាតិប្លែក?» (សំនួរនេះពិតជាធ្លាប់មានគេសួរមែនទេ?) ហើយសំនួរមួយទៀតដែលពេញ និយមដែរនោះគឺ៖ ហេតុអ្វីបានជាសម្រាលកូនហើយនៅតែមិនមានរដូវទៀត? ដូចនេះគ្លីនិក ម៉ារីស្តូបនឹងដោះស្រាយចម្ងល់មួយនេះជូនម៉ាក់ប៉ាទាំងអស់មិនថាថ្មី ឬចាស់នោះទេ។ អ្វីដែលអ្នកទាំងអស់គ្នាអាចមិននឹកស្មានដល់នោះ គឺបញ្ហាទាំងអស់នេះភាគច្រើនពាក់ព័ន្ធទៅនឹងបម្រែបម្រួលនៃ រាងកាយរបស់អ្នកម្តាយជាធម្មតានៅក្រោយពេលសម្រាលកូន ។ តើហេតុអ្វីបានជាខ្ញុំមិនមករដូវទៀតនៅក្រោយពេលសម្រាលកូនហើយ? ការមករដូវគឺជាព្រឹត្តិការណ៍មួយដែលបញ្ជាក់ថាអ្នកមានសមត្ថភាពក្នុងការមានកូនតាមរយៈបាតុភូតបញ្ចេញអូវ៉ុល​(ovulation) ឬ ស៊ុតរបស់ស្រ្តីនេះឯង។ នៅកំឡុងពេលដែលអ្នកម៉ាក់ពរពោះកូនរបស់អ្នកម៉ាក់ តាំងខ្លួននៅក្នុងថង់ដែលដុះចេញពីស្រទាប់ endometrium នៃស្បូន។ សុកដែលជាប់ទៅនឹងថង់ទារករមែង តែងតែបញ្ចេញ អរម៉ូនម្យ៉ាងហៅថា Progesterone ហើយអរម៉ូននេះឯងដែលទប់ស្កាត់បាតុភូតខ្ជាក់ចេញ នូវស៊ុត​ ឬអូវ៉ុល។ អ៊ីចឹងចុះពេលណាទៅទើបរដូវខ្ញុំត្រឡប់មកវិញ? ក្រោយពីសម្រាលកូនរួច អ្នកម៉ាក់ដែលសម្រេចចិត្តថាមិនបំបៅដោះកូននឹងមានរដូវវិញក្នុងកំឡុងពេល ៦ ទៅ​ ៨ សប្តាហ៍ក្រោយសម្រាល។ ប្រសិនបើជាអ្នកម៉ាក់បំបៅដោះកូន ពេលវេលានៃការមករដូវមានការយឺតយ៉ាវ គឺអាចរវាង ៣ ទៅ ៦ ឬ ៩ ខែ អាស្រ័យលើថាតើអ្នកម៉ាក់បំបៅដោះកូនបានទៀងទាត់ឬអត់។ អ្នកម្តាយមួយចំនួន ដែលបំបៅដោះកូនជាប់រហូត អាចនឹងមិនមានរដូវក្នុងកំឡុងពេលដែលបំបៅនោះតែម្តងហើយវានឹងមកវិញ ទៅពេលឈប់បំបៅ។ ជាធម្មតា ស្រ្តីដែលបំបៅដោះកូននឹងមករដូវយឺតជាងធម្មតា ដោយសារតែទឹកដោះភ្ញោចឲ្យខ្លួនប្រាណ បញ្ចេញ អរម៉ូនម្យ៉ាងហៅថា Prolactin។ Prolactin គឺជាអរម៉ូនម្យ៉ាងដែលមានភាពចាំបាច់ក្នុង ការផលិតទឹក ដោះម្តាយ ហើយវាក៏អាចទប់ស្កាត់អរម៉ូនដែលបង្កឲ្យមានការទម្លាក់ស៊ុតដែរ។ ដោយសារតែមិនមានអរម៉ូន ជម្រុញឲ្យមាន វដ្តរដូវ អ្នកម្តាយទាំងនោះត្រូវចាំពេលយូរបន្តិច។ តើនៅពេលដែលមានរដូវវិញមានការប៉ះពាល់ដល់ទឹកដោះដែរឬទេ? នៅពេលដែលរដូវរបស់អ្នកត្រឡប់មកវិញ អ្នកអាចចាប់អារម្មណ៍ថាមានបម្រែបម្រួលតិចតួចទាក់ទងនឹង ទឹកដោះ។ ឧទាហរណ៍៖ អ្នកអាចឃើញថាទឹកដោះរបស់អ្នកមកតិចជាងមុន ឬ ក៏ទារកមើលទៅហាក់បីដូចជា មិនសូវ មានចំណង់ក្នុងការបៅទឹកដោះ។ បម្រែបម្រួលនៃអរម៉ូនអាចធ្វើឲ្យទឹកដោះផ្លាស់ប្តូររសជាតិតិចតួច ឬ​ សណ្ឋាននៃទឹកដោះម្តាយ ប៉ុន្តែការប្រែប្រួលនេះតិចខ្លាំងណាស់ ហើយវាមិនបង្កជាផលអវិជ្ជមាន នោះទេ។ ហេតុអ្វីបានជាការមានកូនជាប់ៗគ្នាក្នុងរយៈពេលខ្លីមិនល្អចំពោះអ្នកម្តាយ និង ទារក? ទារកដែលត្រូវបានបង្កកំណើតក្នុងកំឡុងពេលតិចជាង ១២ខែបន្ទាប់ពីការសម្រាលចុងក្រោយរបស់ម្តាយរងនូវ ការកើនឡើងនៃហានិភ័យក្នុងការកើតមិនគ្រប់ខែ មានទម្ងន់តិចជាងទារកធម្មតា បាត់បង់ជីវិតនៅក្នុងផ្ទៃ និង ការស្លាប់ក្រោយពេលសម្រាល។ ហេតុដូច្នេះហើយ លោកឪពុកអ្នកម្តាយគួរតែរងចាំយ៉ាងហោចណាស់ក៏​ ១២ ខែដែរ សឹមយកកូនមួយទៀត។ តែនេះមិនមែនមានន័យថាហាមឃាត់មិនឲ្យរួមភេទនោះទេ។ អ្វីដែលអ្នកគួរធ្វើគឺការប្រើប្រាស់វិធីសាស្រ្តពន្យាកំណើត ឲ្យបានត្រឹមត្រូវ និងឆាប់រហ័ស។ នេះសំដៅទៅលើស្រ្តីដែលទើបតែធ្វើការរំលូតកូន ឬ រលូតកូនផងដែរ។ សូមចំណាំថា៖ទោះបីអ្នកមិន​បានពរពោះ​ដល់សម្រាលក្តី ក៏អ្នកទៅតែអាចមានសមត្ថភាពក្នុងការពរពោះម្តងទៀតក្នុងអំឡុងពេលខ្លីបំផុតដែរ។ ដូចនេះ ការប្រើ​វិធីសាស្រ្ត​ពន្យារកំណើតភ្លាមៗបន្ទាប់ពីសម្រាល ឬការរំលូ តកូន នឹងអាចជួយ កាត់បន្ថយហានិភ័យជាច្រើន។ ម៉ារីស្តូបអើយ! តើអ្នកអាចជួយណែនាំវិធីសាស្រ្តពន្យារកំណើតដ៏សក្តិសមបំផុតបានទេ? ប្រាកដណាស់។ មនុស្សមួយចំនួនធមានគំនិតអវិជ្ជមានចំពោះការប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតនៅពេលដែល សម្រាល កូនរួចភ្លាមៗ។ ចំពោះការលេបថ្នាំគ្រាប់ពន្យារកំណើតវិញ គឺមិនសូវបានណែនាំចំពោះស្រ្តីដែលទើបតែសម្រាលកូននោះទេ ជាពិសេសក្នុងកំឡុងពេល ២១​ថ្ងៃដំបូង។ នៅក្នុងកំឡុងពេល ២១ ថ្ងៃនោះ ស្រ្តីមានហានិភ័យច្រើនជាងធម្មតាក្នុងការមានជំងឺកំណកឈាម។ វិធីសាស្រ្តពន្យារកំណើតដែលល្អ ហើយមានសុវត្ថិភាពជាងគេនោះ គឺវិធីសាស្រ្តពន្យារកំណើតរយៈពេលវែង  ដូចជា ការដាក់កងក្នុងស្បូន (IUD) និង ការដាក់កងក្រោមស្បែក (implant)។ អ្នកអាចប្រើប្រាស់វិធីសាស្រ្តទាំងពីរនេះក្រោយពេលសម្រាលកូនភ្លាមៗ ឬ ក្នុងកំឡុងពេលក្រោយសម្រាលកូន ២១​ថ្ងៃក៏បាន។ តែកុំឲ្យយឺតយ៉ាវជាងនេះឲ្យសោះណា៎។ ដូចនេះកុំបារម្ភអី រដូវរបស់អ្នកនឹងមកវិញដូចធម្មតា។ ហើយប្រសិនជាអ្នកចង់មានការពរពោះដោយមានសុវត្ថិភាព និង ទារកដែលមានសុខភាពល្អ វាមានអត្ថប្រយោជន៍ក្នុងការរងចាំដោយប្រើប្រាស់វិធីសាស្រ្តពន្យារកំណើតឲ្យបាន ត្រឹមត្រូវ។ ការអត់ធ្មត់គឺជាគុណធម៌គួរប្រកាន់ជាប់ខ្លួន (Patience is virtue)។   ឯកសារយោង៖ Jackson, E., & Glasier, A. (2011). Return of Ovulation and Menses in Postpartum Nonlactating Women. Obstetrics & Gynecology, 117(3), 657–662. doi: 10.1097/aog.0b013e31820ce18c Women's Health Care Physicians. (2018, February). Retrieved from https://www.acog.org/Patients/FAQs/Postpartum-Birth-Control?IsMobileSet=false FSRH Guidline: Contraception After Pregnancy (January 2017)   សម្រាប់ព័ត៌មានបន្ថែមវិធីសាស្រ្តពន្យារកំណើតផ្សេងៗ​​​ ប្រឹក្សាជាមួយ @MarieStopesKH តាមរយៈ៖ ✓ ផ្ញើសារតាមរយៈហ្វេសប៊ុគ ✓ រៀងរាល់ថ្ងៃចាប់ពីម៉ោង 7:00 ព្រឹក រហូតដល់ម៉ោង 5:00 ល្ងាច ✓ 012 999 002 ឬ 098 999 102 ✓ ផ្ញើសារតាមរយៈបណ្ដាញសង្គម LINE, Viber, WhatsApp, WeChat 093 24 08 23 ✓ www.mariestopes.org.kh/contactus

នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ សមាគមគ្រូពេទ្យបេះដូងកម្ពុជាបានរៀបចំនូវមហាសន្និសីទប្រចាំឆ្នាំលើកទី៥របស់ខ្លួន ក្រោមប្រធានបទ «សិល្បៈនៃការព្យាបាលជំងឺបេះដូង និងសរសៃឈាមបេះដូង» នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។  សន្និសីទរយៈពេល១ថ្ងៃពេញនេះ មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈគ្រូពេទ្យជាតិកម្ពុជា និងជារដ្ឋលេខាធិការនៃក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឡា ម៉េងហួ អនុប្រធានក្រុមប្រឹក្សាភិបាលនៃគណៈគ្រូពេទ្យជាតិកម្ពុជា លោកសាស្រ្តាចារ្យ សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា លោកសាស្រ្តាចារ្យ Anwar SANTOSO ប្រធានសមាគមគ្រូពេទ្យបេះដូង ប្រចាំតំបន់អាស៊ាន ឯកឧត្តម លោកជំទាវ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិតដែលជាសមាជិកនៃសមាគមគ្រូពេទ្យបេះដូងកម្ពុជា និងសហភាតរៈទាំងអស់ ព្រមទាំងមានការចូលរួមយ៉ាងច្រើនលើសការរំពឹងទុកពីសំណាក់បងប្អូនសិស្សានុសិស្សប្រមាណជាង ៣០០នាក់ផងដែរ។  នាឱកាសនេះ លោកសាស្ត្រាចារ្យ សុខ ជួរ បានមានប្រសាសន៍ថា «គោលបំណងនៃការបង្កើតឲ្យមានសន្និសីទនេះឡើងជារៀលរាល់ឆ្នាំ គឺដើម្បីប្រមូលផ្តុំ សហភាតរៈទាំងអស់​ ក្នុងការចែករំលែកនូវចំណេះដឹង ចំណេះធ្វើរវាងគ្នា និងគ្នា បង្កើននូវសមត្ថភាពក្រុមគ្រូពេទ្យបេះដូងកម្ពុជា ក៏ដូចជាក្រុមគ្រូពេទ្យបេះដូង ក្នុងតំបន់ ក្នុងន័យចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជាឲ្យកាន់តែប្រសើរឡើង តាមរយៈការពង្រឹងសមត្ថភាពធនធានមនុស្សតែម្តង»។ គួរបញ្ជាក់ម្តងទៀតថា អង្គសន្និបាតនេះ បានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅពាក់ព័ទ្ធនឹងសិល្បៈនៃការព្យាបាលជំងឺបេះដូង និងសរសៃឈាម ដែលក្នុងនោះរួមមាន ជំងឺចំនួន ៤គឺ ជំងឺសរសៃឈាមបេះដូង ជំងឺប្រឹសបេះដូង ជំងឺស្ទះសរសៃឈាមផ្នែកខាងក្រៅ និងជំងឺបេះដូងពីកំណើត។ ក្នុងកម្មវិធីនេះផងដែរ ក៏មានការអញ្ជើញ ចូលរួមធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស ជាវេជ្ជបណ្ឌិតឯកទេសជាច្រើនរូប ព្រមទាំងបញ្ចប់ជាមួយនឹងចូលរួមនៅក្នុងវេទិកាសំណួរ-ចម្លើយ ពីអ្នកចូលរួមទាំងអស់ យ៉ាងសកម្ម និងប្រកបដោយលទ្ធផលយ៉ាងគួរឲ្យកត់សម្គាល់។   ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

សន្និសីទឱសថសាស្រ្តលើកទី១ ត្រូវបានប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំប៊ី ជាន់ទី៣ អគារប៊ី នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដោយមានការចូលរួមពីឱសថការី និងនិស្សិតឱសថសាស្រ្តចំនួន២០០នាក់ ដែលអញ្ជើញមកពីអង្គការក្រៅរដ្ឋាភិបាល ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សហគ្រាសផលិតឱសថ ឱសថស្ថានឯកជន និងមហាវិទ្យាល័យឱសថសាស្រ្តនានា នៅក្នុងប្រទេសកម្ពុជា។  