Menu

ចង់ទៅពិចនិច ត្រៀមអាហារបែបណាទើបល្អ?


ចង់ទៅពិចនិច ត្រៀមអាហារបែបណាទើបល្អ?

   យូរៗម្តង យើងអាចចេញទៅញ៉ាំអាហារបែបពិចនិចម្តង ជំនួសឲ្យការញ៉ាំអាហារនៅផ្ទះ ឬក៏តាមហាងអាហារផ្សេងៗ។ និយាយចឹង ពិចនិចក៏ជាគំនិតល្អមួយដែរប្រសិនបើគិតដល់ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ គ្រួសារ និងមិត្តភក្តិ បង្កើតពេលវេលាផ្ទាល់ខ្លួនដ៏ពេញលេញមួយសម្រាប់គ្នា។

 

គ្រាន់តាគិតក៏សប្បាយដែរ...អញ្ចឹងចាប់ផ្តើមរៀបចំមេនញូងាយៗផ្តល់សុខភាពល្អនិងរសជាតិឆ្ញាញ់ដែលគួរតែមានក្នុងកន្រ្តកសម្រាប់ពិចនិចរបស់អ្នកតែម្តងទៅ។

 

 1.អាហារសម្រន់៖ 

និយាយទៅបើទៅពិចនិច មិនមានរបស់ញ៉ាំលេង ដូចមិនសមជាពិចនិចទេ។គ្រាប់ធញ្ញជាតិមិនថាជាសណ្តែកដី គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់រីករាយជាដើម សុទ្ធតែសម្បូរប្រូតេអ៊ីន និងខ្លាញ់មិនឆ្អែតដែលល្អសម្រាប់សុខភាព។   ទោះយ៉ាងណា អ្នកក៏ត្រូវកម្រិតបរិមាណក្នុងការញ៉ាំផងដែរ ពិសេសចំពោះធញ្ញជាតិខ្ចប់ស្រេចដែលមានអំបិល។ស៊ុតស្ងោរមិនត្រឹមសម្បូរប្រូតេអ៊ីន វាក៏ងាយរក ងាយធ្វើ និងមានតម្លៃថោកទៀត។ មិនចាំបាច់ត្រូវត្រៀមអីច្រើនក្រៅពីទឹកស៊ីអ៊ីវឬក៏អំបិលម្រេចក្រូចឆ្មារទៅក៏រួចស្រេច សំខាន់ញ៉ាំបានទាំងព្រឹក និងថ្ងៃ។សាច់ត្រីក្រៀមសម្បូរដោយប្រភេទខ្លាញ់ល្អ អូមេហ្គា៣   ហើយក៏មានរសជាតិឆ្ញាញ់ជក់មាត់ផងដែរ។

តំណាប់ផ្លែឈើក្រៀមសម្បូរដោយជាតិកាកសរសៃដែលល្អក្នុងការរក្សាលំនឹងជាតិស្ករ និងអ័រម៉ូន ព្រមទាំងអាចការពារពីជំងឺមួយចំនួនដោយសារសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វាផងដែរ។

 

2.អាហារចម្បង ៖ 

ចំណាយពេលធ្វើដំណើរ និងលេងច្រើនដែរ  អញ្ចឹងក៏ត្រូវញ៉ាំឲ្យឆ្អែតដែរ។ស៊ូស៊ីកូនកាត់អ្នកគ្រាន់តែត្រូវការបន្ទះឫស្សីសម្រាប់មូលបន្ទះសារ៉ាយសមុទ្រ បាយ ការ៉ុត ត្រសក់ ពងទាចៀន និងគីមឈីជាដើម។អាហារបែបនេះមិនត្រឹមងាយយកតាមខ្លួន ងាយកាត់ចែកគ្នាញ៉ាំ និងថែមទាំងសប្បាយទៀតផងបើអ្នកញ៉ាំបណ្តើរធ្វើជុំគ្នាបណ្តើរ។សាន់វិច ជាប្រភេទអាហារសាមញ្ញសម្រាប់ពិចនិចទៅហើយ។ យ៉ាងណាមិញការវេចខ្ចប់ទុកមុនអាចប្រើជាក្រដាសឬក៏ថង់រុំអាហារធម្មតាដើម្បីងាយយកតាមខ្លួនឬក៏អាចកៀបក្នុងម៉ាស៊ីនកម្តៅឲ្យហើយតែម្តងដើម្បីកុំឲ្យពិបាកជ្រុះពេលញ៉ាំ។សាឡាត់ បន្លែគ្រប់ពណ៌ ធ្វើឲ្យថ្ងៃពិចនិចកាន់តែស្រស់ស្រាយ និងមិនទ្រលាន់។ អ្នកអាចប្រើបន្លែចម្រុះ និងរៀបចំឲ្យមានសោភ័ណភាព រួចបន្ថែមសាច់ទ្រូងមាន់ ឬសាច់ត្រី ស៊ុតស្ងោរ និងស្រូបដោយទឹកម៉ាញ៉េនេស ឬទឹកបន្លែផ្សេងៗទៅតាមចំណូលចិត្ត។ប៊ីប៊ីឃ្យូមានទាំងសាច់   និងបន្លែដោតលើចង្កាក់តែមួយ ហើយក៏អាំងញ៉ាំក្តៅៗតែម្តង។ អ្នកគ្រាន់តែមានចង្រ្កានអាំងសាច់ប្រភេទប្រើធ្យូង   ហើយត្រៀមអាហារចម្រុះដូចជាសាច់  និងបន្លែ តែកុំភ្លេចទឹកជ្រល់ជាទឹកត្រីកោះកុង  ឬអំបិលម្រេចក្រូចឆ្មារផងដែរ។

