៩ សំណួរនាំអ្នកឲ្យស្គាល់ម្ចាស់ពានរង្វាន់កិត្តិយសIMO 2016
ស្ថិតក្នុងវ័យជាសិស្សវិទ្យាល័យ ការប៉ងប្រាថ្នាទទួលបានជោគជ័យលើការសិក្សាតែងតែមាន ប៉ុន្តែវារមែងទទួលបានដូចចិត្តប្រថា្ន ដរាបណាមានការប្រឹងប្រែង ដុះខាត់សមត្ថភាពរបស់ខ្លួនផ្ទាល់ បូកផ្សំជាមួយការតាំងចិត្តយ៉ាងមុតមាំជំនះលើឧបសគ្គ ដែលជាហេតុធ្វើឲ្យយើងទទួលបានលទ្ធផលទាំងនោះ យុវជន ង៉ូវ ហេង ដែលជាអតីតសិស្សវិទ្យាល័យបាក់ទូក និងជាសិស្សដែលទទួលបានជោគជ័យ ជាពានរង្វាន់កិត្តិយសក្នុងការប្រកួតប្រជែងសិស្សពូកែផ្នែកគណិតវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៧ (57th IMO 2016)ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង និងធ្វើការចែករំលែកបទពិសោធន៍ក្នុងការរៀនសូត្រ ការតាំងចិត្ត និងការសម្រេចចិត្តក្នុងការជ្រើសរើសមុខជំនាញ ដើម្បីបន្តការសិក្សាឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យទៅតាមការរំពឹងទុក។
ហេលស៍ថាម ៖ តើប្អូនធ្លាប់បានទទួលបាននូវស្នាដៃ អ្វីខ្លះ?
ហេង ៖ ក្រៅពីទទួលបានពានរង្វាន់កិត្តិយសនៅក្នុងការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិលើកទី៥៧ នៅហុងកុង ខ្ញុំក៏ជាអតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសនៅថ្នាក់ទី៩ផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីរៀនថ្នាក់ទី៩ ខ្ញុំក៏ធ្លាប់ប្រលងតេស្តជប៉ុន Suken Test នៅសាកលវិទ្យាល័យខេមរៈ។ ដល់ពេលចូលថ្នាក់ទី១០ ខ្ញុំក៏ទទួលបានមេដាយការប្រលងក្នុងកម្មវិធីមួយ ក្រោមការរៀបចំឡើងដោយ University of Waterloo (ប្រទេសកាណាដា) ។
ក្នុងថ្នាក់ទី១២នេះផងដែរខ្ញុំទើបតែទទួលបានការប្រលងសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសបានមេដាយសំរិទ្ធ។ ក្រៅពីមុខវិជ្ជាគណិតវិទ្យា ខ្ញុំក៏ធ្លាប់បានប្រលងដោយធ្វើការជាក្រុម Global Enterprise Challenge ផ្នែក Business នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយទទួលបានមេដាយមួយ រួមជាមួយនិង Trophyចំនួនពីរ។
ហេលស៍ថាម ៖ ហេតុអ្វីបានជាមានចំណាប់អារម្មណ៏ខាងផ្នែកគណិតវិទ្យា?
ហេង ៖ ចំពោះខ្ញុំ ការជោគជ័យលើមុខវិជ្ជាអ្វីមួយគឺវាអាស្រ័យលើការស្រលាញ់ចូលចិត្ត។ អ្នកខ្លះគិតថាវាជាមុខវិជ្ជាពិបាក ស្មុគស្មាញ ពេលខ្លះអារម្មណ៏នេះក៏កើតឡើងចំពោះរូបខ្ញុំផ្ទាល់ តែដើម្បីរក្សាការតស៊ូទៅមុខ យើងត្រូវមានគោលដៅ និងយល់ពីចំណង់ចំណូលចិត្តខ្លួនឲ្យបានច្បាស់។
សម្រាប់ខ្ញុំគណិតវិទ្យាជាមុខវិជ្ជាដែលទាក់ទងទៅនឹងជំនាញដែលខ្ញុំនឹងធ្វើការជ្រើសរើសបន្ទាប់ពីបញ្ចប់ថ្នាក់ទី ១២ រួមជាមួយការស្រលាញ់ចូលចិត្តតាំងពីតូច កត្តាទាំងពីរនេះជាកម្លាំងទឹកចិតជម្រុញឲ្យខ្ញុំទទួលបានជោគជ័យខាងផ្នែកគណិតវិទ្យា។
ហេលស៍ថាម ៖ តើបេក្ខភាពដែលចូលរួមប្រកួតត្រូវមានលក្ខខណ្ឌបែបណាខ្លះ?
