ស្ត្រីមានផ្ទៃពោះគួរហាត់យោគៈឬអត់?
យោគៈកំពុងក្លាយជាសកម្មភាពដ៏ពេញនិយមមួយនៅក្នុងចំណោមស្ត្រីមានផ្ទៃពោះភាគច្រើន។ លំហាត់ប្រាណថ្នមៗ និងលំហាត់នៃការដកដង្ហើមជួយបង្កើតវិធីសាស្ត្រ និងដោះស្រាយកាត់បន្ថយភាពតានតឹងមុនពេលសម្រាលកូន។ យោគៈជួយលើកទឹកចិត្តម្តាយក្នុងការភ្ជាប់អារម្មណ៍ ឬទំនាក់ទំនងជាមួយកូនដែលមិនទាន់កើតបាន។ ទាំងនេះនាំឲ្យសុខភាពផ្លូវចិត្តម្តាយមានភាពស្ងប់សុខ ឬនឹងនរមួយរយៈពេលមានផ្ទៃពោះ និងពេលសម្រាលកូន។
រយៈពេលចាប់តាំងពីមានផ្ទៃពោះរហូតដល់ការសម្រាល គឺមានការផ្លាស់ប្តូរជាច្រើននៃរាងកាយ អ័រម៉ូន ការព្រួយបារម្ភទាក់ទងការមានកូន ក៏ដូចជាការឈឺចាប់ពេលសម្រាលជាដើម។ ទាំងអស់នេះ ជាពេលវេលានៃភាពតានតឹងខ្លាំងសម្រាប់សុខភាពរាងកាយ និងផ្លូវចិត្តរបស់ស្រ្តី។ ជាក់ស្តែង ស្ត្រីដែលជាប់ទាក់ទងទៅនឹងភាពតានតឹងកម្រិតខ្ពស់ អាចផលវិបាកដល់ទារកក្នុងផ្ទៃ និងខ្លួនឯងផងដែរ ដែលរួមមានដូចជា៖
•ការរលូតកូន
•ការសម្រាលកូនមិនគ្រប់ខែ
•ការថយចុះការលូតលាស់នៃខួរក្បាលទារក
•ទម្ងន់ទារកខុសពីធម្មតា
•ការលើសសម្ពាធឈាម ។ល។
ហេតុអ្វីគួរហាត់យោគៈ អំឡុងពេលមានផ្ទៃពោះ?
យោគៈ គឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការកាត់បន្ថយភាពតានតឹងអំឡុងពេលមានផ្ទៃពោះ តាមរយៈតិចនិកលំហាត់ដកដង្ហើមផ្សេងៗ ការធ្វើសមាធិជាដើម។ តិចនិកនៃការធ្វើយោគៈមិនត្រឹមតែជួយឲ្យមានភាពស្ងប់សុខនៅដំណាក់កាលមុនសម្រាល និងពេលសម្រាលនោះទេ វាក៏ជួយក្នុងការទប់ស្កាត់ភាពតានតឹង បន្ទាប់ពីការសម្រាលកូនរួចផងដែរ។ បន្ថែមពីនេះ ភាពស្ងប់ស្ងាត់ដែលមានការផ្សាភ្ជាប់ជាមួយទារកទើបកើត បានជួយការពារស្ថានភាពស្ត្រេសនានាដែលអាចកើតមានឡើងលើទារក និងជួយឲ្យទារកគេងបានគ្រប់គ្រាន់ជាងទារកដទៃទៀតដែរ។
មិនមែនគ្រប់ស្ថានភាព ឬចលនានៃការហាត់យោគៈទាំងអស់អាចមានសុវត្ថិភាពសម្រាប់សុខភាពស្រ្តី និងទារកនោះទេ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរយៈពេល១២សប្តាហ៍ដំបូង។ អ្នកគួរពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញថែទាំសុខភាព មុនទទួលយកការហាត់យោគៈអំឡុងពេលមានផ្ទៃពោះ។ នេះដើម្បីប្រាកដថា