និយាយលេងជាមួយសិល្បករដែលព្យាបាលបញ្ហាផ្លូវចិត្ត ជាមួយនឹងសិល្បៈ
ពីពិពណ៌រូបភាព សតិ, រៀនជំនួញបណ្តើរ គូររូបបណ្តើរ, សេចក្តីសំខាន់របស់សិល្បៈ និងសតិមនុស្ស និងរឿងផ្សេងៗទៀត…
កនសិរីសុភ័គ ដែលមានឈ្មោះក្រៅហៅថា ទីល ជាសិល្បករវ័យក្មេង ដែលធ្លាប់បានតាំងពិពណ៌គំនូររបស់គាត់ បានធ្វើការបង្កើតភាពយន្តជីវចល និងជាផ្នែកមួយនៃក្រុមសិល្បករដែលមានឈ្មោះថា ខ្ជិលផងដែរ។
អំពី ការគូរគំនូរជីវចលឲ្យបទ Hell ច្រៀងដោយ Sophia Kao …
ទីល៖ «សួស្តី បើនិយាយទៅ វីដេអូចម្រៀង ហ្នឹងគឺខ្ញុំធ្វើតែឯង ប្រហែលជា ៦ ខែ ព្រោះវាច្រើនទាំងការរៀបឈុត និងអ្វីផ្សេងៗទៀត។ ខ្ញុំធ្វើវាទាំងអស់ ដោយខ្លួនឯង ដោយមិនបាន feedback អ្វីពីគេទេ គឺខ្ញុំ ដាក់អារម្មណ៍ជាមួយបទចម្រៀង ហើយចាប់ផ្តើមគូរតែម្តង។ ពេលខ្លះដើម្បីឲ្យបានគំនូរជីវចលរយៈពេលតែ ១០ វិនាទី ប៉ុណ្ណោះ ត្រូវការរយៈពេលគូរអស់ ៥ ទៅ ៦ ម៉ោងក៏មានដែរ ដោយសារ ខ្ញុំគូរគ្រប់សន្លឹក (frame by frame)។ វាអត់មាន ទម្រង់ឆ្អឹង (bone structure) អី ដែលយើងអាចទាញឲ្យវាមានចលនាបាននោះទេ។ បើនិយាយពីគំនិតវិញ ខ្ញុំរកបានខ្លះពី Tumblr ខ្លះ ពី Pinterest ព្រោះវ៉ិបសាយទាំងនេះ វាជាកន្លែងដែលខ្ញុំ ស្វែងរកគំនិត និងការលើកទឹកចិត្ត។ ហើយម៉្យាងវិញទៀត ខ្ញុំយកគំនិតពីបទ ក៏ដូចជារឿងផ្ទាល់ខ្លួនខ្ញុំផងដែរ។»
អំពី ការរៀនគូរផ្នែកសិល្បៈ និងរៀនគូរឌីជីថល…
ទីល៖ «អត់ដែលធ្លាប់បានរៀនសោះតែម្តង។ គ្រាន់តែថាខ្លួនឯងចូលចិត្តគូរលេង និងចូលចិត្តមើលតុក្កតាតាំងពីតូចមក។ ក៏ចេះតែចាប់យកទម្លាប់ហ្នឹងរហូតមក។ ខ្ញុំគូរតាំងពីតូច តែចាប់ផ្តើមខ្លាំងពេលថ្នាក់ទី ៨ ។ ពេលនោះ ដោយសារខ្ញុំមើលរឿង Naruto ដែលបានជម្រុញទឹកចិត្តឲ្យខ្ញុំចាប់ផ្តើមគូរខ្លាំងជាងមុន។ ក្រោយមក ខ្ញុំក៏ចាប់ផ្តើមអភិវឌ្ឍន៍ស្ទីលគំនូររបស់ខ្ញុំឲ្យចេញពីស្ទីលគំនូរជីវចលជប៉ុនឲ្យក្លាយទៅជាស្ទីលផ្ទាល់ខ្លួន។
