ហេតុអ្វីស្បែកអ្នក ងាយអាល្លែកហ្ស៊ីជាងគេ?
តើអ្វីទៅជាអាល្លែកហ្ស៊ីស្បែក?
រាល់សារធាតុទាំងឡាយ ដែលប៉ះទៅលើស្បែក ឬស្បែកប្រឈមជាមួយសារធាតុទាំងនោះ ហើយបង្កជាអាការៈ កន្ទួល ក្រហម រោល រមាស់គេហៅថា “អាល្លែកហ្ស៊ីស្បែក”។ ជាក់ស្តែង នៅប្រទេសកម្ពុជាយើងសព្វថ្ងៃ បញ្ហាអាល្លែកហ្ស៊ីស្បែកនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ដោយសារបរិស្ថាន ក៏ដូចជាភាពរីកចម្រើននៃប្រទេសជាតិ រួមនឹងឧស្សាហកម្មធំៗ។
មូលហេតុបង្កឲ្យមានអាល្លែកហ្ស៊ីស្បែក
ការកើតមាននូវអាល្លែកហ្ស៊ីស្បែកអាចមានកត្តាផ្សេងៗចូលរួមដូចជា ផ្សែងពីរោងចក្រឧស្សាហកម្មធំៗ រថយន្តដែលបានបញ្ចេញសារធាតុពុលទៅក្នុងបរិយាកាស របស់របរប្រើប្រាស់ប្រចាំថ្ងៃដូចជាគ្រឿងសម្អាង ឡេ ទឹកអប់ សាប៊ូ ជាពិសេសម្ហូបអាហារ និងការប្រើប្រាស់ឱសថជាដើម។ នៅពេលមួយដែលសារធាតុបង្កអាល្លែកហ្ស៊ីប៉ះជាមួយស្បែក ឬចូលទៅក្នុងខ្លួន ប្រព័ន្ធភាពសុំាក្នុងរាងកាយមិនអាចទទួលយកបាន ពេលនោះប្រព័ន្ធភាពសុំាបានបញ្ចេញធាតុដើម្បីទៅទប់ទល់នឹងធាតុបង្កទាំងនោះ ហើយបង្កើតជាប្រតិកម្មដែលហៅថា អាល្លែកហ្ស៊ី។ មនុស្សសឹងតែគ្រប់គ្នាអាចប្រឈមនឹងបញ្ហាអាល្លែកហ្ស៊ីស្បែក តែអ្នកដែលប្រឈមខ្ពស់បំផុតគឺ អ្នកមានស្បែកងាយប្រតិកម្ម (Sensitive Skin) ពីកំណើត ឪពុកម្តាយ តាយាយ ឬក្រុមគ្រួសារធ្លាប់មានប្រវត្តិអាល្លែកហ្ស៊ី។
រោគសញ្ញានៃអាល្លែកហ្ស៊ីស្បែក
រោគសញ្ញានៃការអាល្លែកហ្ស៊ីស្បែក មានចែកតាមកម្រិត៖
• កម្រិតស្រាល ៖ អាចចេញកន្ទួល រោល ក្រហម រមាស់ ស្ងួត ហើយអាចឈានដល់ការចេញទឹករងៃតិចៗ ប៉ោងនិងហើម។
• កម្រិតធ្ងន់ធ្ងរ ៖ អាចឡើងពងទឹក ក្រហាយ ខ្លះអាចឡើងជាំ ហើយខ្លះទៀតឡើងខ្មៅ ដោយសារការប្រើប្រាស់គ្រឿងក្រអូបផ្សេងៗជាដើម។
បញ្ហាអាល្លែកហ្ស៊ីស្បែក ជាបញ្ហាដែលគួរឲ្យបារម្ភ និងទាមទារការយកចិត្តទុកដាក់ខ្ពស់ ដោយហេតុថា វាកើតមាននៅលើមនុស្សគ្រប់វ័យ មិនថាក្មេងវ័យជំទង់ ឬមនុស្សចាស់ ហើយអាល្លែកហ្ស៊ីស្បែកមានច្រើនប្រភេទ និងមានលក្ខណៈខុសពីគ្នាទៅតាមប្រភេទស្បែក។