សន្និសីទនេះបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព  លោកសាស្រ្តាចារ្យ អ៊ាន ហ្វីនលេ សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត លោក បាន បុត្តា ប្រធានក្រុមប្រឹក្សាគណៈឱសថការីកម្ពុជា និងឯកឧត្តម ឱសថការី លឹម រតនៈ ប្រធានសមាគមឱសថការីកម្ពុជា ។ វាគ្មិនកិត្តិយស១១នាក់ បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្ត និងភាពជោគជ័យនានារបស់ខ្លួននៅក្នុងផ្នែកចំនួនប្រាំក្នុងវិស័យឱសថសាស្រ្ត៖ ឱសថសាស្រ្តគ្លីនិក ឱសថសាស្រ្តសហគមន៍ ឱសថសាស្រ្តឧស្សាហកម្ម វេជ្ជជីវសាស្រ្ត និងឱសថសាស្រ្តពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះដែរ ក៏មានការតាំងពិព័រណ៍ផលិតផល និងសេវាកម្មរបស់ផ្នែកឱសថសាស្រ្ត និងក្រុមហ៊ុននានាដែលនិស្សិតអាចស្វែងយល់បន្ថែមអំពីការសិក្សាស៊ីជម្រៅលើជំនាញឱសថសាស្រ្ត ឱកាសការងារតាមក្រុមហ៊ុន និងការស្វែងយល់អំពីព័ត៌មានផលិតផលឱសថមួយចំនួន។ តាមរយៈសន្និសិទនេះ អ្នកចូលរួមទាំងអស់ បានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលមានសារៈសំខាន់សម្រាប់អាជីពទៅថ្ងៃក្រោយ និងជាទុនសម្រាប់សិក្សាបន្តក្នុងថ្ងៃអនាគត។ ជាលទ្ធផល គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានវាយតម្លៃខ្ពស់ពីការរៀបឲ្យមានសន្និសីទឱសថសាស្រ្តលើកទី១ ដែលជាសន្និសីទដំបូងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយសន្និសីទនេះ នឹងជាផ្នែកមួយនៃការបណ្តុះបណ្តាលបន្តសម្រាប់វិជ្ជាជីវៈឱសថសាស្រ្ត ដែលឱសថការីទាំងអស់តម្រូវឲ្យចូលរួមជាចាំបាច់នៅក្នុងអនាគតដ៏ខ្លីខាងមុខ។ សន្និសីទនេះ គឺជាជោគជ័យមួយដ៏ធំធេងសម្រាប់វិជ្ជាជីវៈឱសថសាស្រ្តទាំងមូល និងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និយាយដោយឡែក  ដែលជាអ្នកផ្តួចផ្តើមបង្កើតឲ្យមាននូវសន្និសីទឱសថសាស្រ្តដំបូងគេនេះឡើង។ គណៈកម្មការរៀបចំសន្និសីទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈអធិបតី វាគ្មិន ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម និងចែករំលែកនៅក្នុងសន្និសីទនេះ និងជាពិសេស សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនឧបត្ថម្ភកម្មវិធីដែលមានដូចជា ក្រុមហ៊ុនDKSH សហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម សហគ្រាសផលិតឱសថ ជា ចំណាន សហគ្រាសផលិតឱសថ អឺហ្វាក់ និងសហគ្រាសផលិតឱសថអន្តរជាតិ។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

