តើអ្នកគួរច្រានចោលអារម្មណ៍អវិជ្ជមាន ដោយរបៀបណា?
ការប្រឈមមុខជាមួយបម្រែបម្រួលប្រចាំថ្ងៃ រួមទាំងភាពសប្បាយរីករាយ ឬសេចក្តីទុក្ខ សុទ្ធតែមានឥទ្ធិពលលើការគិត និងអារម្មណ៍ដែលមិនអាចចៀសផុត។
ការគិតអវិជ្ជមាន ជាអ្វី?
អ្នកប្រហែលជាអាចយល់ថាខ្លួនមានអារម្មណ៍ និងការគិតតែមួយប្រភេទ ដោយការពិតអារម្មណ៍របស់បុគ្គលម្នាក់ៗស្តែងចេញមានពីរប្រភេទ គឺការគិតវិជ្ជមាន និងអវិជ្ជមាន។ ពេលខ្លះ ការគិតអវិជ្ជមានបានធ្វើការវាយលុក នាំឲ្យអារម្មណ៍ហាក់ដូចជាធ្លាក់ចុះ ដែលភាគច្រើនបណ្តាលមកពីទំនាក់ទំនងអស្ថិរភាពរវាងផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។
ផលវិបាក និងដំណោះស្រាយ
បុគ្គលដែលតែងតែភ្ជាប់ខ្លួនជាមួយការគិត និងឃើញអ្វីតែក្នុងភាពអវិជ្ជមាន នោះវានឹងក្លាយជាទម្លាប់ ឬជាវដ្តបន្តគ្នា ដែលភាពអវិជ្ជមាននឹង បន្តនាំយកភាពអវិជ្ជមានផ្សេងដទៃទៀត ជាលទ្ធផលវាអាចបំផ្លាញដល់អត្តចរិត និងអាកប្បកិរិយា។ ប្រសិនបើគ្មានការដោះស្រាយ មើលរំលង ឬបណ្តោយឲ្យការគិតកាន់តែស្ថិតក្នុងភាពងងឹតនោះ រូបរាងកាយ និងសុខភាពផ្លូវចិត្តក៏កាន់តែថយចុះ រហូតឈានដល់ជំងឺថប់អារម្មណ៍ ឬ ជំងឺធ្លាក់ទឹកចិត្តជាដើម។យ៉ាងណាមិញ ទោះបីជាអ្នកហាក់មិនអាចដកខ្លួន ចេញបានទាំងស្រុងពីការគិតបែបនេះ តែគន្លឹះខាងក្រោមនេះអាចជាជំនួយដើម្បីសម្រួល និងហ្វឹកហាត់ការគិតឲ្យបានល្អជាងមុន ដោយអ្នក គ្រាន់តែអនុវត្តតាម ដូចជា៖
• សម្រាក
ចំណាយពេលតែ ២ ទៅ ៣នាទី រៀងរាល់ថ្ងៃ សម្រាប់ផ្តល់ឲ្យអ្នកនូវពេលវេលាសម្រាកដែលអាចគ្រប់គ្រងអារម្មណ៍ត្រឡប់មកវិញ មុនពេលការគិតនោះកាន់តែអាក្រក់។ អ្នកអាចជ្រើសរើសវិធីសាស្រ្តដូចជា ការសមាធិ កីឡាយោគៈ ឬគ្រាន់តែដកដង្ហើមឲ្យបានវែងៗ ម៉្យាងទៀត លំហាត់ប្រាណបែបថៃជី (Tai Chi) ក៏ត្រូវបានណែនាំពីសំណាក់អ្នកជំនាញផងដែរ ដើម្បីអាចប្រមូលយកអារម្មណ៍ដែលល្អៗត្រឡប់មកវិញ។
• សរសេរវាទុក
កាន់ប៊ិចរបស់អ្នក រួចចាប់ផ្តើមសរសេរពីបញ្ហា ឬការគិតអវិជ្ជមានទៅលើក្រដាស ឬសៀវភៅដែលអាចជួយអ្នកស្វែងយល់ឲ្យបានកាន់តែច្បាស់ពីអារម្មណ៍នោះ និងនាំយកអារម្មណ៍វិជ្ជមានមកវិញ។ បន្ថែមពីនោះ ការមានទម្លាប់សរសេរកំណត់ហេតុពីអាកប្បកិរិយា ឬស្ថានភាពដែលជាមូលហេតុនាំឲ្យមានការគិតអវិជ្ជមានអាចឲ្យអ្នកបង្កើនការដោះស្រាយបញ្ហាដែលកើតមាន ជាជាងការមើលរំលង ឬបណ្តោយឲ្យការគិតកាន់តែមានភាពស្មុគស្មាញ។
• កុំបង្ខំផ្លូវចិត្ត
មានការលើកឡើងជាច្រើន ជុំវិញវិធីសាស្រ្តដែលតម្រូវឲ្យអ្នកបង្ខំខ្លួនឯងឲ្យឈប់គិត នៅរាល់ពេល មានការវាយលុកពីអារម្មណ៍អវិជ្ជមាន យ៉ាងណាមិញ ទង្វើនេះហាក់ដូចជាគ្មានប្រសិទ្ធភាពទៅវិញដោយហេតុថា បុគ្គលម្នាក់ៗនឹងមិនអាចបញ្ឈប់ការគិតបាននោះទេ ដរាបណានៅមានជីវិត។ យកល្អអ្នកត្រូវរៀន សង្កេតមើលពីបញ្ហា និងស្គាល់ឲ្យកាន់តែច្បាស់ពីខ្លួនឯង។
• ចៀសវាងកត្តាមូលហេតុ
កុំព្យាយាមថែទាំតែរូបរាងកាយខាងក្រៅ ពីព្រោះបញ្ហាផ្លូវចិត្តក៏អាចជាជំងឺមួយដែលអ្នកគួរស្វែងយល់ និងគួរត្រូវបានយកចិត្តទុកដាក់ការពារជាមុនផងដែរ។ តួយ៉ាង អ្នកអាចដកខ្លួនចេញពីបុគ្គលដែលតែងសាយភាយភាពអវិជ្ជមានដល់អ្នកដទៃ ទីតាំងដែលផ្តល់ភាពស្មុគស្មាញ ចៀសវាងចំណាយពេលច្រើនទៅលើបញ្ហាដែលកើតមាននៅក្នុងបណ្តាញសង្គម ដែលហាក់មានការបន្លើស ឬផ្តល់នូវស្លាកស្នាមអវិជ្ជមានដល់អារម្មណ៍របស់អ្នក។
• ភ្ជាប់ខ្លួនជាមួយសន្តិភាព
រៀនបណ្តុះទឹកចិត្តទទួលយក និងពេញចិត្តអ្វី ដែលជាខ្លួនឯង ព្រោះវាជាលក្ខខណ្ឌដែលអ្នកត្រូវ រស់នៅជាមួយអស់មួយជីវិត។ ក្នុងករណីព្យាយាមកែប្រែនូវអ្វីដែលមិនអាចទៅរួច មិនត្រឹមតែ គ្មានលទ្ធផលនោះទេ ថែមទាំងផ្តល់ឲ្យអ្នករស់នៅជាមួយសង្គ្រាមផ្លូវចិត្តទៅវិញ។
គួរចាំថា ការបញ្ឈប់អារម្មណ៍ ឬការគិតអវិជ្ជមានបានទាំងស្រុងពីផ្លូវចិត្ត ទាមទារភាពអត់ធ្មត់ និងការប្រឹងប្រែងរបស់បុគ្គលម្នាក់ៗផ្ទាល់ខ្លួន។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