បាត់បង់ដៃស្តាំមួយនោះ…តែមិនបោះបង់ក្តីសង្ឃឹមក្នុងជីវិត
នេះជារឿងពិតមួយ ដែលពិតជាមិនអាចបំភ្លេចបានឡើយនៅក្នុងមួយឆាកជីវិតរបស់ខ្ញុំ…ហើយក៏ជឿជាក់ថា មនុស្សដែលស្រលាញ់ និងយកចិត្តទុកដាក់នឹងខ្ញុំ ក៏រឹតតែមិនអាចបំភ្លេចបានទៅទៀត…ពិតជាអរគុណខ្លាំងណាស់ អរគុណដល់គ្រប់គ្នាដែលមិនបោះបង់ខ្ញុំចោល មិនទុកខ្ញុំឲ្យនៅតែម្នាក់ឯង នៅគ្រាមួយនោះ…គ្រាដែលខ្ញុំមិនធ្លាប់សូម្បីតែនឹកគិតថានឹងជួប…
ធ្លាប់តែជាមនុស្សម្នាក់ដែលចូលចិត្តគូររូប ឆ្លាក់អក្សរ និងប្រើភាពច្នៃប្រឌិតរបស់ខ្លួនទៅបង្ហាញជារូបភាពផ្សេងៗ មកជាមនុស្សម្នាក់ដែលមិនអាចសូម្បីតែមានឱកាសកាន់ប៊ិច ជក់ ខ្មៅដៃនៅក្នុងដៃដែលធ្លាប់តែប្រើប្រាស់បានគ្រប់ពេលវេលា…អារម្មណ៍មួយនោះ…អ្នកប្រហែលជាគ្មានថ្ងៃយល់ឡើយ ហើយខ្ញុំក៏មិនចង់ឲ្យអ្នកយល់ដែរ…
ខ្ញុំជាអតីតនិស្សិតផ្នែកស្ថាបត្យកម្មមួយរូបនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយខ្ញុំក៏ពេញចិត្តនឹងមុខជំនាញមួយនេះខ្លាំងដែរ… ក្រោយពីចប់បាក់ឌុប ក៏បានសម្រេចបំណងបន្តសិក្សានូវមុខជំនាញដែលប្រាថ្នានៅទីក្រុងភ្នំពេញជាមួយនឹងពួកម៉ាកវិទ្យាល័យផងដែរ…រៀនផង អនុវត្តបណ្តើរៗផង ពិតជាពេញចិត្តនឹងអ្វីដែលខ្លូនកំពុងធ្វើណាស់…គ្រប់យ៉ាងដំណើរការយ៉ាងរលូន…រហូតដល់ពេលនោះឯង!!! ជាពេលដែលអ្វីៗក៏ចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ រហូតដល់ក្រឡាប់360ដឺក្រតែម្តង…
ចេះតែមានអារម្មណ៍ថា«ឈឺ និងហើមត្រង់កដៃខាងស្តាំ» ឈឺជាប់តែម្តង…ដំបូង គិតថាមកពីហាត់ប្រាណ(លើកដុំដែក)ច្រើនពេកមួយរយៈថ្មីនេះ ទើបមិនបានចាប់អារម្មណ៍…ប៉ុន្តែ!!! ចេះតែឈឺមិនបាច់ ទោះបីលេបថ្នាំ និងប្រើថ្នាំរឹតផងអីផង…ទ្រាំមិនបាន ក៏ទៅជួបពេទ្យ…ពេទ្យចេះតែថាមិនអី តែអាការៈនៅតែមិនធូរស្បើយសោះ…អ្នកផ្ទះក៏នាំទៅរកគ្រូខ្មែរផង នាំទៅពិនិត្យព្យាបាលនៅថៃផង…តែមិនបានធូរស្រាលសោះ ដោយចំណាយពេលអស់ជាង១ឆ្នាំ…ឡើងចុះទៅមក ខាតពេលរៀន ខាតពេលធ្វើអ្វីៗទាំងអស់…
ថ្ងៃមួយ…
ជាថ្ងៃដែលខ្ញុំភ័យខ្លាំងបំផុត…កន្លែងដែលហើមនោះ ក៏ឡើងហើមកាន់តែខ្លាំង ហើយក៏ធ្លាយឈាមហូរចេញមកមិនឈប់ គឺរហូតដល់សន្លប់…ក្រោយពីដឹងខ្លួនមកវិញ គឺដឹងត្រឹមថាលែងមានកម្លាំងក្នុងខ្លួន ហើយក្តៅខ្លួនជាប្រចាំ…រហូតដល់ថ្ងៃមួយទៀតនោះ…កម្តៅឡើងខ្លាំង រហូតខ្ញុំត្រូវបានបញ្ជូនទៅគ្លីនិកខេត្ត និងបន្តទៅមន្ទីរពេទ្យកាល់ម៉ែត។
ដឹងទេ???ពេទ្យនិយាយបែបណា??? ពាក្យពេចន៍ទាំងនោះ ខ្ញុំនៅចាំច្បាស់ណាស់…
ដោយសារតែជំងឺមហារីកឆ្អឹង Ewing Sacroma ដៃស្តាំដែលធ្លាប់តែសរសេរ គូររូបដែលខ្ញុំស្រមៃឃើញ និងធ្វើរឿងជាច្រើនទៀតមិនអាចទុកទៀតនោះទេ បើមិនអញ្ចឹងទេ ខ្ញុំអាចប្រឈមនឹងការបាត់បង់ជីវិត។ គ្រាន់តែលឺថា«មហារីក» ខ្ញុំក៏ចង់គាំងបាត់ទៅហើយ!!! ហើយរឹតតែពិបាកទទួលយក…គឺការពិតដែលត្រូវកាត់ដៃចោល ដើម្បីមានសង្ឃឹមរស់…