សម្រាប់អ្នកដែលបានចូលរួម កម្មវិធី Pharmacist Talk “និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់” នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រហែលជាបានដកសញ្ញាសួរ (?)បានមួយចំនួនធំហើយ។ ប៉ុន្តែចំពោះអ្នកដែលខកខានមិនបានចូលរួម អាចតាមដានលើ ទំព័រហ្វេសប៊ុក របស់ Healthtime Pro នូវវីដេអូសង្ខេបកម្មវិធី Pharmacist Talk របស់យើងដែលនឹងចេញនាពេលខាងមុខ។ គួរបញ្ជាក់ថា កម្មវិធី Pharmacist Talk ត្រូវបានប្រារព្ធនៅមជ្ឈមណ្ឌលសហប្រត្តិការកម្ពុជា-ជប៉ុន(CJCC) រៀបចំដោយ ក្រុមការងារ ហេលស៍ថាម ប្រូ (HEALTHTIME PRO) របស់ក្រុមហ៊ុន ហេលស៍ថាម ខបភូរេសិន (HEALTHTIME CORPORATION) និងរួមសហការឧបត្ថម្ភដោយផលិតផល Coxil។ គោលបំណងសំខាន់នៃកម្មវិធីនេះមានចំនួន ២ធំៗគឺ៖ ទីមួយ “ការជួយតម្រង់ផ្លូវពីអាជីពនាពេលអនាគត បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកឱសថសាស្រ្ត” និងទីពីរ “ការជួបសន្ទនាផ្ទាល់ ភ្ជាប់ទំនាក់ទំនង រវាងគ្រួសារឱសថការី ”។ កម្មវីធីរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយមានការចូលរួមពីវាគ្មិនកិត្តិយសចំនួន ១០រូបដែលជាអតីតនិស្សិតឱសថសាស្ត្រ និងសុទ្ធសឹងតែជោគជ័យលើវិថីការងារផ្សេងៗគ្នានាពេលបច្ចុប្បន្ន។ កម្មវិធីប្រព្រឹត្តទៅដោយមានចូលរួមយ៉ាងផុសផុល ពីសំណាក់ឱសថការី ក៏ដូចជានិស្សិតឱសថសាស្ត្រប្រមាណជាង ៧០នាក់ផងដែរ។  សកម្មភាពពេញមួយព្រឹកចែកចេញជា២ គឺ៖ 1. ការចែករំលែកបទពិសោធន៍ពីសំណាក់សិស្សច្បងទាក់ទងនឹង ការសម្រេចចិត្តជ្រើសរើសការងារបច្ចុប្បន្ន(ហេតុអ្វី និងអ្វីជាកត្តាជម្រុញឲ្យជ្រើសរើសអាជីពបច្ចុប្បន្ននេះ? ធ្លាប់ជួបប្រទះទុក្ខលំបាក និងចំណុចពេញចិត្តអ្វីខ្លះលើវិថីមួយនោះ?) 2. ការប្រឹក្សាយោបល់ជាក្រុម ដោយអ្នកចូលរួមមានឱកាសសាកសួរសំណួរ សុំការផ្តល់យោបល់ ជាមួយសិស្សច្បងដែលមានបទពិសោធន៍ផ្សេងគ្នា ដើម្បីឲ្យពួកគេអាចត្រៀមខ្លួន មុនពេលឈានទៅកាន់ការជ្រើសរើសអាជីពដែលខ្លួនស្រឡាញ់ ឬក៏សម្រេចចិត្តរៀនបន្តថ្នាក់ក្រោយឧត្តមសិក្សា។ គួរបញ្ជាក់ផងដែរថា សិស្សច្បងឱសថការី ដែលបានចូលរួមចែករំលែកនៅក្នុង Pharmacist Talk នេះ រួមមាន៖ 1. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្ត្រចាតានិងជាសាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 2. កញ្ញាបណ្ឌិតឱសថសាស្ត្រឯកទេស យូ វណ្ណី អ្នកសម្របសម្រួលគម្រោងការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍ 3. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ឆាយ សុខដាលីស អនុប្រធានការិយាល័យគ្រប់គ្រងឱសថសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តកណ្តាល 4. លោកឱសថការី អោក សៅ អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន សាណូហ្វី កម្ពុជា 5. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេសនៃសហគ្រាសផលិតឱសថ អន្តរជាតិ 6. កញ្ញាឱសថការី ចាន់ បូរ៉ា Business Development Leader & Pharmacy Supervisor at Community Pharma Co., Ltd. 7. កញ្ញាឱសថការី ឃាង ស៊ីវហ៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហេលស៍ថាម ខប 8. លោកឱសថការី ខេង សេងលី អតីតឱសថការីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ 9. កញ្ញាឱសថការី ស៊ីម ជីវីរ័ត្ន ស្ថាបនិកឱសថស្ថានអង្គរហ្វាម៉ា 10. កញ្ញាឱសថការី អ៊ីវ សុភា Pharmacist epidemiologist at Institute Pasteur of Cambodia និងជានិស្សិតថ្នាក់បណ្ឌិត។ ដើម្បីទទួលបានព័ត៌មានបន្ថែម សម្រាប់វគ្គសិក្សាដែលនឹងប្រព្រឹត្តទៅ នាពេលខាងមុខទៀត សូមតាមដានក្នុង Healthtime Pro ទាំងអស់គ្នា... ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ  

ពេលរៀនចប់ផ្នែកឱសថគួរធ្វើអ្វីទៅ? រៀនផ្នែកឱសថចប់ ប្រាកដជាត្រូវបើកឱសថស្ថានឬយ៉ាងណា? រៀនចប់ឱសថហើយ មានផ្លូវណាគួរបន្តដើរខ្លះ? ចុះចំណែកឱសថការីដែលបានបញ្ចប់ការសិក្សាហើយ? តើមានជំនឿចិត្ត និងពេញចិត្តគ្រប់គ្រាន់ឬនៅសម្រាប់ការដើរលើផ្លូវដែលខ្លួនបានជ្រើសរើស?… ឱសថការី ក៏ដូចជាអនាគតឱសថការីរបស់យើង ប្រហែលជាធ្លាប់បានសួរខ្លួនឯង ឬលើកមកពិភាក្សាជាមួយមិត្តភក្តិជាច្រើនលើកច្រើនសាររួចមកហើយនូវសំណួរខាងលើនេះ ហើយក៏ប្រហែលមានសំណួរជាច្រើនទៀតទាក់ទងនឹងគោលដៅនៃអាជីពទៅថ្ងៃអនាគតដែលតែងតែចោទជាការបារម្ភ និងកង្វល់ជាច្រើនសម្រាប់យើង ជាពិសេសនៅឆ្នាំដែលត្រៀមបញ្ចប់ការសិក្សាតែម្តង។ ​ ជាការពិត អាជីពទៅថ្ងៃអនាគតរបស់ឱសថការីក្រោយបញ្ចប់ការសិក្សាមានច្រើនជម្រើសត្រៀមសម្រាប់ឲ្យឱសថការីដែលបញ្ចប់ការសិក្សាជ្រើសរើស តែទោះយ៉ាងនេះក្តី អ្នកប្រហែលជាម្នាក់ក្នុងចំណោមអនាគត និងបច្ចុប្បន្នឱសថការីជាច្រើនរូប ដែលកំពុងតែមានភាពស្មុគស្មាញ បារម្ភ ខ្វល់ខ្វាយ មិនអាចសម្រេចចិត្ត និងមិនអាចតាំងអារម្មណ៍លើអ្វីដែលកំពុងធ្វើ ថែមទាំងមិនអាចត្រៀមខ្លួនបានត្រឹមត្រូវ សម្រាប់ការសម្រេចជោគជ័យលើគោលដៅអាជីពជាឱសថការីរបស់ខ្លួនបានថែមទៀតផង។ បញ្ហាមួយចំនួនក្នុងចំណោមបញ្ហាជាច្រើនដែលធ្វើឲ្យអ្នកនៅស្ទាក់ស្ទើរ ឬមានអារម្មណ៍ថាវង្វេងផ្លូវក្នុងការជ្រើសរើសអាជីពគោលដៅគឺជា ការខ្វះខាតនូវបទពិសោធន៍ ព័ត៌មាន តថភាពជាក់ស្តែង ទំនាក់ទំនង ក៏ដូចជាកម្លាំងជំរុញទឹកចិត្ត ដែលទាំងនេះក៏ធ្លាប់ជាបញ្ហាសម្រាប់រៀមច្បងឱសថការីរបស់អ្នកដូចគ្នាដែរ។ បើអញ្ចឹង ហេតុអ្វីក៏មិនចាប់យកឱកាសក្នុងការជួបជាមួយនឹងសិស្សច្បងឱសថការីរបស់អ្នក ដែលបានឆ្លងកាត់ដំណើរផ្លូវដែលអ្នកកំពុងមានការបារម្ភក្នុងការឈានជើងឆ្លងកាត់ និងមើលថាតើពួកគាត់អាចជួយអ្នកបានកម្រិតណា? អ្នកអាចនឹងភ្ញាក់ផ្អើលក្រោយពីបានជួបពួកគាត់! ហេតុអ្វី Pharmacist Talk ត្រូវបានបង្កើតឡើង? ស្របពេលនឹងការចូលរួមលើកកម្ពស់វិជ្ជាជីវៈសុខាភិបាលតាមរយៈប្រតិបត្តិការផ្សេងៗជាច្រើនកន្លងមក ហេលស៍ថាម ប្រូ ក៏ជឿជាក់ផងដែរថា វិជ្ជាជីវៈឱសថសាស្ត្រពិតជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលទាំងមូល ហើយក្នុងនោះផងដែរការលើកកម្ពស់ធនធានមនុស្ស