អ្នកគ្មានលក្ខខណ្ឌសុខភាពណាមួយដែលធ្វើឲ្យមានរាំងស្ទះដល់ការហាត់យោគៈនេះ។ គ្រប់ការមានផ្ទៃពោះសុទ្ធតែមានភាពខុសៗគ្នា ហើយវាក៏មិនមែនជាបញ្ហាថា គួរធ្វើលំហាត់យោគៈរយៈពេលប៉ុណ្ណាដែរ។ ដូច្នេះ ស្ត្រីមានផ្ទៃពោះចាំបាច់គួរទទួលយកការបញ្ជាក់ពីវេជ្ជបណ្ឌិតនៃការហាត់យោគៈ និងអ្វីដែលគួរអនុវត្តប្រកបដោយសុវត្ថិភាពបានពេញមួយរយៈមុនពេសម្រាលកូន។
គន្លឹះនានាអំឡុងពេលហាត់យោគៈ ៖
•ចៀសវាងការទប់ដង្ហើមយូរ ពីព្រោះវានាំឲ្យមានការប្រែប្រួលសម្ពាធឈាម និងកម្រិតអុកស៊ីសែនក្នុងសរសៃឈាម។
•អំឡុងពេលមានផ្ទៃពោះ រាងកាយបានបញ្ចេញអ័រម៉ូនម៉្យាងឈ្មោះ “Relaxin Hormone” ។ “Relaxin Hormone” ធ្វើឲ្យសន្លាក់ និងឆ្អឹងមានភាពបត់បែន ឬរលុងជាមុន ហើយវាជាមូលហេតុងាយនឹងប៉ះទង្គិច និងខូចខាតពេលធ្វើលំហាត់យោគៈ។ ដូច្នេះ អ្នកគួរអនុវត្តត្រឹមដែនកំណត់ដែលរាងកាយអ្នកទទួលយកបាន។
•ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់ ឬវិលមុខខុសពីធម្មតា អ្នកត្រូវបញ្ឈប់សកម្មភាពភ្លាមៗ
•កាត់បន្ថយចលនា និងកម្រិតនៃការហាត់ប្រាណ ប្រសិនបើវាធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនពិបាកដកដង្ហើម ឬអស់កម្លាំង។
•ត្រូវប្រាកដថាស្ថានភាព ឬចលនាដែលអ្នកធ្វើ មានសុវត្ថិភាពសម្រាប់រាងកាយអ្នក ព្រោះថាសូម្បីតែការប៉ះទង្គិចបន្តិចបន្តួចក៏អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃដែរ។
•មិនគួរក្រោកឈរលឿនពេកនោះឡើយ (ក្រោកពីការដេក និងអង្គុយ) ដើម្បីចៀសវាងពីអាការៈងងឹតមុខដែលបណ្តាលមកពីការថយចុះលំហូរឈាមទៅកាន់ប្រព័ន្ធប្រសាទ។
•គួរផ្លាស់ប្តូរចលនាឲ្យបានជាប្រចាំ ព្រោះការឈរក្នុងរយៈពេលយូរ ដោយមិនផ្លាស់ប្តូរចលនាអ្វី អាចបណ្តាលប៉ះពាល់ដល់ចរន្តសរសៃឈាម។
•ត្រូវស្លៀកសំលៀកបំពាក់រលុងៗ ដើម្បីបង្ការហប់ដោយការឡើងកម្តៅខ្លាំង និងមានភាពងាយស្រួល ពេលធ្វើលំហាត់ប្រាណ។
•ការហាត់គួរធ្វើនៅមជ្ឈដ្ឋានដែលមានសីតុណ្ហភាពសមល្មម មិនក្តៅពេក មិនត្រជាក់ពេក ព្រោះថាសីតុណ្ហភាពក្តៅអាចជះផលអវិជ្ជមានដល់ទារកមិនទាន់កើត។
•ទទួលទានទឹកឲ្យបានច្រើន ដើម្បីការពារការខ្វះជាតិទឹក ក៏ដូចជាការពារការកើនកម្តៅរាងកាយ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