ឧស្សាហ៍ឈឺច្រមុះ ឈឺត្រចៀក ហឹងត្រចៀក ឈឺក្បាល អស់កម្លាំង និងវិលមុខ?
សំណួរ ៖ ម្តាយខ្ញុំមានអាយុ ៤១ឆ្នាំ កម្ពស់១ម៉ែត្រ៦០ ទម្ងន់ ៥៥គីឡូក្រាម មានមុខរបរជាមេផ្ទះ។ រយៈពេលជាង ១ឆ្នាំកន្លងមក គាត់តែងមានបញ្ហាឈឺច្រមុះ ឈឺត្រចៀក ហឹងត្រចៀក ឈឺក្បាល អស់កម្លាំង និងវិលមុខ។ ចំពោះអាការៈខាងលើនេះ គាត់ព្យាបាលដោយប្រើថ្នាំ Amoxazine និងAnamizol ដោយឡែក គាត់មិនមានប្រើថ្នាំប្រចាំកាយអ្វីទេ។ តើបញ្ហាខាងលើអាចសន្និដ្ឋានពីមូលហេតុបានទេ? គួរព្យាបាលដោយវិធីណា?
ចម្លើយ ៖ យោងតាមអ្វីដែលប្អូនបានរៀបរាប់ គឺសម្មតិកម្មមិនគ្រប់គ្រាន់នោះទេ ហេតុដូចនេះហាក់ដូចជាពិបាកក្នុងការធ្វើរោគវិនិច្ឆ័យពិតប្រាកដណាស់ ដូច្នេះ ត្រូវតែមកពិនិត្យមើលជាមួយវេជ្ជបណ្ឌិតជំនាញ ព្រោះបើតាមការ សន្និដ្ឋានម្តាយប្អូនអាចមានដុំណាមួយនៅខាងក្រោយច្រមុះ បង្កឲ្យប៉ះពាល់រន្ធមួយឆ្លងពីច្រមុះមកត្រចៀកដែលបណ្តាលឲ្យឈឺច្រមុះ ត្រចៀក ក្បាល ព្រមទាំងអស់កម្លាំង តែនេះគ្រាន់តែជាការប៉ាន់ស្មានតែប៉ុណ្ណោះ ដូច្នេះតម្រូវឲ្យប្អូនឆ្លុះមើល (Endoscopy) ទើបដឹងច្បាស់។
ផ្អែកលើឱសថដែលម្តាយប្អូនកំពុងប្រើប្រាស់នេះ Amoxazine ជាថ្នាំសម្រួលអារម្មណ៍ ឯ Anamizol ជាថ្នាំងងុយគេង ដូច្នេះអ្វីដែលប្អូនគួរតែធ្វើនោះ គប្បីជូនម្តាយប្អូនទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញដើម្បីទទួលបានព័ត៌មាន និងពិនិត្យឲ្យបានត្រឹមត្រូវ។
បកស្រាយដោយ ៖ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ប៉ូ រដ្ឋា ប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