ពោលគឺអនាគតឱសថការីជំនាន់ក្រោយ គឺជាអ្វីដែលយើងមិនអាចមើលរំលងបានឡើយ។ ហេតុនេះ លើកនេះ ហេលស៍ថាម ប្រូ បានធ្វើការគោរពអញ្ជើញនូវវាគ្មិនវ័យក្មេងដែលជានិមិត្តរូបដ៏មានប្រជាប្រិយនៅក្នុងវិស័យឱសថសាស្ត្រចំនួន ១០រូប ដើម្បីធ្វើការចែករំលែកលើបទពិសោធន៍“នៅក្នុងដំណើរក្រោយរៀនចប់” របស់ពួកគាត់ទៅកាន់អនាគតឱសថការីរបស់យើង ដើម្បីបង្ហាញជាមាគ៌ាក្នុងការជ្រើសរើសដំណើរជីវិតដ៏ត្រឹមត្រូវក្នុងវិជ្ជាជីវៈរបស់ពួកគេ ដើម្បីឈានដល់ភាពជោគជ័យលើអាជីព និងនាំទៅដល់ការកើនឡើងទាំងចំនួន និងគុណភាពនៃធនធានមនុស្សក្នុងការលើកកម្ពស់វិស័យឱសថសាស្ត្រ ក៏ដូចជាវិស័យសុខាភិបាលទាំងមូលតែម្តង។ អ្វីគួររំពឹងថានឹងទទួលបានក្រោយពីចូលរួម Pharmacist Talk នេះ? ហេលស៍ថាម ប្រូ ជឿជាក់ថា ក្រោយពីចូលរួមកម្មវិធីនេះអ្នកនឹងអាចរកឃើញនូវគោលដៅដែលធ្លាប់តែស្រពិចស្រពិល ទទួលបានគន្លឹះក្នុងការសម្រេចគោលដៅក្នុងអាជីព ព័ត៌មានជាក់ស្តែងអំពីអាជីព កម្លាំងជំរុញចិត្ត និងភាពជឿជាក់លើគោលដៅដែលបានជ្រើសរើស ដែលទាំងនេះនឹងអាចជួយឱសថការី ក៏ដូចជាអនាគតឱសថការីក្នុងការត្រៀមខ្លួនឲ្យបានល្អដើម្បីឈានជើងក្នុងអាជីពក្នុងក្រីស្រម៉ៃ ក៏ដូចជាជួយក្នុងការអភិវឌ្ឍដំណើរផ្លូវនៅក្នុងអាជីពបច្ចុប្បន្នរបស់ខ្លួនផងដែរ។ តាមរយៈការចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនរបស់សិស្សច្បងឱសថការីរបស់យើង ក៏ដូចជាការប្រឹក្សាយោបល់ អ្នកក៏នឹងអាចចាប់ផ្តើមរកឃើញនូវចំណង់ចំណូលចិត្តពិតប្រាកដរបស់ខ្លួន និងអាចជ្រើសរើសអាជីពដែលស័ក្តិសមចំពោះខ្លួនប្រកបដោយជំនឿចិត្តផងដែរ។ លើសពីនេះ ហេតុអ្វីមិនចាប់ឱកាសជួបជុំនេះក្នុងការបង្កើនចំណងមិត្តភក្តិភាព ក៏ដូចជាភាពស្និទស្នាលនៅក្នុងក្រុមគ្រួសារឱសថការីរបស់យើង និងស្វែងរកនិមិត្តរូបដែលជាគំរូសម្រាប់អាជីពអនាគតរបស់អ្នកផង? គួរបញ្ជាក់ផងដែថា សិស្សច្បងឱសថការីរបស់យើង ដែលនឹងចូលរួមចែករំលែកនៅក្នុង Pharmacist Talk នេះ រួមមាន៖ 1. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ហែម សុភក្តិ ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្ត្រចាតានិងជាសាស្ត្រាចារ្យផ្នែកមីក្រូជីវសាស្ត្រនៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល 2. កញ្ញាបណ្ឌិតឱសថសាស្ត្រឯកទេស យូ វណ្ណី អ្នកសម្របសម្រួលគម្រោងការគ្រប់គ្រងប្រព័ន្ធគុណភាពមន្ទីរពិសោធន៍ 3. លោកស្រីបណ្ឌិតឱសថសាស្ត្រឯកទេស ឆាយ សុខដាលីស អនុប្រធានការិយាល័យគ្រប់គ្រងឱសថសុវត្ថិភាពចំណីអាហារនៃមន្ទីរសុខាភិបាលខេត្តកណ្តាល 4. លោកឱសថការី អោក សៅ អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុន សាណូហ្វី កម្ពុជា 5. លោកស្រីឱសថការី ជា បានហេង នាយកបច្ចេកទេសនៃសហគ្រាសផលិតឱសថ អន្តរជាតិ 6. កញ្ញាឱសថការី ចាន់ បូរ៉ា Business Development Leader & Pharmacy Supervisor at Community