(ភាគ៥) លួចស្រឡាញ់គេយូរហើយ ត្រូវធ្វើបែបណា! ប្រលោមលោក
រំលងផុតមួយថ្ងៃហើយ ទូរស័ព្ទក៏បិទ Facebook ក៏ Deactivate ទៀត តិចគេមានរឿងអីទៅ? ធ្វើម៉េចទៅ? ឬមួយក៏គេធុញនឹងខ្ញុំ? ហឺយ…. មានប៉ុន្មាននាក់យល់អារម្មណ៍ បាត់ដំណឹងពីមនុស្សដែលខ្លួនស្រឡាញ់? កាលពិតទៅ ទើបថ្ងៃនេះទេ ដែលខ្ញុំដឹងថា អារម្មណ៍ពេលប៉ាម៉ាក់តេរកខ្ញុំមិនចូល គាត់ភ័យប៉ុណ្ណា!
ថ្ងៃនេះ អារម្មណ៍វិលវល់ខ្លាំងណាស់ នឹកឃើញរឿងកាលនៅវិទ្យាល័យ នៅថ្នាក់ខ្ញុំមានស្រីស្អាតម្នាក់ឈ្មោះទេវី អង្គុយជាប់ខ្ញុំ។ ទេវីទាំងស្អាត ទាំងពូកែ ហើយមានចរិតស្លូតបូត ប្រុសៗនៅសាលាអ្នកណាក៏សំឡឹងមិនដាក់ភ្នែកដែរ។ រាល់ពេលចេញលេង ពួកប្រុសៗដើរកាត់ថ្នាក់ខ្ញុំជាច្រើន អើតឡឺមៗ ហើយខ្ញុំឧស្សាហ៍ឃើញវិទូនៅមុខថ្នាក់ខ្ញុំណាស់ គាត់ហ្នឹងក៏ខូចណាស់ដែរ (ភ្លេចប្រាប់ វិទូហ្នឹងហើយជា Crush របស់ខ្ញុំ) គាត់រៀនលើខ្ញុំមួយជំនាន់ ហើយគាត់ដូចជាតាមស្រឡាញ់ទេវីយូរហើយ ព្រោះឃើញដូចជាឧស្សាហ៍មើល និងនិយាយជាទេវីច្រើនណាស់។ ថ្ងៃមួយ ពេលចេញពីរៀន ខ្ញុំកំពុងអង្គុយក្រោមដើមឆ័ត្រចាំបងធំខ្ញុំមកយក ក្រឡេកឃើញវិទូ ឈរទល់មុខទេវី ហុចផ្កាមួយទងឲ្យទេវី ហើយដូចជាថើបថ្ពាល់ទៀត (ខ្ញុំមើលពីចំងាយមិនសូវច្បាស់ទេ) ភ្លាមនេាះស្រាប់តែបងរបស់ទេវីមក ច្រានវិទូមួយទំហឹង ហើយដូចជាទេវីជួយការពារម៉េចមិនដឹងទេ ក៏បងរបស់ទេវីទាញទេវីទៅផ្ទះទៅ! ចាប់ពីថ្ងៃនេាះមក វិទូក៏លែងសូវឃើញអើតថ្នាក់ខ្ញុំទៀតដែរ! ហើយខ្ញុំមិនដែលបានទៅអើតថ្នាក់គាត់ដែរ ព្រេាះអគារខុសគ្នា ម្យ៉ាងស្រីទៅអើតថ្នាក់ប្រុសដូចជាមិនសូវសម។ ខ្ញុំលែងបានជួបគាត់យូរដែរទម្រាំតែចៃដន្យទៅការមិត្តភក្តិមួយ ហើយរកគាត់ក្នុង Facebook តាមរូបថតការនេាះទៅ ក៏ចាប់ផ្តើម Stalk គាត់រាល់ថ្ងៃ គិតមកដល់ឥឡូវប្រហែល ៣ឆ្នាំហើយ។ តែម៉្យាងដែរ និស្ស័យនៅតែជានិស្ស័យ ចុះឡើងចុះឡើងមកស្គាល់លេខគេទៀតនៀក៎ ចាំមើលណា៎ ធ្វើឲ្យទូឯងស្រឡាញ់វិញទាល់តែបាន! ត្រៀមខ្លួនឲ្យហើយទៅ!