បើនិយាយពីការរៀនវិញ ភាគច្រើន ខ្ញុំអត់ដែលសូវរៀនតាម YouTube ទេ ព្រោះមានអារម្មណ៍ថា យើងតាមគេ មានរបៀបច្រើនពេក។ ខ្ញុំតែងគូរតាមអ្វីដែលខ្ញុំមើលឃើញ និងគិតឃើញ។ មិនអញ្ចឹងទេ គឺគូរតាមរូបយោងទៅវិញ។ និយាយទៅ គឺខ្ញុំរៀនពីកំហុសខ្លួនរហូត។ បើខ្ញុំគូរមើលទៅមិនទំនង ខ្ញុំសាកដាក់ធ្វើបែបផ្សេង ដើម្បីឲ្យវាមើលមកសមវិញ។ មួយទៀត ខ្ញុំរៀនច្រើនពីមិត្តភក្តិជុំវិញខ្លួន ដែលគាត់គូររូបដែរ ដូចប៉ែន ឧត្តមជាដើម។ ពេលហ្នឹង ពួកខ្ញុំទើបចាប់ផ្តើមដូចគ្នា ដូច្នេះ យើងជួយមើលគ្នាទៅវិញទៅមក ហើយរៀនពីគ្នាទៅវិញទៅមកផងដែរ។
បើនិយាយពីការរៀនគូរឌីជីថលវិញ ខ្ញុំក៏រៀនតាមរយៈកំហុសខ្លួនផងដែរ តែម្តងនេះ ខ្ញុំរៀនពី YouTube ច្រើន ព្រោះពីដំបូង ខ្ញុំមិនសូវចេះប្រើ Photoshop ទេ អញ្ចឹងត្រូវរៀនថា យើងត្រូវរៀបចំជក់យ៉ាងម៉េច ដោយសារវាខុសពីពេលយើងគូរដោយដៃ ដោយប្រើប្រាស់ខ្មៅដៃជាដើម។ »
វប្បធម៌៖ «ទីលទើបបានថតរូបបញ្ចប់ការសិក្សាផ្នែកពាណិជ្ជកម្មជាមួយ រិន តារា Photography ហេតុអ្វីបានជាមិនបានរៀនផ្នែកសិល្បៈ តែរៀនផ្នែកពាណិជ្ជកម្មទៅវិញ?»
ទីល៖ «ដោយសារប៉ាម៉ាក់គាត់មិនសូវពេញចិត្ត ការងារខាងគូរនោះទេ។ គាត់គិតថា វាមិនមានប្រាក់ចំនូលស្ថិតស្ថេរ។ ធម្មតា ចាស់ៗចង់ឲ្យយើងមានអនាគតភ្លឺស្វាង ដូច្នេះ គាត់ឲ្យទៅរៀនផ្នែកសហគ្រិនភាពទៅវិញ។ ខ្ញុំអត់សូវសប្បាយចិត្តដែរ ប៉ុន្តែក៏រៀនតាមគាត់ ព្រោះយើងក៏អត់មានជម្រើសដែរ។ តាមពិតទៅ ពេលរឿនទើបដឹងថាចំនេះដឹងពីផ្នែកទាំងពីរនេះជួយច្រើនមែនទែន។ ការគូររូបជួយឲ្យខ្ញុំបាត់ស្ត្រេសពីរៀន។ រីឯការរៀនផ្នែកសហគ្រិនភាពជួយឲ្យខ្ញុំទំនាក់ទំនងល្អជាងមុន។ មនុស្សខ្ញុំកាលមុនមិនចូលចិត្តនិយាយស្តី មិនសូវចេះខាងទំនាក់ទំនងនោះទេ។ ប៉ុន្តែពេលខ្ញុំចូលរៀនខាងផ្នែកហ្នឹង ខ្ញុំចេះច្រើនមែនទែន។តួយ៉ាង ពេលខ្ញុំចេញទៅក្រៅ ទៅជួបនិយាយពីខាងការងារគំនូរជាដើម វាជួយខ្ញុំ ហើយខ្ញុំចេះនិយាយច្រើនជាងមុន និងចេះខាងតម្លៃការងារជាដើម។»
រូបភាពទី២ ខាងលើ គឺ ពី អ្នកថតរូបតារា ទីល និងក្រុមខ្ជិល… នៅមានរូបឡូយៗទៀត ចូលមើលទីនេះ
អំពីការចាត់ចែងពេលវេលាដើម្បីការរៀន និងការគូរ …
