សាស្រ្តាចារ្យវេជ្ជ. ឯក ម៉េងលី «ជំងឺរលាកដៃស្បូន ជាក្តីបារម្ភរបស់ស្រ្តី»
មានជំងឺជាច្រើនដែលជាកង្វល់របស់ស្រ្តីគ្រប់រូប តែក្នុងនោះជំងឺរលាកដៃស្បូនត្រូវបានស្គាល់ថាជាជំងឺដែលកើតមានជាញឹកញាប់ និងផ្តល់ផលអវិជ្ជមានជាខ្លាំងចំពោះស្ត្រីយើង។ បើយោងទៅតាមការបង្ហាញរបស់លោកស្រីសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯក ម៉េងលី ឯកទេសផ្នែកសម្ភព និងរោគស្រ្តី ព្រមទាំងមានជំនាញផ្នែកថតឆ្លុះ និងជំងឺមាត់ស្បូន ផ្នែកគភ៌មានវិបត្តិ និងអេកូសាស្ត្រ និងបច្ចុប្បន្នជាប្រធានផ្នែកសម្ភពនៅគ្លីនិក លុច្ស ផង នោះបានឲ្យដឹងថា «ជំងឺរលាកដៃស្បូននេះ ជាប្រភេទមួយនៃជំងឺកាមរោគដែលកើតមានលើស្ត្រី ១៥ ០០០ នាក់ក្នុងរយៈពេលមួយឆ្នាំ (ស្ថិតិប្រទេសបារាំង)ដែលក្នុងនោះ៥៥%នៃអ្នកជំងឺមានអាយុតិចជាង២៥ ឆ្នាំ។ កាន់តែធ្ងន់ធ្ងរនោះគឺ ២០ ទៅ ៤០% នៃបញ្ហាគ្មានកូនគឺមានការទាក់ទងនឹងផលវិបាកក្រោយពីកើតជំងឺរលាកដៃស្បូននេះតែម្តង»។
អ្វីជាជំងឺរលាកដៃស្បូន?
ជំងឺរលាកដៃស្បូន គឺជាការរលាកដៃស្បូនតែម្ខាង ឬ ទាំងសងខាង (លើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងលើ)។
មូលហេតុបង្កជំងឺ
មូលហេតុដែលបណ្តាលឲ្យមានជំងឺនេះគឺ ជាទូទៅអាស្រ័យនឹងរូបភាពនៃការចម្លងរោគ។ ក្នុងនោះ ៨៥% នៃករណី ឆ្លងតាមការរួមភេទ ដោយមានវត្តមាន Chlamydiae Trachomatis ៦០% និង Gonocoque ២០% ហើយក៏មានពពួកAnaérobie, Mycoplasme, និង៣០%ទៀតជាពពួក Ecoli ។
ចំពោះការឆ្លងពីមូលហេតុវេជ្ជសាស្រ្ត មាន១៥% នៃករណី គឺកើតឡើងនៅអំឡុងពេលថតឆ្លុះក្នុងស្បូន (Hystéroscopie) ,HSG ( hysterosalpingographie ), ការសម្អាតក្នុងស្បូន និងការយកកូនចេញ (curettage) ឬវិធីពន្យារកំណើតដោយដាក់កងក្នុងស្បូន (stérilet)ជាដើម។
ចំណែកការចម្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសរីរាង្គជិតខាង ជាករណីកម្រដែលមានដូចជា ការឆ្លងពីការរលាកពោះវៀនធំ ឬការរលាកខ្នែងពោះវៀន។ គួរបញ្ជាក់ថា កត្តាដែលអាចប្រឈមមុខនឹងជំងឺរួមមាន ស្ត្រីដែលមានអាយុតិចជាង២៥ឆ្នាំ ស្ត្រីដែលមានការរួមភេទលើកដំបូងឆាប់ពេក ស្រ្តីមានប្រវត្តិជំងឺកាមរោគ ស្ត្រីមានកម្រិតជីវភាពរស់នៅទាប ស្រ្តីដែលប្រើប្រាស់វិធីពន្យារ
កំណើតដោយប្រើកងដាក់ក្នុងស្បូន និងស្ត្រីមានដៃគូរួមភេទច្រើន។
ការធ្វើរោគវិនិច្ឆ័យ
ងាកមកមើលទម្រង់គ្លីនិកនៃជំងឺរលាកដៃស្បូនវិញ គឺត្រូវបានចែកជា២ទម្រង់ គឺទម្រង់ច្បាស់លាស់ដែលរួមមាន ក្តៅខ្លួន ឈឺពោះ ធ្លាក់ស និងទម្រង់មិនច្បាស់លាស់ ដែលមាន៥០%នៃករណី ហើយក្នុងនោះរួមមាន ស្ត្រីមានរោគសញ្ញាបន្តិចបន្តួច ឬគ្មាន និងមានការធ្លាក់ឈាមប្រហែល ៣០ ទៅ ៤០% នៃករណីនេះ។
ដើម្បីឲ្យកាន់តែច្បាស់ពាក់ព័ន្ធនឹងទម្រង់គ្លីនិកនីមួយៗ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា ចំពោះទម្រង់គ្លីនិកស្រួចស្រាវ ក្រៅពីការក្តៅខ្លួន នៅមានការធ្លាក់សមានក្លិន និងការឈឺពោះ ពោលគឺនៅត្រង់តំបន់លើថ្ងាសទាំងសងខាង។ ចំពោះទម្រង់គ្លីនិកមិនសូវ