ហេង ៖ ដើម្បីធ្វើជាបេក្ខភាពចូលរួមប្រកួតសម្រាប់ឆ្នាំ២០១៦នេះ បេក្ខភាពទាំង៦នាក់សុទ្ធតែជាអតីតសិស្សពូកែគណិតវិទ្យាកាលពីថ្នាក់ទី៩ ដែលដំបូងមានចំនួន១០នាក់ រួចក្រោយមកទើបត្រូវបានជម្រុះយក៦នាក់ ។
ហេលស៍ថាម ៖ តើកត្តាអ្វីខ្លះដែលជម្រុញឲ្យទទួលបានជោគជ័យលើការប្រកួតប្រជែង?
ហេង ៖ កត្តាសំខាន់ គឺ លោកគ្រូ អ្នកគ្រូ ខ្លួនឯងផ្ទាល់ និងអ្នកជុំវិញខ្លួន។ លោកគ្រូ/អ្នកគ្រូ ជាមនុស្សសំខាន់ក្នុងការជួយហ្វឹកហាត់សមត្ថភាពរបស់យើង ពួកគាត់មានបទពិសោធន៍ច្រើនក្នុងការជ្រើសរើសវិធីសាស្រ្តល្អៗក្នុងការដោះស្រាយលំហាត់។ បន្ថែមពីនេះ គាត់ក៏បានណែនាំអំពីប្រធានលំហាត់ថ្មីៗ រួមជាមួយក្នុងការជ្រើសរើសសៀវភៅសម្រាប់រៀនបន្ថែម។
សម្រាប់ខ្លួនយើងផ្ទាល់ គឺត្រូវមានការតាំងចិត្តឲ្យមុតមាំ ប្រើប្រាស់ពេលវេលាក្នុងការសិក្សាឲ្យបានច្រើន ហើយធ្វើយ៉ាងណារៀនឲ្យបានសព្វ។ ជាការពិតណាស់ ការសិក្សាតែងតែមានភាពលំបាក សម្រាប់ខ្ញុំផ្ទាល់ ការប្រកួត គឺត្រូវប្រើពេលវេលាច្រើនដែលធ្វើឲ្យការសិក្សានៅសាលាមានការខ្វះខាត ដូច្នេះអ្នកជុំវិញខ្លួនយើង ទាំងមិត្តភក្តិ និងក្រុមគ្រួសារ បានផ្តល់ជាកម្លាំងចិត្តដល់ខ្ញុំសម្រាប់បន្តដំណើរទៅមុខទៀត។
ហេលស៍ថាម ៖ តើប្អូនបានទទួលមេរៀនអ្វីខ្លះ ពីការប្រកួតប្រជែងថ្នាក់អន្តរជាតិលើកដំបូងមួយនេះ?
