ជីវិត២៤ម៉ោងដំបូងរបស់ទារកទើបកើតមានអ្វីគួរឲ្យកត់សម្គាល់ខ្លះ?
នាទីដំបូងនៃជីវិតរបស់ទារកទើបកើត អាចធ្វើឲ្យអ្នកម្តាយមានភាពអស់កម្លាំងខ្លាំងជាងគេ។ ស្របពេលជាមួយគ្នា វាក៏ជាពេលវេលាក៏រំភើបមួយសម្រាប់ក្រុមគ្រួសារដែរ។ ខាងក្រោមនេះ ជាព៍ត៌មានទូទៅរបស់ទារកទើបកើតសម្រាប់អ្នកម្តាយដែលមានសុខភាពល្អពេញលេញ (ពី២៧សប្តាហ៍ទៅ៤២សប្តាហ៍)។ បន្ថែមពីនេះ អ្នកម្តាយអាចដឹងពីរបៀបការគ្រប់គ្រងលើសុក និងទងសុកផងដែរ។
១. សភាពទូទៅរបស់ទារកទើបកើត
សភាពធម្មតារបស់ទារកទើបកើតភ្លាមៗ មានដូចជាសម្បុរស្បែកពណ៌ខៀវស្រាលៗ (ឬអាចមានពណ៌ចម្រុះ) ស្បែកទារកក៏មានប្រលាក់ដោយទឹកភ្លោះលាយឡំជាមួយឈាម និងមានសារធាតុខ្លាញ់ពណ៌សស្អិត (Vernix) តោងជាប់លើស្បែកទារកផងដែរ។ Vernix ជាសារធាតុម៉្យាងដែលជួយការពារស្បែកទារកពីការបង្ករោគក្រោយសម្រាលរូច។
នៅអំឡុងមួយនាទីដំបូងនៃជីវិត ទារកចាប់ផ្តើមដកដង្ហើមដោយខ្លួនឯងដែលធ្វើឲ្យស្បែកប្រែទៅជាផ្កាឈូក ជាការបង្ហាញថាទារកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ក្នុងការដកដង្ហើម ហើយសរីរាង្គផ្សេងទៀតមានដូចជាដៃ និងជើងមានចលនារស់រវើកជាមួយគ្នាផងដែរ។ ទាំងនេះ ជាសញ្ញាបញ្ជាក់ថា ទារកដែលទើបនឹងកើតនោះមានសុខភាពល្អប្រសើរ។
២. សភាពម្តាយក្រោយសម្រាលរួចភ្លាមៗ
រយៈពេល៥ ទៅ១៥នាទីក្រោយសម្រាលកូនរួច ស្បូនរបស់ស្ត្រីនឹងការមានកន្ត្រាក់ម្តងទៀត ដើម្បីរុញច្រានសុក និងស្រោមទឹកភ្លោះចេញពីស្រទាប់ក្នុងបង្អស់នៃស្បូន។ ការកាត់ទងសុក និងទម្លាក់សុក ត្រូវបានធ្វើឡើងដោយឆ្មបជំនាញ ឬវេជ្ជបណ្ឌិត។
៣. ស្បែកប៉ះស្បែក
សម្រាប់ការសម្រាលកូនដោយធម្មជាតិ (Vaginal Birth) ទារកទើបកើតត្រូវការមានទំនាក់ទំនងជាមួយម្តាយភ្លាមៗតាមរយៈស្បែកប៉ះស្បែកផ្ទាល់ (ការដាក់ទារកលើទ្រូងម្តាយ)។ ទារកនឹងទទួលបានភាពកក់ក្តៅ និងសុវត្ថិភាព បូករួមទាំងអាចបៅទឹកដោះដំបូងពីម្តាយរបស់គេផងដែរ។ សារប្រយោជន៍នៃស្បែកប៉ះស្បែកភ្លាមៗក្រោយសម្រាលរួមមមានដូចជា៖
•កាត់បន្ថយការយំរបស់ទារក ធ្វើឲ្យទារកមានភាពកក់ក្តៅ និងគេងបានគ្រប់គ្រាន់
•ជួយគាំទ្រក្នុងការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយ
•ជួយរក្សាសីតុណ្ហភាពក្នុងខ្លួនរបស់ទារកឲ្យមានស្ថិរភាព។
៤. ការថ្លឹង និងវាស់ប្រវែង
បន្ទាប់ពីការប៉ះពាល់ស្បែក នឹងស្បែក ព្រមទាំងការបំបៅដោះកូនលើកដំបូងរួច ឆ្មបជំនាញអាចយកទារកថ្លឹងទម្ងន់ វាស់ប្រវែងខ្លួន និងវាស់ប្រវែងរង្វង់ក្បាលរបស់គេ។ ការថ្លឹង និងវាស់ប្រវែងនេះ អាចបង្ហាញពីសភាពធម្មតា ឬមិនធម្មតាពីកំណើតរបស់ទារកបាន ។ យ៉ាងណាមិញ ទារកទើបកើតអាចងូតសម្អាតខ្លួនបានក្រោយសម្រាលហើយ២៤ ម៉ោង។
៥. ការចាក់ថ្នាំវីតាមីនកា (Vitamin K)
ស្របពេលការវាស់ និងថ្លឹងទម្ងន់ ទារកនឹងទទួលបានការចាក់វីតាមីនកា ព្រោះវីតាមីននេះ អាចជួយការពារទារកពីការហូរឈាមនៅក្នុងខួរក្បាល និងតាមទងសុកក្រោយសម្រាលរួច។
៦. ការស្តាប់ និងការមើល
ទារកអាចស្តាប់លឺសម្លេងរបស់ម្តាយតាំងពីពាក់កណ្តាលចុងក្រោយនៃការមានផ្ទៃពោះ ហើយនឹងទទួលដឺងសម្លេងទាំងនោះនៅពេលអ្នកឧស្សាហ៍និយាយទៅកាន់ពួកគេបន្ទាប់ពីកំណើត។ សម្រាប់សម្លេងអ្នកនៅជិតវិញ ក៏ប្រហែលជាទទួលបានផងដែរ ប្រសិនបើអ្នកទាំងនោះបាននិយាយ និងនៅជិតពួកគេជាប្រចាំ។ ទារកនឹងមានអារម្មណ៍សុវត្ថិភាពនៅពេលពួកគេលឺសម្លេងរបស់ម្តាយ ហើយអាចឆ្លើយតបដោយងាកទៅរកសម្លេងហៅ។
គំហើញរបស់ទារកមានសភាពព្រិលៗនៅពេលកើតរួចភ្លាមៗ ប៉ុន្តែពួកគេនឹងអាចផ្តោតលើផ្ទៃមុខរបស់អ្នកបានចម្ងាយប្រហែល 30 សង់ទីម៉ែត្រ។ វាគឺប្រហែលចម្ងាយពីសុដន់របស់អ្នកទៅមុខរបស់អ្នក។ ទារកនឹងបង្កើតទំនាក់ទំនងរវាងម្តាយនូវអ្វីដែលពួកគេបានឮ និងអ្វីដែលពួកគេបានឃើញ។
៧. ទឹកនោម និងអាចម៍ព្រៃ
ក្នុងរយៈពេល 24 ម៉ោងដំបូងទារកអាចបញ្ចេញទឹកនោម និងអាចម៍ព្រៃ (Meconium--- លាមកដែលទើបកើត) យ៉ាងហោចណាស់បានម្តង។ Meconium គឺមានសភាពខ្មៅនិងស្អិត ហើយនឹងផ្លាស់ប្តូរពណ៌ក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ៕
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