ស្រួចស្រាវ ដែលជាទម្រង់កើតញឹកញាប់ជាងគេនោះ គឺសម្តែងដោយអាការៈដូចជា ការឈឺនៅតំបន់លើថ្ងាសតិចតួច កម្តៅតិចជាង ៣៨°C មានធ្លាក់សបន្តិចបន្តួច ឬពេលខ្លះ គ្មានរោគសញ្ញាអ្វីទាំងអស់។
ដោយឡែកការធ្វើរោគវិនិច្ឆ័យអមគ្លីនិក ដែលចូលរួមក្នុងការកំណត់ជំងឺរួមមាន ការវិភាគឈាម ការបណ្តុះមេរោគ ការពិនិត្យអេកូតាមទ្វារមាស ព្រមទាំងការវិភាគដោយការឆ្លុះក្នុងពោះក្នុងករណីចាំបាច់ខ្លះ ( coelioscopie )។
ការព្យាបាល
ទាក់ទិននឹងការព្យាបាលជំងឺរលាកដៃស្បូនស្រួចស្រាវ ត្រូវធ្វើឡើងក្នុងលក្ខណៈបន្ទាន់ ដោយត្រូវសម្រាកពេទ្យនៅផ្នែករោគស្ត្រី និងការព្យាបាលដោយប្រើថ្នាំផ្សះ។ មធ្យោបាយព្យាបាលបន្ទាប់បន្សំរួមមាន ការសម្រាកនៅផ្ទះ ការដកកងក្នុងស្បូនចេញ ការស្អំទឹកកក ការរួមភេទដោយប្រើស្រោមអនាម័យ ការស្រាវជ្រាវ និងព្យាបាលដៃគូរួមភេទ ព្រមទាំងការប្រើប្រាស់ឱសថមួយចំនួនដូចជា ថ្នាំបំបាត់ការឈឺចាប់ (anti-spasmodique) និងថ្នាំពន្យារកំណើតគ្រាប់ ដើម្បីឲ្យក្រពេញដៃស្បូនស្រ្តី (ovaire) បានសម្រាក ទាំងនេះជាការរៀបរាប់របស់លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី។
ការវិវឌ្ឍទៅមុខនៃជំងឺ
ក្នុងករណីដែលទទួលការព្យាបាលបានត្រឹមត្រូវ ៨០%នៃជំងឺ មានការជាសះស្បើយល្អ ប៉ុន្តែ ២០% នឹងមានសំណល់នៃវិបត្តិក្រោយពេលព្យាបាល ។
ផលវិបាក
ផលវិបាកសំដៅដល់ឥទ្ធិពលមិនល្អដែលបន្សល់ពីជំងឺរលាកដៃស្បូន។ ក្នុងនោះត្រូវបានចែកចេញជាពីរ គឺផលវិបាករយៈពេលខ្លី និងរយៈពេលវែង។
• ផលវិបាករយៈពេលខ្លី អាចមានជា ការរលាកស្រោមអាងត្រគាក (pelvi-péritonite) ការកកើតខ្ទុះក្នុងដៃស្បូន (pyosalpinx) និងមេរោគក្នុងឈាម (septicémie)។
• ផលលំបាករយៈពេលវែងវិញ មានទឹកដក់ក្នុងដៃស្បូន (hydrosalpinx) ការស្អិតក្នុងអាងត្រគាកដែលជាមូលហេតុបណ្តាលឲ្យឈឺអាងត្រគាករ៉ាំរ៉ៃ ២០% (adherence pelvienne) មានកូនក្រៅស្បូន (ប្រឈម ១០ ដង) ការខូចខាតក្រពេញដៃស្បូន (dystrophie ovarienne) វិបត្តិនៃការមិនមានកូន ៧០% (stérilité) ការកកើតឡើងវិញនៃជំងឺ (récidive)ជាដើម។
ការបង្ការជំងឺរលាកដៃស្បូនស្រួចស្រាវ
ការធ្វើរោគវិនិច្ឆ័យ និង ការព្យាបាលជំងឺកាមរោគឲ្យទាន់ពេល និងការព្យាបាលនូវរាល់ជំងឺផ្សេងៗនៅលើប្រដាប់បន្តពូជរបស់ស្រ្តីផ្នែកខាងក្រោម (ដៃគូទាំងពីរនាក់) តាមរយៈការតាមដានឲ្យបានលឿនទាក់ទងនឹងជំងឺកាមរោគ ផ្តល់ពត៌មាន និងអប់រំយុវជន និងយុវនារីឲ្យយល់ដឹងពីជំងឺកាមរោគ មានភាពប្រុងប្រយត្ន័ខ្ពស់ចំពោះទម្រង់ដែលមិនសូវមានរោគសញ្ញា (forme paucisymptomatique) ព្រមទាំងការគោរពតាមស្តង់ដារអនាម័យឲ្យបានល្អ នៅពេលដែលធ្វើសកម្មភាពព្យាបាលផ្សេងៗក្នុងស្បូន។ ជាពិសេស ដើម្បីការពារការកកើតឡើងវិញ ត្រូវប្រាកដថាបានធ្វើការព្យាបាលដៃគូរួមភេទរបស់អ្នកជំងឺផងដែរ។
©2017រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