 

3.ភេសជ្ជៈ៖  

ជាក់ស្តែងក្រៅពីទឹកបរិសុទ្ធអ្នកក៏អាចមានជាមេនញូផ្សេងៗជាច្រើនទៀតដូចជា៖ទឹកផ្លែឈើរសជាតិគ្រប់មុខនៃទឹកផ្លែឈើស្រស់បន្ថែម ទឹកកកឲ្យត្រជាក់ ពិតជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងសម្រាកពិតៗ។ទឹកតែម្លិះជាមួយក្រូចឆ្មារអាចបន្ថែមស្ករ និងទឹកកកទៀត ដែលមិនត្រឹមតែឈ្ងុយ តែក៏ផ្តល់អារម្មណ៍ជ្រះកល្អទៀតផង។

 

4.បង្អែម៖ 

ទុកលាងមាត់ក្រោយពេលអាហារចម្បង។ផ្លែឈើរៀបចំផ្លែឈើ ដោយលាងសម្អាត និងចិតដាក់ប្រអប់ជាស្រេច ហើយក្លាសេឲ្យត្រជាក់ដើម្បីបង្កើនរសជាតិ។ បើអាចកុំភ្លេចយកម្ជូរ និងអំបិលម្ទេសផង ព្រោះថាពេលធ្វើដំណើរទៅអ្នកប្រហែលជាអស់កម្លាំង ឬពុលឡាន ផ្លែឈើអាចលើកកម្លាំងអ្នកមកវិញបាន។ការ៉េមទៅពិចនិចបើមានការ៉េមញ៉ាំប្រាកដជាល្អ ពិសេសនៅពេលអាកាសធាតុរៀងក្តៅបន្តិច។ តែយកល្អគួរធ្វើការ៉េមក្នុងទូទឹកកកខ្លួនឯង ព្រោះវាអាចទុកបានយូរមិនងាយរលាយទេ។   វិធីធ្វើគឺសាមញ្ញ គ្រាន់តែប្រើទឹកដោះគោខាប់ នំស្រួយនិងផ្លែឈើផ្សេងៗលាយវាបញ្ជូលគ្នា  ដាក់ក្នុងប្រអប់ ហើយបង្កកវាទុកពីយប់ទៅជាការស្រេច។

 

5.ផ្សេងៗ

-ធុងទឹកកកតូចល្មមសម្រាប់ដាក់ទឹកកក ឬដាក់ក្លាសេ បន្លែ ផ្លែឈើផ្សេងៗ (ដាក់របស់ដែលត្រូវការញ៉ាំមុននៅខាងលើ កុំឲ្យពិបាករើ និងបើកធុងទឹកកកច្រើនដង ឬយូរៗ)

-កម្រាល ឬកន្ទេលសម្រាប់អង្គុយលេង (និងឆ័ត្រផងដែរបើអាច) កៅអីតូចៗ អង្រឹងឬប៉ៅអី គេងលេង

-សម្ភារៈសម្រាប់រៀបទទួលទានដូចជា   ចានស្លាបព្រា ចង្កឹះ សម កែវ កាំបិទ ជ្រុញតូចជាដើម។

 

អាហារដូចជាច្រើនមុខដែរហើយ នៅឡើយតែរើសកន្លែងដែលជាទូទៅគឺ ទៅក្រៅក្រុងត្រង់ទីវាលសម្បូរម្លប់ឈើ ឬមានស្រះទឹក រមណីយដ្ឋានធម្មជាតិ គិរីរម្យ(វាំងចាស់) ចំការព្រីង ជាដើម។ ចុងក្រោយ គឺរើសថ្ងៃទៅ កុំទុកគម្រោងចោលយូរនាំតែខាតឱកាសនៃការរីករាយនឹងអាកាសធាតុនៅរដូវនេះ...

 

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

អត្ថបទទាក់ទង