បន្ថយការប្រឈមនឹងជំងឺកាចសាហាវនៅវ័យអស់រដូវ ដោយសារធាតុចិញ្ចឹមពីរុក្ខជាតិ
ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមាននៅក្នុងវ័យអស់រដូវឲ្យស្ថិតនៅកម្រិតទាបបំផុត ស្ត្រីអស់រដូវភាគច្រើនត្រូវបានណែនាំឲ្យទទួលយកការព្យាបាលដោយអ័រម៉ូនជំនួស ការផ្លាស់ប្តូររបៀបរស់នៅ និងអមជាមួយការប្រើប្រាស់សារធាតុចិញ្ចឹមពីអាហារផងដែរ។ ទាក់ទងនឹងសារធាតុចិញ្ចឹម Isoflavones ដែលសម្បូរបំផុតនៅក្នុងសណ្តែកសៀង ត្រូវបានដឹងថាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពស្ត្រី ជាពិសេសក្នុងវ័យអស់រដូវ។
ការបង្ហាញអំពី Isoflavones
Isoflavones ជាសារធាតុពីរុក្ខជាតិជាមួយនឹងរចនាសម្ព័ន្ធប្រហែលទៅនឹងអ័រម៉ូន 17-ß-estradiol របស់ស្ត្រី ដែលអាចភ្ជាប់ទៅនឹងរេសិបទ័រអឺស្ត្រូសែនទាំង២ទម្រង់ (Alpha និង Beta) ជាពិសេស វាអាចកំណត់សរីរាង្គគោលដៅបាន។ តាមរយៈការស្រាវជ្រាវ Isoflavone ត្រូវបានដឹងថាធ្វើសកម្មភាពតាមរយៈយន្តការ ៤យ៉ាងគឺ ការប្រឆាំងនឹងអឺស្ត្រូសែន ការរារាំងអង់ស៊ីមមហារីក ការប្រឆាំងអុកស៊ីតកម្ម និងការជំរុញប្រព័ន្ធភាពស៊ាំរបស់រាងកាយ។
អត្ថប្រយោជន៍ទៅលើសុខភាព
1. រោគសញ្ញានៃការអស់រដូវ
Isoflavone ពីសណ្តែកសៀង អាចប្រើប្រាស់ដើម្បីជួយសម្រួលអាការៈនៃការអស់រដូវជាពិសេសគឺការក្តៅក្រហល់ក្រហាយជាមួយប្រសិទ្ធភាពបន្ថយភាពធ្ងន់ធ្ងរនៃអាការៈ ក៏ដូចជាភាពញឹកញាប់ក្នុងការកើតមានផងដែរ។
2. ជំងឺទឹកនោមផ្អែម
Isoflavone ត្រូវបានរកឃើញថាមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ក្នុងការជំរុញមេតាបូលីសនៃគ្លុយកូស។ ការពិសោធន៍គ្លីនិកមួយត្រូវបានរាយការណ៍នៅក្នុងព្រឹត្តិបត្រព័ត៌មាន Clinical Nutrition នៅឆ្នាំ ២០១៧ អំពីអត្ថប្រយោជន៍នៃការបរិភោគអាហារពីសណ្តែកសៀងក្នុងការបន្ថយជំងឺទឹកនោមផ្អែមប្រភេទ២។
3. ភាពធាត់លើសទម្ងន់
តាមរយៈការសិក្សាបង្ហាញថា ថ្វីត្បិតសណ្តែកសៀងជាប្រភពចម្បងនៃ Isoflavone ក៏ប៉ុន្តែវាមានឥទ្ធិពលខុសពីគ្នាទៅលើការស្រកទម្ងន់ ដោយក្នុងនោះ មានតែសារធាតុចម្រាញ់ Isoflavone ផ្ទាល់ប៉ុណ្ណោះដែលផ្តល់នូវលទ្ធផលគួរឲ្យកត់សម្គាល់លើការបន្ថយសន្ទស្សន៍នៃម៉ាស់របស់រាងកាយ (BMI)។
4. ជំងឺដុំសាច់ក្នុងអូវែ (PCOS)
ការសិក្សាលើការប្រើប្រាស់ Isoflavone រយៈពេល ១២សប្តាហ៍ទៅតាមកម្រិតប្រើប្រាស់ដែលណែនាំសម្រាប់ស្ត្រីមានជំងឺដុំសាច់ក្នុងអូវែបានបង្ហាញលទ្ធផលទៅលើការប្រសើរឡើងនូវធាតុសម្គាល់នៃភាពធន់ទៅនឹងអ័រម៉ូនអាំងស៊ុយលីនស្ថានភាពអ័រម៉ូន ខ្លាញ់ទ្រីគ្លីសេរីត និងធាតុសម្គាល់នៃសម្ពាធពីប្រតិកម្មអុកស៊ីតកម្ម។
