ទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដែលអ្នកគួរដឹង
«ជំងឺមហារីកសុដន់ គឺជាបញ្ហាសកលមួយដែលស្ថិតនៅក្នុងលំដាប់ទីមួយក្នុងចំណោមជំងឺដែលកើតមានលើស្រ្តីនៅទូទាំងពិភពលោក(២៥%) និងស្ថិតនៅលំដាប់ទីពីរក្នុងចំណោមជំងឺ ដែលកើតមានលើស្រ្តីកម្ពុជា(១៥%) បើយោងទៅតាមស្ថិតិរបស់ GLOBOCAN នៅឆ្នាំ២០១២។ ជាក់ស្តែង នៅមន្ទីរពេទ្យអន្តរជាតិសែនសុខ ជំងឺមហារីកសុដន់ឈរនៅលំដាប់ទីមួយ(១៤,៦%) ដែលកើតចំពោះអ្នកជំងឺមហារីកជាស្រ្តីភេទ។ គួរឲ្យដឹងផងដែរថា ជំងឺមហារីកសុដន់ គឺជាមូលហេតុចម្បងទីពីរដែលបណ្តាលឲ្យស្រ្តីទទួលមរណភាពនាពេលបច្ចុប្បន្ន» ទាំងនេះជាការលើកឡើងរបស់ លោកស្រីវេជ្ជបណ្ឌិត Turobova Tatiana វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកចំពោះកូនក្មេង និងមហារីកទូទៅមកពីប្រទេសរុស្សី និងជាសមាជិករបស់ American Society of Clinical Oncology, Russian Society of Pediatric Oncologists and Hematologists, European Society for Medical Oncology ហើយបច្ចុប្បន្នក៏ជាប្រធានផ្នែកជំងឺមហារីក និងជាអនុប្រធាននៅមន្ទីរពេទ្យអន្តរជាតិសែនសុខផងដែរ(តាំងពីឆ្នាំ២០១០)។
លោកស្រីវេជ្ជបណ្ឌិតក៏បានលើកឡើងបន្តផងដែរទាក់ទងនឹងទិដ្ឋភាពទូទៅនៃជំងឺមហារីកសុដន់ដូចបង្ហាញនៅខាងក្រោមនេះ...
តើជំងឺមហារីកសុដន់ចែកចេញជាប៉ុន្មានប្រភេទ និងប៉ុន្មានដំណាក់កាល?
ជំងឺមហារីកសុដន់វិវឌ្ឍចេញពីកោសិកា lobulesដែលជាកន្លែងផលិតទឹកដោះ និងកោសិកាបំពង់ដែលមាននាទីដឹកនាំទឹកដោះ។ ជំងឺមហារីកត្រូវបានចែកចេញជា ២ ប្រភេទគឺ ប្រភេទដែលកើតនៅនឹងកន្លែងហើយមិនរីករាលដាល(in-situ or non-invasive) ដែលជាដំណាក់កាលដំបូងរបស់ជំងឺមហារីកសុដន់(ចែកជា២ប្រភេទទៀត គឺកោសិកាមហារីកដែលកើតមាននៅក្នុង lobules និងកោសិកាបំពង់) និងប្រភេទរីករាលដាលទៅតំបន់ដទៃទៀត(Invasive)។
ចំពោះប្រភេទទីមួយអាចវិវឌ្ឍទៅជាប្រភេទទីពីរដែលរីករាលដាលទៅតំបន់ផ្សេងទៀត ប្រសិនបើធ្វើការព្យាបាលមិនទាន់ពេលវេលា។ វាក៏ត្រូវបានចាត់ចូលជាជំងឺមហារីកសុដន់ប្រភេទទីពីរដូចគ្នា នៅពេលដែលកោសិកាមហារីកធ្វើការផ្លាស់ទីតាម lobules និងបំពង់បង្ហូរទឹកដោះទៅកាន់ជាលិកាដទៃទៀតដែលនៅជុំវិញនោះ ។
តើកត្តាអ្វីខ្លះបណ្ដាលឲ្យមានជំងឺមហារីកសុដន់?