ហេង ៖ ចំពោះការប្រកួតប្រជែងថ្នាក់អន្តរជាតិជាលើកដំបូងនេះ គឺមានលក្ខណៈប្លែក រលូន និង ប្រសើរជាងនៅក្នុងការប្រលងក្នុងស្រុក តួយ៉ាង វិញ្ញាសាប្រលងក៏មានលក្ខណៈថ្មី ប្លែកដោយសារតែវាត្រូវបានបង្កើតថ្មីតាមរយៈការសំយោគចេញពីវិញ្ញាសាបង្កើតថ្មីពីបណ្តាប្រទេសផ្សេងៗពីគ្នាក្រោមការត្រួតពិនិត្យ និងវាយតម្លៃពីគណៈកម្មការយ៉ាងសុក្រឹត។
ហេតុនេះហើយ វិញ្ញាសាទាំងនោះតម្រូវឲ្យបេក្ខភាពដែលចូលរួមប្រលងមានការគិតត្រិះរិះយ៉ាងម៉ត់ចត់។ ម្យ៉ាងទៀត ការរៀនរបស់សិស្សនៅទីនោះក៏មានលក្ខណៈខុសប្លែកផងដែរ ដោយហេតុថាសិស្សទាំងនោះត្រូវបានបំប៉នទាក់ទងនឹងការប្រលងបែបនេះតាំងពីក្មេងមកម៉្លេះ ដូច្នេះហើយ ពួកគេសុទ្ធតែមានការស្រាវជ្រាវច្រើន ចំណេះក៏មានច្រើន ខុសប្លែកពីយើងដែលប្រើប្រាស់
រយៈពេលខ្លី។
ហេលស៍ថាម ៖ តើហេងមានវិធីសាស្រ្តអ្វីខ្លះ ដើម្បីក្លាយខ្លួនជាសិស្សពូកែគណិតវិទ្យាមួយរូប?
ហេង ៖ ក្នុងនាមជាសិស្ស ការក្លាយខ្លួនជាសិស្សពូកែ គឺគ្មានអ្វីក្រៅពីការប្រឹងប្រែងរៀនសូត្រ អានសៀវភៅឲ្យបានច្រើនតាមតែអាចធ្វើទៅបាន និងហ្វឹកហាត់ធ្វើលំហាត់ឲ្យបានច្រើននោះទេ គឺវាមានលក្ខណៈល្អប្រសើរជាងការដែលយកពេលវេលាធ្វើអ្វីផ្សេងដែលឥតប្រយោជន៍។
ការជួបជុំជាមួយមិត្តភក្តិ ក៏ជាការល្អសម្រាប់ផ្លាស់ប្តូរគំនិត ស្របពេលជាមួយគ្នាវាក៏ជាការកំសាន្តផងដែរ។ ទន្ទឹមនឹងគ្នានេះ ការស្វ័យសិក្សាបន្ថែមពីការសិក្សានៅសាលា ក៏ជាកត្តាជួយឲ្យខ្ញុំទទួលបានជោគជ័យ ជាក់ស្តែង ខ្ញុំអាចប្រើពេលវេលាក្នុងការស្រាវជ្រាវបន្ថែមតាមប្រពន្ធ័អុីនធឺណែត អាចជាព័ត៌មានទាក់ទងនឹងចំណេះដឹងទូទៅ វិជ្ជាជីវៈ និងអត្ថបទកំសាន្តផ្សេងៗ។
ទម្លាប់របស់ខ្ញុំក្នុងការក្លាយខ្លួនជាសិស្សពូកែគណិតវិទ្យា ការប្រើប្រាស់ពេលវេលា គឺពិតជាសំខាន់។ ជាទូទៅ ខ្ញុំចំនាយពេលច្រើនម៉ោងចំពោះមុខវិជ្ជាគណិតវិទ្យា ជាពិសេសរាល់ពេលត្រៀមប្រលង ឬការប្រកួតប្រជែងផ្សេងៗ ដែលអាចនិយាយបានថាខុសពីសិស្សដទៃដែលប្រើពេលតែ១ម៉ោងក្នុងការសិក្សាលើមុខវិជ្ជានេះ ពីព្រោះគេគិតថាវាអាចធ្វើឲ្យមានអារម្មណ៍តប់ប្រមល់។
គន្លឹះពិសេសនោះ គឺ ខ្ញុំតែងតែរៀបខ្លួនឯងតាំងពីក្បាលព្រលប់រហូតដល់ប្រហែលពាក់កណ្តាលអធ្រាត្រ ហើយក៏អានសៀវភៅរឿងបែប Non-fictionឬ Science-fiction ដែលជាប្រភេទសៀវភៅដែលខ្ញុំចូលចិត្តប្រមាណ
៣០នាទីសិន ទើបចូលគេង។
ទន្ទឹមនឹងគ្នានេះផងដែរ សិស្សភាគច្រើនប្រហែលជាគិតថា ពេលរៀនមិនគួរមានអារម្មណ៍ងងុយគេងទេ ប៉ុន្តែតាមការពិតទៅ ប្រសិនបើមានអារម្មណ៍បែបនោះ កុំចុះចាញ់ ឬមានអារម្មណ៍ថាអន់ថយឡើយ អ្នកគួរដើរចេញទៅក្រៅដើម្បីរំសាយអារម្មណ៍ឲ្យស្រឡះ ឬសម្រាកមួយភ្លែតសិន នោះលទ្ធផលក្រោយការដកឃ្លាបន្តិច នឹងមានភាពប្រសើរជាងការដែលប្រឹងធ្វើទាំងហត់នឿយ ឬងងុយគេង។
ហេលស៍ថាម ៖ តើប្អូនមានគម្រោងចូលរួមប្រកួតប្រជែងក្នុងកម្មវិធីអ្វីទៀតឬទេ?
