ក្មេងអាយុ២ខួបហើយ មិនទាន់ចេះហៅ «ប៉ាម៉ាក់» ត្រូវធ្វើម៉េច?
សំណួរ ៖ នាងខ្ញុំ រស់នៅខេត្តមណ្ឌលគិរី។ ខ្ញុំមានកូនប្រុសម្នាក់អាយុ២ខួប។ គាត់មិនដឹងជាហេតុអ្វីបានជាមិនទាន់ចេះហៅ ប៉ាឬម៉ាក់សោះ តែគាត់យំមានសំឡេង។ តើពេលណាគាត់អាចនិយាយបាន? តើខ្ញុំត្រូវធ្វើដូចម្តេច?
ចម្លើយ ៖ ជាទូទៅ ក្មេងអាយុ២ឆ្នាំអាចហៅប៉ា-ម៉ាក់ខ្លះហើយ បើទោះជាគាត់មិនទាន់ចេះនិយាយច្រើនក៏ដោយ។ ករណីកូនរបស់លោកស្រី យើងត្រូវមើលថា តើកូននេះមានការលូតលាស់យឺតឬក៏អត់ ដូចជា ក្រចេះញញឹម ក្រចេះវារឬដើរ ហើយបើប្រៀបធៀបជាមួយបងប្អូនបង្កើត មានលក្ខណៈយឺតជាងគេឬអត់។
ម្យ៉ាងទៀត ត្រូវសិក្សាលើប្រវត្តិជុំវិញការសម្រាល និងស្ថានភាពក្នុងរយៈពេលប៉ុន្មានខែដំបូងនៃជីវិតថា តើមានឈឺធ្ងន់ឬអត់។ ប៉ុន្តែប្រសិនបើរកមិនឃើញថា មានអ្វីខុសធម្មតាទេ ហើយការលូតលាស់របស់គាត់ល្អទៀតនោះ ការយឺតយ៉ាវតិចតួចរបស់គាត់ ដែលនៅមិនទាន់និយាយបានអាចជារឿងធម្មតា។
ប៉ុន្តែបើគាត់លូតលាស់យឺតជាងបងប្អូនដទៃតាំងពីតូច នោះគាត់អាចមានបញ្ហាទាក់ទងនឹងការលូតលាស់យឺតផ្នែកផ្លូវកាយនិងផ្លូវចិត្ត ដែលជារឿងត្រូវស្រាវជ្រាវរកមើលមូលហេតុ ឬអាចដោយសារគាត់ធ្លាប់មានជំងឺធ្ងន់ធ្ងរពីតូចដែលត្រូវសម្រាកក្នុងមន្ទីរពេទ្យ ដូចជារលាកស្រោមខួររលាកខួរក្បាល។ ការរីកលូតលាស់យឺតផ្នែកបញ្ញាអាចជាផលវិបាកនៃជំងឺទាំងនោះ។
ដូចនេះ ដើម្បីឲ្យច្បាស់ក្នុងការវាយតម្លៃពីផលប៉ះពាល់ប៉ុណ្ណានៅពេលកូនលោកស្រីធំ និងគាត់អាចនិយាយបាននៅពេលណា មានតែការមកជួបគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃនិងចាត់វិធានការជួយកូនលោកស្រី។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត គឹម អាង ប្រធានផ្នែកជំងឺផ្លូវដង្ហើម និងអាល្លែកហ្ស៊ី ព្រមទាំងជាអនុប្រធានការិយាល័យបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