ទីល៖ «ពេលខ្ញុំរៀន ខ្ញុំទុកការគូរជាការលំហែកាយ និងអារម្មណ៍ ព្រោះបើយើងឲ្យតម្លៃវាច្រើនពេក នោះវានឹងដាក់សម្ពាធលើយើងទៅវិញទេ។ ខ្ញុំចាត់ទុកការគូរជាការបន្ធូរអារម្មណ៍របស់ខ្ញុំវិញ ដើម្បីកុំឲ្យខ្ញុំធុញទ្រាន់នឹងអាហ្នឹងទៀត។ ដូច្នេះវាទាំងពីរអាចដើរទន្ទឹមគ្នាបាន តាមរបៀបនេះឯង។ »
វប្បធម៌៖ «អាន ចនផននិយាយថា៖ «យើងមានមន្ទីរពេទ្យដើម្បីជួយព្យាបាលមនុស្ស តែកម្ពុជាត្រូវការសិល្បៈដើម្បីឲ្យមនុស្សមានអត្តសញ្ញាណ មានឧត្តមភាព សន្តិភាព និងសាមគ្គីភាព។ »
ការតាំងពិពណ៌ «សតិ» ដែលនិយាយពីជម្ងឺផ្លូវចិត្តផ្សេងៗ។ ពេលខ្ញុំមើលជុំវិញខ្លួន ខ្ញុំចាប់អារម្មណ៍ថា ចាស់ៗ មានជម្ងឺទាំងនេះដែរ តែគាត់អត់ទទួលស្គាល់នោះទេ។ គាត់សុខចិត្តលាក់បាំងពីក្រុមគ្រួសារ ហើយចុងក្រោយពេលគាត់មានបញ្ហាកាន់តែខ្លាំង គាត់ទៅជាធ្វើអ្វីផ្សេង ដូចជាជះកំហឹងមកគ្រួសារ ឬផឹកស្រាផឹកអីទៅវិញ។
ខ្ញុំក៏សួរខ្លួនឯងថា ហេតុអ្វីបានជាយើងត្រូវលាក់រឿងទាំងនេះ?
ណាមួយ នៅកម្ពុជា ក៏មិនសូវមានអ្នកយល់ដឹងពីរឿងនេះច្រើនដែរ។ អ្នកខ្លះគាត់ពិបាកចិត្តតែមួយភ្លែត ក៏នាំគ្នាបង្ហោះក្នុងហ្វេសប៊ុកថាខ្លួនមានជម្ងឺបាក់ទឹកចិត្ត។ ខ្ញុំមិនមែនថាគាត់អត់មានជម្ងឺនេះទេ តែពេលខ្លះគាត់គួរដឹងពីអត្ថន័យវាឲ្យច្បាស់សិន មុនពេលគាត់និយាយអញ្ចឹង ដោយសារវាមិនមែនជារឿងលេងសើចនោះទេ។ ខ្ញុំមិនចង់ឲ្យមនុស្សគិតថា មានជម្ងឺទាំងនេះវាឡូយ ក៏និយាយតាមគ្នានោះទេ។ ម៉្យាងវិញទៀត មិត្តភក្តិជិតស្និទ្ធិខ្ញុំ និងខ្លួនខ្ញុំផ្ទាល់តែម្តង ក៏មានជម្ងឺទាំងនេះតែម្តង។ ឧទាហរណ៍ដូចរឿង ជម្ងឺភ័យតក់ស្លុត (anxiety) ។ ខ្ញុំមានមិត្តម្នាក់ដែលស្គាល់គ្នាជាង ១៥ ឆ្នាំហើយដែល គាត់មានជម្ងឺនេះ ដល់ថ្នាក់ ពេលខ្លះសូម្បីតែខ្ញុំក៏គាត់លែងចង់ជួបដែរ។ គាត់ខ្លាចបំផុតគឺបរាជ័យ ហើយគាត់ចាប់ផ្តើមមានជម្ងឺនេះពេលគាត់ប្រឡងធ្លាក់ចូលសាលាពេទ្យ។ ពេលនោះ គាត់ចាប់ផ្តើមមានអារម្មណ៍តូចចិត្ត ហើយគិតថា ម៉ាក់គាត់មិនពេញចិត្តគាត់ជាដើម។ ខ្ញុំគូររូបនេះដើម្បីគាត់ ដោយសារខ្ញុំបាននៅទីនោះ ហើយខ្ញុំបានឃើញពេលដែលគាត់ទទួលអារម្មណ៍ទាំងអស់នេះ។»