មានកត្តាចម្បងៗពីរដែលអាចបណ្ដាលឲ្យមានជំងឺមហារីកសុដន់៖
1.កត្តាដែលយើងមិនអាចគ្រប់គ្រងបាន
- ភេទ៖ ស្រ្តីមានឱកាសខ្ពស់ជាងបុរស១០០ដងក្នុងការប្រឈមទៅនឹងការកើតមានជំងឺមហារីកសុដន់
- អាយុ៖ ឱកាសក្នុងការកើតមានជំងឺមហារីកសុដន់កើនឡើងតាមអាយុ
- ប្រវត្តិគ្រួសារ៖ ប្រហែល ៥%ទៅ១០%នៃជំងឺមហារីកសុដន់កើតឡើងដោយសារតំណពូជ
- ពូជសាសន៍៖ ស្រ្តីជនជាតិស្បែក ស មានឱកាសប្រឈមទៅនឹងការកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្រ្តីជនជាតិអាហ្រ្វិច អាមេរិក អាស៊ាន Hispanic និងស្រ្តីជនជាតិដើមអាមេរិក
- ប្រវត្តិនៃការមករដូវរបស់ស្រ្តី៖ ស្រ្តីដែលមានរដូវមុនអាយុ១២ឆ្នាំ និង/ឬអស់រដូវនៅអាយុច្រើន ឬលើសពី៥៥ឆ្នាំអាចបង្កើនឱកាសក្នុងការកើតជំងឺមហារីកសុដន់
- ការព្យាបាលដោយកាំរស្មីនៅតំបន់ទ្រូង៖ ដើម្បីព្យាបាលជំងឺមហារីកផ្សេងទៀតដូចជាមហារីកកូនកណ្តុរ
- អ្នកដែលមានជាលិកាសុដន់ក្រាស់៖ ស្រ្តីដែលមានជាលិកាសុដន់ក្រាស់ អាចមើលឃើញនៅពេលធ្វើតេស្តmammogram។
2.កត្តាដែលយើងអាចគ្រប់គ្រងបានការលើសទម្ងន់
ការមិនមានកូន មិនធ្វើការបំបៅដោះ ការទទួលទានសារជាតិអាល់កុល(ឱកាសប្រឈមនេះកើនឡើងទៅតាមបរិមាណអាល់កុលដែលបានទទួលទាន) ការព្យាបាលដោយប្រើអ័រម៉ូនជំនួសក្រោយពេលអស់រដូវ ការប្រើប្រាស់ថ្នាំពន្យារកំណើត ការរំលូតកូន ការជក់បារី ការវះកាត់កែសុដន់ ការធ្វើការនៅពេលយប់ ការមិនបានធ្វើលំហាត់ប្រាណជាដើមសុទ្ធតែអាចបង្កើនការប្រឈមទៅនឹងមហារីកសុដន់។
តើពេលណាដែលអ្នកជំងឺគួរតែស្វែងរកការព្យាបាល?
ស្រ្តីគ្រប់គ្នាគួរតែស្វែងរកការព្យាបាលប្រសិនបើមានលេចចេញរោគសញ្ញាដូចជា មានដុំនៅក្នុងសុដន់មានការឈឺចុកចាប់នៅត្រង់សុដន់ មានបម្រែបម្រួលស្បែកនៅបរិវេណសុដន់ (ដូចជា ឡើងក្រហម ហើម ដំបៅ មានហូរទឹកចេញពីសុដន់ និងស្បែកដែលគ្របដណ្ដប់សុដន់ឡើងក្រាស់ដូចសំបកក្រូច) ឡើងកន្តួលរមាស់ជាប្រចាំនៅបរិវេណចុងសុដន់ មានបម្រែបម្រួលនៅចុងសុដន់ និង/ឬបម្រែបម្រួលរូបរាងរបស់សុដន់ មានការហូរទឹក ឬឈាមចេញពីចុងសុដន់ ហើម ឬមានដុំនៅក្រោមដៃជិតបរិវេណសុដន់។
ស្រ្តីភាគច្រើនដែលមានរោគសញ្ញាដូចខាងលើមិនសុទ្ធតែមានជំងឺមហារីកសុដន់ទេ វាអាចជាដុំសាច់ស្លូត ដំបៅផ្សេងៗ ឬជាជំងឺសួរពូជដែលក្រពេញបញ្ចេញក្រៅមានដំណើរការមិនល្អ (fibrocystic) ជាដើម ប៉ុន្តែមានតែគ្រូពេទ្យឯកទេសខាងជំងឺដែលទាក់ទងទៅនឹងសុដន់ប៉ុណ្ណោះដែលអាចវិនិច្ឆ័យពីរោគសញ្ញារបស់លោកអ្នកបាន។
ស្រ្តីទាំងអស់ក៏គួរចងចាំផងដែរថាជំងឺមហារីកសុដន់អាចធ្វើការព្យាបាលបានប្រសិទ្ធភាពខ្ពស់ ប្រសិនបើវាត្រូវបានរកឃើញទាន់ពេលវេលា។
សូមតាមដានការចែករំលែកបន្តអំពីជំងឺមហារីកសុដន់នៅអត្ថបទក្រោយទៀត...