សញ្ញាណអ្វីខ្លះបញ្ជាក់ថា កំពុងមានផ្ទៃពោះ?
សម្រាប់ស្ត្រីដែលមានវដ្តរដូវទៀងទាត់ សញ្ញាដំបូង និងគួរឲ្យទុកចិត្តបំផុតក្នុងការមានផ្ទៃពោះគឺការបាត់រដូវ។ សម្រាប់ស្ត្រីមានផ្ទៃពោះខ្លះទៀត ក៏អាចមានរដូវផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួចបំផុតនៃការធ្លាក់ឈាម។ ស្ត្រីគ្រប់រូបដែលជិតមានផ្ទៃពោះ តែងតែមានរោគសញ្ញាសម្គាល់ខុសៗពីគ្នា។ រោគសញ្ញាដែលបញ្ចាក់ថាមានផ្ទៃពោះរួមមាន៖
មានអារម្មណ៍ថាមិនស្រួលខ្លួន និងក្អួតចង្អោរ
ស្ត្រីអាចមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន និងមានអាការៈក្អួតចង្អោរ ដែលរោគសញ្ញានេះអាចកើតមានឡើងនៅពេលព្រឹក ឬក៏អាចកើតទាំងពេលថ្ងៃ និងយប់។ ប្រសិនបើអ្នកចាប់ផ្តើមមានអាការៈទាំងនេះ ហើយមិនអាចគ្រប់គ្រងបាន អ្នកគួរជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីបញ្ជាក់ថា អ្នកកំពុងមានផ្ទៃពោះឬទេ។
មានអារម្មណ៍ថាហត់នឿយ
អំឡុងពេលមានផ្ទៃពោះ អ្នកនឹងមានអាការៈអស់កម្លាំងខ្លាំង និងជាទូទៅ ធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញទ្រាន់ផងដែរ ជាពិសេសក្នុងរយៈពេល១២សប្តាហ៍ដំបូង។ បញ្ហាខាងលើ បណ្តាលមកពីមានការផ្លាស់ប្តូរអ័រម៉ូនក្នុងរាងកាយរបស់អ្នកអំឡុងពេលមានផ្ទៃពោះ។
ការប្រែប្រួលនៃសរីរាង្គដោះ
ដោះទាំងពីររបស់អ្នកនឹងរីកធំជាងមុន និងទន់តាមរយៈការស្ទាបដូចគ្នាទៅនឹងអាការៈមុនពេលមករដូវជាប្រចាំខែដែរ។ នៅមានបម្លាស់ប្តូរផ្សេងៗទៀតលើសរីរាង្ដដោះរបស់អ្នកដូចជា ក្បាលដោះប្រែជាពណ៌ក្រម៉ៅខ្លាំង និងមានលេចឡើងនូវសរសៃឈាមតូចៗនៅសើៗលើបរិវេណស្បែកដោះផងដែរ។
ការកើនឡើងចំនួនដងនៃការបន្ទោបង់
អ្នកអាចកត់សម្គាល់ថាអ្នកនឹងមានការបត់ជើងតូចញឹកញាប់ខុសពីធម្មតា ជាពិសេសនៅពេលយប់។ ខាងក្រោមនេះជារោគសញ្ញាផ្សេងទៀតដែលអ្នកគួរធ្វើការសម្គាល់បាន៖
•ទល់លាមក
•សភាពបរិវេណទ្វារមានការប្រែប្រួលច្រើន ដោយមិនមែនបណ្តាលមកពីការរលាក និងឈឹចាប់ឡើយ
•មានរសជាតិចម្លែកជាប់ក្នុងមាត់ដែលអ្នកមិនធ្លាប់មានពីមុន
•ចូលចិត្តអាហារថ្មីៗ (មានអាហារខ្លះអ្នកមិនចូលចិត្តពីមុន)
•មានការថយចុះចំណង់ចំណូលចិត្តអាហារដែលធ្លាប់ទទួលទាន
•មានការកើនឡើងនៃការស្រូបក្លិន និងបានយ៉ាងរហ័សខុសពីធម្មតា។
ការធ្វើរោគវិនិច្ឆ័យ
•តេស្តឈាម ៖ ទោះបីស្ថិតក្នុងដំណាក់កាលដំបូងបង្អស់នៃការមានផ្ទៃពោះក៏ដោយ ការធ្វើតេស្តឈាមនៅតែផ្តល់នូវលទ្ធផលជាទីទុកចិត្តដល់អ្នកដែរ។ ការពិនិត្យរកអ័រម៉ូនម្យ៉ាងឈ្មោះ Chorionic Gonadotropin (HCG) ដែលមានក្នុងឈាមរបស់អ្នកអំឡុងពេលមានផ្ទៃពោះ ត្រូវបានរៀបចំ និងបញ្ជាក់ដោយវេជ្ជបណ្ឌិតបាន ក្រោយពេលអ្នកបាត់រដូវភ្លាមៗ។
•តេស្តទឹកនោម ៖ អ្នកអាចទិញឧបករណ៍ធ្វើតេស្តទឹកនោមដែលមានលក់នៅឱសថស្ថាន ដើម្បីបញ្ជាក់ថាអ្នកមានផ្ទៃពោះឬអត់។ អ្នកគួរធ្វើតាមការណែនាំរបស់ផលិតផលដែលមានក្នុងប្រអប់ នោះអ្នកនឹងទទួលបានលទ្ធផលត្រឹមត្រូវ។ ប្រសិនបើតេស្តទឹកនោមបង្ហាញថាអវិជ្ជមាន (គ្មានផ្ទៃពោះ) អ្នកគួរអនុវត្តម្តងទៀតនៅពីរសប្តាហ៍ក្រោយ ទើបអាចទទួលបានលទ្ធផលដែលជឿជាក់បាន។
ការធ្វើតេស្តដែលមានភាពត្រឹមត្រូវបំផុតសម្រាប់ការមានផ្ទៃពោះ គឺការធ្វើតេស្តរកកម្រិតអ័រម៉ូនដែលកើនឡើងអំឡុងពេលមានផ្ទៃពោះតាមរយៈទឹកនោម និងឈាម។ យ៉ាងហោចណាស់ ពីរសប្តាហ៍បន្ទាប់ពីលទ្ធផលបង្ហាញរួច វេជ្ជបណ្ឌិតអាចពិនិត្យរកមើលសភាពនៃការប្រែប្រួលមាត់ស្បួត និងស្បូន (Vaginal Examination and Echography)។ ប្រសិនបើអ្នកមានផ្ទៃពោះពិតប្រាកដនោះ មាត់ស្បូនមានការផ្លាស់ប្តូរពណ៌ ហើយស្បូនមានការរីកធំឡើងៗនៅពីរ ឬបីសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ៕
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