ហេង ៖ ដោយសារតែខ្ញុំមិនទាន់សូវបានយល់ច្បាស់អំពីបែបផែននៃការប្រកួតប្រជែងក្នុងកម្រិតសាកលវិទ្យាល័យ ហេតុនេះហើយខ្ញុំមិនទាន់មានគម្រោងចូលរួមកម្មវិធីអ្វីនៅឡើយនោះទេ។ យ៉ាងណាមិញ ខ្ញុំនឹងព្យាយាមចាប់យកឱកាសក្នុងការចូលរួមកម្មវិធី Exchange Programs ឬ Internshipនៅតាមប្រទេសមួយចំនួន ជាពិសេសប្រទេសសិង្ហបុរី និង ជប៉ុន ដោយហេតុថាប្រទេសទាំងពីរមានរបៀបរបបបង្រៀន រីឯស្តង់ដានៃការសិក្សាមានលក្ខណៈល្អមិនចាញ់បណ្តាប្រទេសនៅតំបន់អឺរ៉ុបឡើយ។
ហេលស៍ថាម ៖ តើប្អូនមានគម្រោងអនាគតអ្វីខ្លះដែរ?
ហេង ៖ ជាដំបូងនោះ គឺខ្ញុំគ្រាន់តែចង់ឲ្យបានទទួលជោគជ័យក្នុងការសិក្សាព្រមទាំងមុខរបរដែលប្រាថ្នាជាមុនសិន។ ហើយក្រោយមកប្រហែលជា១០ឆ្នាំជាង ទើបខ្ញុំនឹងចាប់ផ្តើមធ្វើការគិតគូរអំពីកិច្ចការងារផ្សេងទៀតដែលធ្លាប់បាននឹកគិតកន្លងមក។
ជាក់ស្តែង តាមរយៈបទពិសោធន៍ក្នុងការចូលរួមប្រកួតកម្មវិធីផ្សេងៗ គឺបានដុសខាត់គំនិតខ្ញុំឲ្យមានការច្នៃប្រឌិត ហើយប្រសិនបើមានឱកាស ខ្ញុំចង់បង្កើតអ្វីដែលថ្មីៗ ដើម្បីជាមធ្យោបាយក្នុងការការពារបរិស្ថាន។
ហេលស៍ថាម ៖ តើប្អូនមានពាក្យពេចន៍អ្វីខ្លះសម្រាប់ណែនាំដល់សិស្សជំនាន់ក្រោយ?
ហេង ៖ «តែងតែមានក្តីសង្ឃឹម ប៉ុន្តែកុំរំពឹងខ្លាំងពេក» ព្រោះថា អ្វីដែលយើងរំពឹងខ្លាំងពេកនោះ អាចនឹងធ្វើឲ្យយើងបាក់ទឹកចិត្តចំពោះលទ្ធផលប្រសិនបើចេញមក មិនបានដូចអ្វីដែលខ្លួនបានរំពឹងទុក។ មួយវិញទៀត «កុំបោះបង់ចោលនូវក្តីសុបិន្តរបស់ខ្លួន បើទោះបីជាវាតូច ឬធំពេកក៏ដោយ» ។