5. ជំងឺពុកឆ្អឹង
ការវិភាគជាច្រើនបានបង្ហាញថាអាហារដែលមាន Isoflavone អាចជួយដល់សុខភាពឆ្អឹង និងកាត់បន្ថយការប្រឈមនឹងបញ្ហាពុកឆ្អឹងបានតាមរយៈការបង្កើនដង់ស៊ីតេរ៉ែនៅក្នុងឆ្អឹង (BMD) និងការបន្ថយការរសាត់ឆ្អឹងដោយបន្ថយ Deoxypyridinoline ដែលជាធាតុសម្គាល់ធ្វើឲ្យមានការស្រូបចូលនៃឆ្អឹងចូលទៅក្នុងឈាមវិញ។
6. ជំងឺមហារីក
ការសិក្សាបង្ហាញថា Isoflavone អាចជំរុញសមត្ថភាពប្រឆាំងមហារីករបស់ TAM ដែលជាធាតុទប់អឺស្ត្រូសែន (Antagonist) ចំពោះកោសិកាមហារីកសុដន់ប្រភេទ ERapositive។ Isoflavone ក៏មានទំនាក់ទំនងនឹងការថយចុះនៃការប្រឈមនឹងមហារីកផ្សេងៗផងដែរដូចជាមហារីកក្រពេញទីរ៉ូអុីត មហារីកអូវែ និងមហារីកសួត។ សមត្ថភាពការពារកាំរស្មីរបស់ Isoflavone ក៏ត្រូវបានរកឃើញផងដែរក្នុងការព្យាបាលជំងឺមហារីកសួតដោយកាំរស្មី។
7. ជំងឺសរសៃឈាមបេះដូង
ការស្រាវជ្រាវបានបង្ហាញថា អាហារសណ្តែកសៀងអាចបន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាមបានដែលជួយឲ្យកូឡេស្តេរ៉ុលស្ថិតក្នុងអត្រាទាបជាងអ្នកដែលមិនសូវបរិភោគរហូតដល់ ១០ភាគរយ។ តាមរយៈសម្មតិកម្មនេះ Isoflavone ក៏ត្រូវបានប្រើផងដែរក្នុងការជំរុញសមត្ថភាពរបស់សរសៃឈាមអាកទែរ។
8. ភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ
ការសិក្សាជាច្រើនបង្ហាញថា ស្ត្រីក្រោយវ័យអស់រដូវនឹងមានការថយចុះនៃកោសិកា Lymphocytes ដែលជាលទ្ធផលធ្វើឲ្យថយចុះនូវអង់ទីករ និង Cytokine។ Isoflavone អាចជំរុញការឆ្លើយតបរបស់កោសិកា NK និងកោសិកា T cells ដែលអាចមានប្រយោជន៍ផងដែរក្នុងការកាត់បន្ថយការប្រឈមនឹងមហារីក។
9. បញ្ហាស្ងួតមាត់
បម្រែបម្រួលនៃអឺស្ត្រូសែនដែលកើតមានចំពោះស្ត្រីវ័យកណ្តាល អាចជាមូលហេតុមួយបង្កឲ្យមានការថយចុះនៃការបញ្ចេញទឹកមាត់ដែលនាំឲ្យមានបញ្ហាស្ងួតមាត់។ ក្នុងករណីនេះ Isoflavones ត្រូវបានណែនាំឲ្យប្រើ ដោយសារសមត្ថភាពជំរុញមុខងារនៃក្រពេញទឹកមាត់ដែលមិនសូវដំណើរការ (Hypofunction)។
10. បញ្ហាជរាមុនវ័យ
ស្ត្រីក្រោយអស់រដូវ ច្រើនងាយប្រឈមនឹងជំងឺរ៉ាំរ៉ៃជាច្រើនដែលកើនឡើងជាមួយអាយុ និងស្ថានភាពនៃអ័រម៉ូន។ Isoflavones មានសកម្មភាពប្រឆាំងនឹងអុកស៊ីតកម្ម និងប្រឆាំងការរាតត្បាតនៃកោសិកា ដើម្បីទប់ទល់នឹងជំងឺរ៉ាំរ៉ៃ ជាច្រើន ជាពិសេសជំងឺដែលបង្កដោយការខូចខាតនៃកោសិកាដោយសារសម្ពាធនៃអុកស៊ីតកម្ម។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