ត្រឹមតែ៥៤ម៉ោង ធ្វើការពង្រីកគំនិតអាជីវកម្មអំពី FinTech




ក្រោមប្រធានFinTech (Finanical Technology) នៅឯTRYBE (ទល់មុខសាកលវិទ្យាល័យពុទ្ធិសាស្រ្ត) Startup Weekend Phnom Penh បានដំណើរការទៅយ៉ាងរលូនដោយជ្រើសរើសបានក្រុមជ័យលាភីមួយក្រុមដែលបានធ្វើការរៀបចំនូវគម្រោងអាជីវកម្មរបស់ខ្លួនមានឈ្មោះថា «Angkor Biz Pool» ទាក់ទងទៅនឹងការរៀបចំជាPlatformសម្រាប់សម្រួលដល់អ្នកប្រើប្រាស់ក្នុងការរៀបចំនូវសំណុំឯកសារទាក់ទងនឹងពន្ធ។
ក្នុងរយៈពេល៥៤ម៉ោង ដោយគិតចាប់ពីល្ងាចថ្ងៃសុក្រទី៣ ដែលជាការបើកកម្មវិធី ដោយមានការបង្ហាញនូវគំនិតអាជីវកម្មជាលក្ខណៈបុគ្គលរបស់បេក្ខភាពដែលស្ម័គ្រចិត្ត(ម្នាក់មានរយៈពេលតែ១នាទីតែប៉ុណ្ណោះ) និងការជ្រើសរើសក្រុមសម្រាប់ធ្វើការអភិវឌ្ឍគំនិតអាជីវកម្មឲ្យកាន់តែល្អប្រសើរក្នុងរយៈពេល២ថ្ងៃបន្ទាប់ ដោយក្នុងចំណោមសមាជិកប្រមាណ៥០នាក់ដែលបានចូលរួម គឺមាន៦ក្រុមត្រូវបានបង្កើតឡើង។
ក្រោយពីរួមគ្នាបង្កើតជាក្រុមហើយ សមាជិកទាំងអស់ក៏មានឱកាសទទួលបានការបង្ហាត់បង្ហាញពីសំណាក់វាគ្មិនកិត្តិយសដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យនេះ ព្រមទាំងផ្តល់ការប្រឹក្សាធ្វើយ៉ាងណាឲ្យគំនិតដែលក្រុមបានគិតទុកកាន់តែល្អប្រសើរឡើង។
នាល្ងាចថ្ងៃអាទិត្យ ក្រុមទាំង៦ក៏មានឱកាសពិសេសមួយទៀត ធ្វើបទបង្ហាញអំពីគម្រោងអាជីវកម្មរបស់ខ្លួនទៅកាន់គណៈកម្មការដែលសុទ្ធតែអ្នកមានសក្តានុពលមកពីផ្នែកធនាគារ និងបច្ចេកវិទ្យា។ យើងសង្កេតឃើញថា គំនិតអាជីវកម្មនីមួយៗសុទ្ធតែមានលក្ខណៈពិសេស និងប្លែកៗពីគ្នា ដែលប្រាកដណាស់សុទ្ធតែវិធីដោះស្រាយនូវវិបត្តិណាមួយដែលកំពុងតែត្រូវបានប្រឈមនៅប្រទេសកម្ពុជា។
នេះជាកម្មវិធីមួយទៀតដែលបានចូលរួមចំណែកយ៉ាងក្នុងការគាំទ្រនូវការផ្តួចផ្តើមអាជីវកម្មថ្មីនៅក្នុងប្រទេសកម្ពុជា ដើម្បីកុំឲ្យសុបិន្តនៅតែជាសុបិន្ត ឬគំនិតនៅតែគំនិត ដូចជាគោលការណ៍មួយរបស់កម្មវិធីដែលបានលើកឡើងថា “No talk, All action” គឺមិនមែនជាវេទិកាដែលអ្នកចូលរួមស្តាប់វាគ្មិនតែមួយមុខប៉ុណ្ណោះទេ គឺមានស្តាប់ទាំងទ្រឹស្តី ជជែកពិភាក្សា និងធ្វើសកម្មភាពទៅតាមលទ្ធភាពដែលមាននៅក្នុងពេល៥៤ម៉ោងដែលមាន។
ក៏នឹងមានStartup Weekendជាបន្តបន្ទាប់ផងដែរ ដែលនឹងធ្វើឡើងក្រោមប្រធានបទផ្សេងៗពីគ្នា…សម្រាប់អ្នកដែលខកខានឱកាសលើកនេះ ប្រហែលជាអាចចូលរួមលើកក្រោយបាន

