សុវត្ថិភាពពីការងូតទឹកឲ្យក្មេងតូច
ការងូតទឹកឲ្យទារកគឺជាសកម្មភាពដ៏សំខាន់ និងជាកាយវិការមួយធ្វើឲ្យឳពុកម្តាយព្រមទាំងកូនមានពេលវេលានៅជាមួយគ្នា និងរឹតបន្តឹងចំណងនៃក្តីស្រឡាញ់។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ការងូតទឹកឲ្យកូនតូច តម្រូវឲ្យមានការប្រុងប្រយ័ត្នជាមុនឲ្យបានច្រើនដែរ។ ខាងក្រោមនេះជាការប្រុងប្រយ័ត្នមួយចំនួនដែលអ្នកគួរអនុវត្តនៅពេលងូតទឹកឲ្យកូនតូចជាទីស្រឡាញ់របស់អ្នក៖
• កំណត់បរិមាណទឹកឲ្យបានត្រឹមត្រូវ កុំឲ្យច្រើនពេក ឬមិនត្រូវលើសពី២ឬ៣អ៊ីញ នៅក្នុងអាងងូតទឹកសម្រាប់ទារករបស់អ្នកទេ។
• មិនត្រូវទុកកូនតូចរបស់អ្នកឲ្យនៅម្នាក់ឯងក្នុងទឹកឡើយ សូម្បីតែរយៈពេលខ្លី ទោះជាពេលអ្នកលើកទូរស័ព្ទ ឬទៅបិតចង្ក្រានក៏ដោយ។ ប្រសិនបើអ្នកត្រូវចាកចេញពីបន្ទប់ទឹកដើម្បីទៅរក្សាអ្វីដែលសំខាន់ ត្រូវលើកកូនតូចរបស់អ្នកចេញពីទឹករុំនឹងកន្សែងពោះគោ និងនាំគាត់ទៅជាមួយអ្នក។ ហើយនៅពេលដែលអ្នកនាំគាត់ទៅងូតទឹកវិញ សូមយកកន្សែងពោះគោស្ងួតទៅជាមួយ ដើម្បីទុកជូតខ្លួនឲ្យគាត់នៅពេលងូតទឹករួច។
• អ្នកត្រូវប្រាកដថាទឹកមានសភាពក្តៅឧណ្ហៗល្មម ក្នុងកម្រិត៣៧ ទៅ៣៨អង្សា មិនក្តៅខ្លាំងពេក ព្រោះស្បែកទារកមានសភាពស្តើងជាងស្បែកយើងធម្មតា ហើយវាងាយនឹងមានប្រតិកម្មទៅនឹងកម្តៅខ្លាំង អាចរលាក និងក្រហម។ ប្រសិនបើអ្នកមិនប្រាកដអំពីសីតុណ្ហភាពដែលមានសុវត្ថិភាពអ្នកអាចប្រើឧណ្ហមាត្រ (ប្រដាប់ស្ទង់កម្តៅ) ដែលលោកអ្នកអាចរកទិញបាននៅតាមហាងលក់ផលិតផលថែទាំទារក ឬនៅឱសថស្ថាននៅជិតផ្ទះអ្នក។ ឧបករណ៍ដ៏សាមញនេះ គឺធ្វើការផ្លាស់
ប្តូរពណ៌ ដើម្បីបញ្ជាក់ពីកម្រិតកម្តៅថាមានសុវត្ថិភាពឬអត់។
• សូមប្រើអាងងូតទឹកប្រភេទជ័រ ដែលមានទំហំសមស្របសម្រាប់ទារករបស់អ្នក ដែលអាចសម្គាល់បានដោយ មានច្រកតូចល្មមទំហំចាប់ពី ៦.៥អ៊ីងឡើងទៅ។ ទំហំច្រកនេះបង្កភាពងាយស្រួលសម្រាប់អ្នកក្នុងការដាក់ក្បាលកូនតូចរបស់អ្នក រក្សាឲ្យផុតពីទឹកពេលកំពុងងូត។
• ប្រើសាប៊ូដែលមានកម្រិតស្រាល ព្រោះវាផ្តល់នូវលក្ខណៈល្អប្រសើរសម្រាប់ស្បែកទារកក្នុងអំឡុងពេលមួយឆ្នាំដំបូងឬច្រើនជាងនេះ (ចាំថាដុំសាប៊ូពណ៌សមិនមែនជាប្រភេទសាប៊ូដុសខ្លួនទារកដែលស្រាលនោះទេ)។ សូមសាកល្បងប្រើសាប៊ូសម្រាប់ទារក ដែលមិនមានបន្ថែមក្លិនក្រអូប ឬប្រភេទសាប៊ូ Dove, Basis, ឬសាប៊ូNeutrogena។ ប្រើសាប៊ូក្នុងបរិមាណតិចរួមជាមួយនឹងការត្រដុសថ្នមៗ។
• គប្បីជ្រើសរើសសាប៊ូកក់សក់សម្រាប់ទារក ចៀសដាច់ខាតប្រើរួមជាមួយមនុស្សធំ ព្រោះផលិតផលសម្រាប់មនុស្សធំមានសារធាតុកាត់ខ្លាំង ថែមទាំងអាចធ្វើឲ្យក្រហាយភ្នែកទារកទៀតផង។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