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យឯកទេសធ្វើរោគវិនិច្ឆ័យអាល្លែកហ្ស៊ីស្បែកអាស្រ័យទៅនឹង រោគសញ្ញាគ្លីនិកមើលឃើញផ្ទាល់ និងការសាកសួរពីប្រវត្តិដើមហេតុនៃការអាល្លែកហ្ស៊ីស្បែក (ទៅណា? ញ៉ាំអ្វី? ប្រើប្រាស់អ្វី? ប៉ះពាល់អ្វី?)។ សម្រាប់ប្រទេសរីកចម្រើនមួយចំនួន គ្រូពេទ្យធ្វើតេស្ត ដែលមាននូវសារធាតុសង្ស័យច្រើននាំឲ្យមានអាល្លែកហ្ស៊ី យកមកដាក់លើស្បែកអ្នកជំងឺ ពិសេសនៅលើខ្នងច្រើនចំណុច រួចគ្របរយៈពេលប្រហែលជា៤៨ ទៅ៩៦ម៉ោង ទើបបើកឡើងវិញ ប្រសិនបើអ្នកជំងឺអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ វានឹងឡើងកន្ទួលក្រហម ឬមានពងទឹក ដែលគេហៅថាការធ្វើ Patch Test ។ ក្រៅពីនេះ ការធ្វើតេស្តឈាមមិនសូវជាជួយណាស់ណានោះទេ គ្រាន់តែឃើញមានការកើនឡើងនូវពពួក IgE ដែលអាចបញ្ជាក់បានថាអ្នកជំងឺប្រឈមនឹងការងាយអាល្លែកហ្ស៊ីប៉ុណ្ណោះ។
ការព្យាបាលអាល្លែកហ្ស៊ីស្បែក
អាល្លែកហ្ស៊ីស្បែក ងាយស្រួលក្នុងការព្យាបាល ដោយត្រូវចែកតាមកម្រិត៖
• កម្រិតស្រាល ៖ អ្នកជំងឺអាចលាបត្រឹមពពួកTopical Steroid បើរមាស់ អាចប្រើពពួក Antihistamine ។
• កម្រិតធ្ងន់ធ្ងរខ្លាំង ឬទីតាំងនៃការអាល្លែកហ្ស៊ីធំ ៖ អ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយលាបផង រួមនឹងការញុំាថ្នាំក្នុងរយៈពេលខ្លី។
វិធីសាស្ត្រការពារខ្លួន
ធ្វើយ៉ាងណាកុំឲ្យនរណាម្នាក់អាល្លែកហ្ស៊ីទៀត គឺជារឿងមួយពិបាក ដោយសារអ្នកអាល្លែកហ្ស៊ីនោះមិនមែនបញ្ចប់ត្រឹមការព្យាបាលឲ្យជានោះទេ គាត់ត្រូវរកមូលហេតុឲ្យឃើញថាគាត់អាល្លែកហ្ស៊ីជាមួយអ្វី ដើម្បីឲ្យចៀស។ ករណីអ្នកជំងឺចៀសបាន ថ្ងៃក្រោយគាត់នឹងអាចជាដាច់រហូត ផ្ទុយមកវិញ បើគាត់មិនអាចចៀសបានទេ នោះគាត់នឹងអាចអាល្លែកហ្ស៊ីទៀត ហើយត្រូវព្យាបាលបន្តទៀត។
ប្រជាជនមួយចំនួនពេលដែលមានអាល្លែកហ្ស៊ីស្បែក ច្រើនយល់ច្រឡំថា មកពីការឈឺថ្លើម មានសត្វល្អិតក្នុងឈាម ឬមេរោគក្នុងឈាម ប៉ុន្តែបើតាមបច្ចេកទេស វាមិនទាក់ទងនឹងការឈឺថ្លើម ឬបញ្ហាឈាមអ្វីនោះទេ ដោយសារតែរបស់មួយប៉ះខ្លួនអ្នកជំងឺ ហើយគាត់មិនអាចទទួលយកបាន។ ករណីនេះ ចាំបាច់ត្រូវជួបគ្រូពេទ្យជំនាញ ដើម្បីពិគ្រោះ និងព្យាបាល។
សូមកុំជ្រើសរើសថ្នាំចាក់ប្រភេទ Steroid ជាជម្រើសទី១ក្នុងការព្យាបាលបញ្ហាអាល្លែកហ្ស៊ី ព្រោះវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ និងមានផលវិបាកដូចជា ហើមមុខ បាយឆ្ងាញ់ ខូចតម្រងនោម គ្មានកម្លាំងជាដើម។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ចាន់ វិចិត្រ ឯកទេសផ្នែកសើស្បែក និងឡេសើរ មានតួនាទី ជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