Pharma Co., Ltd. 7. កញ្ញាឱសថការី ឃាង ស៊ីវហ៊ុង អ្នកគ្រប់គ្រងផលិតផលនៃក្រុមហ៊ុនហេលស៍ថាម ខប 8. លោកឱសថការី ខេង សេងលី អតីតឱសថការីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ 9. កញ្ញាឱសថការី ស៊ីម ជីវីរ័ត្ន ស្ថាបនិកឱសថស្ថានអង្គរហ្វាម៉ា 10. កញ្ញាឱសថការី អ៊ីវ សុភា Pharmacist epidemiologist at Institute Pasteur of Cambodia និងជានិស្សិតថ្នាក់បណ្ឌិត។ សំបុត្រចូលរួម សម្រាប់ការចូលរួម អ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរួមជាមុន ជាមួយតម្លៃសំបុត្រត្រឹមតែ ២០,០០០រៀល (សម្រាប់និស្សិត) និង៤០,០០០រៀល (សម្រាប់មិនមែននិស្សិត) នៅមុនថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨។ ចំពោះតម្លៃសំបុត្រក្រោយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ គឺ ៤០,០០០រៀល (សម្រាប់និស្សិត) និង៦០,០០០រៀល (សម្រាប់អ្នកមិនមែននិស្សិត) ។ ***បញ្ជាក់៖ ចំនួនកន្លែងមានកំណត់!!! របៀបចុះឈ្មោះ ដើម្បីចុះឈ្មោះជាមុន សូមចូលទៅកាន់ទំព័រ http://healthtime.tips/subpage/Healthtimepro/appointments ហើយធ្វើការបំពេញឈ្មោះ ភេទ អ៊ីម៉ែល លេខទូរស័ព្ទ ដោយជ្រើសយក Healthtime Pro Forum និងរើសយក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ ឬ ប្រើ Healthogo App ស្វែងរក Healthtime Pro ហើយចុចលើការណាត់ជួប រួចបំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៨ ម៉ោង៨ព្រឹក ជ្រើសយក Healthtime Pro Forum និងបំពេញលេខទូរស័ព្ទ។ ត្រង់ផ្នែកព័ត៌មានបន្ថែម សូមបំពេញឈ្មោះស្ថាប័នសិក្សា ឬការងារ (សាលា ឬកន្លែងធ្វើការ) និងចំនួនសំបុត្រដែលអ្នកត្រូវការ។ កំណត់សម្គាល់ ៖ ការបង់ប្រាក់ និងទទួលសំបុត្រ ប្រព្រឹត្តិនៅការិយាល័យក្រុមហ៊ុនហេលស៍ថាមខប ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សម្រាប់ទំនាក់ទំនងព័ត៌មានបន្ថែម ៖ ០៧៧ ៨៨៨ ០៧៦/ ០៧៧ ៨៨៨ ០៧៥/ ០៦៩ ៨៨៨ ១១២ កុំភ្លេច ចូលរួមជាមួយពួកយើង ក្នុងកម្មវិធី Pharmacist Talk ៖ “តោះ! និយាយជាមួយសិស្សច្បងពីដំណើរក្រោយរៀនចប់”ទាំងអស់គ្នា នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពី៨ព្រឹក ដល់១២ថ្ងៃត្រង់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ប្រញាប់កក់សំបុត្ររបស់អ្នកនៅថ្ងៃនេះ (កន្លែងមានកំណត់)! ហើយពួកយើង និងសិស្សច្បងឱសថការីរបស់យើង នឹងរង់ចាំជួបអ្នកទាំងអស់គ្នានៅថ្ងៃនោះ! *ហេលស៍ថាម ប្រូ ជាស្ថាប័នផ្តោតលើការអប់រំ និងពង្រឹងសមត្ថភាពរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ជាពិសេសលើការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកជំងឺ ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ ©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Top