អំពីសិល្បៈ និងការព្យាបាលជម្ងឺផ្លូវចិត្ត…
ទីល៖ «ពេលដែលខ្ញុំបាក់ទឹកចិត្តខ្លាំងមែនទែន ខ្ញុំអរគុណដល់ពួកម៉ាកជិតស្និទ្ធិរបស់ខ្ញុំ ដែលពួកគាត់តែងនៅកំដរខ្ញុំជានិច្ច។ ប៉ុន្តែខ្ញុំចេញរួចពីជម្ងឺនេះដោយសារខ្លួនឯងដែរ។ ខ្ញុំគិតថា ពេលខ្លះវាផ្អែកលើខ្លួនយើងដែរ។ បើយើងទន់តាមវា នោះយើងប្រាកដជាធ្លាក់ជ្រៅហើយ! យើងត្រូវជម្នះ ថាបើយើងចេញពីអាហ្នឹងរួច យើងមានអ្វីច្រើនទៀតដែលយើងអាចចែករំលែក ដែលយើងអាចធ្វើ និងជួយដល់សង្គមបាន។ ហេតុអ្វីបានជាយើងត្រូវឈប់ត្រឹមហ្នឹង? ពេលខ្ញុំពិបាកចិត្តខ្លាំងមែនទែនហ្នឹង ខ្ញុំខំប្រឹងជម្រុញឲ្យខ្លួនចេញទៅក្រៅ ទោះបីជាទៅតែម្នាក់ឯងក៏ដោយ ក៏ត្រូវទៅដែរ ដើម្បីឲ្យឃើញគេឃើញឯងជាដើម។ ហើយមួយវិញទៀត គឺការគូររូប។ ពេលខ្លះបើសិនជាខ្ញុំមិនបានធ្វើអ្វី មិនបានចេញក្រៅជាដើម ខ្ញុំនៅក្នុងបន្ទប់គូររូបឲ្យបានច្រើន។ វាជួយខ្ញុំ ហាក់ដូចជាវាព្យាបាលខ្ញុំអញ្ចឹង។»
សៀវភៅដែលអ្នកចូលចិត្ត
ព្រះអង្គម្ចាស់តូច (The Little Prince)
ភាពយន្តដែលអ្នកចូលចិត្ត
ភាពយន្តពី ស្ទូឌីយ៉ូ ជីប្ល៊ី (Studio Ghibli) [មិនដឹងចាប់ផ្តើមពីណាទៅមែនទេ? អានអត្ថបទខ្លីនេះ ដែលក្នុងនោះយើងបានជ្រើសរើសរឿបពីជីប៊្លី បីរឿងដែលអ្នកគួរមើល!]
សិល្បករដែលអ្នកចូលចិត្ត
ស៊ីស៊ីល អេកនីស (Agnes Cecile)
និងមិត្តភក្តិគំនូរខ្មែរទាំងអស់
កន្លែងដែលចូលចិត្តធ្វើការ
ហាងកាហ្វេស្ងាត់ៗដូចជា ប៊ូដាផេស ជាដើម
សម្រាប់ការស្តាប់ ៖ សូមចុច ត្រង់នេះ
អត្ថបទដោយ ៖ Sokcheng Seang
--------------------------
វប្បធម៌វ៉ិបសាយ គឺជាវ៉ិបសាយទ្វេភាសានិយាយពីចំណេះដឹងដែលធ្វើឲ្យជីវិតយើងមានន័យជាងមុន! បើចង់អាន មើល និងស្តាប់បន្ថែម សូមចូលទៅកាន់៖ www.wapatoa.com
Wapatoa is a bilingual website aims at providing content that makes life more meaningful! If you want to read, watch and listen more, go to wapatoa.com
Facebook : វប្បធម៌ - Wapatoa