(ស្ងៀមស្ងាត់ តែច្របូកច្របល់) ខ្ញុំស្ងាត់មួយស្របក់ ទើបដាច់ចិត្តសួរពេទ្យវិញថា«តើអាចមានវិធីផ្សេងទៀតឬទេ?» ចម្លើយគឺ មិនមាននោះទេ…ហើយក៏មិនប្រាកដថា វិធីសាស្រ្តមួយនេះមានប្រសិទ្ធភាពឬអត់ដែរ តែវាជាជម្រើសតែមួយ និងចុងក្រោយ ដោយសារតែវារាងយឺតពេលទៅហើយ…ខ្ញុំនឹកគិតដល់ពាក្យថា«បើសិន…» តែក៏មិនអាចធ្វើអ្វីបាន…ក្រៅពីយល់ព្រម…
ព្រោះតែជំងឺមួយនេះ…មានរបស់ជាច្រើន ដែលត្រូវបានបាត់បង់ពីក្នុងជីវិតរបស់ខ្ញុំ…ជាពិសេស គឺ ដៃស្តាំ…ដែលគ្រប់គ្នាប្រហែលជាពិបាកនឹងស្រមៃដល់ណាស់ ថាតើនឹងត្រូវប្រឈមបែបណា នៅពេលដែលលែងមានវា...ការសិក្សាមុខជំនាញដែលខ្លួនស្រលាញ់ក៏មិនអាចបន្តបាន…ចំណែកឯគោលដៅជីវិតមួយផ្នែក៏ត្រូវរលាយសាបសូន្យ…បន្ថែមមកវិញ នូវការរស់នៅជាមួយពិការភាព…
ប៉ុន្តែ…បើគិតក្នុងផ្លូវវិជ្ជមានវិញ…ស្របពេលជាមួយគ្នាហ្នឹង ក៏មានរបស់ខ្លះដែលខ្ញុំទទួលបានផងដែរ…ជាពិសេសគឺក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពីលោកអ្នកមានគុណ គ្រួសារ មិត្តភក្តិ និងមនុស្សជាច្រើននៅជុំវិញខ្លួន…
ចាំបានថា ពេលនោះ ខ្ញុំពិតជាចង់លាក់បាំងនូវរូបរាងរបស់ខ្ញុំណាស់…មិនចង់ឲ្យនរណាម្នាក់ឃើញវាឡើយ…ខ្ញុំបានផ្តាច់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងមនុស្សស្គាល់គ្នាមួយរយៈធំ ដោយប្តូរលេខទូរស័ព្ទ មិនឆ្លើយតបរាល់សំណួរ និងការសាកសួរសុខទុក្ខផ្សេងៗ…ពិតជាមិនចង់ឲ្យគេដឹងលឺពីខ្ញុំ មិនចង់ឲ្យគេខ្ញុំឃើញបែបនេះនោះទេ…តែពេលនេះ ក៏អាចធ្វើចិត្តបាន!!! ក៏អរគុណខ្លួនឯងមែនទែន…ដែលអាចរឹងមាំដល់ថ្ងៃនេះ…
រឹងមាំដោយរបៀបណា? (ប្រហែលជាមានអ្នកឆ្ងល់ច្រើន ព្រោះរាល់ពេលដែលគេឃើញខ្ញុំក្នុងសភាពបែបនេះ ម្នាក់ៗក៏ខ្លោចចិត្តរួចទៅហើយ ចុះទម្រាំខ្ញុំផ្ទាល់នោះ?)
គ្រាន់តែគិតថា«ជីវិត»ជាទ្រព្យសម្បត្តិដែលមានតម្លៃជាងអ្វីៗទាំងអស់នៅលើលោកនេះ…ហើយខ្សឹបប្រាប់ខ្លួនឯង«ត្រូវតែបន្តមានក្តីសង្ឃឹមក្នុងការរស់នៅជានិច្ច មិនថាក្រោយពេលបាត់បង់របស់ដែលមានតម្លៃយ៉ាងណាក៏ដោយ» (Live your life even if you losing something precious to you.)
ហើយ…បើសួរខ្ញុំថា…ស្តាយក្រោយអត់? ចម្លើយគឺថា…ខ្ញុំមិនសោកស្តាយទេ…សំខាន់ គឺឲ្យតែខ្ញុំបានរស់នៅបន្តទៀតជាមួយមនុស្សដែលខ្ញុំស្រឡាញ់!!!
-----------------------------------
ទាំងនេះជាអ្វីដែលមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំម្នាក់បានឆ្លងកាត់…មិនមានពាក្យអ្វីច្រើននោះទេ…គឺគ្រាន់តែចង់ឲ្យអ្នកគ្រប់គ្នា ជាពិសេសអ្នកដែលត្រូវប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយនៅក្នុងជីវិត ដែលចៀសមិនបាន គឺប្រាកដជាប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់អ្នកផងនោះ…សូមរឹងមាំឡើង!!! យ៉ាងណា…ក៏វាបានកើតឡើងរួចទៅហើយ…អ្វីដែលសំខាន់ គឺត្រូវផ្តល់កម្លាំងចិត្តដល់ផ្លូវកាយរបស់ខ្លួនឯង!!! ស្រលាញ់ខ្លួនឯងឲ្យបានច្រើនតាមដែលអាចធ្វើបាន…
ស៊ូស៊ូឡើងណា៎!!!