Post ប៉ុន្មាន Status ថ្ងៃហ្នឹង ឡើងគេគេភ័យពេញ Facebook ហើយ! អ្នកខ្លះ Chat មកសួរថាតីម៉េចហើយ? មានរឿងអីមែន? …. ប្រាប់គេថាម៉េចទៅ… ហឺយ…. មិនអីទេ Drama លេងទេ កុំឲ្យអផ្សុក! ប្រាប់គេបានតែប៉ុណ្ណឹង … ហឺយ… អារម្មណ៍ទប់រឿងពិបាកៗក្នុងចិត្តពិតជា Stress ណាស់! ចង់ណាស់ចង់មានអ្នកដែលអង្គុយស្តាប់ខ្ញុំរអ៊ូ ស្តាប់រឿងគ្រប់យ៉ាង គ្រាន់តែស្តាប់ក៏អស់ចិត្តដែរ ទោះមិនអាចជួយអ្វីបានក៏ដោយ… ឲ្យតែមានអ្នកចាំស្តាប់ ក៏ប៉ុន្តែពេលមានអ្នក Chat សួរបែរជាមិនដឹងគួរប្រាប់គេថាម៉េច? គួរចាប់ផ្តើមពីណាមុនណ៎? ហាមាត់និយាយមិនចេញ ក៏សម្រេចចិត្តថា I’m Fine ទេាះបីជា I’m seriously not fine…. មានមនុស្សប៉ុន្មាននាក់ដែលមានអារម្មណ៍បែបហ្នឹង? ហឺយ… អ្នកណាប្រើឲ្យខ្ញុំលង់ស្រឡាញ់គេដល់ម្លឹង តែក៏ Drama ខ្លះដែរ លេងបន្លំមែនហ្នឹងណា៎ ហេហេ… តែក៏សប្បាយចិត្តម៉្យាងដែលមានមិត្តភក្តិបារម្ភ ទេាះមិនបានប្រាប់គេក៏ធូរចិត្តបន្តិចដែរ...
ហើយម្នាក់ហ្នឹងក៏ណាស់ដែរ ចូលចិត្តធ្វើអីឲ្យគេបារម្ភ នៅមិននៅទៅបិទទាំងទូរស័ព្ទ ទាំង Facebook ទាមទារការចាប់អារម្មណ៍ម៉េះខ្លួន…
ថ្ងៃនេះឆាប់ងងុយគេងណាស់ ម៉ោងទើបតែ ៨កន្លះ ខ្ញុំរៀបចំគេងហើយ… តែមិនចោលទម្លាប់លេង Facebook មុនគេងនេាះទេ។ Scroll ចុះ Scroll ឡើង ក៏របូតទូរស័ព្ទចេញពីដៃ "កុងទឺណឺស្រវឹងធ្លាក់ភ្នែក ដេកលើAudi ពណ៌ស របួសធ្ងន់ប្រុស១ ស្រី២ " រថយន្តហ្នឹងហើយ... ព្រះអើយ ហេតុអីៗ? ហេតុអីទៅជាបែបហ្នឹង? គេយ៉ាងម៉េចហើយ... ធ្វើម៉េចទៅខ្ញុំ? ព្រះអើយៗ សូមជួយថែរក្សារូបគេឲ្យកុំឲ្យគេមានរឿងអីឲ្យសេាះណា៎ ... ទឹកភ្នែកស្រាប់តែស្រក់ចុះ ហេតុអីទេវតាធ្វើបាបខ្ញុំម្ល៉េះ លួចស្រឡាញ់គេយូរហើយ ទើបតែហ៊ានសួរទៅគេ Call ទៅគេ ហេតុអី...
ទូរស័ព្ទបន្លឺឡើង “អាឡូតី នៅធ្វើអីហ្នឹង Facebook ក៏ស៊ីអារម្មណ៍ម៉េះ?” បងខ្ញុំ Call មកពីសិង្ហបុរី ខ្ញុំមិនទាន់សម្រួលអារម្មណ៍បាន ហើយក៏ស្រែកយំ “ហេតុអី ហេតុអី….” “មានរឿងអីតី មានរឿងអី មានរឿងអីនៅផ្ទះមែន?” ខ្ញុំខំប្រឹងសម្រួលអារម្មណ៍ “អត់អីទេបង តីកំពុងមើលរឿងហ្នឹងណា៎ អត់អីទេ តីទៅងូតទឹកហើយ…” ហើយខ្ញុំក៏ដាក់ទូរស័ព្ទចុះទៅ… ហិហិ… សង្ឃឹមវាពិតត្រឹមជារឿងមែនចុះ ពេលអារម្មណ៍តក់ស្លុក ពិតជានិយាយអីក៏មិនចេញ គិតអីក៏មិនឃើញដែរ